«ការភ័ន្តច្រឡំរបស់លោក គឹម សុខ ចំពោះសេរីភាពបញ្ចេញមតិ»

ភ្នំពេញ ៖ ភាពមិនស៊ីជម្រៅទៅលើបរិបទសេរីភាពបញ្ចេញមតិ បានក្លាយជាការខ្វែងគំនិតមួយនៃប្រធានបទបច្ចុប្បន្នភាពនៅកម្ពុជា ដែលក្រុមប្រឆាំងបដិបក្ខនឹងរាជរដ្ឋាភិបាល រួមមាន អ្នកនយោបាយគណបក្សសង្គ្រោះជាតិ, មន្ត្រីអង្គការសិទ្ធិមនុស្សបរទេស និងក្នុងស្រុក, អ្នកវិភាគ, អ្នកស៊ីឈ្នួលនិយាយភាសាខ្មែរឲ្យវិទ្យុបរទេសRFA, VOA និងវិទ្យុបំរើឲ្យទស្សន:នយោបាយប្រឆាំង គឺVOD ចង់ប្រើសេរីភាពបញ្ចេញមតិតាមទំនើងចិត្ត គ្មានការទទួលខុសត្រូវ ពោលគឺពួកគាត់ចង់រាប់បញ្ចូលទាំងការបរិហារកេរ្តិ៍, មួលបង្កាច់, ចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើបុគ្គល និងក្រុមដទៃ។

 
ប៉ុន្តែ ម្ខាងទៀត គឺរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ចង់បានការប្រើសេរីភាពបញ្ចេញមតិត្រូវមានព្រំដែន អនុលោមតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដែលគ្រប់គ្នាប្រើសេរីភាពបញ្ចេញមតិត្រូវមានមូលដ្ឋានពិត ភ្ជាប់នឹងការទទួលខុសត្រូវ ចៀសវាងការមួលបង្កាច់, បង្ខូចកេរ្តិ៍ឈ្មោះ, ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរអ្នកដទៃ។

 

 

ផ្អែកលើគោលការណ៍នីតិរដ្ឋ គឺសិទ្ធិសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ ត្រូវផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ ដែលពុំអាចកាត់ផ្តាច់ពីគ្នាបានឡើយ ព្រោះភាពរឹងមាំរបស់ប្រទេសជាតិមួយប្រកបដោយចីរភាពនៃការអភិវឌ្ឍន៍ និងសេចក្តីសុខក្សេមក្សាន្ត គឺការកសាងសង្គមសេរីមួយ មានសណ្តាប់ធ្នាប់។ អញ្ចឹងហើយ បានជាគោលការណ៍នីតិរដ្ឋចាត់ទុកថា រាល់វោហារស័ព្ទចោទប្រកាន់ណាមួយគ្មានមូលដ្ឋាន ពុំអាចរាប់បញ្ចូលក្នុងសេរីភាពបញ្ចេញមតិ ក្នុងសង្គមប្រជាធិបតេយ្យបានឡើយ។

 

 

មិនតែប៉ុណ្ណោះ ការបញ្ចេញវោហារស័ព្ទចោទប្រកាន់ទៅលើបុគ្គលណាម្នាក់ ឬក្រុមណាមួយដោយគ្មានមូលដ្ឋាន សំដៅមួលបង្កាច់ លាបពណ៌ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះជាគោលការណ៍នីតិរដ្ឋ ដែលត្រូវបានយកមកអនុវត្ត មិនថានៅកម្ពុជា សូម្បីប្រទេសប្រជាធិបតេយ្យណាក៏អញ្ចឹងដែររាប់ទាំងសហរដ្ឋអាមេរិកផង។

 

 

តួយ៉ាងការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា សម្លាប់លោក កែម ឡី ពីសំណាក់លោក គឹម សុខ គឺគោលការណ៍នីតិរដ្ឋ មិនអាចចាត់ទុកថាជាសេរីភាព បញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យបានទេ។ លោក គឹម សុខ ត្រូវបង្ហាញភស្តុតាង ចំពោះការអះអាងរបស់ខ្លួន បើមិនអញ្ចឹងទេច្បាប់ចាត់ទុកថា ជាបទល្មើស ដែលត្រូវមានទោសជាប់ពន្ធនាគារ។

 
អញ្ចឹង ដើម្បីដោះបន្ទុក លោក គឹម សុខ ត្រូវបង្ហាញសក្ខីកម្មអំពីការចោទប្រកាន់របស់ខ្លួន មកលើគណបក្សប្រជាជនកម្ពុជានៅចំពោះមុខអំណាចតុលាការ៕

 

 

ដោយ ៖ កណ្តុរ ស

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com