Luis Enrique: បរាជ័យ Barcelona ជាកំហុសរបស់លោក

បារាំងៈ ក្លិបបាល់ទាត់ អេស្ប៉ាញ Barcelona យប់មិញទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយចាញ់ក្លិបបារាំង PSG ០ទល់នឹង៤ ក្នុងការប្រកួតជើងឯកអឺរ៉ុប (UEFA Champion League) វគ្គ១៦ក្រុមចុងក្រោយជើងទី១។

 លោក​ Luis Enrique គ្រូបង្វឹក Barcelona បានអោយដឹងថានេះជាកំហុសរបស់លោក ហើយលោកទទួលខុសត្រូវសម្រាប់ បរាជ័យនេះ។ ដោយបន្តថាវាជារាត្រីដ៏ឈឺចាប់ សម្រាប់យើង។ យើងលេងមិនល្អ។ ខ្ញុំទទួលខុសត្រូវចំពោះរឿងបញ្ហានេះ។ 

បួនគ្រាប់របស់ PSG រកបានដោយកីឡាករ Angel Di Maria ពីរគ្រាប់តែឯងនៅនាទីទី១៨ និង៥៥ Julian Draxler​ និង Edinson Cavani ម្នាក់មួយគ្រាប់នៅនាទីទី៤០ និង៧២។ 

គ្រូបង្វឹក PSG លោក Unai Emery លើកឡើងថាវាជាការប្រកួតដ៏អស្ចារ្យសម្រាប់ក្រុមលោក។ ប៉ុន្តែលោកនៅតែគោរពក្លិប Barcelona ព្រោះ៩០នាទី មិនមែនរយៈពេលខ្លីនោះទេ។ យើងត្រូវតែផ្តោតលើ ការប្រកួតជើងទី២ មិនអាចធ្វេសប្រហែសបានទេ។ 

តាមរយៈលទ្ធផលនេះ Barcelona ដែលពោរពេញដោយកំពូលកីឡាករដូចជា Messi, Suarez និង Neymar ដើម្បីឡើងទៅវគ្គបន្ត ត្រូវតែយកឈ្នះដាច់ខាត៥គ្រាប់ ប៉ុន្តែអ្នកតាមដានបាល់ទាត់គិតថា វាមិនអាចទៅរួច។

នេះជាលើកទី៤ហើយដែល Barcelona ចាញ់ធ្ងន់កយ៉ាងដូច្នោះក្នុងប្រវត្តិ UEFA Champion League តាំងពីឆ្នាំ១៩៩៤ ដោយចាញ់ AC Mlian ៤ទល់នឹង០ ក្នងវគ្គផ្តាច់ព្រ័ត្រ ចាញ់ Dynamo Kiev ៤ទល់០ ក្នុងវគ្គចែកពូល​ ១៩៩៧ និងចាញ់ Bayern Munich ៤ទល់នឹង០ដែរ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០១៣។

ក្រុមទាំងពីរជួបគ្នាម្តងទៀតជើងទី២ ថ្ងៃទី៨ មីនា នៅទឹកដី អស្ប៉ាញ៕


 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com