អភិបាលខេត្តមណ្ឌលគិរីបញ្ជាឲ្យដកដីពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានមកពីកាប់រានដីព្រៃសហគមន៍

មណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃនេះ បានបញ្ជាមន្ត្រីជំនាញផ្នែកបរិស្ថាន ឲ្យដកយកដីព្រៃសហគមន៍ចំនួន២៣ហិចតា ដែលលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនេះ បានកាប់រានយកធ្វើជាកម្មសិទ្ធ។

ការបញ្ជាការរបស់លោកធ្វើឡើងតាមរយៈចំណារលើរបាយការណ៍របស់មន្ទីរបរិស្ថាន ខេត្ត បន្ទាប់ពីគណៈកម្មការចម្រុះ បានចុះត្រួតពិនិត្យករណីលោក យន់ សារ៉ោម កាប់រានដីព្រៃសហគមន៍ ចំនួន២៣ហិកតា នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះ បានទទួលរងការចោទប្រកាន់ពីសហគមន៍ចំនួន២ នៅក្នុងក្រុងសែនមនោរម្យថា ដីព្រៃសហគមន៍ជាង១០០ហិចតា ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើទោះបីដីព្រៃនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ឬគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើក៏ដោយ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា លោកពិតជា បានទទួលចំណាររបស់ឯកឧត្តមអភិបាលខេត្តឲ្យដកដីព្រៃពីលោកយន់ សារ៉ោម ដែលគណៈកម្មការចម្រុះបានរកឃើញចំនួន២៣ហិកតានេះមែន។

លោកបានបញ្ជាក់បន្ថែមថា លោកបានធ្វើរបាយការណ៍ជូនអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីរួចហើយ ពាក់ពន្ធ័នឹងការកាប់រានដីព្រៃសហគមន៍នេះ។

ទាក់ទងករណីខាងលើនេះ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកបានទទួលរបាយការណ៍របស់មន្ទីរបរិស្ថានរួចហើយ។

ចំណែកលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕
photo_2017-02-21_13-14-20 photo_2017-02-21_13-14-27 photo_2017-02-21_13-14-34 photo_2017-02-21_13-14-41 photo_2017-02-21_13-13-34

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង