លីហ្គកំពូលកម្ពុជាថ្ងៃសៅរ៍នេះមានបីប្រកួត ក្នុងនោះណាហ្កាទទួលភ្នំពេញក្រោន

ភ្នំពេញៈ ការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌលីហ្គកំពូលកម្ពុជា (មិត្តហ្វូមខាំបូឌាលីហ្គ) បាន ឈានចូលសប្តាហ៍ទី២ហើយ។ ថ្ងៃសៅរ៍នេះមានបីប្រកួត​គឺក្លិបវេស្ទឺនភ្នំពេញ ត្រូវជួបគីរីវង្សសុខសែនជ័យ នៅម៉ោង ៣និង០០នាទីនៅទីលានវេស្ទើន ឯខាំបូឌាថៃហ្គ័រ ត្រូវជួបជាមួយ ក្រសួងការពារជាតិ នៅស្តាតចាស់វេលាម៉ោង​៣និង០០នាទី។
 

សម្រាប់វ៉េស្ទើន បើកបើកលីហ្គកំពូលដោយចាញ់អគ្គស្នងការនគរបាលជាតិ ០ទល់នឹង៤ ខណៈគីរីវង្សសុខសែនជ័យក៏ចាញ់ព្រះខ័នរាជដែរក្នុងលទ្ធផល ១ទល់នឹង២។ រីឯខាំបូឌាថៃហ្គ័រ បើករដូវកាលត្រឹមស្មើស៊ីម៉ាក់១ទល់នឹង១

នៅសៀមរាប ឯក្រសួងការពារជាតិមិនទាន់ប្រកួត នៅឡើយព្រោះការប្រកួតដំបូងរបស់ក្រុមនេះត្រូវជួបជាមួយបឹងកេតដែលលើកពេលទៅ លេងនៅថ្ងៃទី០១ ខែមីនាខាងមុខ។ តាមពិតទៅថ្ងៃនេះខាំបូឌាថៃហ្គ័រត្រូវទទួលការពារជាតិ នៅសៀមរាប ប៉ុន្តែដោយកីឡដ្ឋាននេះត្រូវកែលំអរបន្ថែមទៀតទើបដូរមកប្រកួតនៅស្តាតចាស់វិញ។

 ចំណែកមួយប្រកួតទៀត គឺក្រុមណាហ្កាវើល ត្រូវជួបក្រុមភ្នំពេញក្រោន នៅម៉ោង៦និង០០ នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។ គួរនេះមានការផ្សាយផ្ទាល់នៅ ប៊ីធីវី។

 ក្រុមទាំងពីរបើករដូវកាលសុទ្ធតែឈ្នះរៀងៗខ្លួន។ ណាហ្កាបើកយុទ្ធនាការដណ្តើមជើងឯក បាល់ទាត់កំពូលរបស់កម្ពុជានេះ បានយកឈ្នះអគ្គិសនីកម្ពុជា៤ទល់នឹង០ ទោះបីអគ្គិសនី នាំ មុខមុនយ៉ាងណាក៏ដោយ។ ចំណែកភ្នំពេញក្រោនបានបំបាក់ម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប ៣ទល់នឹង ០ កាលពីសប្តាហ៍ទី១ដែរ។

 រម្លឹកថាជ័យជំនះ ៤ទល់០ លើអគ្គសនីកម្ពុជានោះធ្វើបានសម្រេចដោយកីឡាករ Kipson បួន គ្រាប់តែឯង ខណៈដែលកីឡាករ Booysen Shane រកបានពីរគ្រាប់ និង អ៊ីន សូដាវីត មួយ គ្រាប់អោយជើង៦ដងភ្នំពេញក្រោន។

 ចំពោះមុខក្លិបទាំងពីរបានត្រៀមរួចរាល់ហើយក្នុងការប្រកួតនេះ ហើយក៏បានអំពាវនាវអោយអ្នកគាំទ្រទាំងអស់ចូលរូមទស្សនាអោយបានច្រើនកុះករ។

 ភ្នំពេញក្រោន និងណាហ្កា ក្នុងការប្រកួតលីហ្គកំពូលធ្លាប់ជួបគ្នាប្រាំពីរដងតាំងពីឆ្នាំ២០១៤ ក្នុងនោះភ្នំពេញក្រោនឈ្នះ៤ដង និងស្មើមួយដង៕


 

 

អត្ថបទដែលជាប់ទាក់ទង