គណបក្ស​ប្រជាជន​កម្ពុជា ចុះឈ្មោះ​ដាក់​បេក្ខជន​ទូទាំង ២៥ រាជធានី​ខេត្ត រីឯ​គណបក្ស​យុវជន​កម្ពុជា នៅ ១៧ ខេត្ត​រាជធានី​

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ដំបូង​នៃ​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ មាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា បាន​ចុះឈ្មោះ ដាក់​បេក្ខជន​មុនគេ​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ចុះឈ្មោះ​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​គ្រប់ ២៥ រាជធានី​ខេត្ត ទូទាំងប្រទេស រីឯ​គណបក្ស​យុវជន​កម្ពុជា បានដាក់​បេក្ខជន​នៅ ១៧ រាជធានី​ខេត្ត​។​

​លោក អ៊​ក គឹម​ហាន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បានអោយដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ឈរឈ្មោះ ទាំង ២៥ រាជធានី​ខេត្ត ដោយមាន​បេក្ខជន​សរុប ២៧១ នាក់ រួមមាន បេក្ខជន​ពេញសិទ្ធិ ១២៥ នាក់ និង​បេក្ខជន​បម្រុង ១៤៦ នាក់​។​

​ចំណែក​លោក ឆុម ចាន់ថន អគ្គលេខាធិការ​គណបក្ស​យុវជន​កម្ពុជា បាន​យក​ឯកសារ​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ ១៧ ខេត្ត​រាជធានី ដោយមាន​បេក្ខជន​សរុប​ចំនួន ២៣៤ នាក់ ក្នុងនោះ បេក្ខជន​ពេញសិទ្ធិ ចំនួន ១១៧ នាក់ និង​បេក្ខជន​បម្រុង ១១៧ នាក់​។​

​ពាក្យស្នើសុំ​ចុះបញ្ជី​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា ត្រូវ​បានគ​.​ជ​.​ប ទទួលយក ពិនិត្យ​រួចរាល់​ហើយ​។​

​សូម​រម្លឹកថា ដំណើរការ​ចុះឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​បេក្ខជន​របស់​គណបក្សនយោបាយ ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវ​បានគ​.​ជ​.​ប ចាប់ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:៣០ នាទី​។ ការបោះឆ្នោត នឹងធ្វើ​ឡើង នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕ (SN-​ពិសិដ្ឋ​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com