​《ទោះជាយ៉ាងណា ប្រជារាស្ត្រខ្មែរនៅតែទទូចចង់បានការផ្លាស់ប្ដូរ》

ភ្នំពេញ ៖ លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងប្រធាននិងជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ យោងតាមលិខិតដែលមានចុះហត្ថលេសរបស់លោកផ្សាយតាមហ្វេសប៊ុក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ 

បើទោះបីជាដោយហេតុផលណាក័៏ដោយ សេចក្ដីប្រកាសរបស់លោក បានធ្វើឡើងនៅពេលគណបក្សប្រជាជន ជាគូប្រជែង បាននិងកំពុងធ្វើយុទ្ធនាការយោបាយខ្លាំងក្លាផ្សងសេចក្ដីសង្ឃឹមចុងក្រោយ ហែលបញ្ច្រាសនឹងចរន្តទឹកចិត្តរបស់ប្រជារាស្ត្រ ដោយការព្យាយាមកម្ចាត់គណបក្សសង្គ្រោះជាតិពីឆាកនយោបាយកម្ពុជា។

គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ត្រូវគេមើលឃើញ និងរងការទិទៀនពីមជ្ឈដ្ឋានទូទៅ ប្រជារាស្ត្រខ្មែរ អង្គការសង្គមស៊ីវិល ក្នុងប្រទេសនិងក្រៅប្រទេសថាបំភ្លៃច្បាប់ ដើម្បីព្យាយាបបំបាក់និងបំបាត់គូប្រជែងដ៏ខ្លាំងរបស់ខ្លួន។

ចំណាត់ការរបស់គណបក្សកាន់អំណាចនេះ ត្រូវគេមើលឃើញថា ជាជម្រើសនៃផ្លូវសង្ឃឹមតិចថានឹងអាចឈ្នះ គណបក្សសង្គ្រោះជាតិនៅឯការបោះឆ្នោតឃុំសង្កាត់កណ្ដាលឆ្នាំនេះ និងនៅឯការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីថ្មី នៅខែកក្កដាឆ្នាំក្រោយ។ 

ព័ត៌មាននេះបញ្ជូនសញ្ញាបញ្ច្រាសគ្នាពីរ មួយជាអំណរសាទរនៃពួកអ្នគាំទ្រគណបក្សរបស់លោកនាយករដ្ឋមន្ត្រី និងមួយទៀត វាដុតកំហឹងរបស់ប្រជារាស្ត្រដែលគេដឹងថាក្នុងចំនួនច្រើនលើសលប់ គាំទ្រគណបក្សសង្គ្រោះជាតិ និងចង់់បានការផ្លាស់ប្ដូរស្ថានភាពនយោបាយនិងសង្គម ទៅតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
អំណររបស់គណបក្សប្រជាជនមើលទៅអាចបញ្ឆោតអារម្មណ៍របស់អ្នកគាំទ្រខ្លួនតែមួយឆាបនៃកម្សួលចិត្តប៉ុណ្ណោះ បើគេមើលទៅទំហំនៃឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ ដែលប្ដេជ្ញាចិត្តថា ត្រូវតែធ្វើឲ្យបានការផ្លាស់ប្ដូរដែលចាំបាច់សម្រាប់វាសនានៃប្រជាជាតិកម្ពុជា។

ពួកអ្នកតាមឃ្លាំមើលសង្គមនិយាយថា មើលទៅការខំប្រឹងប្រែងរបស់គណបក្សប្រជាជន ដើម្បីបង្ក្រាបលើទឹកចិត្តប្រជារាស្ត្រដោយយុទ្ធនាការ “មិនដូរទេខ្លាចសង្គ្រាម” ផ្ដល់់សញ្ញាចម្លើយអវិជ្ជមានសម្រាប់គណបក្សកាន់អំណាច នៅពេលដែលប្រជារាស្ត្រជាទូទៅ មានការយល់់ដឹងទូលំទូលាយថា សង្គ្រាមមិនអាចបញ្ឆេះដោយគណបក្សសង្គ្រោះជាតិ ដែលមិនមាន និងមិនមានអំណាចបញ្ជាលើ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនោះទេ ដូច្នេះប្រជារាស្ត្រនៅតែ ចង់បានការផ្លាស់ប្ដូរ។ 

ការផ្លាស់់ប្ដូរនេះដក់នៅជាប់ក្នុងចិត្តនិងសេចក្ដីប្រាថ្នារបស់ប្រជារាស្ត្រខ្មែរ ហើយព័ត៌មាននៃការប្រកាសលាលែងរបស់លោក សម រង្ស៊ី នេះ ពុំអាចប្ដូរចិត្តប្រជារាស្ត្រពីការចង់បានការផ្លាស់ប្ដូរឡើយ។ គេត្រូវនៅរង់ចាំមើលការវិត្តនយោបាយដែលបញ្ច្រាសនឹងទឹកចិត្តរាស្ត្រនេះ ថាតើនឹងទៅជាយ៉ាងណា?៕

ដោយ ៖ សៅ ភុតពុង

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com