(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផ្ញើសារលិខិតរំលែកមរណៈទុក្ខជូនចំពោះអ្នកឧកញ៉ា លាង ម៉េង អនុប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ គឹម ចាន់ណា ព្រមទាំងក្រុមគ្រួសារនៃសព។តាងនាមប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់ សូម សម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក ចំពោះមរណៈភាពរបស់ មហាឧបាសក អ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ជាឪពុកក្មេក អ្នកឧកញ៉ា លាង ម៉េង អនុប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ គឹម ចាន់ណា ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី១៧ខែ មេសា ឆ្នាំ២០២៤។នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីរំលែកទុក្ខជា មួយក្រុមគ្រួសារនៃសព ដែលនេះជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប បាត់បង់ស្វាមី បាត់បង់ឪពុក ប្រកប ដោយព្រហ្មវិហារធម៌ មានទឹកចិត្តសណ្តោសប្រណី ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី បម្រើកិច្ចការដែល ជាប្រយោជន៍សង្គមជាតិ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។ យើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្តីរន្ធត់ និងអាឡោះ អាល័យ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ជួយពាំនាំវិញ្ញាណក្ខន្ធ មហាឧបាសក អ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ទៅកាន់ទីឋានបរមសុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
(អន្តរជាតិ)៖ អាកាសយានដ្ឋានអន្តរជាតិឌូបៃបានបង្វែរជើងហោះហើរចូលជាច្រើនកាលពីថ្ងៃអង្គារ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសអារ៉ាប់រួម ដែលបណ្តាលឱ្យមានទឹកជំនន់រីករាល ដាលនៅជុំវិញប្រទេសវាលខ្សាច់។មជ្ឈមណ្ឌលអាកាសដ៏មមាញឹកបំផុតរបស់ពិភពលោកសម្រាប់អ្នកដំណើរអន្តរជាតិ ដែលត្រូវបានបោះ ឆ្នោតឱ្យថា ជាព្រលានយន្តហោះប្រណីតបំផុតរបស់ពិភពលោកដោយក្រុមហ៊ុន ធានារ៉ាប់រងការធ្វើ ដំណើររបស់ចក្រភពអង់គ្លេស AllClear បានបញ្ជាក់ពីការបញ្ឈប់ការមកដល់របស់ជើង ហោះហើរ នៅម៉ោង 7:26 យប់។ មុននេះ អាកាសយានដ្ឋានដែលរំពឹងថានឹងមានជើងហោះហើរជាង 100 មកដល់នៅល្ងាចថ្ងៃអង្គារនោះ បានបោះជំហានមិនធម្មតា នៃការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលខ្លី នៅក្នុងភាពវឹកវរ ដែលបណ្តាលមកពីព្យុះ។ទីក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅមជ្ឈិមបូព៌ា បានជាប់គាំងដោយសារភ្លៀងធ្លាក់ខ្លាំង ដែល បណ្តាលឱ្យមានទឹកជំនន់នៅទូទាំង UAE និង Bahrain ហើយបានបណ្តាលឱ្យមនុស្ស 18 នាក់ស្លាប់នៅ ក្នុងប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ។ទាំងប្រទេសអូម៉ង់ និង UAE ដែលជាម្ចាស់ផ្ទះកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 កាលពីឆ្នាំមុន បានព្រមានថាការឡើងកំដៅផែនដីទំនងជានឹងនាំឱ្យមានទឹកជំនន់កាន់តែច្រើន៕
(កម្សាន្ត)៖ វីដេអូមួយដែលបង្ហោះដោយទំព័រផេកឈ្មោះ Stung Treng Natural Life និងបានអមមកជាមួយខ្លឹមសារថា«កម្មវិធីវាយខែល បងប្អូនប្រហែលកម្របានឃើញ» កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាខ្លាំង។ យ៉ាងណាមិញក្រោយពីមហាជនបានឃើញនិងទស្សនានូវវីដេអូរួចឃើញថាល្បែងប្រជាប្រិយវាយខែលមួយនេះកំពុងក្លាយជាប្រធានបទវែកញែក រហូតមានមតិលើកឡើងពីរផ្សេងគ្នា។ ជាក់ស្ដែងយោងតាមរយៈការបង្ហោះវីដេអូខាងលើមានមតិមហាជនចម្រូងចម្រាសជាច្រើនដោយខ្លះបានលើកឡើងដោយពុំពេញចិត្តនូវល្បែងបែបនេះនោះទេដោយហេតុថាមើលទៅដូចជាការប្រើប្រាស់អំពើហិង្សា ឯខ្លះទៀតបានគាំទ្រយ៉ាងពេញទំហឹងព្រោះថានេះគ្រាន់តែល្បែងប្រជាប្រិយដែលបន្សល់ពីបុរាណ។ ទន្ទឹមនឹងនោះមតិទីមួយដែលពុំគាំទ្របានលើកឡើងនឹងអះអាងផ្សេងៗគ្នាថា៖-ល្បែងបែបនេះមិនបាច់គាស់រលីងយកមកលេងក៏បាន ព្រោះមើលទៅយកប្រាក់រង្វាន់ទៅទិញថ្នាំលាបរបួសមិនគ្រប់ទេ-ទោះជាប្រពៃណីក៏ដោយ បើយើងគិតក្នុងលំហូហេតុផល សមមិនសម ឆ្គងមិនឆ្គង មានប្រយោជន៍ឬអត់ប្រយោជន៍ នោះយើងនឹងដឹងថាប្រពៃណីណាគួររក្សារឬមិនគួររក្សារ-ល្បែងលេងបែបហ្នឹងទោះបីចាស់ពីដើមបង្កើតមកលេងតែខ្ញុំយល់ថាវាមិនត្រូវយកលេងទេ។មិនមែនអោយតែរបស់ពីដើមសុទ្ធតែត្រូវទាំងអស់នោះទេ។-ល្បែងបែបនេះដូចជាគ្មានអ្វីគួអោយចាប់អារម្មណ៍ទេដូចជាគ្មានអ្វីដែលទំនងសោះ វ៉ៃគ្នាឈឺតែសាច់នឹង។ដោយឡែកមតិទីពីរដែលបានគាំទ្រចំពោះល្បែងប្រជាប្រិយបែបនេះវិញនោះពួកគេបានព្យាយាមពន្យល់ក៏ដូចជាប្រាប់ពីប្រវត្តិនៃល្បែងមួយនេះយ៉ាងដូច្នេះថា៖-បេីកចិត្តឲ្យទូលាយ វាជាប្រពៃណី តាំងពីបូរាណកាលមក របស់ជនជាតិភាគតិច ! ហេីយគេក៏មានប្រទាល សម្រាប់ញុំា ការពារផងដែរ -នេះជាទំនាមទំម្លាប់នៅខាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងល្បែងនេះគេហៅថាវាយខែលគេលេងនៅពេលគេធ្វើបុណ្យប្រាសាទព្រះគោហើយបុណ្យប្រាសាទព្រះគោគេធ្វើជារាងរាល់ឆ្នាំហើយ អ្នកដែលឡើងលេងល្បែងនេះវាយអត់ចេះឈឺទេ នេះបើតាមខ្ញុំធ្លាប់លឺចាស់ៗនិយាយព្រោះអ្នកដែលលេងល្បែងនេះគឺចេះបាលីវាយអត់ចេះឈឺ។-ល្បែងប្រជាប្រិយរបស់បងប្អូនជនជាតិដើមភាគតិចគួយមានតាំងពីយូរលង់ណាស់មកហើយ ល្បែងប្រជាប្រិយមួយប្រភេទនេះមិនចាត់ទុកជាកីឡាទេព្រោះវាយមានលក្ខណៈជាប្រពៃណី លេងនៅពេលមានកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីញុាំងកម្មវិធីអោយកាន់តែអូរអរសប្បាយរីករាយក្នុងឆ្នាំថ្មី ក្នុងនោះទៀតសោតការប្រយុទ្ធគ្នា១ទល់១ដោយប្រើរំពាត់វិញធ្វើពីវល្លិ៍ផ្ដៅរីឯខែលធ្វើពីស្លឹកខ្ចៀញឬស្លឹកទ្រាំង បងប្អូនអ្នកស្រុកឆែបក៏ដូចជាអ្នកស្រុកថាឡាបរិវ៉ាត់តែងតែឃើញរៀបចំការប្រកួតវៃខែលជារៀងរាល់ឆ្នាំ ហើយការប្រកួតមិនខុសពីប្រដាល់ទេលើសង្វៀនគឺជាសត្រូវស៊ីសាច់ហុតឈាមចុះមកក្រោមវិញគឺជាបងប្អូនឬមិត្តភក្តិដ៏ល្អ ការវៃបែបនេះក៏មិនដែលឃើញបងប្អូនណាចូលពេទ្យដែរ ខ្ញុំជាអ្នកនៅស្រុកនិងផ្ទាល់ហើយក៏ជាកូនជនជាតិគួយមួយរូបដែរ។ទោះជាយ៉ាងណាក្ដីទាំងនេះគឺសុទ្ធតែជាការលើកឡើងនឹងយល់ឃើញទៅតាមគំនិតបុគ្គលនីមួយៗតែប៉ុណ្ណោះ លើសពីនោះផងដែរមហាជនដែលពុំគាំទ្រក៏មិនមែនមានន័យថារើសអើងនូវល្បែងប្រជាប្រិយប្រភេទមួយនេះផងដែរដោយគ្រាន់តែពួកគេមានហេតុផលនិងការយល់ឃើញផ្សេគ្នាតែប៉ុណ្នោះ៕