ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង ចាប់ពី​ម៉ោង ៧​យប់ ថ្ងៃទី​០១​ឧសភា​នេះ

(​ភ្នំពេញ​)៖ ចាប់ពី​ម៉ោង ៧ យប់ ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បិទ​ការធ្វើ​ចរាចរណ៍​ទាំងស្រុង ដើម្បី​បន្ត​ការសាងសង់​តំណ​ស្ពាន​ចុងក្រោយ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​។

​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ បាន​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១២ ខែមេសា​។ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ស្ពាន​អាកាស​នេះ បាន​បន្ត​ការដ្ឋាន​សាងសង់ ដោយ​បើក​ឲ្យ​ដំណើរការ​ម្ខាង និង​បិទ​ចរាចរណ៍​ម្ខាង​។​

​ក៏ប៉ុន្តែ ចាប់ពី​ម៉ោង ៧​យប់​ថ្ងៃទី​០១ ខែឧសភា​នេះ រហូតដល់​ថ្ងៃទី​០៨ ខែឧសភា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានប្រកាសថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង ដើម្បី​បន្ត​ការសាងសង់​តំណ​ស្ពាន​ចុងក្រោយ​។ រហូតដល់​ថ្ងៃទី​១០ ខែឧសភា ទើប​ស្ពាន​អាកាស​ថ្មី​នេះ នឹង​បើក​ឲ្យ​ដំណើរការ​ជាធម្មតា​ឡើងវិញ​។​

​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ មាន​ប្រវែង​សរុប ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ​។ ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ចំណាយ​ថវិកា​ប្រមាណ​ជិត ១៧​លាន​ដុល្លារ ដែល​ចំណាយ​ច្រើនជាង​ស្ពាន​អាកាស ៤​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​។ ស្ពាន​អាកាស​ទាំង ៤​នោះ រួមមាន​៖ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស ៥​មករា ឬ​ស្តុ​ប​តិច​ណូ និង​ស្ពាន​អាកាស ៧​មករា ឬ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com