អង្គការអន្តរជាតិខាងការងារ ILO ស្នើដល់រាជរដ្ឋាភិបាលបង្កើនការសុវត្ថិភាពការងារក្នុងវិស័យសំណង់

 

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញាតិឲ្យបេសកកម្មនៃគម្រោង អាយឡូ-ជប៉ុន(ILO-Japan) ដឹកនាំដោយលោក សូ ហ្សូដូ(Sho Sudo ) ប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោង «ការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារ (OSH) ក្នុងវិស័យសំណង់នៅកម្ពុជា » ចូលជួបងពិភាក្សាការងារ។

 

ក្នុងឱកាសនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា កម្ពុជានិងអង្គការអន្តរជាតិខាងការងារ(ILO) ពិតជាដៃគូសហការយ៉ាងលើគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពក្នុងវិស័យសំណង់នៅកម្ពុជា ព្រោះថា បច្ចុប្បន្ននៅកម្ពុជាវិស័យសំណង់ពិតជាមានភាពលូតលាស់ខ្លាំងណាស់ដែលបានបញ្ជាក់ពីភាពវឌ្ឍនភាព និងការរីកចម្រើននៃសេដ្ឋកិច្ច ហើយការរីកលូតលាស់នេះ បានស្រូបកម្លាំងពលកម្មជាច្រើនក្នុងវិស័យនេះដែលទាមទារឲ្យ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងត្រូវតែយកចិត្តទុកដាក់ចំពោះកម្មករដែលបម្រើការងារក្នុងវិស័យនេះ។

 

ជាការឆ្លើយតបលោក សូ ហ្សូដូ បានបញ្ជាក់ពីគម្រោងជំរុញឲ្យក្រសួងការងាររៀបចំនូវលក្ខណ្ឌគតិយុត្តិ និងពង្រឹងលើសុវត្ថិភាពការងារ ដោយស្នើរឲ្យក្រសួងបង្កើតគណកម្មការប្រឹក្សាយោបល់បច្ចេកទេស ដើម្បីផ្តល់ប្រឹក្សាយោបល់ដល់កម្មករដែលធ្វើការលើវិស័យនេះ។ លោកបន្ថែមថា ចំពោះគណកម្មការនេះគឺក្រសួងការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងប្រឹក្សាយោបល់ដល់ពួកគាត់ ព្រមជាមួយគ្នានោះក៏មានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និយោជក និងសហជីពដែលតំណាងឲ្យកម្មករជាសមាជិកផងដែរ។លោកថា បើក្រុមការងារនេះបង្កើតឡើងហើយ និងជាចំណែកមួយជួយដល់កម្មករ សំដៅលើកកម្ពស់សុវត្ថិភាពការងារដល់ពួកគាត់។

 

ជុំវិញការស្នើនេះ រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ពីភាពរីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ តំណាង ILO ក្នុងការជួយលើកកម្ពស់វិស័យនេះដល់បងប្អូនកម្មកររបស់កម្ពុជា ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីអ៊ិត សំហេង បានប្រកាសគាំទ្រពេញទំហឹងចំពោះ ភាគី ILO ដែលមានគម្រោងចង់បង្កើតគណកម្មការប្រឹក្សាបច្ចេកទេស ដោយមានជំនឿថា ការបង្កើតគណកម្មការនេះ និងរួមចំណែក ក្នុងការពង្រឹងច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ការងារឲ្យមានប្រសិទ្ធភាព ព្រមទាំងគិតគូផងដែរដល់កិច្ចការផ្សព្វផ្សាយពីសុវត្ថិភាពការងារនៅក្នុងការរដ្ឋានសំណង់៕(SN-ពុទ្ធិរៈ)

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com