អាជ្ញាធរខេត្តតាកែវ ព្រមានម្ចាស់សហគ្រាសទាំងអស់ មិនឲ្យទទួលយកជនបរទេសខុសច្បាប់ ចូលធ្វើការ

(តាកែវ)៖ មន្រ្តីជាន់ខ្ពស់ខេត្តតាកែវ បានណែនាំឲ្យមន្រ្តីជំនាញបង្កើនការពិនិត្យតាមដានមើលជនបរទេស ចូលមកស្នាក់នៅ និងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ឬប្រកបមុខរបរណាមួយខុសច្បាប់នៅក្នុងខេត្តតាកែវ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ស្តីពីការងារអធិការកិច្ចហត្ថពលកម្មបរទេស និងសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារមុខរបរជនទេសថ្លែងនៅក្នុងកិច្ចប្រជុំ ដែលបានរៀបចំធ្វើ នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគបាលខេត្តតាកែវ។

លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ បានណែនាំដល់នគរបាលអន្តោប្រវេសន៍ និងមន្ត្រីមន្ទីរការងារត្រូវធ្វើយ៉ាងណាក្ដាប់ឲ្យបានចំពោះជនបរទេស ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងខេត្តតាកែវ។

លោកបានបន្តថា ក្នុងឆ្នាំ២០១៧ មានជនបរទេសមួយចំនួនបានចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជាប្រមាណជាង១៧ម៉ឺននាក់ ដែលក្នុងចំណោមនេះ បានចូលមកធ្វើសៀវភៅការងារត្រឹមតែចំនួនជាង៥ម៉ឺននាក់ប៉ុណ្ណោះ ដោយមានសៀវភៅការងារ ឬប័ណ្ណការងារ ដែលតម្រូវឲ្យជនបរទេសម្នាក់ៗត្រូវបង់ប្រាក់ចូលរដ្ឋចំនួន១០០ដុល្លារក្នុងរយៈពេល១ឆ្នាំ ហើយក្នុងឆ្នាំ២០១៧កន្លងទៅ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណជាង១២លានដុល្លារអាមេរិក បណ្ដាលមកពីជនបរទេសមិនចូលមកធ្វើសៀវភៅការងារ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា បញ្ហាជនបរទេសទាំងនេះ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស នគរបាលអន្តោប្រវេសន៍ និងមន្ត្រីមកពីមន្ទីរការងារ ត្រូវតែក្ដាប់ឲ្យបានចំពោះជនបរទេសចូលមកស្នាក់នៅ និងធ្វើការនៅក្នុងខេត្តតាកែវ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការចូលមកស្នាក់នៅដោយខុសច្បាប់ និងត្រូវប្រមូលចំណូលចូលថវិកាជាតិ។

បើយោងតាមលោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ មានជនបរទេសចូលមកធ្វើការនៅតាមកាស៊ីណូ រោងចក្រសហគ្រាស និងគ្រឹះស្ថាននានានៅក្នុងខេត្តតាកែវមានចំនួន៧៥៣នាក់៕ (SN-​​​ស្នា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com