ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី កេន ឆេងឡាង តំណាងភាគីសហជីព លោកទុន សុភ័ណ និងឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ឯកឧត្តម បានលើកឡើងថា ការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ ទាមទារឱ្យភាគីនិយោជក និងនិយោជិតដែលតំណាងដោយសហជីព បន្តស្វែងយល់ពីតួនាទីនិងភារកិច្ចរៀងខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែកនិងពិភាក្សាគ្នាដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើគោរពច្បាប់ស្តីពីការងារក្នុងការការពារប្រយោជន៍ភាគីទាំងសងខាងព្រោះភាគីទាំងពីរជាឈ្នាន់ដ៏សំខាន់ក្នុងការកសាងភាពសុខុដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។ ទន្ទឹមនឹងនេះ តួអង្គរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក៏មានភារកិច្ចសំខាន់ក្នុងការសាងសមត្ថភាពមន្ត្រីអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធដើម្បីធានាលើការបម្រើសេវាកម្មជូនកម្មករនិយោជិត និងនិយោជកឱ្យកាន់តែប្រសើរ និងធានាបានភាពយុត្តិធម៌ដែលគ្រប់ភាគីទទួលយកបាន។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីដដែល។ នៅចំពោះមុខអង្គការវិជ្ជាជីវៈនិងអ្នកចូលរួម៣៥២នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់លំអិតពីអនុឡោមភាពទាំង៨ចំណុចដែលជាចំណុចពិន្ទុប្រើប្រាស់សម្រាប់ការវាយតម្លៃលើក្នុងកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់។ បន្ថែមពីនេះឯកឧត្តម ក៏បានពន្យល់ពីសារសំខាន់និងភាពចាំបាចនៃការអនុវត្តឱ្យជោគជ័យនៃកម្មវិធីសហគ្រាសមួយជាសហគមសុខសាន្តមួយដែលជាកម្មវិធីសម្រាប់ធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករ និយោជកឱ្យកាន់តែប្រសើរបន្ថែម និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជាដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរដែលគ្រប់គ្នានឹងទទួលបានផលភាគនៃភាពរីកចម្រើននេះ។ ជាមួយនឹងអនុសាសន៍ដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានមហិច្ឆតាខ្ពស់ដោយមិនត្រឹមគ្រាន់តែទាក់ទាញអ្នកវិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យរោងចក្រមានភាពសុខសាន្តដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គ្រប់ភាគីសម្រាប់វឌ្ឍនភាព និងភាពរីកចម្រើនរបស់ភាគីទាំងសងខាងដែលទាមទារឱ្យមានការចូលរួមពីភាគីកម្មករនិយោជិត ឬសហជីព និយោជក និងរាជរដ្ឋាភិបាលដែលជាធាតុមិនអាចខ្វះបានដើម្បីឱ្យកម្ពុជាមានសហគ្រាសមួយដ៏សុខសាន្ត៕
ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» បង្ហាញពីចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ នេះបើតាម លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាដែលបានថ្លែងក្នុងការប្រមូលផ្តុំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។ ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកដើម្បីចូលរួមបង្កើតភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រសហគ្រាស។ លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានាផងដែរ។ បន្ថែមពីនេះ លោក តុល ផាន់មឿង ក៏មិនភ្លេចរំលេចពីវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ចំពោះអនុសាសន៍ចំនួន១០ចណុចដែលរួមមានការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាពសម្រាប់សមាជិកក្នុងបន្ទុក ការផ្តល់ឱកាសឱ្យសិក្សាជំនាញបច្ចេកទេស ការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ គម្រោងបង្កើតទារកដ្ឋាន ឬមតេយ្យសហគមន៍នៅតាមតំបន់រោងចក្រ ជំរុញឱ្យមានអាហារដ្ឋានសមរម្យ និងមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាពជាដើម។ដោយឡែកឯកឧត្តម សាន គឹមហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមក្នុងកម្មវិធីប្រារព្ឋទិវាពលកម្មអន្តរជាតិ១ឧសភាដែរនោះ បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» មានសារសំខាន់ណាស់សម្រាប់បង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងសហគ្រាសរោងចក្រនៅទូទាំងប្រទេស ហើយនេះក៏ជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមបន្ថែមថា គោលនយោបាយប្រែក្លាយសហគ្រាសមួយ សហគមន៍សុខសាន្តមួយ នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានការចូលរួមពីសំណាក់បងប្អូន កម្មករ និងភាគីពានិងសហជីព និងភាគីនិយោជក រួមទាំងភាគីពាក់ព័ន្ធ៕
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយនៅកម្ពុជានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានគាំទ្រចំពោះការដាក់ចេញប្រធានបទស្តីពីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរំលឹកខួបលើកទី១៣៨នៃទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកបណ្ឌិតយង់ ពៅ ក៏បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនត្រូវវង្វេងអ្វីដែលជាប្រយោជន៍របស់កម្មករដោយពិតប្រាកដនោះឡើយ ឬជាអ្វីដែលលោកហៅថា ឆ្នាំងបាយរបស់កម្មករ។សម្រាប់លោក សហជីពនៅកម្ពុជា គួរតែមកគិតពីសុខដុមវិជ្ជាជីវៈក្នុងការបំពេញការងារដើម្បីភាពចម្រុងចម្រើនទាំងកម្មករ និងនិយោជកដែលជាការរក្សាបានឆ្នាំងបាយ ហើយក៏មិនគួរធ្វើជាឈ្នាន់នយោបាយដើរទៅតាមខ្សែញាក់ពីបរទេសនោះឡើយ។ចំពោះអ្នកវិភាគរូបនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញ បានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវដើម្បីការពារប្រយោជន៍ដល់កម្មករនិយោជិត និងនិយោជកដោយឈរលើគោលការច្បាប់ក្នុងការរក្សាសុខដុមនីយកម្ម និងការថែរក្សាឆ្នាំងបាយរួម៕