សម្តេចតេជោ ហ៊ុន សែន៖ ថ្លៃឈ្នួលជួលស៊ីក្លូ និងថ្លៃបាយ អាចនឹងត្រូវបានផ្តល់ជូនអ្នកធាក់ស៊ីក្លូ បន្ថែមពីលើការព្យាបាលជំងឺដោយឥតគិតថ្លៃ

(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកនេះថា សម្តេចនឹងរិះរកវិធីជួយអ្នកធាក់ស៊ីក្លូ ព្រោះអ្នកធាក់ស៊ីក្លូ គឺជាអ្នកដែលមានបាតដៃទទេសុទ្ធ ហើយមកជួលស៊ីក្លូគេធាក់ដើម្បីស្វែងរកប្រាក់ចំណូលសម្រាប់ទ្រទ្រងជីវភាពប្រចាំថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធអគារព្យាបាលជំងឺថ្មី ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨។

សម្តេចបានបញ្ជាក់ថា «យើងអាចចេញអីឱ្យគាត់ខ្លះ ដូចថាយើងធានាទៅលើថ្លៃស៊ីក្លូ។ តើគាត់ជួលគេប៉ុន្មាន? យើងចេញថ្លៃស៊ីក្លូឱ្យគាត់ អាហ្នឹងទី១ ទី២ យើងអាចចេញប្រាក់ថ្លៃបាយឱ្យគាត់ ហើយសម្រាប់លុយដែលគាត់រកបាន គឺជាចំណូលរបស់គាត់»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «គាត់ចេញទៅរក ទោះបីគាត់រកមិនបាន គាត់ដឹងថា គាត់មានលុយបាយ ដល់ពេលមានជំងឺ គាត់ដឹងថាធ្វើម៉េច នៅក្នុងមន្ទីរពេទ្យគឺគាត់ទទួលការព្យាបាលដោយមិនបង់ប្រាក់ហើយ»។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញក្នុងឱកាសសំណេះសំណាលជាមួយកម្មករកម្មការិនីជាង ១ម៉ឺន៣ពាន់នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅរោងចក្រតំបន់ផ្សារសាំហាន់ ក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សម្តេចជោ ហ៊ុន សែន បានប្រកាសបង្កើតមូលនិធិជួយទ្រទ្រង់អ្នកប្រកបរបរធាក់ស៊ីក្លូ ដោយអនុញ្ញាតឱ្យពួកគាត់អាចពិនិត្យ និងព្យាបាលជំងឺ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយភ្លាមៗនោះ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ ប្រាប់ឱ្យបណ្ដាអង្គភាពសុខាភិបាល ក្រោមឱវាទរបស់ក្រសួង អំពីការផ្ដល់សេវាថែទាំសុខភាព ជូនដល់កម្មករធាក់ស៊ីក្លូដោយឥតបង់ប្រាក់ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះតទៅ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា លោកនឹងរៀបចំពធីទទួលទានបាយជាមួយអ្នកធាក់ស៊ីក្លូផងដែរ ដើម្បីស្វែងយល់សុខទុក្ខរបស់អ្នកធាក់ស៊ីក្លូ៕ (SN- ជុំសុធន)

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com