ភ្លើង​ស្តុប​បង្កើតថ្មី​ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ លើផ្លូវ​ជាតិ​លេខ​​៤​ ចាប់ផ្តើម​អនុវត្ត​ន៍វិធានការ​អប់រំ​ និងផាកពិន័យ​

(កំពង់ស្ពឺ​)៖​ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំ​ច​ សំរិទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០​​១​​៨នេះ ស្ថិតចំណុចគោលដៅភ្លើងស្ដុប លើផ្លូវជាតិលេខ៤​ មុខមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំ​ពង់ស្ពឺ ក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះត្រួតពិនិត្យយានយន្ដ​បើកបរល្មើសភ្លើងស្ដុប ដោយពិនិត្យឃើញ​ប្រជាពលរដ្ឋ​ជាអ្នកបញ្ជាយានយន្ដ​មួយ​ចំនួន​តូច​​គោរពភ្លើងសញ្ញាចរាចរណ៍នៅមាន​កម្រឹត​ និងមួយចំនួន​ទៀតល្មើសនឹងស្តុប ទើបសមត្ថកិច្ច​ឃាត់អប់រំ​ ណែនាំ​ជាលើកទី១​ «បញ្ហា​ភ្លើង​ស្តុប​ »។

ក្នុង​នាម​ សមត្ថកិច្ច​សំណូមពរដល់អ្នកបើកបរយាន​យន្ដទាំងអស់​ មេត្តា​ចូលរួមគោរពច្បាប់ចរាចរណ៍ទាំង​អស់គ្នា ដើម្បីសុវត្ថិភាពអ្នក និងអ្នកដទៃតែម្តង។

សូមរម្លឹកថា កាលពីព្រឹក​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ ភ្លើងស្តុបត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើក​​ដំបូង ក្នុងខេត្តកំពង់ស្ពឺ ក្រោមវត្តមាន លោក វ៉ី សំណាង អភិបាលខេត្ត ជាប្រធានអនុ​គណៈកម្មាការសុវត្តិភាពចរាចរផ្លូវគោក មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ត្រីរាជការជុំវិញខេត្ត និងអាជ្ញាធរក្រុងផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ភ្លើងស្តុបនៅក្រុងច្បារមន ដែល​​ដាក់ឲ្យប្រើប្រាស់នាពេលនេះ អាចចូលរួមក្នុងការកាត់បន្ថយការកើតមានគ្រោះថ្នាក់ចរាចរណ៍តាម​ដងផ្លូវ កាត់បន្ថយការប្រើប្រាស់ល្បឿនក្នុងទីប្រជុំ និងបានចែកមួកសុវត្តិភាព ដល់សិស្សានុសិស្ស​ព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោកអភិបាលខេត្ត បានបន្តថា ភ្លើងស្តុបនេះជាប្រវត្តិសាស្ត្រ ក្នុងសម័យតេជោ ដែល​កើតមានក្នុងខេត្តកំពង់ស្ពឺជាលើកដំបូងបំផុតមិនធ្លាប់មានពីមុខមក។ ក្នុងនាមរដ្ឋបាលខេត្តនឹងខិតខំ​ប្រឹងប្រែងក​សាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យខេត្តមានការអភិវឌ្ឍន៍ រីកចម្រើន ស្របតាមគោលនយោបាយជាតិកាត់បន្ថយភាពក្រីក្រ ដំណាក់កាលទី​៣ នៃយុទ្ធសាស្រ្តចតុកោ​ណ​របស់​រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងការអភិវឌ្ឍន៍រីកចម្រើនបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋា​ភិបាលនេះ គណៈកម្មាការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក តែងបានដាស់តឿនអប់រំ ចំពោះការប្រើប្រាស់ផ្លូវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រ​យ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់មួកសុវត្តិភាពពេលធ្វើដំណើរដោយទោចក្រក្រ​យានយន្ត​។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋជាកម្លាំងចលកក្នុងការរួមចំណែកឲ្យបានខ្លាំងក្លាថែមទៀត ដើម្បី​កាត់បន្ថយការគ្រោះថ្នាក់ចរាចរក្នុងកម្រិតទាបបំផុត ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ បើក បរត្រូវពាក់មួកសុវត្តិភាព បើកបរត្រូវពាក់ខ្សែក្រវាត់ បើកបរត្រូវគោរពច្បាប់ចរាចរ បើកបរចេះយោគយល់ និងអធ្យាស្រ័យគ្នា កុំបើកបរក្នុងស្ថានភាពស្រវ៉ឹង កុំវ៉ាជែងទាំងប្រថុយប្រថាន៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com