(កម្សាន្ត)៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមទប់អាណិតសឹងមិនចង់ជាប់ខណៈជីវភាពសេដ្ឋកិច្ចគ្រួសារជាច្រើនកំពុងជួបវិបត្តិរួមទាំងគ្រួសារលោកអ៊ំទៀតនោះ តែអ្វីដែលកាន់តែពិបាកជាងនេះទៅទៀតគឺប្រពន្ធរបស់គាត់សំណាងមិនល្អបានជួបប្រទះនូវជំងឺដ៏កាចសាហាវមួយហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលតម្រូវឱ្យរូបគាត់ត្រូវខិតខំស្វែងរកលុយដោយការដឹកស្វាយលក់ចំណេញបានលុយបន្តិចបន្ទួចក្រោយដកថ្លៃសាំងហើយ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ មុនី ចាន់ បានបង្ហោះនូវរូបភាពមួយសន្លឹកដែលបានបង្ហាញពីទិដ្ឋភាពលោកអ៊ំម្នាក់កំពុងយកកៅស៊ូរឹតបេមួយដើម្បីឱ្យប្រាកដថាបេនោះជាប់នៅលើកែបម៉ូតូខាងក្រោយ។ ម្ចាស់គណនីខាងលើក៏បានអមមកជាមួយខ្លឹមសាររៀបរាប់ទាំងក្រៀមក្រំយ៉ាងដូច្នេះថា «ស្វាយមួយប៉េ 10000រៀល គាត់ថាយកពីគេមកមួយប៉េ5000ជិះពីអ្នកលឿង ទិញបាន 4ប៉េ ជិះដើរលក់ យកលុយនិងទៅមើលប្រពន្ធឈឺមហារីកស្បូននៅពេទ្យរុស្សី ខ្ញុំទិញអ៊ុមួយ ប៉េ ជូនលុយតិចតួច ថែមប្រាប់អ៊ុថាទុកលក់បន្តទៅអ៊ុ សំពះផងអោយបុណ្យផង អាណិតអ៊ុណាស់ ជីវិតយើងគឺមិនងាយស្រួលទេ ឃើញគាត់ទើបកាន់តែយល់ថា ការចាយវាយរបស់យើងគឺសំខាន់ណាស់ 5000-10000សំរាប់យើងវាតិច ប៉ុន្តែសំខាន់អ្នកអត់ដូចគាត់គឺវាច្រើននិងមានតំលៃអាចជួយគាត់បានច្រើនណាស់»។ដោយឡែកតាមរយៈការបង្ហោះខាងលើនេះផងដែរឃើញមានមតិជាច្រើនពីសំណាក់មហាជនដោយភាគច្រើនបានបង្ហាញក្ដីអាណិតតាមរយៈសារសំណេរពីចម្ងាយទៅកាន់លោកអ៊ំខាងលើ ខ្លះទៀតក៏មានបំណងចង់ជួយជាថវិការខ្លះៗដើម្បីឱ្យលោកអ៊ំយកទៅបង់ថ្លៃព្យាបាលប្រពន្ធ ហើយក៏សង្គេតឃើញមានមតិមួយចំនួនទៀតបានសរសើរទឹកចិត្តតស៊ូរបស់អ៊ំប្រុសក្នុងការខិតខំប្រឹងប្រែងដើម្បីរកលុយមើលថែជំងឺមនុស្សជាទីស្រឡាញ់ដូច្នេះ៕
(ភ្នំពេញ)៖ ជឿជាក់ថាមហាជនជាច្រើនប្រាកដជាបានស្គាល់និងដឹងពីប្រវត្តិក៏ដូចជាស្នាដៃមួយចំនួនរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ រួចមកហើយ។ ដោយហេតុថាព្រឹទ្ធាចារ្យគង់ ណៃគឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា លើសពីនោះព្រឹទ្ធាចារ្យក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ តែគួរឱ្យសោកសៅផងដែរដែលបច្ចុប្បន្នព្រឹទ្ធាចារ្យកំពុងសំរាកព្យាបាលនៅផ្នែកបេះដូងនៅឯមន្ទីរពេទ្យ។យ៉ាងណាមិញចំពោះវិបត្តិមួយនេះផងដែរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិតជាបានយកចិត្តទុកដាក់ព្រមទាំងឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ដោយនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះសួរសុខទុក្ខ នឹងនាំយកថវិកា ដែលជាអណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ វីរៈសិល្បៈករចាបុីដងវែងដ៏ល្បីល្បាញ ដែលខណៈនេះ លោកកំពុងសំរាកព្យាបាលនៅផ្នែកបេះដូង នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេបានរ៉ាប់រងរាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុករបស់លោកព្រឹទ្ធាចារ្យ៕
(អន្តរជាតិ)៖ មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យត្រៀម លក្ខណៈសម្រាប់សមយុទ្ធមួយដែលក្លែងធ្វើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ ពួកគេបាននិយាយថា ពួកគេចង់រក្សាការត្រៀមខ្លួនរបស់អង្គភាពប្រយុទ្ធ និងអាវុធនុយក្លេអ៊ែរ មិនយុទ្ធសាស្ត្រ។មន្ត្រីក្រសួងបាននិយាយថា កងកម្លាំងមកពីស្រុកយោធាភាគខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធនេះ។ សមយុទ្ធនេះគឺដើម្បីឆ្លើយតបទៅនឹង "សេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងដែលធ្វើ ឡើងដោយមន្ត្រីលោកខាងលិចមួយចំនួន"។ ពួកគេបាននិយាយថា ពួកគេចង់ធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំលោកខាងលិចមួយចំនួន បាននិយាយអំពី "ចេតនាក្នុងការបញ្ជូនក្រុមប្រដាប់អាវុធ" ទៅកាន់អ៊ុយក្រែន។ លោកបានថ្លែងថា៖ «នេះជាជុំថ្មីទាំងស្រុងក្នុងការកើនឡើងនៃភាពតានតឹង។លោកពូទីនកំពុងចាប់ផ្តើមអាណត្តិទីប្រាំរបស់គាត់ជាប្រធានាធិបតីនៅថ្ងៃអង្គារនេះ។ នៅថ្ងៃព្រហស្បតិ៍ កងទ័ពរបស់លោកនឹងប្រារព្ធខួបនៃការបញ្ចប់សង្រ្គាមលោកលើកទីពីរជាមួយនឹងការប្រារព្ធទិវាជ័យ ជំនះ។អ្នកនាំពាក្យអង្គភាពស៊ើបការណ៍យោធាអ៊ុយក្រែន លោក Andriy Yusov បានថ្កោលទោសផែនការរបស់រុស្ស៊ី។ លោកបានមានប្រសាសន៍ថា “ការគំរាមកំហែងនុយក្លេអ៊ែរ” គឺជាការអនុវត្តឥតឈប់ឈរនៃរបបលោកពូទីន៕