ក្រោយភ្លៀងមេឃស្រឡះ៖ លោក ញឹក ប៊ុនឆៃ ឈរជាតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ

(​ភ្នំពេញ​)៖ ជិត៩ខែក្នុងពន្ធនាគារ PJ ពេលនេះលោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបានបានថ្នាក់ដឹកនាំ​គណបក្សរៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន និងឲ្យ​ឈរឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦ខាងមុខ។

បន្ទាប់ពីចេញពីពន្ធនាគារ PJ កាលពីយប់មិញនេះថ្នាក់ដឹកនាំ «គណបក្ស​ខ្មែរ​រួបរួម​ជាតិ​» ក្នុងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលមានលោក សឹង្ហ​ គិរី ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិនោះ នៅមិនទាន់មានការពិភាក្សា និងសម្រេចគ្នាណាមួយថានឹងត្រូវប្រគល់តំណែងប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិឲ្យលោក ញឹក ប៊ុនឆៃ នោះយ៉ាងណានៅឡើយដែរ។

​អតីត​ប្រធាន​គណបក្ស​រួបរួម​ជាតិរូបនេះត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ PJកាលពី​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ហើយថ្ងៃដដែលនោះលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ ក៏បានចោទពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន នៅ​ភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧។​ ការចាប់ខ្លួននោះ គឺនៅក្រោយការបោះឆ្នោតឃុំសង្កាត់ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតត្រូវបានដកចេញពីតំណែងក្នុងជួររដ្ឋាភិបាល។

សូមបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរ លី លឹមម៉ែង នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJហើយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJក៏បានដោះលែង លោក ញឹក ប៊ុនឆៃ ពីពន្ធនាគារតាមដីកាបង្គាប់ឲ្យដោះលែងរបស់លោកចៅក្រម លី លឹមម៉េង ដដែលចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។

លោក ញឹក ប៊ុនឆៃ គឺជាអតីតមេទ័ពកំពូលរបស់គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច, ក្រោយមកលោកបានកាន់តំណែងជាប្រធានគណបក្សរាជានិយមមួយនេះជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បន្ទាប់ពីមានការបែកបាក់នយោបាយផ្ទៃក្នុងគ្មានល្ហែល្ហើយ រហូតឈានដល់ដំណាក់កាលនយោបាយចុងក្រោយ លោកសម្តេចបង្កើតគណបក្សថ្មីមួយឈ្មោះថា «គណបក្សខ្មែររួបរួមជាតិ» ដោយមិនទទួលបានការគាំទ្រច្រើនឡើយ។

«នៅក្នុងដំណាក់កាលនៃការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀននាពេលបច្ចុប្បន្ន និងបន្ទាប់ពីបានធ្វើការស្រាវជ្រាវលើសំណុំរឿងគ្រឿងញៀនដ៏ធំនេះរួចមក អយ្យការអមសាលាដំបូងរាជាធានីភ្នំពេញបានកសាងសំណុំរឿងព្រហ្មទណ្ឌលេខ៤៧៥៨ ចុញថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ និងបានចាត់នីតិវិធីជាបន្តបន្ទាប់ ព្រមទាំងបានសម្រចចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន»។ នេះជាសេចក្តីថ្លែងការណ៍របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៧។

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹម ប៊ុន ឆៃ កាលពីថ្ងៃទី១៦ សីហាឆ្នាំ២០១៧ ធ្លាប់បានចេញលិខិតសុំទោស និងបានអំពាវនាវកុំឲ្យអ្នកគាំទ្ររបស់ខ្លួនកុំងាករេតាមការអូសទាញរបស់គណបក្សដទៃ ហើយលោកបានបញ្ជាក់ថា «រដ្ឋាភិបាលសព្វថ្ងៃកំពុងដើរផ្លូវត្រូវ»។

មុននឹងឈានដល់ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ បន្ទាប់ពីជនជាប់ចោទបួននាក់ត្រូវបានរងការចោទប្រកាន់ថា «ផលិត និងជួញដូរគ្រឿងញៀន» នៅខេត្តកំពង់ស្ពឺ ដែលរួមមានឈ្មោះ ជា ជុង ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ អតីតទីប្រឹក្សា លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី។ ឈ្មោះ ឆាំ ណាក់ឈី ជនជាតិថៃ អាយុ៣៤ឆ្នាំ, ឈ្មោះ ឆាយ ខាង ស៊ី ជនជាតិចិន អាយុ៤៨ឆ្នាំ និងឈ្មោះ រ៉ាន់ យ៉ាន អាយុ៣៣ឆ្នាំ ភេទស្រី ជនជាតិចិន។

កាលនោះជនជាប់ចោទឈ្មោះ ជា ជុង បានឆ្លើយថា សារធាតុដែលសមត្ថកិច្ចចាប់បាននៅលើដីរបស់លោកក្នុងឃុំត្រែងត្រយឹង ហើយចោទថាជា «សារធាតុថ្នាំញៀន»នោះ គឺមិនមែនឡើយ និងក៏មិនមែនផលិតថ្នាំញៀនដែរ គឺសម្រាប់ផលិតថ្នាំបាញ់សម្លាប់ស្មៅយកដីធ្វើចម្ការទេ ហើយខ្លួនក៏ធ្វើតាមការលួងលោមរបស់ឈ្មោះ អ៊ុំ ឆាយ ដែរ។

ដោយឡែកឈ្មោះ អ៊ុំ  ឆាយ ត្រូវបានលោតសម្លាប់ខ្លួនពីលើអគារមួយកម្ពស់ប្រាំម៉ែត្រក្នុងក្រសួងមហាផ្ទៃក្នុងខែសីហា ឆ្នាំ ២០០៧ គឺពេលដែលសមត្ថកិច្ចឃុំខ្លួននៅទីនោះ។

ឯឈ្មោះ ជិន ធានវិន ជនជាតិចិន ក៏បានស្លាប់ក្នុងពន្ធនាគារ និងឈ្មោះ ជា ជុង ក៏បានអះអាងថា ឈ្មោះ អ៊ុំ  ឆាយ និងឈ្មោះ ជិន ធានវិន ជាមេខ្លោង ព្រោះតែគេជាអ្នកនាំចូលនូវសារធាតុផ្សំទាំងនេះមកដាក់លើដីរបស់ខ្លួន។

ដោយឡែកអ្នកបីនាក់ទៀតឆ្លើយថា ខ្លួនគ្រាន់តែជាកម្មករស៊ីប្រាក់កម្រៃ(ប្រាក់ខែ) ប៉ុណ្ណោះ ហើយក្នុងមួយខែៗទទួលប្រាក់១០០ដុល្លារទេ ពីឈ្មោះ ជិន ធានវិន ក្នុងបច្ចេកទេសផ្សំថ្នាំបាញ់សម្លាប់ស្មៅ។ ឯស្រ្តីជនជាតិចិនឈ្មោះ រ៉ាន់ យ៉ាន អាយុ៣៣ឆ្នាំ អះអាងថា ខ្លួនទើបទៅស្នាក់នៅទីនេះជាចុងភៅមិនទាន់បានមួយខែនៅឡើយទេ និងមិនបានដឹងរឿងផលិតគ្រឿងញៀននោះដែរ។

ក្រោយពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវរកឃើញថា មានសារធាតុផ្សំគ្រឿងញៀនប្រាំមួយតោន រក្សាទុកនៅក្នុងកសិដ្ឋានក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅខែមេសា ឆ្នាំ២០០៧។ ក្នុងខែមករា ឆ្នាំ ២០០៨ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យឈ្មោះ ជា ជុង ជាប់ពន្ធនាគារ២៥ឆ្នាំ និងផាកពិន័យចំនួនមួយលានរៀល(២៥០ដុល្លារ) ក្រោមបទផលិតគ្រឿងញៀន និងជួញដូរគ្រឿងញៀន ឯជនជាតិចិនម្នាក់ទៀតឈ្មោះ ហួង ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់១០០លានរៀល(២៥.០០០ដុល្លារ)។

សូមរំឭកថា ​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​មួយរូបក្នុងចំណោម​ប្រធាន​គណបក្សនយោបាយ៣រូបផ្សេងទៀតដែល​ត្រូវបាន​ចាប់ឃុំខ្លួនក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងគ្នា​ រួមមានលោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​ចាប់ឃុំខ្លួនកាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ ដោយសារតែ​ប្រមាថ​កងទ័ព​កម្ពុជា ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​រវាង​កម្ពុជា-លាវ​ និង​លោក កឹម សុខា អតីត​ប្រធាន​ អតីតគណបក្ស​សង្គ្រោះ​ជាតិ ខ្លួនកាលពី​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ដោយសារតែ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​៕ (SN-សុវណ្ណ)

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com