នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នឹងបញ្ជូនខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ មកតុលាការក្រុងភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមេសានេះ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នឹងបញ្ជូនខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធករណីឃាតកម្មស្រីកំណាន់របស់ខ្លួនកាលពីដើមឆ្នាំ២០១៨នេះ។

លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តអាប់យសព្រោះរឿងអាស្រូវភ្លូវភេទ ត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួននៅក្នុង​​​ខេត្តតាកែវ កាលពីរសៀលថ្ងៃម្សិលមិញ តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីធ្វើឃាតស្ត្រីមេម៉ាយកូន៣ សម្រស់ស្អាតប្រឹមប្រិយ រួចត្រូវបានបញ្ជូនខ្លួនជាបន្ទាន់មកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរយកចម្លើយ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រទណ្ឌ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ Swift News​​​ ថា កម្លាំងជំនាញសើបអង្កេតរបស់លោកកំពុងសួរយកច្លើយពីលោក ឡាយ វណ្ណៈ រួមជាមួយនឹងមនុស្ស៥នាក់ រាប់ទាំងបងប្រុសបង្កើតរបស់លោកផងដែរ គឺលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ។

លោកឧត្តមសេនីយ៍បានបន្ថែមថា ជនសង្ស័យទាំង៥នាក់ មិនទាន់បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារនៅឡើយទេ គឺត្រូវឃុំខ្លួននៅក្នុងក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។

អតីតអភិបាលខេត្តតាកែវរូបនេះ ត្រូវបានដកចេញពីមុខតំណែង កាលពីពេលថ្មីៗកន្លងមកនេះ និងមានរឿងអាស្រូវស្នេហាត្រីកោណជាមួយនា ចេវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយកូន៣នាក់ ដែលស្លាប់ក្នុងភាពអាថ៌កំបាំង ដែលសម​ត្ថកិច្ចបំបែកសំណុំរឿងនេះ គឺជាករណីអំពើឃាតកម្មនោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរុញចូលរថយន្ត នៅ​វេ​លាម៉ោងប្រមាណ១៥រសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតតាមផ្លូវខណៈពេលលោកចេញពីកន្លែ​ងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្តតាកែវ ត្រង់ចំណុចម្តុំមុខវិទ្យាល័យ ជា ស៊ីម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុង​ដូនកែវ។

ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ មនុស្ស៥នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន មានឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ, ឈ្មោះ ចាន់ រី និងប្តីឈ្មោះ ចឹម វុធ ជាអ្នកបម្រើនៅក្នុងផ្ទះ, ឈ្មោះ ម៉ែន សម័យ ជាងអ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ​​​ ណារិទ្ធ។

លោក ឡាយ វណ្ណៈ បានឡើងជាអភិបាលខេត្តតាកែវ ក្នុងពិធីប្រកាសនៅរសៀលថ្ងៃទី១៨  ខែមីនា ឆ្នាំ២០១៤ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី។

លោក ឡាយ វណ្ណៈ គឺជាកូនប្រសារលោក ស៊ូ ភិរិន្ទ ដែលជាអតីតអភិបាលខេត្តតាកែវ។  លោក ឡាយ វណ្ណៈ បានឡើងតំណែងពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលខេត្ត ជំនួសលោក ស្រី បេន ដែលបានកាន់តំណែងជាអភិបាលខេត្តតាកែវអស់រយៈពេលប្រមាណជិត១០ឆ្នាំហើយក្រោយមកទៅទទួលតំណែងជាប្រធានក្រុមប្រឹក្សាខេត្តតាកែវ។ ចំណែកលោក ឡាយ ណារិទ្ធ គឺជាកូនប្រសារលោកឧត្តមសេនីយ៍ ឯក ក្រឹត្យ អតីតស្នងការខេត្តកណ្ដាល និងជាមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

លោក ស៊ូ ភិរិន្ទ គឺជាក្មួយប្រសាររបស់សម្តេចវិបុលបញ្ញា​​​ សុខ អាន ដូច្នេះ លោក ឡាយ វណ្ណៈ គឺជាចៅប្រសារ ដោយសារលោករៀបការជាមួយកូនស្រីបង្កើតរបស់លោក ស៊ូ ភិរិន្ទ ឈ្មោះ ស៊ូ សុជាតា ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

ចំណែកលោក អ៊ូច ភា ឡើងតំណែងពីអភិបាលរងខេត្តតាកែវ​​​ ទៅជាអភិបាលខេត្តតាកែវជំនួសលោក ឡាយ វណ្ណៈ គឺជាកូនប្រសាររបស់លោក​​​ ស្រី បេន អតីតអភិបាលខេត្ត និងអតីតប្រធានក្រុមប្រឹក្សាខេត្ត។

លោក ឡាយ វណ្ណៈ អតី​តអភិបាលខេត្តតាកែវ ត្រូវបានកម្លាំងព្រហ្មទណ្ឌនាយកដ្ឋានព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ ចាប់រុញចូលរថយន្តទំនើបៗ រួចដឹកចេញយ៉ាងប្រញាប់បំផុតឆ្ពោះមករាជធានីភ្នំពេញ បន្ទាប់លោកចេញពីកម្មវិធីប្រ​កាសផ្លាស់ប្តូរ និងផ្ទេរភារកិច្ចប្រធានគណបក្សខេត្តតាតាវ។

សូមរំឭកថា នារសៀលថ្ងៃទី១ ខែមេ​សា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ រួមជាមួយឪពុកក្មេករបស់លោក ឡាយ វណ្ណៈ គឺលោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តតាកែវ​​​ ព្រមទាំងមន្ត្រីជាច្រើនរូបទៀតបានអញ្ជើ​ញប្រកាសផ្ទេរមុខតំណែងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

ក្នុងពិធីនោះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ត្រូវបានតែងតាំងជាប្រធានគណបក្សជំនួសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានក្រសួងមហាផ្ទៃដកទៅទទួលភារកិច្ចថ្មី និងកំពុងមានរឿងអាស្រូវដ៏រសើបពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់ស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា កាលពីខែមករា ឆ្នាំ​២​០១៨កន្លងនេះ។

នៅវេលាម៉ោងប្រមាណជាង ១១ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ គេបានឃើញវត្តមានរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលតួអង្គដ៏សំខាន់ក្នុងសំណុំរឿងឃាតកម្មលើស្រ្តីមេម៉ាយកូន៣នោះ កំ​ពុ​ង​ស្ថិតនៅក្នុងគេហដ្ឋានរបស់លោកក្នុងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីចូលរួមក្នុងពិធីប្រកាសផ្ទេរតួនាទី ភារ​កិច្ចប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តតាកែវ។

យោងតាមភ្នាក់ងារ Swift News ប្រចាំខេត្តតាកែវ បានរាយការណ៍មកថា វត្តមានរបស់អតីតអភិបាលខេត្តតាកែវ ដែលជាជនទី១ដែលត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដាក់ការសង្ស័យ​ថា ជាមេខ្លោងក្នុងការសម្លាប់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា កាលពីខែមករា ឆ្នាំ២០១៨កន្លងមកធ្វើឲ្យមហាជនចា​ប់​អារម្មណ៍យ៉ាងខ្លាំង ព្រោះនៅជុំវិញគេហដ្ឋានរបស់លោកឃើញមានកងកម្លាំងនគរបាលយាមការព្រោងព្រា​ត និងមានការប្រុងប្រយ័ត្នបំផុត។

ការឃើញវត្តមានរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បន្ទាប់ពីមានលេចឮព័ត៌ក្រៅផ្លូវការថារូប​លោកត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីម្សិលមិញ ប៉ុន្តែខាងក្រសួងមហាផ្ទៃបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ។

ចំណែកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលជាមនុស្សយ៉ាងសំខាន់ក្នុងរឿងឃាតកម្មសម្លាប់​ស្រ្តីម្នាក់នោះ បានព្យាយាមធ្វើការបដិសេធម្តងហើយម្តងទៀត តាមទំព័រហ្វេសប៊ុកផ្លូវការខ្លួនថា «ខ្ញុំនិងបងប្រុសរបស់មិនបានពាក់ព័ន្ធក្នុងការសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនានោះទេ គឺគាត់ធ្វើអត្តឃាតចងក សម្លាប់ខ្លួន​ឯង។ ចំណែកទំនាក់ទំនងស្នេហារវាងលោកជាមួយស្រ្តី ចេវ សុវឌ្ឍនា ពិតជាធ្លាប់កើតមានពិតប្រាកដ​មែន»។

ជាក់ស្តែង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ លោក ឡាយ វណ្ណៈ បានបង្ហោះសារក្នុងហ្វេសប៊ុកថា «ការប៉ុន​ប៉ងធ្វើអត្តឃាតរបស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រើនដង! លើកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួន នៅថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវបានមិត្តភ័ក្ត្ររបស់គាត់នាំទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះទាន់ពេលវេ​លា! រាល់ពេលគាត់ខឹងម្តងៗគាត់តែងតែចង់ធ្វើអត្តឃាត!»។

សូមរឭកថា លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន នៅលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បានសរសេររៀបរាប់ថា «ជូនចំពោះជនរួមជាតិទូទាំងប្រទេស!, ពិសេសប្រ​ជា​ពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ!។ ខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការ ចោទប្រកាន់ដែល​ថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!»។

ក្នុងសាររបស់អតីតអភិបាលខេត្តតាកែវរូបនេះ ដែលជាប់សង្ស័យជាមេក្លោងក្នុងករណីឃាតកម្មសម្លាប់ស្ត្រីស្រស់ស្អាតនោះ បានសរសេទៀតថា «សូមបងប្អូនពិចារណាមើលចុះថា បើខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនាមែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហើយក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបាត់ទៅហើយ!។ ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ!»។

អតីតអភិបាលខេត្តតាកែវរូបនេះ បានថ្លែងទៀតថា «ស្អែកនេះ ខ្ញុំនៅខេត្តតាកែវដើម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជា ជនខេត្តតាកែវពីខ្ញុំឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិ​បា​ល​ថ្មីខេត្តតាកែវយើង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន!។ ពេលខ្ញុំនៅធ្វើជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណីជូនប្រជាពលរដ្ឋរបស់ខ្ញុំ! ខ្ញុំក៏សង្ឃឹម​ជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ!»។

«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ពិ សេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថាខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ! ដោយក្តីគោរពស្ រឡាញ់ពីខ្ញុំ!ឡាយ វណ្ណៈ»។

យោងតាមច្បាប់បានលើកឡើងថា «ក្នុងករណីនេះគឺបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដូច្នេះបុគ្គលរូបនេះមិនអាចសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបានទេ ព្រោះវាមិនមែនជាករណីនេះនយោ​បា​យហើយការដែលលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ យករឿងគណបក្សមកពាក់ព័ន្ធនោះវាកាន់តែធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់សង្គមទាំងមូល»។ ក្រុមអ្នកច្បាប់និយាយថា «ទង្វើបុគ្គលរូបនេះខុសច្បាប់ធ្ងន់​ធ្ងរទៅហើយ ជាងនេះបុគ្គលរូបនេះ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តដែលមានឥទ្ធិពលបានប្រើប្រាស់អំណាចខុសច្បាប់ ពិសេសគឺបានផ្សំគំនិតជាមួយបងប្រុសរបស់ខ្លួន លោក ឡាយ ណារិទ្ធ មានតួនាទីជាស្នងការរងខេត្តតាកែវ ឲ្យជួយបិតបាំងរឿងឃាតកម្មសម្លាប់ស្រ្តីម្នាក់រួចលើកទៅព្យួរកដើម្បីបំបិទភ័ស្តុតាងទៅវិញ»។

លោក លី សុផាន់ណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះថា «អយ្យការបានទទួលសំណុំរឿងពីមន្រ្តីនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរ​បា​លជាតិ ហើយបានពិ និត្យ និងចាត់ការតាមនីតិវិធី។ ខណៈពេលនេះតំណាងអយ្យការកំពុងបន្តសាកសួរ ពិ​និ​ត្យឯកសារ និងភ័ស្តុតាងក្នុងសំណុំរឿងនេះ»។

ជនសង្ស័យទាំង៥នាក់ ដែលបញ្ជូនទៅតុលាការ មានដូចជា៖ ទី១.ឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរង, ទី២​.ឈ្មោះ ចាន់ រី ភេទស្រី, ៣.ឈ្មោះ ជឹម វុធ (ប្តីរបស់ចាន់ រី) ជាអ្នកបម្រើនៅផ្ទះអ្នកស្រី ចេវ សុវ ឌ្ឍនា និង​ទី​៤​.ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោកឡាយ វណ្ណៈ និង៥.ឈ្មោះ តាក់រតនាជាអ្នកបើកឡានឲ្យលោកឡាយ ណារិទ្ធ។

សូមបញ្ជាក់ថា នៅម៉ោង៣ និង៣០នាទី រសៀល ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨ ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ បានបញ្ជូនអតីតស្នងការរងខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡាយ ណា​រិទ្ធ និងបក្ខពួក ៤នាក់ទៀត ចូលដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះ មានស្ត្រីម្នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឡាយ ណារិទ្ធ និងបក្ខពួក ពាក់ព័ន្ធនឹងអំពើឃាតកម្មលើស្ត្រីរូបស្រស់ម្នាក់ កាលពីខែមករា ឆ្នាំ២០១៨ នៅក្រុងដូនកែវ ខេត្តតាកែវ ហើយត្រូវបានគេបង្វែរភ័ស្តុតាងថាជារឿងអត្តឃាត ចងក។ ករណីនេះ ក៏ពាក់ព័ន្ធនឹងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលទើបផ្ទេរតំណែងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ផងដែរ។

សូមបញ្ជាក់ថា អតីតស្នងការរង ទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ និងបក្ខពួក ដែលជាប់សង្ស័យ ក្នុងសំណុំរឿងសម្លាប់ស្ត្រីស្រស់ស្អាតម្នាក់ រួចយកទៅព្យួរក ដើម្បី​បិទភ័ស្តុតាង ត្រូវបានប៉ូលិសនៅអគ្គស្នងការដ្ឋាននគរបាលជាតិ កោះហៅមកសាកសួរ នៅនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ យូរថ្ងៃមកហើយ។

កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ សពស្ត្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា អាយុ ៣៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសមាជិកនៃក្រុមយុវជន “ក១៥៧” និងក៏ជាអ្នកបម្រើការងារនៅរដ្ឋសភាផងដែរ ត្រូវបានអ្នកធ្វើការងារផ្ទះ ប្រទះឃើញស្លាប់ របៀបចងក នៅក្នុងបន្ទប់ដេក ជាប់នឹងខ្សែវាំងននបង្អួច ក្នុងភូមិគ្រឹះមួយ នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ភ្លាមៗ ប៉ូលិសខេត្តតាកែវ បានសន្និដ្ឋានថា ចេវ សុវឌ្ឍនា ដែលមានទំនាក់ទំនងសេ្នហាជាមួយលោក ឡាយ វណ្ណៈ បានចងកសម្លាប់ខ្លួនដោយសារតែវិបត្តិស្នេហាត្រីកោណ។ ប៉ុន្តែសាច់ញាតិ និងមហាជន បានដាក់ការសង្ស័យ ហើយថា អាចមិនមែនជារឿងអត្តឃាតចងកសម្លាប់ខ្លួនទេ តែជារឿងឃាតកម្ម សម្លាប់នាងហើយ ទើបយកទៅព្យួរក។

តាមមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនោះ កម្លាំងនគរបាលកម្លាំងនគរបាលនាំខ្លួនមកនាក់ក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរជុំវិញសំណុំរឿងអំពើឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ដែលជាជនសំខាន់បំផុតក្នុងសំណុំរឿងដ៏រសើបមួយនេះ។

សូមបញ្ជាក់ថា ចំពោះជនសង្ស័យចំនួន ៥នាក់ដែលបញ្ជូនទៅកាន់តុលាការដើម្បីបន្តការសាកសួរតាមនិតិវិធីនោះតំណាងអយ្យការកំពុងពិនិត្យលើឯកសារ និងភ័ស្តុតាងនានាដែលមានការពាក់ព័ន្ធក្នុងសំណុំរឿងនេះ​៕ (Swift News)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com