លីហ្គកំពូលកម្ពុជា: ល្ងាចនេះព្រះខ័នរាជ ទទួលភ្នំពេញក្រោន;បឹងកេត វិសាខា និងនគរបាលសុទ្ធតែឈ្នះម្សិលមិញ

(កម្ពុជា)៖ ក្លិបដែលកំពុងមានទម្រង់ធ្លាក់ចុះ ព្រះខ័នរាជស្វាយរៀង ទទួលភ្នំពេញក្រោន នៅកីឡដ្ឋានស្វាយរៀង ក្នុងការប្រកួតជម្រើសជើងឯកជាតិ (លីហ្គកំពូលកម្ពុជា) សប្តាហ៍ទី៥។

ព្រះខ័នរាជ មុនជួបភ្នំពេញក្រោន ចាញ់អង្គរថៃហ្គ័រ ១ទល់នឹង២ ក្នុងដីរបស់ខ្លួនចំនែកជើងឯក៦លើកភ្នំពេញក្រោនចាញ់ ណាហ្កាវើល ក្នុងទឹកដី RSN របស់ខ្លួនដែរ។
ភ្នំពេញក្រោន ៤ប្រកួតក្នុងលីហ្គកំពូលល្អជាងព្រះខ័នរាជស្វាយរៀង ដោយឈ្នះ ៣ និងចាញ់១ ប្រកួត ខណៈព្រះខ័នរាជ ឈ្នះ១ ស្មើ២ និងចាញ់១។
ប្រវត្តិបីប្រកួតចុងក្រោយនៃក្រុមទាំងពីរក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជាគឺនៅឆ្នាំ២០១៦ ក្រុមព្រះខ័នរាជខេត្តស្វាយរៀង ឈ្នះក្រុមភ្នំពេញក្រោន ៣ទល់២, នៅឆ្នាំ២០១៧ ជើងទីមួយ ក្រុមភ្នំពេញក្រោន ចាញ់ ក្រុមព្រះខ័នរាជខេត្តស្វាយរៀង ០ទល់១ និងជើងទីពីរ ក្រុមព្រះខ័នរាជខេត្តស្វាយរៀង ចាញ់ភ្នំពេញក្រោន ១ទល់នឹង២។
ពីរប្រកួតផ្សេងទៀតនៅថ្ងៃនេះ អង្គរថៃហ្គ័រ ជួបអគ្គិសនីកម្ពុជា និងណាហ្កា ទទួលអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ ម៉ោង ៣និង៣០នាទីរសៀល និង៦និង៣០នាទីល្ងាច។
ចំនែកការប្រកួតយប់មិញ បឹងកេតឈ្នះក្រសួងការពារជាតិ ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ Oiboh Julius នាទីទី៧១ និង Maycon នាទីទី៧៤។
ពីរគ្រាប់របស់កីឡាករ Noh Sangmin ជួយឱ្យអគ្គស្នងការនគរបាលជាតិឈ្នះ សូលទីឡូអង្គរ ២ទល់នឹង១។ មួយគ្រាប់របស់សូលទីឡូកើតឡើងដោយកីឡាករ Bata។
ដោយឡែក វិសាខា ឈ្នះម្ចាស់ផ្ទះវេស្ទើន ៣ទល់នឹង០ ដោយថ្វីជើង Myong Ho Cheo ពីរគ្រាប់តែឯង និងសាន គឹមហេងមួយគ្រាប់។
សូមជម្រាបជួនថាក្រោយប្រកួតសប្តាហ៍ទី៥នេះរួច លីហ្គកំពូលនឹងសម្រាករហូតដក់ថ្ងៃទី១៩ ខែឧសភា ទើបបន្តការប្រកួតទៀត ដោយសារកីឡាករមួយចំនួនមានឈ្មោះក្នុងក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំដែលត្រូវលេងពានស្តេចប្រ៊ុយណេ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com