យឹម សុវណ្ណា ៖ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជារបស់ឯកជន មិនមែនរដ្ឋទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានបិទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ដែលបោកបញ្ឆោតប្រជាពលរដ្ឋ ឲ្យខ្ចីប្រាក់របស់ខ្លួន ដោយប្រើរូបភាពថា ខ្ចីប្រាក់រដ្ឋ។

 

ថ្លែងក្នុងពិធីសម្ភោធសមិទ្ធផលក្នុងវត្តព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ នាព្រឹកនេះ សម្តេចតេជោបានលើកឡើងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវ សរសេរថា គ្រឹះស្ថានឯកជន។ បិតស្លាកឲ្យបានធំៗ ដើម្បីចៀសវាងការភ័ន្តច្រឡំ។ »

 

ជាការគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន  លោក យឹម សុវណ្ណា អគ្គនាយកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ Swift  News តាមទូរស័ព្ទថា គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ ហើយក៏គ្មានភាគហ៊ុនរបស់រដ្ឋដែរ។

 

លោកបានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្រោមការចុះបញ្ជីពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានចំនួនតែ៥៩ គ្រឹះស្ថានប៉ុណ្ណោះ ក្រៅពីនោះមិនស្ថិតក្រោមសមាគមរបស់លោកទេ។

 

លោកបានទទួលស្គាល់ថា កន្លងមកប្រជាពលរដ្ឋ ដែលបានមកទទួលប្រាក់កម្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាគច្រើនតែងមានការយល់ច្រឡំដោយខ្លួនឯងថា ជាគ្រឹះស្ថាននោះជារបស់រដ្ឋ។ លោកបន្តថា មន្រ្តីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ មិនដែលចាត់ទុកខ្លួនឯងជាគ្រឹះស្ថានរបស់រដ្ឋឡើយ។ «ជាទូទៅសមាជិករបស់សមាគមយើង មិនដែលប្រើថា ប្រាក់កម្ចីនោះជារបស់រដ្ឋទេ។»

 

ទោះជាយ៉ាងណាក៏ដោយ លោកក៏ទទួលស្គាល់ថា កន្លងមកក៏មានអ្នកលួចប្រើពាក្យថា ជាប្រាក់កម្ចីរបស់រដ្ឋនេះដែរ។« ប្រហែលជាមានជនទុច្ចរិតមួយចំនួន ដែលប្រើពាក្យនេះ»។

 

លោកពន្យល់ដូច្នេះថា «យើងកំពុងតែព្យាយាមអប់រំ ដើម្បីកុំឲ្យមានការយល់ច្រឡំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមែនជា គ្រឹះស្ថានដែលទទួលបានប្រាក់ពីរដ្ឋាភិបាលទេ»។

 

សម្តេចតេជោ ក៏បានដាក់បញ្ជាដូច្នេះថា «គ្រឹស្ថានមីក្រូហិរញ្ញវត្ថុត្រូវបង្រៀនបុគ្គលិកឲ្យនិយាយថា គ្រឹះស្ថានហិរញ្ញវត្ថុ គឺឯកជន។ បើមិននិយាយដូច្នេះ ត្រូវបង្ខំឲ្យបិទ (អាជីវកម្ម) តែម្តង»។

 

សូមបញ្ជាក់ថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចំនួនជិត៧០ ធនាគារមានចំនួនជិត៤០ ប្រតិបត្តិករមានចំនួនជាង១០០ និងអង្គការផ្តល់ប្រាក់កម្ចីមានជាង៣០០។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com