(ជាតិ)៖ ស្រ្តីដែលជាអាជីវករលក់ដូរម្នាក់ យំមិនចេញ ក្រោយមានជនខិលខូច លួចបន្លំក្រដាសប្រាក់ ៥ម៉ឺនរៀលក្លែងក្លាយ ក្រោយពីយប់ឡើងលក់ដូរអីវ៉ាន់ចប់សព្វគ្រប់ មកអង្គុយរាប់លុយដែលខ្លួនលក់ដូរបាន ក៏ស្រាប់តែប្រទះឃើញ ក្រដាសប្រាស់ ៥ម៉ឺនរៀលក្លែងក្លាយតែម្តង ដែលមើលសឹងតែមិនដឹងនោះទេ ពោលគឺដូចក្រដាសប្រាក់មែនទែនពេក។ជាការពិតណាស់ រូបិយវត្ថុ ត្រូវបានគេឱ្យនិយមន័យថា គឺជាវត្ថុមួយដែលត្រូវបានគេប្រើប្រាស់ជាមធ្យោបាយដើម្បីដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត ។ ដោយសារតែរូបិយវត្ថុមានតម្លៃនិងសារៈសំខាន់នៅក្នុងការប្រើប្រាស់សម្រាប់សកម្មភាពជាទូទៅប្រចាំថ្ងៃនៅក្នុងសង្គមនីមួយៗ ហេតុនេះហើយបានជាតែងមានបុគ្គលខិលខូចឆ្លៀតឱកាសធ្វើការក្លែងបន្លំនូវរូបិយវត្ថុ យកមកប្រើប្រាស់ដោយខុសច្បាប់នៅក្នុងសង្គម។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះមានជនខិលខូចមួយចំនួន កំពុងប្រើនូវយុទ្ធសាស្ត្រ និងវីធីសាស្ត្រថ្មីៗគ្រប់រូបភាព ក្នុងគោលបំណងបំភ័ន្ត បន្លំភ្នែកប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីកេងចំណេញបោកប្រាស់ជាដើម ។ដោយឡែកថ្មីៗនេះ មានការចែកចាយពេញបណ្តាញសង្គម ក្រោយពីមានអាជីវករលក់ដូរ ម្នាក់ បានបង្ហោះវីដេអូចែករំលែកពេញបណ្តាញសង្គម ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបច្ចុប្បន្ននេះ មានជនខិលខូចលួចក្លែងបន្លំក្រដាសប្រាក់ ៥ ម៉ឺនរៀលច្រើនណាស់ ដែលជាហេតុ ធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង។ តាមរយៈវីដេអូដែលមានរយៈពេល ជិត ១នាទី ស្រ្តីរូបនោះ បានយកក្រដាសប្រាក់ ៥ម៉ឺនរៀលពិតប្រាកដ និង ៥ម៉ឺនរៀលក្លែងក្លាយ មកផ្ទឹមដាក់ជិតគ្នា រួចហើយ មកប្រៀបធៀបនឹង ត្រួតពិនិត្យមើលនូវចំណុចខុសគ្នារវាងក្រដាសទាំង២ ដើម្បីឱ្យបងប្អូន មានការប្រុងប្រយ័ត្ន និង ចេះពីរបៀបពិនិត្យមើលផងដែរ កុំឱ្យមានការចាញ់បោក ក្រុមជនខិលខូចទាំងបនោះ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាករណីទី១នោះទេ ដែលមានជនខិលខូចលួយបន្លំក្រដាសប្រាក់ក្លែងក្លាយបែបនេះ កាលពីពែលកន្លងទៅក៏សង្កេតឃើញមានជនខិលខូច បន្លំ ក្រដាសប្រាក់ ១ម៉ឺនរៀល ៥ពាន់រៀល ១ពាន់រៀល ៥រយរៀល និងក្រដាសប្រាក់ ដុល្លាក្លែងក្លាយជាហូរហែរផងដែរ ហើយស្របពេលជាមួយគ្នានោះ ជនខិលខូចទាំងនោះ ក៏ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវវែកមុខ រកឃើញពួកជនខិលខូចទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាបន្តបន្ទាប់ផងដែរ។ ក៏ប៉ុន្តែទោះជាយ៉ាងណា សូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ចំពោះជនខិលខូចទាំងនេះ៕
(ជាតិ)៖ ចាប់ពីថ្ងៃទី០២ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ បណ្ដាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ និងស្រុកអង្គស្នួលខេត្តកណ្ដាល នឹងមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី។ នេះបើយោងតាមសេចក្តីជូនដំណឹងពីសំណាក់ អគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។បើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ការរអាក់រអួលខាងលើនេះ គឺដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ បើទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត៕
ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភានេះ កម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា សិទ្ធិសេរីភាពរបស់ពួកគាត់ត្រូវបានថៅកែរោងចក្រគោរព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវការយកចិត្តទុកដាក់យ៉ាងច្រើនចំពោះកម្មករដូចជាការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាពតាមរយៈបេឡាជាតិសន្តិសុខសង្គម ការផ្តល់ឱកាសសិក្សារៀនសូត្រជំនាញ ការសម្រួលឱ្យមានអាហារដ្ឋានសមរម្យ គម្រោងរៀបចំទារកដ្ឋានសម្រាប់កម្មកររោងចក្រ ការគិតគូរពីមធ្យោបាយធ្វើដំណើរជាដើម។ ជាមួយគ្នានេះ កម្មករទាំងអស់សប្បាយចិត្ត និងពេញចិត្តចំពោះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិទី៧ដែលបានគិតគូរផលប្រយោជន៍ជូនកម្មករដែលបាននិងកំពុងធ្វើឱ្យកម្មករនៅទូទាំងប្រទេសទទួលបានជីវភាពធូរធារ និងកាន់តែប្រសើរឡើងជាលំដាប់ត្បិតប្រាក់ឈ្នួលក៏បន្តកើនឡើង ហើយលក្ខខណ្ឌការងារគឺកាន់តែប្រសើរ៕