(ភ្នំពេញ)៖ ជឿជាក់ថាមហាជនជាច្រើនប្រាកដជាបានស្គាល់និងដឹងពីប្រវត្តិក៏ដូចជាស្នាដៃមួយចំនួនរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ រួចមកហើយ។ ដោយហេតុថាព្រឹទ្ធាចារ្យគង់ ណៃគឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា លើសពីនោះព្រឹទ្ធាចារ្យក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ តែគួរឱ្យសោកសៅផងដែរដែលបច្ចុប្បន្នព្រឹទ្ធាចារ្យកំពុងសំរាកព្យាបាលនៅផ្នែកបេះដូងនៅឯមន្ទីរពេទ្យ។យ៉ាងណាមិញចំពោះវិបត្តិមួយនេះផងដែរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិតជាបានយកចិត្តទុកដាក់ព្រមទាំងឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ដោយនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះសួរសុខទុក្ខ នឹងនាំយកថវិកា ដែលជាអណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ វីរៈសិល្បៈករចាបុីដងវែងដ៏ល្បីល្បាញ ដែលខណៈនេះ លោកកំពុងសំរាកព្យាបាលនៅផ្នែកបេះដូង នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេបានរ៉ាប់រងរាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុករបស់លោកព្រឹទ្ធាចារ្យ៕
(អន្តរជាតិ)៖ មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យត្រៀម លក្ខណៈសម្រាប់សមយុទ្ធមួយដែលក្លែងធ្វើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ ពួកគេបាននិយាយថា ពួកគេចង់រក្សាការត្រៀមខ្លួនរបស់អង្គភាពប្រយុទ្ធ និងអាវុធនុយក្លេអ៊ែរ មិនយុទ្ធសាស្ត្រ។មន្ត្រីក្រសួងបាននិយាយថា កងកម្លាំងមកពីស្រុកយោធាភាគខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធនេះ។ សមយុទ្ធនេះគឺដើម្បីឆ្លើយតបទៅនឹង "សេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងដែលធ្វើ ឡើងដោយមន្ត្រីលោកខាងលិចមួយចំនួន"។ ពួកគេបាននិយាយថា ពួកគេចង់ធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំលោកខាងលិចមួយចំនួន បាននិយាយអំពី "ចេតនាក្នុងការបញ្ជូនក្រុមប្រដាប់អាវុធ" ទៅកាន់អ៊ុយក្រែន។ លោកបានថ្លែងថា៖ «នេះជាជុំថ្មីទាំងស្រុងក្នុងការកើនឡើងនៃភាពតានតឹង។លោកពូទីនកំពុងចាប់ផ្តើមអាណត្តិទីប្រាំរបស់គាត់ជាប្រធានាធិបតីនៅថ្ងៃអង្គារនេះ។ នៅថ្ងៃព្រហស្បតិ៍ កងទ័ពរបស់លោកនឹងប្រារព្ធខួបនៃការបញ្ចប់សង្រ្គាមលោកលើកទីពីរជាមួយនឹងការប្រារព្ធទិវាជ័យ ជំនះ។អ្នកនាំពាក្យអង្គភាពស៊ើបការណ៍យោធាអ៊ុយក្រែន លោក Andriy Yusov បានថ្កោលទោសផែនការរបស់រុស្ស៊ី។ លោកបានមានប្រសាសន៍ថា “ការគំរាមកំហែងនុយក្លេអ៊ែរ” គឺជាការអនុវត្តឥតឈប់ឈរនៃរបបលោកពូទីន៕
(សហព័ន្ធស្វីស)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទស្តីពី “ការដោះស្រាយបញ្ហាប្រឈមសម្រាប់ការត្រៀមលក្ខណៈឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ដែលជាកិច្ចពិភាក្សាដ៏សំខាន់មួយថ្នាក់រដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងកិច្ចពិភាក្សានេះថា កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុវត្ត eTrade Readiness Assessment ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូហ្ស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ កម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រួមគម្លាតឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនេះ និងបានយល់ពីសារៈសំខាន់នៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម ព្រមទាំងបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានានូវកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម ឱ្យកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសាធារណៈ និងធានាបាននូវហិរញ្ញប្បទានដែលពួកគេត្រូវការដើម្បីបន្តភាពរីកចម្រើនបន្ថែមទៀត៕