សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ពិចារណា ថា​ត្រូវ​ចេញ​ឃោសនា ឬ​មិន​ចេញ​ដឹកនាំ​ក្បួន​ឃោសនា នៅពេល​បោះឆ្នោត​ខាងមុខ​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា នៅពេលនេះ សម្តេច​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ចេញ​ដឹកនាំ​ក្បួន​ឃោសនា​នៅ​កន្លែង​ណាមួយ ឬក៏​មិន​ចេញ​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ខែកក្កដា​ខាងមុខ​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​ខ្ញុំ​កំពុង​ពិចារណា​ថា តើ​ខ្ញុំ​នឹង​ចេញ​យុទ្ធនាការ​នៅ​កន្លែង​ណាខ្លះ​? ឬក៏​មិន​ចេញ​។ កន្លងទៅ ខ្ញុំ​ចេញ​បាន​ម្តង​។ ខ្ញុំ​មិនដែល​ចេញ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទេ​”​។

​សម្តេច​តេ​ជោ បន្តថា ចាប់តាំងពី​បោះឆ្នោត ឆ្នាំ​១៩៩៨ ឆ្នាំ​២០០៣ ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣ សម្តេច​មិនដែល​ចេញ​ឃោសនាបោះឆ្នោត ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទេ​។ មានតែ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០១៧ មួយ​ទេ ដែល​សម្តេច​បានចេញ​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត នៅ​រាជធានី​ភ្នំពេញ​។ នៅពេលនោះ ទើប​សម្តេច​ដឹង​ពី​អ្នក​ភូតកុហក់​ពី​ចំនួន​អ្នកចូលរួម​ហែ​ក្បួន​ឃោសនា ព្រោះថា ក្បួន​ឃោសនា​របស់​សម្តេច ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង ២០​ម៉ឺន​នាក់ កន្ទុយ​ក្បួន​នៅ​ផ្លូវ ៦០ ម៉ែត្រ រីឯ​ក្បាល នៅ​ស្ពាន​ជ្រោយចង្វារ​។ តែ​ក្បួន​ឃោសនា​របស់​គណបក្ស​ផ្សេង គេ​ហែ​ត្រឹម ២​គីឡូម៉ែត្រ គេ​ថា មាន​អ្នកចូលរួម​ដល់ ២ លាន​នាក់​។

​សូម​រម្លឹកថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com