Swift News ផ្តាច់មុខ៖ ទំនាស់ផ្ទៃក្នុងរ៉ាំរ៉ៃ នៅមន្ទីរអប់រំខេត្តតាកែវ ដោយសារតែ «ចិញ្ចឹមកូនគេ មើលរំលេងសាច់ឈាមកូនចៅឯង»

(តាកែវ)៖ ការតែងតាំងលោក ​ឡោ វិរិទ្ធ ជាប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ មិនបានបញ្ចប់ទំនាស់ផ្ទៃក្នុងទេ បែរជារឹតតែបង្កើនការឈឺចាប់បន្ថែមដល់ថ្នាក់ដឹកនាំជុំវិញមន្ទីរអប់រំ ដែលបម្រើការងារ និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា យូរឆ្នាំមកហើយ។

ហេតុអ្វីបានដូច្នេះ? ដំបូងយើងស្វែងយល់ពីប្រវត្តិរបស់លោក ឡោ វិរិទ្ធ ជាមុនសិន។ លោក ឡោ វិរិទ្ធ ដើមឡើយ ជាសមាជិកសកម្មរបស់គណបក្ស សមរង្ស៊ី ដែលប្រឆាំងផ្កាប់មុខចំពោះគណបក្សប្រជាជនកម្ពុជា។ នៅឆ្នាំ២០០៣ ដើម្បីទទួលបានចំណែកកូតាបែងចែកអំណាច លោក ឡោ វិរិទ្ធ ក៏បានចូលមករួមជីវភាពជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបានតំណែងនៅក្នុងមន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ ក្នុងកូតាគណបក្សហ៊្វុនស៊ិនប៉ិច។

នៅពេលគណបក្សហ៊្វុនស៊ិនប៉ិចកាន់តែចុះខ្សោយ គេមិនដឹងថា លោក ឡោ វិរិទ្ធ បានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ឬយ៉ាងណាទេ។ គេគ្រាន់តែដឹងថា លោក ឡោ វិរិទ្ធ បានធ្វើជាកូនធម៌ឯកឧត្តម កុល ផេង ហើយចិញ្ចឹមចិត្តក្តោបយកតួនាទី ជាប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ ជាយូរមកហើយ។

លោក ឡោ វិរិទ្ធ ត្រូវបានគេដឹងថា ជាមនុស្សពូកែរកលុយ និងចេះសែន។ រីឯសមត្ថភាពធ្វើការ គឺមិនស៊ីគ្នានឹងអនុប្រធាន​មន្ទីរដទៃទៀត រួមទាំងអ្នកមានសមត្ថភាពឯទៀតនោះទេ។ ក៏ប៉ុន្តែ លោក ឡោ វិរិទ្ធ ត្រូវបានអភិបាលខេត្តតាកែវ គឺលោក ឡាយ វណ្ណៈ គាំទ្រ និងស្នើទៅថ្នាក់លើ ដើម្បីតែងតាំងជាប្រធានមន្ទីរ។

ដោយឡែក អនុប្រធានមន្ទីរអប់រំ ដែលតស៊ូបម្រើការងារយូរឆ្នាំមកហើយ និងជាសមាជិកសកម្មរបស់គណបក្សប្រជាជនកម្ពុជាផងនោះ បែរជាមិនបានតួនាទីជាប្រធានមន្ទីរ ក៏កើតជាទំនាស់ផ្ទៃក្នុង និងសតិអារម្មណ៍ចំពោះការតែងតាំងសាច់គេ ចោលសាច់ឯងនេះ។

ម្យ៉ាងទៀត អនុប្រធានមន្ទីរ ដែលជាសមាជិកចាស់របស់គណបក្សប្រជាជនកម្ពុជា នៅពេលដែលមិនមានអំណាច គឺមិនអាចចិញ្ចឹមកម្លាំងបានទៀតទេ។ នេះជាចំណុចមួយ ដែលមិនត្រូវមើលរំលង។ នេះហើយ ជាបញ្ហាដែលនាំឲ្យមានទំនាស់ នៅមន្ទីរអប់រំ និងនៅតាមសាលារៀន ក្នុងខេត្តតាកែវ។

បេក្ខជនលោក ឡោ វិរិទ្ធ ដែលស្នើឡើងដោយលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏ត្រូវបានអភិបាលរងខេត្តតាកែវ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំខេត្ត មិនពេញចិត្តឡើយ។

សរុបមក ការតែងតាំងប្រធានថ្មី នៅមន្ទីរអប់រំខេត្តតាកែវ ជាការចិញ្ចឹមកូនគេ ហើយមើលរំលងកូនឯង ដែលបានរួមសុខរួមទុក្ខ តស៊ូជាមួយគ្នា យូរឆ្នាំមកហើយ តែដល់ពេលតែងតាំងធ្វើធំ បែរជាដាក់អ្នកផ្សេងទៅវិញ៕ (SN-ពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com