សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទច្រករបៀងដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់

(បាត់ដំបង)៖ ជាថ្មីម្តង់ទៀតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានថ្លែងថា ត្រូវបិទឲ្យអស់នូវច្រករបៀងដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។

សម្តេចក្រឡាហោមបានថ្លែងដូច្នេះបន្ទាប់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍បង្ហាញពីកិច្ចការងារ ដែលរដ្ឋបាលខេត្តសម្រេចបាន និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០១៨នេះ។

ក្នុងឱកាសនេះដែរសម្តេចក្រឡាហោម ស ខេងណបានបញ្ជាជាថ្មីម្តងទៀតថា ការបិទឲ្យអស់នូវច្រករបៀងនេះ គឺដើម្បីលុបបំបាត់ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ជាពិសេស បទល្មើសផ្សេងៗក៏ត្រូវបានបង្ក្រាបឲ្យមានប្រសិទ្ធភាព និងឈានទៅបញ្ឈប់ទាំងស្រុងនូវចរាចរណ៍គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សម្តេចបន្តថា បើទោះជាថ្មីៗនេះមានក្រុមអតីតតំណាងរាស្ត្រគណបក្សមួយចំនួន រួមជាមួយទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស បានប្រកាសបង្កើតចលនាសង្រ្គោះជាតិដើម្បីដាក់សម្ពាធឲ្យរាជរដ្ឋាភិបាលចរចាជាមួយខ្លួន មុនពេលបោះឆ្នោតក្តី ក៏ដំណើរការនៃការឆ្នោតនៅកម្ពុជា នៅតែប្រព្រឹត្តទៅដោយរលូនដដែល ហើយនៅឆ្នាំ២០១៨នេះ កម្ពុជានឹងមានការបោះឆ្នោតចំនួនពីរ គឺការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលរៀបចំធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

សូមបញ្ជក់ថា ទោះបីជាកន្លងមកសម្តេចក្រឡាហោម ស ខេង ផ្លាប់បញ្ជាឲ្យសមត្ថកិច្ចតាមព្រំដែនបិទច្រករបៀងយ៉ាងណាក៍ដោយ សមត្ថកិច្ចតាមព្រំដែននៅតែបើកឲ្យមានការចរាចរបទល្មើសគ្រប់ប្រភេទ៕ (SN-ចេស្តា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com