វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ILO ប្រចាំកម្ពុជា៖ គាំទ្រអ្វីដែលរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានក្នុងការផ្តល់អត្ថប្រយោជន៍ដល់កម្មករនៅទូទាំងប្រទេស
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានសម្រេចកិច្ចការងារជាច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាសនៅទូទាំងប្រទេស។ លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជាបានរក្សាការដំឡើងប្រាក់ឈ្នួលជាទៀងទាត់ជូនកម្មករប្រចាំឆ្នាំ២០២៤, អនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងបានពង្រីកវិសាលភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងអាណត្តិទី៧នេះ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីដែលមានផ្ទៃពោះ អំឡុងពេលសម្រាល រហូតក្រោយពេលសម្រាលកូនផងដែរ។ លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលកម្មវិធីនេះក៏បានបើកឱកាសឱ្យកម្មករនិយោជិតទៅរៀនជំនាញបន្ថែម (Re-Skill, Up-Skill) ដោយកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ទៅដល់កម្មករ និងបុគ្គលិកទាំងឡាយណាដែលចង់បន្ថែមជំនាញ ពីព្រោះពួកគេមានលទ្ធភាពក្នុងអភិវឌ្ឍជំនាញ និងសមត្ថភាពប្រសើរជាងមុន។ លោកបានគូសបញ្ជាក់បន្តថា កម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលក្រសួងការងារទើបតែប្រកាសដាក់ឱ្យអនុវត្តក៏ជាកិច្ចការងារមួយដ៏មានសារសំខាន់ណាស់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជា។ ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះកែសម្រួលចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យការងារនៅកម្ពុជា ក៏ដូចដើម្បីលើកកម្ពស់សិទ្ធិ និងជីវភាពរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរថែមទៀតផងដែរ។ គូរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកិច្ចការសំខាន់ៗជាច្រើននៅដើមអាណត្តិនេះ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះរួមមាន៖ទី១ ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ទី២ ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទី៣ ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិស័យឯកជនលើកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទី៥ ការបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់ស្រ្តីមានផ្ទៃពោះ និងទី៦ ការដាក់ឱ្យអនុវត្តកម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។ទន្ទឹមនឹងនេះ ក្រៅពីសម្រេចការអនុវត្តកិច្ចការតាមអនុសាសន៍ទាំង ៦នោះ នៅមានអនុសាសន៍ចំនួន ៤ចំណុចផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ៕

នៅឆ្នាំ២០២៥ខាងមុខក្រសួងការងារនឹងប្រកាសជ័យលាភីពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារនឹងប្រកាសពីជ័យលាភីនៃពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយរៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” មាន ៣កម្រិត គឺពានរង្វាន់លេខ១, លេខ២, និងលេខ៣ ក្នុងនោះសហគ្រាសដែលទទួលបានជ័យលាភី គឺទទួលបានការលើកទឹកចិត្ត ទី១ ពាន និងវិញ្ញាបនបត្រ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងជាឯកសារយោង ដើម្បីបង្ហាញដល់ដៃគូពាណិជ្ជកម្ម និងម្ចាស់ម៉ាកពីការគោរពច្បាប់ និងលក្ខខណ្ឌការងារនៅរោងចក្ររបស់ខ្លួន និងទី២លើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។គូរកត់សម្គាល់ដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ កំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨ ក្នុងនោះ ៖ទី១ អនុលោមភាពនៃលក្ខខណ្ឌការងារទី២.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងទី៣.អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ។និងទី៤.អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារទី៥.អនុលោមភាពនៃរបបសន្ដិសុខសង្គមទី៦.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ ទី៧.អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងទី៨.អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម៕

ក្រុមសហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងដោះស្រាយវិវាទការងាររហ័សនិងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

ក្រុមសហជីពនៅកម្ពុជាមើលឃើញថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះមានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ ដែលនេះជាសញ្ញាល្អក្នុងការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងថា៖«ខ្ញុំមើលឃើញរាជរដ្ឋាភិបាលដែលមានក្រសួងការងារបានចុះទៅដោះស្រាយផ្ទាល់លើវិវាទការងារ ជាពិសេសក្នុងករណីថៅកែរត់ចោលរោងចក្រ។ ថ្មីៗនេះយើងឃើញមានករណីរោងចក្រ Y&W, រោងចក្រ R&G ជាដើម ខ្ញុំឃើញក្រសួងការងារទៅដោះស្រាយផ្ទាល់។ ខ្ញុំសារទរនូវយន្តការដ៏ល្អសម្រាប់កម្មករនេះ»។ លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ទៅដល់ដៃបងប្អូនកម្មករផ្ទាល់ បន្ទាប់ពីរោងចក្រជួបបញ្ហាឈានដល់ការបិទទ្វា ដែលទាំងនេះគឺជាការផ្តល់ដំណោះស្រាយលឿន និងមានគុណភាពរបស់រាជរដ្ឋាភិបាលនៅអាណត្តិនេះ។ យន្តការដោះស្រាយវិវាទការងារលឿនបែបនេះគឺជារឿងមួយល្អប្រសើរ ហើយវាបង្ហាញពីការយកចិត្តទុកដាក់ និងការពារសិទ្ធិទៅដល់បងប្អូនកម្មករនិយោជិតទាំងអស់គ្នាផងដែរ។  លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) លើកឡើងថា៖«ចំពោះវិវាទការងារករណីចុងក្រោយនេះយើងឃើញមានការដោះស្រាយលឿន។ ចំពោះខ្ញុំ គោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងធ្វើសម្រាប់កម្មករ យើងគាំទ្រហើយរំពឹងមានការដោះស្រាយវិវាទការងារមានភាពសហ័ស លឿន ការពារផលប្រយោជន៍កម្មករដូច្នេះ»។ លោកបន្ថែមថា ក្រៅតែពីការដោះស្រាយវិវាទជូនកម្មករបានឆាប់រហ័ស និងមានប្រសិទ្ធិភាពបែបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននាំយកឱកាសការងារជាច្រើនពាន់កន្លែងទៅដល់មុខរោងចក្រ សម្រាប់ឱ្យបងប្អូនកម្មករទទួលបានការងារធ្វើថ្មី បន្ទាប់ពីរោងចក្រមានបញ្ហា។ គោលនយោបាយនេះគឺមានសារសំខាន់ និងមានភាពថ្មីស្រឡាងសម្រាប់បងប្អូនកម្មករ។ ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ចាប់អារម្មណ៍លើការពង្រីកវិសាលភាពប.ស.ស. ដែលក្នុងនោះកម្មករអាចប្រើប័ណ្ណប.ស.ស. ដើម្បីទៅពិនិត្យសុខភាព និងថែរទាំសុខភាពដោយឥតគិតថ្លៃ។ ការផ្តល់ជូនសម្រាប់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលនេះគឺបានផ្តល់អត្ថប្រយោជន៍ និងជួយសម្រួលដល់ជីវភាពកម្មករ ជាពិសេសការទប់ការចំណាយ។  ទន្ទឹមនឹងនេះក្រុមសហជីពនៅកម្ពុជាបានសារទរយ៉ាងខ្លាំងទៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិតក្នុងនោះមានដូចជា ការអនុញ្ញាតឱ្យកម្មករប្រើបណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ, ការផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីមានផ្ទៃពោះ និងអំឡុងពេលសម្រាកមាតុភាព, ការពិនិត្យផ្ទៃពោះ, ការតំឡើងប្រាក់ឈ្នួល, ការផ្តល់ការរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ជាដើម៕

លោកជំទាវ ចម និម្មល និង ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាគណៈអធិបតីបើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីក្នុងពិធីប្រារព្ធ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ និងស្វាគមន៍នូវវត្តមានចូលរួមពី តំណាងជាន់ខ្ពស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរួមគ្នា និងកិច្ចសហការដ៏ល្អប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការផ្សព្វផ្សាយកម្មសិទ្ធិបញ្ញាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោកជំទាវរដ្ឋមន្ត្រីបានបន្តថា កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យា។ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈគន្លឹះមួយចំនួន ដើម្បីជាវិភាគទាន ក្នុងការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ រួមមាន៖(១). ការធានាបាននូវការអនុវត្តឱ្យកាន់តែមានស័ក្តិសិទ្ធិភាព និងពេញលេញនូវមាត្រា ៦៦.២. នៃកិច្ចព្រមព្រៀងទិដ្ឋភាពពា​ណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPs) ក្រោមអង្គការ WTO ដែលក្នុងនោះ សមាជិកជាប្រទេសអភិវឌ្ឍន៍ ត្រូវផ្តល់ការលើកទឹកចិត្ត (Incentives) ដល់សហគ្រាស ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាក្នុងទឹកដីខ្លួន ឱ្យជំរុញការផ្ទេរបច្ចេកវិទ្យាដល់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច។(២). ការធ្វើពិពិធកម្មផលិតផលសក្តានុពលនិងការពង្រឹងទីផ្សារផ្ទៃក្នុង ក្នុងការធានាបាននូវសន្តិសុខស្បៀងអាហារ និងការជំរុញលើកកម្ពស់ជីវភាពកសិករ ក៏ដូចជាការលើកទឹកចិត្តនានាដើម្បីជំរុញផលិតភាពកសិកម្ម។(៣). លោកជំទាវរដ្ឋមន្ត្រី បានស្នើលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាសម្របសម្រួលពិនិត្យលទ្ធភាពលើការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រកាសនីយបត្រតក្កកម្ម កិច្ចការពារសិទ្ធបង្កាត់ពូជថ្មីនៃដំណាំ ការប្រើប្រាស់បច្ចេកវិទ្យាជំរុញធនធានពិន្ធុ និងការឈានទៅប្រើប្រាស់និងទាញផលប្រយោជន៍ពីបចេ្ចកវិទ្យាជីវសាស្រ្ត (Biotechnology) និងណាណូតិចណូទ្បូជី (Nano Technology) ដើម្បីជំរុញផលិតភាពចំណីអាហារ គ្រាប់ពូជ និងការដាំដុះ។(៤). ការធានាបាននូវភាពបត់បែនដ៏មានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព រវាងការអនុវត្តច្បាប់ជាតិនិងអន្តរជាតិ និងលទ្ធភាពនិងសមត្ថភាពផលិតដែលចាំបាច់សម្រាប់ការអនុវត្តយន្តការ អាជ្ញាប័ណ្ណបញ្ជាក្នុងវិស័យសុខភាពសាធារណៈ។(៥). ការជំរុញការបន្តអនុវត្តនូវមាត្រា ៦៧ នៃកិច្ចព្រមព្រៀង TRIPs សំដៅធានាបានការចូលរួមអនុវត្តកិច្ចព្រមព្រៀងនេះ បានយ៉ាងពេញលេញនិងមានប្រសិទ្ធភាពដោយសមាជិកប្រទេសអភិវឌ្ឍន៍តិចតួច។មុននឹងបញ្ចប់លោកជំទាវរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់សកម្មភាពបំពានកម្មសិទ្ធិបញ្ញាដែលជាឧបសគ្គរារាំងដល់ការបង្កើតថ្មី និងសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ នេះ នឹងបន្តបណ្តុះស្មារតីរួមគ្នា ក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់គ្រប់ផ្នែកទាំងអស់នៃសង្គម។នៅកិច្ចបញ្ចប់នៃពិធីនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងពាក់ព័ន្ធកម្មសិទ្ធបញ្ញាចំនួន ៥ រួមមាន៖(១).គម្រោងកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរិ៍្តឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម(២).គម្រោងការកសាងសមត្ថភាព តាមរយៈការបញ្ជា្របចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា សម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា (Design School)(៣).ការដាក់ឱ្យដំណើរការថ្នាលកម្មវិធីកម្មសិទ្ធិបញ្ញា ( IP Web Application) (៤).ពិធីដាក់ឱ្យដំណើរការថ្នាលកម្មវិធីសិក្សាពីចម្ងាយ ស្តីពី កម្មសិទ្ធិបញ្ញា និង (៥).ពិធីដាក់ឱ្យដំណើរការកម្មវិធីវិភាគកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច៕

លោក ស៊ី ជិនពីង នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី នៅសប្តាហ៍ក្រោយ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រធានាធិបតីចិន លោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី នៅសប្តាហ៍ក្រោយ។ក្រសួងការបរទេសចិនបានប្រកាស ថ លោក Xi នឹងធ្វើដំណើរចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 10 ខែឧសភា។វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi ទៅកាន់ប្រទេសបារាំងក្នុងរយៈពេលប្រាំឆ្នាំ។ លោកគ្រោងនឹងជួបប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីពិភាក្សាលើប្រធានបទដែលរួមមានទំនាក់ទំនងចិន-សហភាពអឺរ៉ុប។អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ដំណើរទស្សនៈកិច្ចនេះ នឹងធ្វើឡើងស្របពេលនឹងខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំង។អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា ដល់ពេលហើយដើម្បីលើកយកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។លោក Xi ក៏គ្រោងនឹងធ្វើកិច្ចពិភាក្សាកំពូលជាមួយមេដឹកនាំប្រទេសស៊ែប៊ី និងហុងគ្រី។ ក្រសួងការបរទេសបាននិយាយថា ពួកគេនឹងបញ្ជាក់ឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងភាពជាដៃគូ។ទីក្រុងប៉េកាំងបានបង្កើនការវាយលុកការទូតរបស់ខ្លួននាពេលថ្មីៗនេះ។កាលពីដើមខែនេះ លោក Xi បានយល់ព្រមជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថាប្រទេសរបស់ពួកគេនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ហុងគ្រីគឺជាសមាជិកនៃសហភាពអឺរ៉ុប ប៉ុន្តែពេលខ្លះបដិសេធមិនធ្វើតាមគោលនយោបាយរបស់ប្លុកក្នុងតំបន់។ប្រទេសចិនត្រូវបានគេជឿថាកំពុងព្យាយាមប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ឥទ្ធិពលពិភពលោករបស់ទីក្រុងប៉េកាំង និងដើម្បីជំរុញឱ្យមានជម្លោះរវាងសមាជិកសហភាពអឺរ៉ុបដែលកំពុងធ្វើការដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន៕

បិទសាលារៀនសារជាថ្មី ដោយសាររលកកម្តៅ នៅក្នុងប្រទេសបង់ក្លាដេស
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រទេសបង់ក្លាដែសជាថ្មីម្តងទៀត បានបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាលនៃស្រុក រួមទាំងរដ្ឋធានី ខណៈដែលរលកកំដៅខ្លាំងបានធ្វើឱ្យសីតុណ្ហភាពកើនឡើងលើសពី 43 អង្សាសេ។សាលារៀននៅទូទាំងប្រទេសដែលបានបិទកាលពីសប្តាហ៍មុន ដោយសាររលកកំដៅបានបើកឡើងវិញកាលពីថ្ងៃអាទិត្យ បើទោះបីជាមានសីតុណ្ហភាពខ្ពស់ជាប់រហូតនៅទូទាំងប្រទេសអាស៊ីខាងត្បូង ដែលបណ្តាលឱ្យមានអ្នកចូលរួមតិចជាង។ក្រសួងអប់រំបាននិយាយថា ថ្នាក់រៀននៃសាលាបឋមសិក្សារបស់រដ្ឋាភិបាលទាំងអស់នឹងនៅតែបិទរហូតដល់ថ្ងៃព្រហស្បតិ៍ ហើយស្ថាប័នអប់រំនៅក្នុងស្រុកចំនួន 27 ក្នុងចំណោម 64 រួមទាំងរដ្ឋធានី Dhaka នឹងនៅតែបិទនៅថ្ងៃអង្គារ។រដ្ឋមន្ត្រីក្រសួងអប់រំ លោក Mohibul Hasan Chowdhury Nowfel បាននិយាយថា ប្រសិនបើសីតុណ្ហភាពនៅក្នុងស្រុកណាមួយលើសពី ៤២ អង្សាសេ គ្រឹះស្ថានអប់រំនៅក្នុងស្រុកទាំងនោះនឹងត្រូវបិទ។អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងរួមចំណែកដល់រលកកំដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាងក្នុងអំឡុងរដូវក្តៅ។ក្នុងខែនេះនៅប្រទេសបង់ក្លាដែស មានរលកកំដៅជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃទី 9 និង 10 ខែមេសា។ អាជ្ញាធរបានលើកទឹកចិត្តពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ៕

ឯកឧត្ដម ហ៊ុយ វណ្ណៈ ៖ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ) ៖ ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង៖១- កត្តាបច្ចេកវិទ្យាឌីជីថល៖ បានចូលមកផ្តួលរំលំកាសែតប្រពៃណី ឱ្យបិទទ្វាជាស្វ័យប្រវត្តិឈប់បោះពុម្ពលើក្រដាស។២- កត្តាហិរញ្ញវត្ថុ៖ សារព័ត៌មានជាច្រើន កុំថាឡើយសារព័ត៌មានក្នុងប្រទេសកម្ពុជា សូម្បីទូរទស្សន៍ CNN របស់អាមេរិក ក៏បានបិទសាខាអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារទប់ទល់ការចំណាយលែងជាប់។៣- កត្តានយោបាយ៖ កាសែតជ្រុលនិយម ទល់នឹងនយោបាយដែកថែប។៤- កត្តាឱកាសថ្មីៗ៖ អ្នកកាសែត បានដូរអាជីពទៅតាមកាលានុវត្តថ្មីរបស់សង្គមនីមួយៗ ខ្លះក្លាយទៅជាអ្នកជំនួញ សហគ្រិន គ្រូបង្រៀន ជាអ្នកនយោបាយ ឬចូលនិវត្តន៍៕

សារលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះបានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

រដ្ឋមន្រ្តីក្រសួងការងារ៖ កិច្ចការ៩ចំណុចដែលក្រសួងបានធ្វើដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ការងារចំនួន៩ចំនុចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តធ្វើគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ តាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញថាការងារ និងការកែលម្អការផ្តល់សេវាសាធារណៈទាំង៩ចំនុចនោះមានដូចជា÷ទី១ ក្រសួងបានបែងចែកវេនមន្ត្រីប្រចាំការ និងបន្ថែមម៉ោងធ្វើការ និងពង្រឹងប្រព័ន្ធទូរសព្ទ Hotline ដើម្បីទទួលពាក្យបណ្តឹង សំណូមពរ និងដោះស្រាយចម្ងល់របស់បងប្អូនកម្មករ។ ទី២ ក្រសួងបានបំពេញតួនាទីជាស្ថាប័នដឹកមុខក្នុងយន្តការអធិការកិច្ចអន្តរស្ថាប័ន ដោយកំណត់វិធីសាស្ត្រចុះអធិការកិច្ច។ ទី៣ ក្រសួងបានចុះបញ្ជីសហគ្រាសថ្មីចំនួន ២៨៧៤សហគ្រាស ដែលធ្វើឱ្យសហគ្រាសដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនពីចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស។ ទី៤ ក្រសួងបានខិតខំប្រឹងប្រែងផ្ដល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ប្រជាពលរដ្ឋ ជាពិសេសដល់បងប្អូនកម្មករនិយោជិត នៅពេលមានករណីរោងចក្រក្ស័យធននៅមុខរោងចក្រតែម្តង។ ទី៥ ក្រសួងបានខិតខំធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនល្បឿនដោះស្រាយករណីរោងចក្រក្ស័យធនដោយឈរលើច្បាប់ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតជាធំ។ ទី៦ បានខិតខំពង្រឹងសមត្ថភាព គុណភាព និងវិជ្ជាជីវៈមន្ត្រីផ្សះផ្សារវិវាទការងារ។ ទី៧ ក្រសួងបានបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទី៨ ក្រសួងបានគោរពនូវសិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត និងនិយោជក ដោយបន្តចុះបញ្ជីអង្គការវិជ្ជាជីវៈ។ និងទី៩ ក្រសួងបានជួបប្រជុំជាលក្ខណត្រីមាសជាមួយគ្រប់សហព័ន្ធសហជីព, សហភាពសហជីព, និងសមាគមនិយោជក ដើម្បីផ្លាស់ប្តូរយោបល់ ដោះស្រាយនូវចម្ងល់និងសំណូមពរនានារបស់បងប្អូនកម្មករនិយោជិត និងនិយោជកបានជាទៀងទាត់៕

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា ចេញញត្តិគាំទ្រលើគម្រោងព្រែកជីកហ្វូណនតេជោ
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី​ ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងមានមោទនយ៉ាងក្រៃលែងចំពោះការ អនុវត្តលើ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍ គម្រោងព្រែកជីកហ្វូណនតេជោ ឲ្យសម្រេចបាននាពេលអនាគត។គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សូមគាំទ្រនៅចលនាជាតិគ្រប់មជ្ឈដ្ឋានដែលបានផុសផុលឡើង និងបាន បង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនេះជាសក្ខីភាពបញ្ជាក់ពីស្មារតីសាមគ្គី ជាតិដ៏រឹងមាំ ក្នុងការចូលរួមបង្កើតសមិទ្ធផលជាតិ ដើម្បីកម្ពុជាយើងរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពសង្គម៕

ស្នងការរាជធានីភ្នំពេញ ធ្វើការបំភ្លឺចំពោះការបង្ហោះសាររបស់អ្នកស្រី ទ្រី ដាណា ដោយបញ្ជាក់ថា មួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ!
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ ក្រោយពីអ្នកស្រី ទ្រី ដាណា បានបង្ហោះសារត្អូញត្អែរពាក់ព័ន្ធករណីត្រួតពិនិត្យជាតិអាកុលនៅពេលយប់ម្ដុំជិតផ្ទះដែលធ្វើឱ្យពិបាកនិងប៉ះពាល់ដល់ការរស់នៅ ថ្មីៗនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបំភ្លឺបកស្រាយជូនសាធារណជនយ៉ាងដូច្នេះថា អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។លុះដល់ម៉ោងប្រហែល ០០:៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថារថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការនិងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញទើបសមត្ថកិច្ចស្គាល់ថាជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។ បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។ដោយឡែកគឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។ ការចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងគឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

រដ្ឋមន្រ្តីក្រសួងការងារ៖ ការអនុវត្តបាននូវសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ គឺដើម្បីជ្រោងវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ការប្រារព្វខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព, និងអត្ថប្រយោជន៍ដល់កម្មករនិយោជិត, និងពង្រឹងយន្តការបង្ការនិងដោះស្រាយវិវាទការងារ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។ ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា ការជ្រើសរើសប្រធានបទសម្រាប់ឆ្នាំនេះ ក៏ផ្ដើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលដែលសម្តេចទាំងពីរចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិតចាប់តាំងពីឆ្នាំ២០១៧កន្លងមក។ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងថាការប្រារព្ធទិវានៅឆ្នាំនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារឰធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណែនាំដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាព រវាងកម្មករនិយោជិត និងនិយោជក។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាដើម្បីជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជកក្នុងវិស័យកាត់ដេរស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីប្រឡងប្រណាំង និងប្រែក្លាយការប្រឡងប្រណាំងនេះទៅជាចលនាជាតិមួយ សំដៅអភិវឌ្ឍវប្បធម៌អនុលោមភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកតម្កើងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាសនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ ក្នុងការកំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨។ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តី អរគុណចំពោះបងប្អូនថ្នាក់ដឹកនាំសហជីព ដែលបានសហការជាមួយក្រសួង សមាគមនិយោជក និងម្ចាស់រោងចក្រ សហគ្រាសនានា បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រកបដោយភាពចាស់ទុំ មានវិជ្ជាជីវៈ និងអរគុណដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់ការសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហជីព សមាគមនិយោជក ដែលបានធ្វើឱ្យគ្រប់គ្នាមានសមត្ថភាពកាន់តែប្រសើរ យល់កាន់តែច្បាស់អំពីតួនាទី៕

បង្ក្រាបក្រុម ជួញដូរគ្រឿងញៀនឆ្លងដែនយ៉ាងសកម្ម ចំនួន ០៦នាក់ និងរឹបអូសគ្រឿងញៀនជិត ២០០គីឡូក្រាម ព្រមទាំងទ្រព្យសម្បត្តិជាច្រើនលានដុល្លារ!
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅ ០៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់រួមមាន៖ទី១-នៅចំណុចទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វារទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែងទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឬស្សីកែវយ៉ាងណាមិញកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់រួមមាន៖១-ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយមានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនផងដែរ២-ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤៣-ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១៤-ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤៥-ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០៦-ឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩ចាប់យកវត្ថុតាង គ្រឿងញៀនមានដូចជា៖១-មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម២-កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម។ ចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមាន ៖ សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិកអចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃ រាប់លាន ដុល្លារអាមេរិក។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

KFC បិទហាងជាង១០០កន្លែង ក្នុងប្រទេសម៉ាឡេស៊ី ព្រោះមូលហេតុបែបនេះ
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ KFC បានកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ី ដោយបានបិទ ភោជនីយដ្ឋានជាង 100 ជាបណ្ដោះអាសន្ន បន្ទាប់ពីរយៈពេលជាច្រើនខែ ដើម្បីធ្វើពហិការដែលគាំទ្រ ប៉ាឡេស្ទីន ចំពោះអាជីវកម្មដែលភ្ជាប់ជាមួយសហរដ្ឋអាមេរិកដែលបង្កឡើង ដោយសង្រ្គាមដែល កំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។កាសែត Nanyang Siang Pau ជាភាសាចិនប្រចាំថ្ងៃ បាននិយាយថា យីហោ QSR ដែលជាម្ចាស់ និង ដំណើរការសិទ្ធិផ្តាច់មុខ KFC ក្នុងប្រទេសម៉ាឡេស៊ី កំពុងផ្អាកហាងចំនួន 108 ទូទាំងប្រទេស នេះបើយោងតាមព័ត៌មានពី Google Maps ។ប្រភពមួយនៅ QSR ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនមើលឃើញការធ្វើពហិការនេះ ជាឱកាសមួយដើម្បីបញ្ឈប់ប្រតិបត្តិការហាង KFC មួយចំនួនដែលបានថ្លឹងថ្លែងលើតារាង តុល្យការរបស់ខ្លួន។សាស្ត្រាចារ្យ Mohd Nazari Ismail ប្រធាន​ក្រុម​គាំទ្រ​ប៉ាឡេស្ទីន Boycott, Divestment, Sanctions Malaysia បានប្រាប់ ST “KFC មិនស្ថិតនៅក្នុងបញ្ជី BDS នៃក្រុមហ៊ុនគោលដៅនោះទេ។ ប៉ុន្តែ​ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​មើលឃើញថា​ប្រតិបត្តិករ​អាហារ​រហ័ស​របស់​អាមេរិក​ពាក់ព័ន្ធ​នឹង​អ៊ីស្រាអែល ​រួមទាំង KFC ផងដែរ​»​។​ ។ចាប់តាំងពីការធ្វើពហិការបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ 2023  KFC ក៏បានផ្លាស់ប្តូរយុទ្ធសាស្រ្ត ម៉ាកយីហោរបស់ខ្លួនផងដែរ ដោយមានសញ្ញានៅលើផ្ទាំងម៉ឺនុយ និងចែកចាយខិត្តប័ណ្ណ ដែលសង្កត់ ធ្ងន់ថា វាជាកម្មសិទ្ធិរបស់សាជីវកម្ម Johor ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលរដ្ឋ Johor ដើម្បីកាត់បន្ថយ ការធ្វើពហិការ។យោងតាមគេហទំព័រ QSR បានឱ្យដឹងថា មានភោជនីយដ្ឋាន KFC ច្រើនជាង 600 នៅក្នុងប្រទេស ម៉ាឡេស៊ី។KFC រួមជាមួយនឹងម៉ាកយីហោដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយចំនួនទៀត ដូចជា Starbucks និង McDonald's ក៏កំពុងប្រឈមមុខនឹងការធ្វើពហិការ ដោយសារតែការយល់ឃើញថា ហាងទាំងនេះ មានទំនាក់ទំនងជាមួយអ៊ីស្រាអែលចាប់តាំងពីសង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើមនៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2023៕​​​

រលកកម្តៅរហូតដល់៥០អង្សាសេនៅហ្វីលីពីន បានជះផលប៉ះពាល់ដល់វិស័យអប់រំ
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ម៉ានីល)៖ រលកកំដៅដ៏ក្តៅគគុកនៅក្នុងប្រទេសហ្វីលីពីន អាចទប់ស្កាត់ផលិតកម្មកសិកម្ម រំខានដល់ទឹក និងថាមពល និងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់និស្សិតផងដែរ ដោយរារាំង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីតាមឱ្យទាន់ប្រទេសជិតខាង ក្នុងវិស័យអប់រំ។សន្ទស្សន៍កំដៅបានឡើងដល់ 50 អង្សារសេនៅក្នុងតំបន់ផ្សេងៗក្នុងប្រទេសហ្វីលីពីន ដោយសារបាតុភូត អាកាសធាតុ El Nino បង្កើនកំដៅគ្របដណ្តប់ប្រទេសក្នុងរដូវក្តៅរបស់ខ្លួនពីខែមីនា ដល់ខែឧសភា។ហ្វីលីពីនទទួលបានពិន្ទុទាបបំផុតក្នុងពិភពលោកក្នុងផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ដែល មួយផ្នែកដោយសារតែការរៀនពីចម្ងាយមិនគ្រប់គ្រាន់ជាច្រើនឆ្នាំ ក្នុងអំឡុងពេលរាតត្បាត នេះបើយោងតាម កម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិដែលជាការសិក្សាអន្តរជាតិនៃប្រព័ន្ធអប់រំ។ទិន្នន័យរបស់ក្រសួងអប់រំបង្ហាញថា សាលារៀនរាប់ពាន់បានផ្អាកថ្នាក់រៀន ដោយសារកំដៅ ដែលប៉ះ ពាល់ដល់សិស្សជាង 3.6 លាននាក់។រលកកម្តៅ ដែលជាផ្នែកមួយនៃក្រុមដែលរីករាលដាលពាសពេញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយការប្រែប្រួលអាកាសធាតុ ធ្វើឱ្យសិស្សពិបាករៀន។យោងតាមអង្គការ Save the Children Philippines កុមារងាយរងគ្រោះជាពិសេសចំពោះ ជំងឺដែលទាក់ទងនឹងកំដៅ ដូចជាវិលមុខ ក្អួត និងដួលសន្លប់ នៅពេលដែលត្រូវកំដៅខ្លាំង ក្នុងរយៈ ពេលយូរ។សិស្សានុសិស្ស និងគ្រូបង្រៀនបានសម្តែងការព្រួយបារម្ភអំពីការលំបាកក្នុងការបង្រៀន និងការរៀន ពីចម្ងាយ ជាពិសេសនៅតំបន់ក្រីក្រ ដែលផ្ទះមិនអំណោយផល សម្រាប់ការសិក្សា និងអាចខ្វះលទ្ធភាព ប្រើប្រាស់ អ៊ីនធឺណិតបានល្អ៕

បណ្តាញសង្គម