ទោះជាទាហានឡាវឃាត់គ្រឿងចក្រ ការសាងសង់ផ្លូវនៅតែបន្តក្នុងខេត្តស្ទឹងត្រែង 

ស្ទឹងត្រែង ៖ តាមលោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការយោធាខេត្តស្ទឹងត្រែងបានឲ្យដឹងនៅមុននេះបន្តិចថា ទាហ៊ានឡាវប្រមាណ២០នាក់ប្រដាប់ដោយអាវុធអាការ បានមកឃាត់អាត្រាក់ទ័រវិស្វកម្មមិនឲ្យធ្វើផ្លូវបន្តទៀត ប៉ុន្តែខាងភាគីកម្ពុជានៅតែបន្តធ្វើ ដោយមិនឈប់តាមការហាមឃាត់ទេ។

លោកបានបន្តថា «យើងអតធ្មត់ ធ្វើផងចរចារផង។ តែពុំមានផ្ទុះអាវុធទេ ហើយកងវិស្វកម្មនៅតែបន្តធ្វើដដែល»។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ចំណុចដែលមានទំនាស់គឺក្នុងភូមិសាស្ត្រអូរតាង៉ាវក្នុងស្រុកសៀមប៉ាង ដែលជាប់នឹងខេត្តអាត់តាក់ពើ របស់ឡាវ។ ចំណុចខាងលើនេះមានខ្សែបន្ទាត់ព្រំដែនរួចរាល់ហើយ គ្រាន់តែមិនទាន់បានបោះបង្គោលឲ្យបានត្រឹមត្រូវ ដោយកំណត់យកអូរម្ខាងម្នាក់ជាបណ្តោះអាសន្ន ។

លោកឧត្តមសេនីយ៍បន្តថា «សូមទុកចិត្តលើកងកម្លាំងរបស់កម្ពុជាចុះ មិនរុញរា មិនរាថយ មិនចុះចាញ់ កម្លាំងវិស្វកម្មនៅតែធ្វើដដែល»។

ចំណែកលោក អ៊ុក ធាវី ប្រធានមន្ទីរព័តមានខេត្តស្ទឹងត្រែង បានរាយការណ៍នៅថ្ងៃនេះថា នៅតាមខ្សែបន្ទាត់កម្ពុជា ឡាវ ដែលកម្លាំងកងវិស្វកម្មកម្ពុជាកំពុងតែស្ថាបនាផ្លូវនៅក្នុងទឹកដី របស់ខ្លួនខាងកើតទន្លេសេកុង ត្រង់បង្គោលព្រំដែនលេខ៧៨ ដោយមកដល់ពេលនេះសម្រេចបាន១៣៧គីឡូម៉ែត្រ នៅសល់ តែជាង៩០គីឡូម៉ែត្រទៀតនឹងរួចរាល់ជាស្ថាពរ។

នៅថ្ងៃទី២២ ខាងមុខនេះ ប្រធានរដ្ឋឡាវលោក ប៊ុនញាំង វរជិត នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាដូច្នេះហេតុការណ៍នេះ  មិនរំខានដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឡើយ៕

Border soldier1 Border soldiers

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com