អគ្គស្នងការហៅលោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ មកសាកសួរ ពាក់ព័ន្ធករណីឃាតកម្ម

(ភ្នំពេញ)៖ ប្រភពច្បាស់ការណ៍ពីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងមុននេះបន្តិចថា អគ្គស្នងការនគរបាលជាតិ បានហៅលោកស្នងការរង​នគរបាលខេត្តតាកែវម្នាក់ និងមន្ត្រីនគរបាល៨នាក់ផ្សេងទៀត មកសាកសួរនៅក្រសួងមហាផ្ទៃ ដោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់ស្ត្រីមេម៉ាយរូបស្រស់ម្នាក់ កាលពីចុងខែមករា ឆ្នាំ២០១៨​។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ Swift News ថា លោកឧត្តសេនីយ៍ត្រី ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ និងមន្ត្រីនគរបាលខេត្តតាកែវ៨នាក់ទៀត ត្រូវបានហៅមកសាកសួរនៅអគ្គស្នងការដ្ឋាននគរបាលជាតិ តាំងពីយប់ថ្ងៃទី២៨ ខែមីនា។ ក៏ប៉ុន្តែ​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​ មិនទាន់​បញ្ជាក់​លម្អិត​ពីលទ្ធផល​នៃការសាកសួរ​នេះនៅឡើយទេ​។

ប្រភព​ច្បាស់ការណ៍ បានឲ្យដឹងទៀតថា លោកស្នងការរង និងមន្ត្រីនគរបាលខេត្តតាកែវ ដែលអគ្គស្នងការ​នគរបាល​ជាតិ សាកសួរនេះមិនទាន់អនុញ្ញាត​ឲ្យត្រឡប់ទៅផ្ទះនៅឡើយទេ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកកណ្តាលយុត្តិធម៌ បានមានប្រសាសន៍បដិសេធថា លោកមិនបានដឹង​ពី​ការហៅលោក ឡាយ ណារិទ្ធ និងមន្ត្រីនគរបាល៨នាក់ របស់ខេត្តតាកែវ មកសាកសួរនៅអគ្គស្នងការនគរបាលជាតិទេ។

លោកឧត្តមសេនីយ៍ត្រី ឡាយ ណារិទ្ធ គឺជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចេញពីតំណែង។

លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មិនអាចទាក់ទងបានទេ។ រីឯលោក សួន ផុន ស្នងការរងនគរបាល​ខេត្តតាកែវ ទទួលផ្នែកព្រហ្មទណ្ឌ ដែលបានកាន់សំណុំរឿងអត្តឃាត​ចងករបស់ស្ត្រីម្នាក់ នៅខេត្តតាកែវនោះ និងលោក ជីវ ចន្ទដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដែលបានដឹកនាំស៊ើបអង្កេតករណីនេះ បាន​បដិសេធ​មិនធ្វើអត្ថាធិប្បាយជុំវិញករណីអគ្គស្នងការកោះហៅស្នងការរង​នគរបាលខេត្តតាកែវ មកសាកសួរនេះទេ។

សូមរំឭកថា កាលពី​យប់ថ្ងៃ​ទី​២៦ ខែមក​រា ឆ្នាំ២០១៨ សពស្ត្រីម្នាក់ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ៣៦ឆ្នាំ ត្រូវ​បាន​អ្នកបម្រើ​​ប្រទះ​ឃើញ​ចង​កស្លាប់នៅ​ក្នុង​បន្ទប់ដេក នៅក្នុងភូមិគ្រឹះមួយ នាភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែលការស្លាប់បែបត្រូវបានសាច់ញាតិ និងមហាជនដាក់សង្ស័យថា មិនមែនជាករណីអត្តឃាតឡើយ ព្រោះស្ថានភាព​ស្លាប់បង្កប់នូវចំណុចគួរឲ្យសង្ស័យ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ Swift News ថា មិនមែនជាករណីបើកការស៊ើបអង្កេតឡើងវិញ គឺគ្រាន់តែជាការផ្ទៀងផ្ទាត់ព័ត៌មាន និងភ័ស្តុតាងឡើងវិញ​ប៉ុណ្ណោះ ក្រោយពីមានការបកស្រាយជាច្រើនថា ករណីស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា មិនមែនជាករណីឃាតកម្ម។

ប៉ុន្តែក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានរៀបរាប់ថា នាង ចេវ សុវឌ្ឍនា ​​បាន​យក​ខ្សែ​វាំងននបង្អួច ​ចងកសម្លាប់​ខ្លួន ក្នុងកម្ពស់​ពី​កម្រាល​ឥដ្ឋ​២៤០សង់ទីម៉ែត្រ, ពី​​​ចុងជើង​ មក​កម្រាល​ឥដ្ឋ​២០​សង់ទីម៉ែត្រ។

ចំណែកមូលហេតុនាំឲ្យ​ចងក​សម្លាប់​ខ្លួន​នេះ ត្រូវបានមន្ត្រីនគរបាលអះអាងថា ជាករណីចងកធ្វើអត្តឃាត ​ព្រោះ​វិបត្តិ​ស្នេហា ដោយយោងតាមរយៈសំបុត្រមួយច្បាប់រហែកជា២ចំណែក ដែលគេអះអាងថា រកឃើញ​នៅ​ក្នុង​កាបូប​យួរដៃរបស់នាង។

ក៏ប៉ុន្តែ​ករណីស្ត្រីចងកនេះ ត្រូវបានមហាជនជាច្រើន ដាក់ការសង្ស័យ ព្រោះនៅក្បែរសពស្ត្រីរូបនេះ មិនមានកៅអី ដើម្បីឡើង​ចងក ហើយស្ត្រីនោះក៏បានយកដៃកាន់ខ្សែចងថែមទៀត ហាក់ដូចជាប្រឹងរើបម្រាស់មុននឹងស្លាប់។ ចំណែកនៅលើរបស់សាកសព ក៏មានស្នាមម្រាមដៃ​ផងដែរ​។ មហាជនបាន​ដាក់​ការសង្ស័យថា ករណីស្លាប់នេះជាឃាត​កម្ម ប៉ុន្តែត្រូវបានគេបង្វែរ​ថា ជារឿងអត្តឃាតដោយចងក​​សម្លាប់ខ្លួន ព្រោះតែវិបត្តិស្នេហាត្រីកោណ៕ (ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com