អាជ្ញាធរក្រុងសៀមរាប នឹងទប់ស្កាត់ការលក់ដូរ នៅលើផ្លូវមុខព្រះរាជដំណាក់ កន្លែងព្រះអង្គចេក ព្រះអង្គចម

(ខេត្តសៀមរាប) ៖ អាជ្ញាធរក្រុងសៀមរាបនឹងរៀបចំសណ្តាប់ធ្នាប់ និងទប់ស្កាត់ ការលក់ដូរនៅលើផ្លូវមុខព្រះរាជដំណាក់ ក្នុងបរិវេណមុខ និងក្រោយព្រះអង្គចេក ព្រះអង្គចម ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានឱ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះថា កម្លាំងរបស់លោកនឹងចុះទៅទប់ស្កាត់កន្លែងលក់ដូរនៅសួនច្បារមុខព្រះរាជដំណាក់នៅព្រលឹម ថ្ងៃទី២ ខែឧសភា ស្អែកនេះព្រោះថា ទីតាំងទី១ ជាទីសក្ការៈបូជា ដែលមានសាធារណជនជាច្រើនចេញចូលអុជធូបបួងសួងសុំសេចក្តីសុខសប្បាយ, ទីតាំងទី២ ជាតំបន់ទេសចរណ៍ ដែលកន្លងមកអ្នកភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ជាពិសេសអ្នកទេសចរជនជាតិចិន ដែលចេញចូលទស្សនាព្រះរាជដំណាក់ ព្រមទាំងនាំគ្នាមកអុជធូបនៅទីសក្ការៈបូជា របស់ព្រះអង្គចេក ព្រះអង្គចមផងដែរ និងទីតាំងទី៣ ដែលជាតំបន់ជាបេះដូងនៃក្រុងសៀមរាប ដូច្នេះទីនោះមិនគួរឱ្យមានការលក់ដូរពេញផ្លូវបែបនេះទេ ។

លោកអភិបាលក្រុងសៀមរាប បានបញ្ជាក់ទៀតថា អាជីវករទាំងនោះបានចូលមកលក់នៅតំបន់ខាងលើ ក្នុងអំឡុងពេលចូលឆ្នាំ ហើយពួកគេបែរជាមិនចេញ និងនៅបន្តលក់រហូតមកពេលនេះ ដោយមិនព្រមចាកចេញឡើយ ហើយលើសពីនេះ ពួកគេបានពង្រីកការលក់ដូររបស់ពួកគេច្រើនលើសដើម ដែលនេះជាក្ដីបារម្ភរបស់អាជ្ញាធរ ថា នឹងអាចមានការកើនឡើងនៃចំនួនអាជីវករ ប្រសិនបើគ្មានការទប់ស្កាត់ និងគ្រប់គ្រងឲ្យបានទាន់ពេលវេលា ខណៈពេលនេះអាជីវករដែលកំពុងលក់ទាំងអស់ សរុប មានចំនួនជិត១០០នាក់ហើយ៕ (SN- ប៊ុនរិទ្ធី)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com