ហេតុអ្វីបានជាសំរាមនៅតែជាបញ្ហាសម្រាប់ផ្សារបានលុង ខណៈដែលអាជីវករបានបង់លុយជាប្រចាំនោះ!

(ភ្នំពេញ)៖ បញ្ហាសំរាមនៅផ្សារបានលុងនេះ មិនមែនជារឿងទើបកើតឡើងថ្មីៗនោះទេ គឺកើតមានបញ្ហាតាំងពីឆ្នាំ២០១៤ មកម៉្លេះ ដោយសារភាគីខាងក្រុមហ៊ុនប្រមូលសំរាម មានទំនាស់ផ្ទៃក្នុងជាមួយភាគីខាងម្ចាស់ផ្សារ ទើបរៀងរាល់បុណ្យជាតិសំខាន់ម្តងៗ បណ្តែតបណ្តោយឲ្យមានគំនរសំរាមយ៉ាងច្រើនដូច្នេះ។ នេះបើតាមការអះអាងពីអាជីវករម្នាក់ដែលបានធ្វើអាជីវកម្មនៅផ្សារបានលុង។

អាជីវកររូបនេះក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដែលបាននិងកំពុងធ្វើលក់ដូរនៅផ្សារបានលុងជាង៦ឆ្នាំមកហើយនោះ បានស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្ត ក្រុង តាមរយៈភ្នាក់ងារ Swift News ប្រចាំខេត្តរតនគិរី ថា លោកបានបង់ថ្លៃភាស៊ីជូនផ្សារជាប្រចាំ សូមមេត្តាមានវិធានការផ្លូវច្បាប់ ឬក៏ដំណោះស្រាយណាមួយ ដើម្បីជួយពន្លឿនដល់ក្រុមហ៊ុនពាក់ព័ន្ធ ឲ្យជួយយកសំរាមដែលស្អុយរលួយទាំងនេះចេញពីទីតាំងមុខផ្សារឲ្យបានឆាប់រហ័សផង។

លោកបានបន្តទៀតថា ព្រោះអីសព្វថ្ងៃនេះ ពួកគាត់ស្ទើរតែទ្រាំទ្រពុំបាននូវក្លិន«អសោច»ដ៏ស្អុយគគ្រុកពីគំនរសំរាម ជាពិសេសនៅពេលមេឃធ្លាក់ភ្លៀងម្តងៗ ក្លិនស្អុយចេញពីសំរាមទាំងនេះ វាបានជះឥទ្ធិពល និងសោភណភាពមិនល្អដល់សង្គម ក៏ដូចជាប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសទៀតនោះ គឺប៉ះពាល់ដល់សុខភាពរបស់បងប្អូនអាជីវករដែលប្រកបរបរលក់ដូរជាប្រចាំនៅទីនេះ។

ទាក់ទងទៅនឹងបញ្ហាសំរាមនេះដែរ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់ Swift News តាមទូរស័ព្ទនារសៀលថ្ងៃទី២៦ ខែមេសាម្សិលមិញនេះថា បញ្ហាសំរាមនេះ ពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សោភណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីរូបនេះបានបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃទី១៨ ខែមេសាថ្មីៗនេះបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មន្ទីរបរិស្ថានខេត្ត បានសហការជាមួយអាជ្ញាធរក្រុងបានលុង ដឹកសំរាមចេញពីផ្សារបានលុង១លើករួចមកហើយ ដែលមានសំរាមដឹកចេញ១៧ ឡាន»។

ឯលោក ញ៉ែម សំអឿន ក៏បានមានប្រសាសន៍ថា អាជ្ញាធរខេត្តរតនគិរី នឹងអញ្ជើញភាគីពាក់ព័ន្ធ ប្រជុំដោះស្រាយបញ្ហាសំរាម រវាងក្រុមហ៊ុនដឹកសំរាម ជា គួង និងក្រុមហ៊ុន ហេង តារា ម្ចាស់អាជីវកម្មផ្សារបានលុង ដែលមានទំនាស់នឹងគ្នាជាយូរមកហើយឲ្យបានឆាប់ក្នុងពេលខាងមុខនេះ៕ (SN- ភិរម្យ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង