វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយ បំភ្លឺចំពោះការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធ
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤

(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ពាក់ព័ន្ធនឹងការចុះផ្សាយដូចខាងលើនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ការចុះចាប់និងដកហូតទូរសព្ទខាងលើនេះជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួន។អគរ សូមជម្រាបសាធារណជនជ្រាបថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្ដីពីគយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។ ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។បច្ចុប្បន្ន ទូរសព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។សូមជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា កន្លងមក អគរ តែងចុះផ្សព្វផ្សាយជាប្រចាំ ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជីវករតាមអាជីវកម្មដ្ឋាននានា តាមរាជធានី-ខេត្ត ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល ជាពិសេសការតម្រូវឱ្យមានត្រាគយលើទំនិញកំណត់ពិសេសដូចជា ទូរសព្ទ និងគ្រឿងអេឡិកត្រូនិចមួយចំនួន ហើយក៏មានការបិទផ្សាយខិតបណ្ណអំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះនៅតាមអាជីវកម្មដ្ឋានផងដែរ។ជាចុងបញ្ចប់ អគរ សូមអំពាវនាវឱ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាចូលរួមគាំទ្រអនុវត្តច្បាប់តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញដែលបានបំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមត្រូវដើម្បីចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នា ៕

កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែមិថុនា
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ភាគខាងជើងប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៖១-តំបន់វាលទំនាប៖-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងតាកែវ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី១០%-៣០%។២-តំបន់ខ្ពង់រាប៖-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទ្ទិសបូព៌មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ១០%-៤០%។៣-តំបន់មាត់សមុទ្រ៖– សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ គ្របដណ្តប់លើផ្ទៃដីពី១០%-២៥%។-លើផ្ទៃសមុទ្រមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៤ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី» ដែលរៀបចំឡើង ដោយសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC) ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការនី គ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង ។មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងបំផុត ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលក្នុងនោះ សិល្បករក៏បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ដ៏ល្អផូរផង់របស់យើង ។ សិល្បករគ្រប់ទម្រង់ មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះ ទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី ៤ នេះ ។ ជាងនេះទៅទៀត សិល្បករខ្មែរដ៏ច្រើនរាប់មិនអស់ នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមាននៅតាមចម្លាក់នានា ក្នុងប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនយើង ឱ្យលេចធ្លោតាមរយៈទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរ ឱ្យនៅដិតដាម ជាប់ជានិច្ចក្នុងស្មារតី និងអារម្មណ៍នៃប្រជាជនខ្មែរគ្រប់ៗរូប ។ លើសពីនេះ សិល្បករខ្មែរ តាមរយៈ ស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ។ សម្តេចធិបតី បានបន្តទៀតថា ទន្ទឹមនឹងបង្កើតសមិទ្ធផលថ្មីៗក្នុងវិស័យសិល្បៈដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ជាតិ និងអភិវឌ្ឍបន្ថែមទៀតស្របតាមស្ថានភាពបច្ចុប្បន្ន យើងក៏ត្រូវពិនិត្យមើលលើការអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យខ្ពស់ផងដែរ ដូចជា ល្ខោននិយាយ ល្ខោនខោល ល្ខោនអាប៉េ ល្ខោនប្រមោលទ័យ ជាដើម ។ល។ ហើយដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យ សម្តេច បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបានឋិតថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។ ជាចុងក្រោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ ផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិទី ៦ ព្រមទាំងអរគុណអតីតប្រធានសមាគមសិល្បករខ្មែរគ្រប់អាណត្តិ ដែលបានលះបង់កម្លាំងកាយចិត្ត វេលា និងធនធាន ក្នុងការដឹកនាំសមាគម នាពេលកន្លងទៅប្រកបដោយជោគជ័យ និងភាពរឹងមាំ ៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយពលការនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពលរដ្ឋ៥៧រូបហើយត្រូវបានអន្តរាគមន៍ឱ្យត្រឡប់មកវិញ ខណៈដែលពលរដ្ឋមួយចំនួនទៀតនឹងវិលមកកម្ពុជាវិញនៅពេលខាងមុខ។ ក្រសួងបញ្ជាក់ថា៖ “ក្រសួងបានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ក្នុងការអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ៥៧នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរួចហើយ។ ទន្ទឹមនឹងនេះ សម្រាប់បងប្អូនពលការិនីដែលពុំទាន់បានវិលត្រលប់មកកម្ពុជាវិញតាមការស្នើសុំ ក្រសួងបាននិងកំពុងបន្តសម្របសម្រួលឱ្យបានវិលត្រលប់មកវិញនាពេលឆាប់ៗខាងមុខនេះ។ បច្ចុប្បន្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់កន្លែងស្នាក់នៅ អាហារហូបចុកគ្រប់គ្រាន់ និងតម្រូវការផ្សេងៗ ជូនបងប្អូនពលការិនីដែលកំពុងរង់ចាំការវិលត្រឡប់មកប្រទេសកម្ពុជាវិញ”។បន្ថែមពីនេះ ក្រសួង បានអំពាវនាវដល់បងប្អូនពលការិនីដែលកំពុងរង់ចាំវិលត្រឡប់មកវិញ អង្គការសង្គមស៊ីវិល សារព័ត៌មាន និងសាធារណជន មេត្តារក្សាភាពស្ងៀមស្ងាត់ និងស្វែងយល់អំពីបែបបទនិងនីតិវិធីក្នុងប្រទេសនីមួយៗឱ្យបានច្បាស់ ចៀសវាងបង្កើតព័ត៌មាន ឬរូបភាពផ្សេងៗដែលអាចបង្កឱ្យមានការយល់ច្រលំ ឬបញ្ហាកាន់តែស្មុគស្មាញដល់ការបំពេញបែបបទទិដ្ឋាការសម្រាប់ចាកចេញពីប្រទេស (Final Exit Visa) របស់បងប្អូនពលការិនី៕

អ្នកនាំពាក្យក្រសួងការងារ៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សរៀនជំនាញឱ្យចូលហាត់ការ និងធ្វើការ ដោយសារជឿជាក់លើកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ចូលហាត់ការ និងធ្វើការងារ ពីព្រោះវិស័យឯកជនទាំងនោះមានភាពជឿទុកចិត្តមកលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះ។ នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម កត្តា អ៊ន បញ្ជាក់បន្ថែមថា កិច្ចសហការជាមួយបណ្តាក្រុមហ៊ុន សហគ្រាស គឺជាកិច្ចការអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​​ និងបច្ចេកទេសក្នុងការជួយជ្រោមជ្រែងសិស្សដែលរៀនជំនាញអាចចុះហាត់​ការ និងចាប់យកឱកាសការងារពេញសិទ្ធិនៅបណ្តាក្រុមហ៊ុន សហគ្រាសទាំងនោះ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញរយៈពេល៤ខែ។ ឯកឧត្តម បានលើកឡើងថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសត្រូវបានដាក់ឱ្យអនុវត្តកន្លងមក ក្រសួងការងារបានចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីសហការក្នុងការបញ្ជូនសិស្សដែលសិក្សាជំនាញវិជ្ជាជីវៈចុះហាត់ការនៅបណ្តាក្រុមហ៊ុនសហគ្រាសនានាជាពិសេសឱកាសក្នុងការក្លាយជាបុគ្គលិកពេញសិទ្ធិ។ ការដែលវិស័យឯកជនផ្តល់ឱកាសចុះហាត់ការដល់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាការជំនួសឲ្យការអនុវត្តកាតព្វកិច្ចរបស់វិស័យឯកជនស្តីពីការហ្វឺកហ្វឺនកូនជាង ដែលជាការងារអាទិភាពមួយ ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះផងដែរ។ តាមការបញ្ជាក់ពី ឯកឧត្តម កត្តា អ៊ន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៤នេះ សិស្សដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេសក្នុងជំហានទី១ ស្ទើរតែ១០០ភាគរយបានចេញហាត់ការនៅតាមក្រុមហ៊ុនឯកជន ហើយពួកគេបានប្រឡងតេស្តសមត្ថភាពបញ្ចប់ការសិក្សាជំនាញរៀងៗខ្លួនដោយជោគជ័យគ្រប់ៗគ្នាផងដែរ។ ដោយឡែកក្រុមហ៊ុនឯកជនដែលទទួលសិស្សចុះហាត់ការនោះមានការវាយតម្លៃខ្ពស់លើសមត្ថភាពរបស់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដូចនេះហើយទើបបណ្តាក្រុមហ៊ុន សហគ្រាស ពេញចិត្តក្នុងការទទួលយកសិស្សជំនាញចូលហាត់ការដោយគ្មានការស្ទាក់ស្ទើរ។ ឯកឧត្តមបន្ថែមថា សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងជំហានទី១បានធ្វើតេស្តបញ្ជាក់សមត្ថភាពជាប់ជាស្ថាពរ ក្នុងនោះដែរវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសក៏កំពុងទទួលសិស្សចុះឈ្មោះចូលរៀន និងកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងជំហានទី២ផងដែរ។ ឯកឧត្តមបានអំពាវនាវឱ្យយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរួសរាន់ក្នុងការមកស្វែងរកព័ត៌មាន និងធ្វើការចុះឈ្មោះចូលរៀនឱ្យបានឆាប់រហ័ស ដើម្បីមានជំនាញច្បាស់លាស់ មានការងារ និងចំណូលសមរម្យ៕

យោធាកូរ៉េខាងត្បូងព្រមានពីបាឡុងដែលពោរពេញដោយសំរាម ដែលកូរ៉េខាងជើងបង្ហោះមក
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ យោធាក្រុងសេអ៊ូលបាននិយាយថា បាឡុងដែលពោរពេញដោយសំរាមកាន់តែច្រើន ពីប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃសៅរ៍ទី 1 ខែមិថុនា ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មប្រទេសជិតខាង។កូរ៉េខាងជើងបានបញ្ជូនបាឡុងប្រហែល 260 ថង់ដែលផ្ទុកសំរាម រួមទាំងអាគុយកាកសំណល់ កន្ទុយបារី និងអ្វីដែលមើលទៅដូចជាលាមកសត្វ ចាប់ពីយប់ថ្ងៃអង្គារដល់ថ្ងៃពុធ នេះបើយោងតាម អគ្គសេនាធិការ ចម្រុះរបស់ទីក្រុងសេអ៊ូល ដែលបានថ្កោលទោសទង្វើនេះថាជា "ទង្វើថោកទាប" និង អមនុស្សធម៌។ទីក្រុងព្យុងយ៉ាងបានការពារទង្វើនេះ ដោយនិយាយថា "អំណោយដោយស្មោះ" គឺជាការសងសឹក ចំពោះប៉េងប៉ោងដែលពោរពេញទៅដោយការឃោសនាប្រឆាំងរបបលោក គីម ជុងអ៊ុន ដែលបាន បញ្ជូនទៅកាន់ភាគខាងជើងដោយសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូង។មន្ត្រីម្នាក់មកពីអគ្គសេនាធិការចម្រុះបាននិយាយថា ចាប់ពីថ្ងៃសៅរ៍នេះ "ខ្យល់ពីខាងជើងត្រូវបាន ព្យាករណ៍ ដូច្នេះការបញ្ចេញបាឡុងដែលដឹកកាក សំណល់ពីខាងជើងទៅភាគខាងត្បូងត្រូវ បានរំពឹងទុក"៕ 

ផ្ទុះការគាំទ្រ! ក្រោយខេត្តបាត់ដំបង កំពុងអនុវត្តមិនលក់គ្រឿងស្រវឹង និងបារី ឱ្យមនុស្សក្រោមអាយុ១៨ឆ្នាំ!
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ផ្ទុះការគាំទ្រយ៉ាងពេញទំហឹងក្រោយពីទទួលបានដំណឹងថាខេត្តបាត់ដំបងកំពុងសាកល្បងអនុវត្តមិនលក់គ្រឿងស្រវឹង និងបារី ឱ្យមនុស្សក្រោមអាយុ១៨ឆ្នាំ។ មហាជនអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងក្រោយពីបានឃើញការបង្ហោះសំណេរពីទំព័រផេកហ្វេសប៊ុក Battambang City ដែលមានខ្លឹមសារដកស្រង់យ៉ាងដូច្នេះថា «ខេត្តបាត់ដំបង កំពុងសាកល្បងការអនុវត្តមិនលក់គ្រឿងស្រវឹង និងបារី ឱ្យមនុស្សក្រោមអាយុ១៨ឆ្នាំ សម្រាប់ក្រុងបាត់ដំបង និងស្រុកបវេល ដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្ស»។យ៉ាងណាមិញក្រោយពីទទួលបាននូវដំណឹងមួយនេះហើយបានធ្វើឱ្យពលរដ្ឋខ្មែរក៏ដូចជាអាណាព្យាបាលជាច្រើនបានពេញចិត្ត និងបង្ហាញពីចំណាប់អារម្មណ៍ដោយគាំទ្រចំពោះវិធានការមួយនេះ។ លើសពីនោះក៏មានមតិខ្លអចង់ឱ្យមានការអនុវត្តបែបនេះចំពោះខេត្តផ្សេងៗទៀត ជាពិសេសនោះគឺរាជធានីភ្នំពេញផ្ទាល់តែម្ដង ដោយហេតុផងចំបងនោះគឺដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្សានុសិស្ស។សូមបញ្ជាក់ផងដែរថា នាព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីប្រគល់ស្លាកសញ្ញាសម្រាប់ម្ចាស់ហាង ដែលចូលរួមមិនលក់គ្រឿងស្រវឹង និងបារីឱ្យមនុស្សក្រោម១៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។  ដោយមានការរៀបចំពីអង្គការគ្រិតភីសកម្ពុជា (Great Peace Cambodia) ហើយម្ចាស់ហាងចំនួន១០រូប ក្នុងនោះអញ្ជើញមកពីក្រុងបាត់ដំបងចំនួន០៤រូប និងស្រុកបវេលចំនួន០៦រូប ដែលពួកគាត់កំពុងលក់ដូរក្បែរសាលាសហការទាំង០៥ រួមមាន វិទ្យាល័យក្ដុលដូនទាវ និងអនុវិទ្យាល័យវត្តគរ ក្នុងក្រុងបាត់ដំបង និងវិទ្យាល័យល្វា អនុវិទ្យាល័យព្រៃខ្ពស់ និងអនុវិទ្យាល័យខ្នាចរមាស ក្នុងស្រុកបវេល៕

ចែករំលែកតៗគ្នា! ពិព័រណ៍សៀវភៅលើកប៉ាល់ ចតនៅកំពង់ផែភ្នំពេញ និងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ដោយអាចចូលទស្សនាឥតគិតថ្លៃ!
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ជាដំណឹងដ៏ល្អមួយផងដែរ សម្រាប់សាធារណជនគ្រប់រូប មិនថាតែសិស្សនិស្សិតនោះទេ ជាពិសេសអ្នកនិយមស្រឡាញ់ចូលចិត្តក្នុងការអានសៀវភៅតែម្ដង ដោយប៉ុន្មានថ្ងៃទៀតតែប៉ុណ្នោះនឹងមានការពិព័រណ៍សៀវភៅលើកប៉ាល់ ចតនៅកំពង់ផែភ្នំពេញ លើសពីនោះទៅទៀតការចូលទស្សនាគឺពុំមានការគិតថ្ងៃអ្វីឡើយ ពោលគឺហ្វ្រីសម្រាប់ការចូលទស្សនា។ជាក់ស្ដែង នៅរសៀល ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចុះផ្សាយឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញនឹងមានកប៉ាល់ MV Doulos Hope ចូលចត។ ជាមួយគ្នាក្រសួងអប់រំ យុវជន និងកីឡា បានជម្រាប ក៏ដូចជាលើកទឹកចិត្តដល់សិស្ស និស្សិត និងសាធារណជន អញ្ជើញចូលទស្សនាពិព័រណ៍សៀវភៅលើកប៉ាល់ MV Doulos Hope នៃក្រុមហ៊ុន GBA Ships e.V. ដោយឥតគិតថ្លៃ ដែលនឹងចូលចតនៅកំពង់ផែស្វយ័តភ្នំពេញ ពីថ្ងៃទី០៣ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ដូច្នេះសម្រាប់សាធារណជនដែលចាប់អារម្មណ៍ និងចង់សាកនូវបទពិសោធថ្មីចំពោះការទស្សនាពិព័រណ៍សៀវភៅដ៏កម្រមួយនេះអាចធ្វើការចូលទស្សនាដោយសេរី នៅថ្ងៃកំណត់ទាំងពីរថ្ងៃដូចដែលបានជម្រាបជូនខាងលើ៕

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងស្ដីពីការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករជំនាញផ្នែកការងារនៅភោជនីយដ្ឋានដើម្បីទៅធ្វើការនៅប្រទេសជប៉ុន
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករជំនាញផ្នែកការងារនៅភោជនីយដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន ចំនួន៣លើក នៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ(EDI) ដែលតម្លៃចុះឈ្មោះចំនួន ៣៣ដុល្លារ។ ក្នុងនោះ លើកទី១ នឹងធ្វើនៅថ្ងៃទី៣,៥,៦ និងទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលើកទី២ នឹងធ្វើនៅនៅថ្ងៃទី១៧-១៩ ខែកក្កដា ឆ្នាំ២០២៤ ហើយលើកទី៣ នឹងធ្វើនៅថ្ងៃទី២៣,២៤ និង២៨ ខែកក្កដា ឆ្នាំ២០២៤៕

អ្នកវិភាគ និងមេសហជីពនៅកម្ពុជា៖ សហជីពដែលប្រព្រឹត្តខុសច្បាប់ត្រូវតែកាត់ទោស
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖​ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអះអាងថាគ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឺ បានបើកសវនាជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលើលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំ​រោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ នៅសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា មិនថាជាការដឹកនាំរដ្ឋ ដឹកនាំប្រទេស ឬដឹកនាំសង្គមក៏ដោយ ការអនុវត្តច្បាប់ត្រូវតែមានវិសាលភាពគ្រប់បុគ្គលទាំងអស់ដែលស្ថិតក្នុងរដ្ឋ។ ដូច្នេះ ប្រសិនបើគ្មានការអនុវត្តច្បាប់ត្រឹមត្រូវនោះទេ នឹងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងអនាធិបតេយ្យ។ លោកបណ្ឌិតអះអាងថា៖ «ករណីចាប់ខ្លួនលោក ជា ចាន់ ដែលជាប្រធាន​សហជីពប្រចាំ​រោងចក្រ វីងស្តាស៊ូ នេះគឺជាករណីព្រហ្មទណ្ឌ ដែលតុលាបានចោទប្រកាន់។ ដូច្នេះ បើទោះជាបែបណាក៏ដោយ ត្រូវតែពិនិត្យទៅលើអង្គហេតុ និងច្បាប់ជាក់ស្ដែងនៅក្នុងប្រព័ន្ធច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគួរអាងខ្លួនជាប្រធានសហជីព ឬជាសមាជិកសហជីព ណាមួយក៏ដោយ ដើម្បីប្រព្រឹត្តទង្វើខុសច្បាប់នោះទេ»។ដោយឡែក លោក សំ​ សឿន​ ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​(NLC) បានគូសបញ្ជក់ថាការចាប់ខ្លួនរបស់កម្មករម្នាក់នៅខេត្តកំពង់ស្ពឺ ពីករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មិនមែនជាការចាប់ខ្លួនសហជីពនោះទេ ប៉ុន្តែជាការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តនូវបទល្មើស ដែលគ្រាន់តែបុគ្គលម្នាក់នោះមានតួនាទីជាមេសហជីព តែប៉ុណ្ណោះ។ ប្រធានសហភាពពលកម្មជាតិកម្ពុជារូបនេះ បញ្ជាក់ទៀតថា៖ «ការចាប់ខ្លួននេះមិនបង្ហាញពីការរើសអើង ឬការជ្រាតជ្រែក ឬការបំភិតបំភ័យសហជីពនោះទេ។ ការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិអនុវត្តច្បាប់»។ជាមួយគ្នានោះ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ពលករ កម្មករ សហជីព និងអ្នកមានសិទ្ធិផ្សេងៗទៀតនៅកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងអាជីពផ្សេងៗ ត្រូវតែគោរពច្បាប់ឲ្យបានគ្រប់គ្នា ដើម្បីធានាបាននូវវឌ្ឍនភាពសង្គម ធានានូវផលចំណេញទាំងសងខាងទាំង ទាំងអ្នកវិនិយោគ និងកម្មករ និងស្ថិរភាពសង្គម។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំ​រោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ សមគំនិតក្នុងអំពើលួច៕

ឯកឧត្តមហេង សួរ និងនាយិកាADBប្រចាំនៅកម្ពុជាពិភាក្សាលើវឌ្ឍនភាពស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅកម្ពុជា។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីទស្សនៈវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញជាគោលនយោបាយតាំងពីដើមអាណត្តិ។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីវឌ្ឍនភាពស្តីពីការបណ្តុះបណ្តាលជំនាញដែលក្រសួងបានបណ្តុះបណ្តលដើម្បីធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មដែលពឹងផ្អែកលើជំនាញក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែង និងទាក់ទាញវិនិយោគិន រួមទាំងការបង្កើនផលិតភាពការងារខ្ពស់ជាងមុនបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកស្រី នាយិកាADBប្រចាំកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពដែលក្រសួងការងារបានប្រឹងប្រែងដើម្បីផ្តល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងយុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលជាដៃគូរដ៏សំខាន់មិនអាចខ្វះបានលើការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាខណៈដែលកម្ពុជាទទួលបានជំនួយពីADB តាំងពីឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ន៕

រកឃើញផ្នូរចំនួន៩ដ៏គួរឱ្យភ្ញាក់ផ្អើលបានកប់ «គ្រោងឆ្អឹងសេះ» កាលពីជាង២ពាន់ឆ្នាំមុន ដោយសង្ស័យថា ជាការធ្វើពិធីបូជាសាសនា!
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ អ្នកបុរាណវត្ថុវិទូនៅប្រទេសបារាំងបានរកឃើញផ្នូរ "គួរឱ្យភ្ញាក់ផ្អើល" ចំនួនប្រាំបួនដែលមានគ្រោងឆ្អឹងសេះចំនួន 28 ដែលត្រូវបានកប់កាលពី 2,000 ឆ្នាំមុន ទោះបីជាមូលហេតុច្បាស់លាស់នៃការស្លាប់របស់ពួកគេនៅតែជាអាថ៌កំបាំងក៏ដោយ។វិទ្យាស្ថានជាតិបារាំងសម្រាប់ការស្រាវជ្រាវបុរាណវិទ្យាបង្ការ (INRAP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បានរកឃើញនៅ Villedieu-sur-Indre ដែលជាឃុំមួយនៅកណ្តាលប្រទេសបារាំង ផ្នូរចំនួនពីរត្រូវបានជីកឃើញយ៉ាងពេញ លេញរហូតមកដល់ពេលនេះ។ សេះត្រូវបានចុះកាលបរិច្ឆេទពី 100 BC ទៅ 100 នៃគ។អ្នកបុរាណវត្ថុវិទូបានរកឃើញគ្រោងឆ្អឹងសេះចំនួន ១០ ក្បាលនៅក្នុងរណ្តៅមួយ និងពីរនៅក្នុងរណ្តៅមួយទៀត ដែលទាំងអស់ត្រូវបានដាក់យ៉ាងប្រុងប្រយ័ត្នក្នុងលក្ខណៈដូចគ្នា ដេកនៅលើចំហៀងខាងស្តាំរបស់ពួកគេ ដោយក្បាលរបស់ពួកគេទៅភាគខាងត្បូង។ អ្នកបុរាណវត្ថុវិទូ បាននិយាយបន្ទាប់ពីបានសង្កេតមើលទីតាំងនៃគ្រោងឆ្អឹង និងទំនាក់ទំនងរវាងឆ្អឹង។ផ្នូរមួយទៀតស្ថិតនៅចន្លោះរណ្តៅទាំងពីរនេះ ប៉ុន្តែវាផ្ទុកសត្វឆ្កែទំហំមធ្យមពីរក្បាល ដែលទាំងពីរដេកនៅខាងឆ្វេង ហើយក្បាលរបស់ពួកគេបែរមុខទៅទិសខាងលិច។អ្នកបុរាណវត្ថុវិទូមិនទាន់បានជីកយកផ្នូរដែលនៅសេសសល់យ៉ាងពេញលេញនៅឡើយទេ ប៉ុន្តែបានកំណត់អត្តសញ្ញាណសេះសរុបចំនួន 28 ក្បាលរួចមកហើយពីលលាដ៍ក្បាល និងឆ្អឹង coxal ដែលលេចឡើងនៅលើផ្ទៃ។គេមិនច្បាស់ថា សាកសពសេះទាំងនេះ ត្រូវបានសម្លាប់ក្នុងសមរភូមិ ឬការបូជា?ទោះជាយ៉ាងណា មូលហេតុពិតប្រាកដនៃការស្លាប់របស់សេះនៅមិនទាន់ច្បាស់នៅឡើយទេ។គ្រោងឆ្អឹងទាំងអស់គឺជាកូនសត្វដែលធំពេញវ័យដែលមានអាយុលើសពី 4 ឆ្នាំ។ អ្នកបុរាណវត្ថុវិទូបាននិយាយថា លទ្ធភាពដែលសេះទាំងនេះត្រូវបានសម្លាប់ក្នុងសមរភូមិ ឬជាផ្នែកមួយនៃការបូជា។ នៅពេលដែលសេះទាំងនេះបានស្លាប់ប្រហែល 2,000 ឆ្នាំមុន មានការតាំងទីលំនៅ Celtic ដែលមានកំពែងដែលត្រូវបានគេស្គាល់ថាជា oppidum ចម្ងាយតែពីរបីរយម៉ែត្រប៉ុណ្ណោះ ហើយទីតាំងនេះឆ្លុះបញ្ចាំងពីកន្លែងបញ្ចុះសពសេះស្រដៀងគ្នា ពីរផ្សេងទៀតដែលអ្នកបុរាណវត្ថុវិទូបានរកឃើញនៅក្នុងតំបន់ដូចគ្នា។ ដោយសារតែទីតាំងនេះ ពួកគេបានសន្មត់ថាការស្លាប់របស់សេះនៅកន្លែងទាំងនោះអាចភ្ជាប់ទៅនឹងសមរភូមិនៃសង្គ្រាម Gallic ដែល Julius Caesar បានសញ្ជ័យ Gaul នៅចន្លោះឆ្នាំ 58 - 50 មុនគ។សេចក្តីថ្លែងការណ៍របស់ INRAP បាននិយាយថា "សម្មតិកម្មដែលសត្វទាំងនេះត្រូវបានបូជា ជាផ្នែកនៃពិធីដ៏ស្មុគស្មាញមួយ ដែលនៅសល់តែសំណល់មួយចំនួនប៉ុណ្ណោះ ត្រូវតែយកមកពិចារណាផងដែរ"។ ប្រសិនបើសេះទាំងនេះពិតជាត្រូវបានកប់ជាផ្នែកនៃពិធីសាសនា ជាជាងសម្លាប់នៅក្នុងសមរភូមិ នោះចំនួនដ៏ច្រើនបង្ហាញពី "សារៈសំខាន់ និងទំហំនៃការបូជា" ។ការរកឃើញផ្សេងទៀតនៅកន្លែងដែលស្ថិតនៅលើជម្រាលជ្រលងភ្នំ រួមមានអគារ រណ្តៅ ប្រឡាយ និងផ្លូវមួយដែលអ្នកបុរាណវត្ថុវិទូចុះកាលបរិច្ឆេទនៅចុងសតវត្សទី 5 និងដើមសតវត្សទី 6 ៕

កំលោះបាត់ដំបងម្នាក់ សុំសង្សារភ្ជាប់ពាក្យភ្លាម ក្រោយត្រូវរង្វាន់ឡានប៊ូសស្រ្តង
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

កំលោះបាត់ដំបងស្មោះស្នេហ៌ណាស់ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងពីប៊ូសស្រ្តង ប្រកាសចូលស្ដីដណ្ដឹងសង្សារភ្លាមៗមិនចាំឆ្នាំក្រោយឡើយ។ ប្អូនប្រុសម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង ឈ្មោះ ថេរ សឹង្គឡី អាយុ ១៩ឆ្នាំ ធ្វើការរោងចក្រ នៅភូមិព្រៃព្រីងខាងជើង២ ស​ង្កាត់ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានស្រុកកំណើតនៅភូមិព្រៃទទឹង ឃំុបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ប្អូនប្រុសបានប្រាប់ថា ជាធម្មតាក្រោយសម្រាកពីការងារញុំាបាយថ្ងៃត្រង់រួច ដឹងតែដើរទៅទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង ១កំប៉ុងរាល់ថ្ងៃ រហូតថ្ងៃនេះមានលាភសំណាងធំ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង។ សប្បាយចិត្តខ្លាំងពេក តេប្រាប់សង្សារមុនគេ និងប្រកាសយកឡានថ្មីខ្លាញ់គោនេះ ចូលស្ដីដណ្ដឹងសង្សារខ្លួនឯងភ្លាមៗមិនចាំឆ្នាំក្រោយឡើយ។ ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ស្វាងចែស ហើយចែករង្វាន់ឡានថ្មីខ្លាញ់គោច្រើនជាងគេទៀត៕

ត្រៀមបណ្តើរម៉ូតូ! កម្ពុជានឹងមានភ្លៀងធា្លក់ គ្របដណ្តប់ស្ទើរទូទាំងប្រទេស
ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថាសម្ពាធ​ទាប​គ្របដណ្ដប់លើ​ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាព​បែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣១ ឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ មានដូចតទៅ៖

បណ្តាញសង្គម