វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី១០ស្ថាប័នធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានចុះទៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅពេលនេះគឺមានគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបាននូវវឌ្ឍនភាព ស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាដើម្បីបង្កើនភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមបង្ហាញថា នៅក្នុងការចុះស្វែងយល់ពីកម្មវិធីនេះដែរ អ្នកសារព័ត៌មានក៏អាចផលិត និងចេញផ្សាយមាតិកាព័ត៌មានកាន់តែច្រើនស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកៀរគរយុវជនគោលដៅ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យកាន់តែច្រើនថែមទៀត។គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣កន្លងទៅ។ ក្រោយដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិនេះមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តការងារអាទិភាពនេះ លេចចេញជារូបរាងពិតប្រាកដ ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ បានចាប់ផ្តើមបើកបវេសនកាលជាផ្លូវការសម្រាប់ជំហានទី១ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយធ្វើការបណ្តុះបណ្តាលដល់យុវជនលើជំនាញចំនួន៣៨ ក្នុងវិស័យសំខាន់ៗចំនួន១០ ដែលសុទ្ធសឹងជាតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ ការបណ្តុះបណ្តាលជំនាញនេះទៀតសោត ក៏កំពុងស្តែងចេញជាសមិទ្ធផលផ្លែផ្កាក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ដោយមានយុវជនជាច្រើនបានបញ្ចប់ការសិក្សា និងបានចេញហាត់ការតាមសហគ្រាស ក្រុមហ៊ុននានា។ជាក់ស្តែងចាប់ពីថ្ងៃទី១៥ ខែឧសភានេះតទៅ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសបានចាប់ផ្តើមធ្វើតេស្តបញ្ចប់ការសិក្សាជំនាញរបស់សិស្ស ដើម្បីធានានូវគុណភាពធនធានកម្លាំងពលកម្មជំនាញ មុនចេញទៅធ្វើការងារតាមជំនាញរៀងៗខ្លួន។ យុវជនទាំងនេះជឿជាក់ថា ជំនាញដែលខ្លួនទទួលបានពីកម្មវិធីបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលនេះ នឹងជួយកែប្រែសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធារផងដែរ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សិស្ស-និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)មកពីមហាវិទ្យាល័យចំនួន៩នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដាក់បង្ហាញស្នាដៃរបស់ខ្លួនរាប់រយមុខផ្សេងៗគ្នាក្នុងខួប១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងកម្មវិធីពិព័រណ៍ការងារ ព្រមទាំងសន្និសីទវិទ្យាសាស្ត្រលើកទី៣ដោយមានអ្នកចូលរួមរាប់ពាន់នាក់។ យុវជន ផេង ម៉េងស៊ឺ ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានយកស្នាដៃ ដូចជា រ៉ូបូត និងប្រព័ន្ធឆ្លាតវៃមួយចំនួនដើម្បីដាក់បង្ហាញដល់អ្នកចូលរួមទស្សនា បានលើកឡើងថា ការតាំងពិព័រណ៍បង្ហាញស្នាដៃនេះ មិនត្រឹមជាឱកាសឲ្យសិស្ស-និស្សិតបានបង្ហាញនូវស្នាដៃរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញលើកទឹកចិត្តឲ្យសិស្សនិស្សិតខិតខំប្រឹងប្រែងបង្កើតស្នាដៃថ្មីៗផងដែរ។និស្សិត ផេង ម៉េងស៊ឺ បញ្ជាក់ថា៖ «ក្រោយបញ្ចប់ការតាំងពិព័រណ៍នេះ នឹងមានក្រុមហ៊ុន ឬអ្នកដែលមិនធ្លាប់ស្គាល់ពីមុនកាន់តែយល់ដឹងពីវិស័យអេឡិចត្រូនិក ហើយវាក៏បង្ហាញទៅអ្នកចូលរួមថា យើងអាចធ្វើបានរបស់ដែលថ្មីៗក្នុងវិស័យអេឡិចត្រូនិក»។ ដោយឡែកយុវតី រួម សៀវអ៊ី និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តអុបទិកបានបញ្ជាក់ថា ការតាំងពិព័រណ៍ស្នាដៃរបស់សិស្សក្នុងពិធីខួប១៩ឆ្នាំរបស់វិទ្យាស្ថាននឹងជំរុញឱ្យសាធារណជនកាន់តែយល់ច្បាស់ពីផលិតផលសំខាន់ៗដែលសិស្សនិស្សិតបានបង្កើតឡើង។ ជាក់ស្តែងសាធារណជន នឹងមានឱកាសស្វែងយល់ពីផលិតផលអុបទិក និងជំនាញបច្ចេកទេសផ្សេងៗទៀតនៅពេលដែលបានឃើញស្នាដៃរបស់សិស្សដាក់បង្ហាញ។ នេះបើតាមយុវតីរួម សៀមអ៊ីដដែល។ ជាមួយគ្នានេះ លោក ស៊ីន ពិសិដ្ឋ គ្រូនៃមហាវិទ្យាល័យមេកានិកវិញ បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ នេះពិតជាសំខាន់សម្រាប់យុវជនដែលបានចូលរួម ពិសេសសិស្ស-និស្សិតនៃវិទ្យាស្ថានNPIC។ លោកគូសបញ្ជាក់ថា៖ «អ្នកខ្លះទើបឆ្នាំទី១ ឆ្នាំទី២ អាចសិក្សាស្វែងយល់ពីកិច្ចការដែលសិស្សច្បងយកដាក់បង្ហាញក្នុងពិព័រណ៍នេះ។ ពួកគាត់ក៏អាចស្វែងយល់នូវមុខជំនាញដទៃ ក្រៅពីមុខជំនាញដែលពួកគាត់បានសិក្សានៅសាលា និងធ្វើឲ្យគាត់កាន់តែចង់ស្រាវជ្រាវបន្ថែម។ មួយទៀតសម្រាប់សិស្សឆ្នាំទី៤ ដែលត្រៀមបញ្ចប់ការសិក្សា និងត្រៀមរកការងារធ្វើថែមទៀតផង»។សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានប្រារព្ឋខួប១៩ឆ្នាំ ព្រមទាំងរៀបចំពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ៖ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ទីក្រុងសេអ៊ូល)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ គួររំលឹកថា ដើមឡើយមន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ ២០២៣ ។ SCH បានទទួល ពានរង្វាន់ថ្នាក់ជាតិសម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០។ គួរបញ្ជាក់ថា សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាលជូនដល់អ្នកជំងឺកម្ពុជា៕

ការមកជួបជុំគ្នារបស់សមាជិក សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុកនាឱកាសនេះ គឺជាការបង្ហាញនូវសាមគ្គី ឯកភាព និងការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅមុខមន្ទីរគណបក្សខេត្តកំពង់ស្ពឺ ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា បេក្ខជនសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អង្គបោះឆ្នោត និងសមាជិក សមាជិក គណបក្សចំនួន ៣៦០០ នាក់។ នាឱកាសនោះ ឯកឧត្តមបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាឃុំ សង្កាត់ ភ្នាក់ងារ គណបក្សនិងសមាជិក សមាជិកាទាំងអស់នាឱកាសនេះ។ ឯកឧត្តមក៏បានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង ៥  ជូនចំពោះសមាជិក សមាជិកា គណបក្សប្រជាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់គ្នាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ដែលតែងតែជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានគូសបញ្ជាក់ថា «ការមកជួបជុំគ្នារបស់សមាជិក សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុកនាឱកាសនេះ គឺជាការបង្ហាញនូវសាមគ្គី ឯកភាព និងការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា»។ ឯកឧត្តមបានបន្តថា ភាពជោគជ័យដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺចេញមកពីសាមគ្គីឯកភាពដែលកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។ ឯកឧត្តមបានបន្តថា ភាពជឿជាក់ និងទំនួសខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជានេះហើយ ដែលនាំជំនឿទុកចិត្តជូនប្រជាជន។ ជយោគណបក្សប្រជាជនកម្ពុជា! គណបក្សប្រជាជនកម្ពុជាឈ្នះ ឈ្នះ!

ឯកឧត្តម ហ៊ុយ វណ្ណៈ ទទួលស្វាគមន៍និស្សិតកម្មសិក្សាផ្នែកច្បាប់ពីអង្គការ KAS របស់អាឡឺម៉ង់ ចុះមកបំពេញទស្សនកិច្ចសិក្សា នៅទីស្តីការគណៈរដ្ឋមន្ត្រី
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖​ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តម ពេជ អង្គ និងលោកជំទាវ សេង វួចហ៊ុន សមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់ បានទទួលស្វាគមន៍និងធ្វើបទបង្ហាញដល់និស្សិតកម្មសិក្សាផ្នែកច្បាប់ពីអង្គការ KAS របស់អាឡឺម៉ង់ ដែលបានចុះមកបំពេញទស្សនកិច្ចសិក្សា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ កាលពីម្សិលមិញនេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France)
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ៕

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។នេះបើយោងតាមសារលិខិត របស់ សម្ដេចតេជោ នាព្រឹកថ្ងៃទ១៧ ខែឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារដូច្នេះថា៖បងប្អូនជនរួមជាតិជាទីគោរពស្នេហា !លោក លោកស្រី សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងនៅទូទាំងប្រទេស ជាទីមេត្រី!ជាបឋមក្នុងនាម គណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការគោរព និងដឹង គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំ នៅគ្រប់កាលៈទេសៈ តាំងពីដំណាក់កាលសង្គ្រោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ និង បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាព របស់ខ្លួន។ ព្រមជាមួយនេះ ខ្ញុំក៏សូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេស ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុង សង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបង ប្អូនជនរួមជាតិរួចហើយឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះ រាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិ មនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាព កាន់តែល្អប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត ឱ្យបាន គ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។ខ្ញុំសូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ទាំងអស់ សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ សំទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បានកើតឡើងយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈការបញ្ចេញមតិ ញត្តិគាំទ្រ និងចុងក្រោយតាមរយៈយុទ្ធនាការប្តូរប្រូហ្វាលបង្ហាញពីការគាំទ្រព្រែកជីកហ្វូណនតេជោ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៤ យោងតាមការបង្ហោះខ្លឹមសារលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សំទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ពីក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងប្រជាពលរដ្ឋដែលរស់នៅនាយសមុទ្រទូទាំងពិភពលោក បានកើតឡើងយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈការបញ្ចេញមតិ ញត្តិគាំទ្រ និងចុងក្រោយតាមរយៈយុទ្ធនាការប្តូរប្រូហ្វាលបង្ហាញពីការគាំទ្រព្រែកជីកហ្វូណនតេជោ។ ការសម្រេចចិត្តក្នុងការធ្វើព្រែកជីកហ្វូណនតេជោ គឺជាការបង្ហាញនូវភាពម្ចាស់ការរបស់កម្ពុជា ក្នុងការកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានគូសវាសដោយថ្នាក់ដឹកនាំកម្ពុជា។ នេះជាការខិតខំប្រឹងប្រែងកសាងប្រទេសជាតិ ដែលបានងើបចេញពីគំនរផេះផង់នៃសង្រ្គាមរ៉ាំរ៉ៃ និងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ក្លាយជាកម្ពុជាក្នុងពេលបច្ចុប្បន្ន ប្រកបដោយសក្តានុពលលើគ្រប់វិស័យ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំរបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគត។ ទាំងនេះបានកើតចេញពីឆន្ទៈមោះមុត ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលជំនាន់មុន និងដែលត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាថ្មីម្តងទៀត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសគាំទ្រគំនិតផ្តួចផ្តើម និងដំណើរការនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីជាឧត្តមប្រយោជន៍ដ៏មានតម្លៃកាត់ថ្លៃពុំបានសម្រាប់ប្រទេសជាតិ។ ខ្ញុំសូមគូសបញ្ជាក់ម្តងទៀតថា គម្រោងនេះគឺជាការគិតគូរ យ៉ាងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនវិស័យយូរអង្វែងដោយឈរលើការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ ច្បាស់ណាស់យើងត្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលមិនត្រឹមតែបម្រើឱ្យវិស័យដឹកជញ្ជូន និងភស្តុភារកម្មប៉ុណ្ណោះទេ តែក៏បានចែករំលែកនូវផលប្រយោជន៍សម្រាប់វិស័យកសិកម្ម ទេសចរណ៍ និងវិស័យសេដ្ឋកិច្ចពាក់ព័ន្ធផ្សេងទៀតដល់សហគមន៍ដែលរស់នៅតាមដងព្រែកជីកផងដែរ៕

បើចង់កាត់បន្ថយឱកាសនៃការកើតជំងឺមហារីក ដាច់ខាតកុំរំលងនូវបន្លែមួយប្រភេទនេះ!
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(សុខភាព)៖ មនុស្សចំនួនមិនសូវបានដឹងទេថា ខ្ញីមានសុខភាពល្អយ៉ាងណាចំពោះសុខភាពយើង។ ខ្ញី គឺជាគ្រឿងទេស ដែលមានរសជាតិខ្លាំង ថែមទាំងមានគុណសម្បតិ្តល្អជាច្រើនដោយវាមានផ្ទុក gingerol, shogaol, zingiberene និងវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលខ្ញីមានប្រវត្តិជាឱសថដ៏យូរលង់ណាស់មកហើយ។ ជាច្រើនសតវត្សមុន ខ្ញីត្រូវបានគេប្រើ ដើម្បីព្យាបាលជំងឺគ្រប់ប្រភេទ។ លើសពីនេះ ការទទួលទានខ្ញីជាប្រចាំក៏អាចជួយឱ្យ រាងកាយរបស់អ្នកមានសុខភាពល្អផងដែរ។សារធាតុ gingerol នៅក្នុងខ្ញី ជាសារធាតុសកម្មជីវសាស្រ្តដែលជួយកាត់បន្ថយរោគសញ្ញាដូចជាចង្អោរ និងក្អួត។ សារធាតុនេះក៏ជួយកាត់បន្ថយការហើមសន្លាក់ផងដែរ។ ខ្ញីក៏មានផ្ទុកសារធាតុ shoagol ដែលជាសារធាតុដែលមានប្រសិទ្ធិភាពថ្នាំស្ពឹកដែលជួយប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ Zingiberene នៅក្នុងខ្ញីគឺល្អជាពិសេសសម្រាប់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញីក៏មានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងធ្វើអោយមុខងារខួរក្បាល និងប្រព័ន្ធការពារប្រសើរឡើងផងដែរ។យោងតាមការសិក្សាមួយចំនួន ខ្ញីជួយកាត់បន្ថយឱកាស នៃការកើតជំងឺមហារីក ហើយថែមទាំងជួយការពារការរលាកពោះវៀនផងដែរ។ ខណៈពេលដែលនេះគ្រាន់ តែជាការចាប់ផ្តើមនៃការសិក្សាដែលធ្វើដើម្បីមើលពីរបៀបដែលខ្ញីជួយការពារជំងឺមហារីក ប៉ុន្តែមានរឿងមួយប្រាកដណាស់ ផលប៉ះពាល់គឺវិជ្ជមាន ហើយយើងគួរតែចាប់ផ្តើមទទួលទានវាបន្ថែមទៀត៕

អ្នកដំណើរជិត៥០០នាក់ ប្រលឹងចុងសក់! យន្តហោះកំពុងហោះសុខៗ ត្រូវបង្ខំឱ្យចុះចតជាបន្ទាន់ ក្រោយពីឆេះម៉ាស៊ីន!
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

 (អន្តរជាតិ)៖ ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia បាននិយាយថា យន្តហោះដឹកមនុស្ស 468 នាក់ពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការចុះចតជាបន្ទាន់កាលពីថ្ងៃពុធ ដោយសារភ្លើងឆេះម៉ាស៊ីន នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia ក្នុងឧប្បត្តិហេតុចុងក្រោយបង្អស់នៅក្នុងកំណត់ត្រាសុវត្ថិភាពមិនល្អរបស់ប្រជុំកោះនេះ។ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីបាននិយាយថា ជើងហោះហើរ Garuda-1105 ទៅកាន់ Madinah ដែលដំណើរការដោយយន្តហោះ Boeing 747-400 បានត្រលប់មកអាកាសយានដ្ឋានដើមរបស់ខ្លួន ក្នុងទីក្រុង Makassar របស់ឥណ្ឌូនេស៊ីនៅម៉ោង 5:15 ល្ងាច ដោយអ្នកដំណើរទាំងអស់មិនមានរបួស និងគ្រោះថ្នាក់ដល់អាយុជីវិត។លោក Irfan Setiaputra ប្រធានក្រុមហ៊ុន Garuda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយអ្នកបើកបរនៅក្នុងបញ្ជាការភ្លាមៗបន្ទាប់ពីការហោះហើរដោយពិចារណាលើបញ្ហាម៉ាស៊ីនដែលតម្រូវឱ្យមានការត្រួតពិនិត្យបន្ថែមទៀតបន្ទាប់ពីមានបែកផ្កាភ្លើង នៅក្នុងម៉ាស៊ីនយន្តហោះ" ។ Irfan បាននិយាយថា មានអ្នកដំណើរ 450 នាក់ និងសមាជិកនាវិក 18 នាក់នៅលើជើងហោះហើរនេះ ហើយពួកគេរួមបញ្ចូលអ្នកធ្វើធម្មយាត្រាសម្រាប់ពិធីបុណ្យ Haj ដែលជាធម្មយាត្រាប្រចាំឆ្នាំរបស់អ៊ីស្លាមទៅកាន់ទីក្រុង Mecca ។គាត់បាននិយាយថា ពួកគេទាំងអស់ត្រូវបានបញ្ជូនបន្តទៅកាន់កន្លែងស្នាក់នៅ មុនពេលឡើងយន្តហោះ ជំនួសវិញនៅថ្ងៃទី 15 ខែឧសភា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមដែលមិនត្រូវបានគេផ្ទៀងផ្ទាត់ដោយ AFP បានបង្ហាញថាម៉ាស៊ីនរបស់យន្តហោះបានឆាបឆេះខណៈដែលវាបានផ្ទុះ។ លោក Irfan បាននិយាយថា យន្តហោះត្រូវបានចុះចតសម្រាប់ការស៊ើបអង្កេតសុវត្ថិភាព។ក្រុមហ៊ុនអាកាសចរណ៍ដែលមាន 60% គ្រប់គ្រងដោយរដ្ឋឥណ្ឌូណេស៊ីបានទទួលរងការខាតបង់យ៉ាងធំ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ដោយបានបញ្ឈប់កងនាវាភាគច្រើនរបស់ខ្លួនជុំវិញការរឹតបន្តឹង ការធ្វើដំណើរ និងការថយចុះតម្រូវការ និងការបញ្ឈប់បុគ្គលិករាប់រយនាក់។ប្រជុំកោះអាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាសដើម្បីភ្ជាប់កោះរាប់ពាន់របស់ខ្លួន ប៉ុន្តែបានទទួលរងនូវឧប្បត្តិហេតុធ្លាក់យន្តហោះយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណត់ត្រា អាកាសចរណ៍ដ៏អាក្រក់របស់វា រួមមានការធ្លាក់ក្នុងឆ្នាំ 2021 ដែលយន្តហោះដឹកអ្នកដំណើរ Sriwijaya Air Boeing ធ្លាក់យ៉ាងអាថ៌កំបាំងចូលទៅក្នុងសមុទ្រ Java បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាកាតា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះទាំង 62 នាក់។ កាលពីខែមីនា ក្រសួងដឹកជញ្ជូន របស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថាខ្លួនបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Batik Air បន្ទាប់ពីអាកាសយានិកពីរនាក់ត្រូវបានគេរកឃើញថាបានដេកលក់ក្នុងអំឡុងពេលហោះហើរ៕

សាកថ្មពេញៗ! ខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ និង ស្រុកចំនួន២ ក្នុងខេត្តកណ្តាល នឹងមានការអាក់រអួលអគ្គិសនីចំនួន ៣ថ្ងៃ ព្រោះហេតុផលទាំងនេះ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

អគ្គិសនីកម្ពុជា ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅ តាមបណ្តាខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ និងស្រុកចំនួន២ ក្នុង ខេត្តកណ្តាល នឹងមានការរអាក់រអួលអគ្គិសនីជាបណ្តោះអាសន្ន ដោយសារក្រុមការងារ ធ្វើការជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ។ ក្នុងនោះផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ឱ្យដឹងទៀតថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។អានសេចក្តីជូនដំណឹង.......!

អ្នកជិះតាមបណ្តោយផ្លូវ ២០០៤ ស្អែកនេះរកផ្លូវវាងឱ្យហើយទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរយានជំនិះគ្រប់ប្រភេទ ដោយសារហេតុផលមួយនេះ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

 រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា នេះ បានចេញនូវសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងរៀបចំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង។រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីស្ទឹង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

ដំណឹងល្អ! ភ្ញៀវទេសចរណ៍អាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរវិញហើយ ចាប់ពីថ្ងៃនេះតទៅ!
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(សៀមរាប)៖ អាចចាត់ទុកថាជាដំណឹងល្អមួយផងដែរក្នុងការបើកឱ្យមានការចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ។អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដីមន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។ក្នុងន័យដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។អាជ្ញាធរជាតិអប្សរា សូមក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន។សូមបញ្ជាក់ផងដែរថាប្រាសាទប្រែរូប មានទីតាំងស្ថិតនៅ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានចម្ងាយប្រហែល ~14km ពីរង្វង់មូលនាគព័ន្ធ៕

អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាវៈ» រវាងក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ សាធារណរដ្ឋកូរ៉េ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្ដម ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៤។ កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈជាមួយគ្នាទៅវិញទៅមក ស្របតាមតម្រូវការទីផ្សារការងាររបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងផ្សារភ្ជាប់ការបណ្ដុះបណ្ដាលពលករជំនាញទៅនឹងឱកាសការងារទាំងនៅក្នុងប្រទេស និងនៅបរទេស ព្រមទាំងមានការគាំទ្រពលករបន្ថែមក្រោយពេលធ្វើមាតុភូមិនិវត្តន៍៕

គ្រឹះស្ថានបណ្តុះបណ្តាលទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមធ្វើតេស្តវាយតម្លឌសមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះតទៅ គ្រឹះបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដើមធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមមុនឈានជើងចូលទីផ្សារ។ ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្នុងពិធីប្រឡងនៅថ្ងៃទី១៥ ខែឧសភានេះថា ការធ្វើតេស្តបញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជនដែលជាសិក្ខាកាមដើម្បីបញ្ជាក់ពីសមត្ថភាពការងារដោយពិតប្រាកដបន្ទាប់ពីបានសិក្សារយៈពេល៤ខែកន្លងមកនេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា«ការធ្វើតេស្តសមត្ថភាពខុសពីការប្រឡង។ តេស្តសមត្ថភាពគឺជាអ្វីដែលគាត់អាចធ្វើបាន»។ បើតាមឯកឧត្តមអគ្គនាយក ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ដោតសំខាន់លើការអនុវត្តច្រើនជាងទ្រឹស្ដីដើម្បីត្រៀមខ្លួនចូលបម្រើក្នុងទីផ្សារការងារព្រោះសិក្ខាកាមសុទ្ធតែបាន ចុះកម្មសិក្សានៅតាមគ្រឹះស្ថានឯកជននានាដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួនយ៉ាងពិតប្រាកដ។ សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន៣៥ក្នុងចំណោមគ្រឹះស្ដាបទាំង៣៧ ស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើ្បង្រៀនវេនចន្ទ-សុក្រពេញមួយថ្ងៃ បានផ្តើមការធ្វើតេស្តបញ្ជាក់សមត្ថភាពដោយបែងចែកជា៣លើក។ ក្នុងនោះគ្រឹះស្ថានចំនួន១៤ ដែលរួមមានវិទ្យាស្ថានទាំង៤នៅរាជធានីភ្នំពេញ បានផ្តើមធ្វើតេស្តមុនគេនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។ ដោយឡែកគ្រឹះស្ថានចំនួន១១ផ្សេងទៀត នឹងធ្វើតេស្តនៅថ្ងៃទី២០ ខែឧសភា ខណៈដែលគ្រឹះស្ថានចំនួន១០ដទៃទៀត នឹងធ្វើតេស្តនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីឱ្យយុវជនក្រុមគោលដៅ ឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីក្នុងទិសដៅកែប្រែនិងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរតាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតដែលមានភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕

បណ្តាញសង្គម