អគ្គនាយកក្រុមហ៊ុន SUCCESS CO ៖ យុទ្ធសាស្រ្តទីផ្សារ និង យុទ្ធសាស្រ្តហិរញ្ញវត្ថុ ជាផ្នែកទាំងពីរនៃកាក់អាជីវកម្ម

(ភ្នំពេញ)៖ «ដោយសារកង្វះខាតនៅក្នុងយុត្តិសាសន៍ ហិរញ្ញវត្ថុ និងកង្វះខាងនូវដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ទើបធ្វើឲ្យអាជីវកម្ម តូច និងមធ្យមភាគច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងមានភាពជាប់គាំង មិនអាចរីកចំរើនទៅមុខបាន ហើយក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរ ជានិស្សិត ក៏ដូចជាអាជីវករមួយចំនួនមានគំនិតអាជីវកម្មឆ្នៃប្រឌិតល្អៗ ក៏ប៉ុន្តែខ្វះខាតនូវចំណេះដឹង ជំនាញ និងយុទ្ធសាស្ត្រ ពិសេសយុទ្ធសាស្រ្តផ្នែកទីផ្សារ និងហិរញ្ញវត្ថុ»។ នេះជាការលើកឡើងរបស់លោក ស៊ីម តារា អគ្គនាយក ក្រុមហ៊ុន SUCCESS CO។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង លោក ហុង សុខហួរ អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងលោក ស៊ីម តារា អគ្គនាយក ក្រុមហ៊ុន SUCCESS CO នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រាជធានីភ្នំពេញ លោក ស៊ីម តារា បានបន្តថា «ទីផ្សារ និងយុទ្ធសាស្រ្ត ប្រៀបបានទៅនឹងជ្រុងទាំង២នៃកាក់មួយ នៅក្នុងអាជីវកម្ម។ …. ពិសេសយុទ្ធសាស្ត្រគៀងគរដើមទុនដើម្បីចូលក្នុងទីផ្សារមូលបត្រកម្ពុជា»។

លោក ស៊ីម តារា ក៏បានថ្លែងអំណរគុណ ដល់លោក ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដែលតែងតែគាទ្រដល់ ក្រុមហ៊ុន SUCCESS CO នៅក្នុងបេសកកម្មនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសលើវិស័យហិរញ្ញវត្ថុ ក៏ដូចជាវិស័យទីផ្សារមូលបត្រកម្ពុជាជាដើម។

លោកបន្តថា គោលការណ៍នៃភាពជោគជ័យទាំងផ្ទាល់ខ្លួនលោក ក៏ដូចជាតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស លោកតែងសង្កេតឃើញថា ធនធានមនុស្សនៅកម្ពុជាមានច្រើន មានសក្តានុពល មានគំនិតឆ្នៃព្រឌិតច្រើន មានបំណងប្រាថ្នា និងមានចំណង់ក្នុងការទទយលបាននូវភាពជោគជ័យក្នុងជីវិតការងារ និងអាជីវកម្ម។

យ៉ាងណាលោកក៏ទទួលស្គាល់ថា អ្នកទាំងនោះក៏នៅមានភាពខ្វះខាតមួយចំនួនលើចំណេះដឹង ធនធាន ពិសេសគឺ​យុទ្ធសាស្រ្តនៃការធ្វើអាជីវកម្មទៅលើការវិនោយោគរបស់ពួកគាត់នាពេលកន្លងមក។ កង្វះខាតនៃការរៀបចំយុត្តិសាស្រ្ត ដើម្បីទទួលបានភាពជោគជ័យនៅក្នុងអាជីពរបស់ខ្លួន កង្វះខាតនូវធនធាន ពិសេសផ្នែកហិរញ្ញវត្ថុតែម្តង។

លោកបានបន្ថែមនូវការយល់ឃើញផ្ទាលខ្លួនទៀតថា កាលណាអាជីវកម្មកាន់តែរីកចំរើន កាន់តែប្រឈមនឹងឧបសគ្គច្រើន ហើយឧបសគ្គទាំងនោះ ក្រៅពីជំនាញ ចំណេះដឹងនៅក្នុងការធ្វើទីផ្សារ ការដឹកនាំ ការរៀបចំក្រុមហ៊ុន ហើយជំនាញ ចំណេះដឹង និងហិរញ្ញវត្ថុ អ្នកវិនិយោគទូទៅតែងប្រាថ្នាចង់បាន ពិសេសសេរីភាពលើផ្នែកហិរញ្ញវត្ថុតែម្តង។

សម្រាប់អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ បានបង្ហាញចំណាប់អារម្មណ៍លើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និង ក្រុមហ៊ុន SUCCESS CO នេះ ដើម្បីផ្តល់ក្របខណ្ឌសម្រាប់ការបណ្តុះបណ្តាលដល់សហគ្រិន ឲ្យបានយល់កាន់តែច្បាស់ អំពីសារប្រយោជន៍នៃការចុះបញ្ជី នៅក្នុងផ្សារហ៊ុន និងរបៀបនៃការរៀបចំខ្លួន ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមនៅក្នុងទីផ្សារមួយនេះ។

លោកបានបន្តថា មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន៥ ហើយពេលឆាប់ៗ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនមួយទៀតមកចុះបញ្ជី ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដែលមានដើមទុករាប់សិបលានដុល្លារ នឹងចុះបញ្ជីនៅក្នុងទីផ្សារគោល ដែលជាទីផ្សារធំរបស់ផ្សារមូលបត្រកម្ពុជា។

លោកបន្តថា ខណៈក្រុមហ៊ុនធំៗនៅកម្ពុជា មានត្រឹមតែប្រហែល៣ភាគរយ នៃចំនួនក្រុមហ៊ុនសរុបទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផ្សារមូលបត្រកម្ពុជា បាននឹងកំពុងផ្តល់អាទិភាពថ្មី ក្នុងការជម្រុញឲ្យក្រុមហ៊ុនខ្នាតតូច និងមធ្យម អាចចូលរួមក្នុងទីផ្សារមួយនេះបាន ដើម្បីគៀងគរទុនសម្រាប់អភិវឌ្ឍន៍ក្រុមហ៊ុន។ «យើងបានបង្កើត ទីផ្សារ ដើម្បីទទួល រង់ចាំពួកគាត់ សម្រាប់ក្រុមហ៊ុន ប្រភេទសហគ្រាសខ្នាតតូច និងមធ្យម និងល័ក្ខខណ្ឌតម្រូវដើម្បីចូលក្នុងទីផ្សារនេះ នឹងមានភាពធូស្រាល និងសមស្រប»៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com