សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោរឆក់វ័យក្មេងច៣នាក់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យជាចោរឆក់ ចំនួន៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ គង់ រតនៈ ហៅ វី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរចោរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ; ឈ្មោះ យ៉ាន់ សាន់ដេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចោរ ស្នាក់នៅក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ឆាយ លុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចោរ ទីលំនៅមិនពិតប្រាកដ។

គួររំលឹកថា សមត្ថកិច្ចបានស្រាវជ្រាវ និងងឃាត់ខ្លួន ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងកើត កាស៊ីណូណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុងធ្វើសកម្មភាព។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានសន្និដ្ឋានថា ក្រុមជនសង្ស័យបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ចំនួន៥ ករណី៖

-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ ខ្មៅ ប្រព្រឹត្តនចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦,៣០ នាទី ពីជនជាតិចិន ភេទប្រុស ដែលកំពុងឈរនិយាយទូរសព្ទ័។

-ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone 6 ពណ៌ ស មិនបានសម្រេច នៅចំណុចចំណុចមុខហាងស្ប៉ាឆ្នេរមាស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៦.១៧ នាទី ពីជនជាតិចិន ភេទប្រុស ដែលកំពុងដើរនិយាយទូរស័ព្ទ។

-ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ពណ៌ ស ប្រព្រឹត្តនៅចំណុចមុខរដ្ឋសភា ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦,១៥នាទី ពីជនជាតិចិន ភេទស្រី ដែលកំពុងដើរនិយាយទូរសព្ទ័។

-ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone8plus ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១៧,០០ នាទី ពីជនជាតិចិន ភេទប្រុស ដែលកំពុងជិះម៉ូតូរឺម៉កកង់បី ម្នាក់ឯង។

-និងករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone6s ពណ៌ ប្រផេះ ប្រព្រឹត្តនៅចំណុចភ្លើងស្តុមផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង១៥ នាទី ពីជនជាតិចិន ដែលកំពុងជិះម៉ូតូរឺម៉កកង់៣ ជាមួយកូន៕ (SN-តុលា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com