សម រង្ស៊ី ភ័យឡើងបែកប្រមាត់!

ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបំភ័យថា គណបក្សរបស់លោកត្រូវរំលាយ  ប្រសិនបើប្រធានបក្សជាអ្នកមានទោសដូចរូបលោក ដូច្នេះ លោកត្រូវតែលាលែងឲ្យបានមុនច្បាប់ត្រូវបានធ្វើវិសោធនកម្ម។

នរណាជាអ្នកថា? តាមពិតគ្មានទេ គឺលោក សម រង្ស៊ី និយាយតែខ្លួនឯង ហើយអះអាងថា រឿងនេះ គាត់គិតតែខ្លួនឯង គ្មាននរណាដាក់សម្ពាធទេ។ អ្នកនយោបាយខ្ជីខ្ជារូបនេះ និយាយដោយទាំងមិនទាន់ដឹងថា សេចក្តីព្រាងច្បាប់មានខ្លឹមសារដូចម្តេចផង កុំថាឡើយរង់ចាំមើលច្បាប់ឲ្យច្បាស់សិន មុនសម្រេចចិត្តនោះ។

អ្នកនយោបាយក្នុងស្រុកខ្មែរ នាំគ្នាឈូឆរវិភាគអំពីមូលហេតុ ដែលលោក សម រង្ស៊ី លាលែងមុនច្បាប់ ក្រែងលោមានបង្កប់នូវល្បិចកល ឬយុទ្ធសាស្រ្តនយោបាយអ្វី ដោយគិតថា អ្នកនយោបាយចាញ់ចាស់វស្សារូបនេះ មានល្បិចកលនយោបាយច្រើន។ ប៉ុន្តែដល់ពេលឥឡូវនេះ ទើបដឹងថា រាក់កំផែល! លោក សម រង្ស៊ី បានអះអាងថា សុខចិត្តលាលែងពីតំណែងប្រធានបក្ស ដើម្បីកុំឲ្យបក្សរលាយ ហើយពន្យល់ថា បើបក្សត្រូវបានរំលាយ មិនអាចចូលរួមបោះឆ្នោតបានទេ។

ស្តាប់ទៅឧត្តមគតិខ្ពង់ខ្ពស់ត្រដែតត្រចះត្រចង់ណាស់សម្រាប់បក្សប្រឆាំង ហើយបើបានជាខ្ពង់ខ្ពស់ដូចនេះ ហើយ លោក សម រង្ស៊ី ឆ្លៀតបន្ថែមឲ្យចំណេញ បានច្រើនទៀតថា សុខចិត្តអស់ជីវិត កុំឲ្យតែស្លាប់ជាតិ។ បោកហើយ បោកទៀត! ផេះមែន! ចូលគុកមិនហ៊ានផង ម៉េចហ៊ានស្លាប់ជីវិត។

អ្នកនយោបាយក្នុងស្រុក ដែលយល់សភាពការណ៍នយោបាយខ្មែរ បាននាំគ្នាគិតថា បើការលាលែងនេះ ធ្វើឡើងដោយសារច្បាប់បង្ខំ ក្រោយច្បាប់ចេញ នោះក្រសែភ្នែកនឹងបាញ់ឆ្ពោះ និងដាក់ការទទួលខុសត្រូវមកលើគណបក្សកាន់អំណាច។ មិនទាន់ដឹងថា ច្បាប់មានខ្លឹមសារយ៉ាងម៉េចផង ក៏លាលែងរួចទៅហើយ ដូចពាក្សគេថា ភ័យឡើងបែកប្រមាត់ ហើយមិនដឹងថា នរណាបំភ័យគាត់ទៅទៀត ។ដោយបំប៉ោងខ្លឹមសារច្បាប់ដូច្នេះ ឬមួយក៏ជាក្រុមលោក កឹម សុខា ទេដឹង? បើដូច្នេះមែន លោក សម រង្ស៊ី អត់គូថខោមិនខាន ដោយសារឥឡូវនេះអំណាចទាំងមូលក្នុងដៃ កឹមសុខា។ ចុះបើខ្លឹមសារច្បាប់ មិនដូចអ្វីដែល លោក សម រង្ស៊ី បានលើកឡើង ពិសេស មិនចែងអំពីការរំលាយបក្ស ដោយសារប្រធានមានទោស ដោយគ្រាន់តែចែងថា ប្រធានបក្សបាត់បង់តំណែង ដោយសារមានទោសជាប់ខ្លួន ហើយបក្សមិនរំលាយទៅតាមដោយស្វ័យប្រវត្តិ ដោយសារប្រធានបក្សជាប់ទោសនោះទេ។ដូច្នេះ មូលហេតុនៃការលាលែងរបស់លោក សម រង្ស៊ី នាពេលនេះ គឺជាការលាលែងដែលគ្មានន័យអ្វីសោះ ប៉ុន្តែជាការលាលែងមួយដ៏ឆោតល្ងង់ផ្នែកនយោបាយ ដែលជាសំណើចចំអកនៃព្រហ្មលិខិត សម្រាប់អ្នកនយោបាយភ្នែកមាន់ស្ងោរមួយនេះ។

បើមនុស្សគ្រប់គ្នាដឹងថា មូលហេតុនៃការលាលែងរបស់លោក សម រង្ស៊ី ដោយសារមូលហេតុខ្ជីខ្ជារ ជាមូលហេតុចេញពីការភ័យបែកប្រមាត់ ហើយជាវីរៈភាពក្នុងក្អមទៅវិញនោះ ម្ល៉េះមិនដឹងថា អ្នកនយោបាយដ៏ល្បីល្បាញដូច គង់ ហ៊ាន រូបនេះ អាចយកមុខទៅលាក់ទុកនៅទីណាទេឯ ដូចគេថា មេទ័ពមិនទាន់ឡើងសមរភូមិផង ចុះចាញ់បាត់ទៅហើយដោយសារការបំភ័យ ដែលជាផ្នែកមួយនៃសង្រ្គាមផ្នែកចិត្តសាស្រ្ត។ មានអ្នកនយោបាយចាញ់មុនប្រយុទ្ធដូចនេះច្រើនក៏ល្អ ដើម្បីកុំឲ្យខ្មែរបែកបាក់ និងនាំឲ្យច្របូកច្របល់ក្នុងប្រទេស៕

Untitled-1

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com