(ភ្នំពេញ)៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌។ លោក យិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធានសមាគមសហគ្រិនសារព័ត៌មានកម្ពជា ដែលទើបទទួលបានច្បាប់អនុ ញ្ញាតពីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានថ្លែងថា សមាគមនេះផ្តោតតែលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ សក្តានុពលវិនិយោគ ទេសចរណ៍ និងអចលនទ្រព្យជាដើម។ល។ លោកបញ្ជាក់ថា «ខ្ញុំគិតថា វាជាការចាំបាច់ណាស់ ក្នុងរួមគ្នាជាក្រុម ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាអោយស្រមតាមគោលនយោបាយអភិវឌ្ឍសដ្ឋកិច្ចជាតិ ឆ្នាំ២០៣០ប្រែក្លាយជាប្រទេស មានចំណូលធម្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។ លោក កៃ គឹមសុង ជាស្ថាបនិក និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មានឌីជីថល Amazadia Education (AE) ជាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានបន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងកង្វះខាតព័ត៌មានសេដ្ឋកិច្ច សម្រាប់វិនិយោគិនបរទេស ដែលចង់ស្វែងរកការដាក់ទន់វិនិយោគ ក្នុងប្រទេសមួយ ដែលមានច្បាប់វិនិយោគល្អនិងមានការទាក់ទាញ។លោក កៃ គីមសុង បានថ្លែងថា «ខ្ញុំគិតថា នៅពេលដែលយើងផ្សព្វផ្សាយ ពីសក្តានុពលរបស់ប្រទេសយើង អោយបានកាន់តែច្រើន នោះវិនិយោគិនបរទេស នឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំង»។ ស្ថាបនិកសមាគមផ្សេងទៀត រូមមាន លោក លីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asian Properties លោក សយ សុភា និពន្ឋនាយកសារព័ត៌មានដើមអំពិល លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មានCEN លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មានCCTIMES លោកស្រី ហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោក អ៊ុ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN ជាដើម បានយល់ស្របគ្នាថា មកដល់ឆ្នាំ២០២៤នេះ សារព័ត៌មានក្នុងស្រុកភាគច្រើនបាននិងកំពុងផ្តោត លើកត្តាសុខសន្តិភាព នយោបាយ និងសង្គម។ ប៉ុន្តែសមាគមនេះ ត្រូវបំពេញបន្ថែមនូវព័ត៌មានសេដ្ឋកិច្ច គ្រប់ទម្រង់សម្រាប់អ្នកអាន។ «អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមាន ដល់ប្រជាពលរដ្ឋឲ្យបានដឹង» នេះបើតាប្រធានសមាគម CEMEA លោក យីន លាងគង់។ លោក យិន លាងគង់ បានបន្តថា គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយលើកកំពស់មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រី ហានស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល និងជាអនុប្រធានសមាគម CEMEA បានយល់ស្របថា សារព័ត៌មានធំៗនៅកម្ពុជា បានផ្តោតលើផ្សព្វផ្សាយ រឿងសេដ្ឋកិច្ចតិចតួចណាស់ ព្រោះអ្នកសារព័ត៌មានជំនាញខាងសេដ្ឋកិច្ចនេះ មានចំនួនតិចតួចបំផុត។ ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើង ដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ខាងសេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន៕ដោយៈគង់ សូរិយា
(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ហើយការអភិវឌ្ឍធនធានមនុស្ស ក៏ជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាផងដែរ។ ក្នុង១ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណជិត ១ពាន់លានដុល្លារអាម៉េរិកលើវិស័យអប់រំ ដើម្បីរួមចំណែកលើកកម្ពស់ការចូលរៀន និងគុណភាពនៃការអប់រំនៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា និងពិធីលាងសាយភោជន៍សប្បុរសធម៌របស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកមនុស្សជាបេះដូងនៃយុទ្ធសាស្ត្រ ដោយក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាចំណែកយ៉ាងសំខាន់នៃស្នូល និងស្ទើរគ្រប់បញ្ចកោណនៃយុទ្ធសាស្ត្រនេះ។ លើសពីនេះ រាជរដ្ឋាភិបាលបានចាត់ទុកមនុស្សជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍ មានន័យថាពួកគេត្រូវការរស់នៅក្នុងសន្តិភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ និងវិបុលភាព ហើយមនុស្ស គឺជាដើមទុនដ៏មានតម្លៃបំផុត ដោយមនុស្សត្រូវមាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាព និងក្រមសីលធម៌ល្អ ដើម្បីជាទុនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត។ ដើម្បីបង្ហាញជាទស្សនវិស័យទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ទោះបីជាកន្លងមកវិស័យអប់រំមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្តី ដើម្បីឱ្យវិស័យនេះបន្តរីកចម្រើនទៅមុខទៀត ទាមទារឱ្យមានការគិតគូរគ្រប់ជ្រុងជ្រោយពីគ្រប់ទិដ្ឋភាព។ ក្នុងនោះ ក្នុងទិដ្ឋភាពថវិកា វិស័យអប់រំត្រូវទទួលបានការបែងចែកថវិកាសមរម្យ (allocative) និងត្រូវចំណាយថវិកាទាំងនោះប្រកបដោយប្រសិទ្ធភាព (efficiency) និងចំគោលដៅ សំដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំផង (access) និងគុណភាពនៃការអប់រំផង (quality)។ លើសពីនេះ បន្ថែមលើអភិក្រម«ការអប់រំសម្រាប់ទាំងអស់គ្នា» (Education for all) ក្នុងការអភិវឌ្ឍវិស័យអប់រំ ភាគីពាក់ព័ន្ធត្រូវចាប់យកបន្ថែមនូវអភិក្រម «ទាំងអស់គ្នាដើម្បីការអប់រំ» (All for education) ដើម្បីកៀរគររាល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល លោកគ្រូអ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ និងគ្រប់ភាគីក្នុងសហគមន៍ឱ្យចូលរួមក្នុងបុព្វហេតុលើកកម្ពស់ការអប់រំរបស់សិក្សានុសិស្ស ដែលសុទ្ធសឹងតែជាកត្តាចាំបាច់ ខានពុំបាន។ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ចាប់ដៃគូជាមួយគ្នា និង ជាមួយរាជរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពការងាររបស់គ្នាទៅវិញទៅមក ឱ្យបានច្បាស់លាស់ និងរួមគ្នាកសាងកម្មវិធី និងគម្រោងអប់រំ និងបណ្តុះបណ្តាល ដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ដើម្បីទាញយកផលជាអតិបរមាពីសហថាមភាព នៃកិច្ចសហប្រតិបត្តិការនេះ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យភាគីទាំងអស់រួមគ្នាគិតគូរ និងស្វែងរកដំណោះស្រាយថ្មីៗ (creative ways) ដើម្បីរួបរួមអភិវឌ្ឍវិស័យអប់រំ និងជាពិសេសផ្សារភ្ជាប់ការរៀបចំកម្មវិធីអប់រំទាំងអស់ ជាមួយនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ ដើម្បីធានាចីរភាពនៃការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបអង្គពិធីទាំងមូលអំពីការផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ដែលបានកៀរគរមូលនិធិអាហារូបករណ៍រហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ហើយប្រសិទ្ធនាមអាហារូបករណ៍នេះជា អាហារូបករណ៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាទឹកប្រាក់ទំហំ ១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជាវិភាគទានបន្ថែមដល់មូលនិធិអាហារូបករណ៍ខាងលើផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីកៀរគរវិភាគទានជូនអង្គការក្រៅរដ្ឋាភិបាល សម្រាប់បន្តរួមចំណែកក្នុងការលើកកម្ពស់ការអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា។ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើឱ្យសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចូលរួមផ្តល់ឱកាសបន្ថែមដល់កុមារាកុមារី យុវជនយុវនារី និងសិស្សានុសិស្សកម្ពុជាឱ្យទទួលបានឱកាសគ្រប់គ្រាន់ និងស្មើៗគ្នាក្នុងការទទួលបានការអប់រំដែលមានគុណភាព។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងរូបលោកផ្ទាល់ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យដល់ជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជាដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួលបានការងារធ្វើ និងទទួលបានការងារសមរម្យសម្រាប់ជួយជ្រោមជ្រែងគ្រួសារ។ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិត សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ ចំនួន១១២៨នាក់ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អតីតសិស្ស និស្សិត ឬសិក្ខាកាមដែលជាអ្នកបញ្ចប់ការសិក្សា និងកំពុងបម្រើការងារឬប្រកបមុខរបរផ្សេងៗ ដោយសារតែជំនាញបច្ចេកទេសវិជ្ជាជីវៈទាំងជាង១១០០នាក់នេះ នឹងអាចក្លាយជាអ្នកនាំសារនិងជាអ្នកផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាពបំផុតដើម្បីបំផុសឱ្យយុវជនមកពីគ្រួសារក្រីក្រ ឬងាយរងគ្រោះ ចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស។ ជំនាញបច្ចេកទេសដែលជាយន្តការផ្លូវការត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារធ្វើដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលជួយផ្សព្វផ្សាយឱ្យយុវជនដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេសដែលជាឈ្នាន់ឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។ឯកឧត្តមរដ្ឋមន្ត្រី អះអាងប្រាប់អង្គពិធីថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសត្រឹមត្រូវសម្រាប់យុវជនដែលត្រូវការចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារឱ្យកាន់តែធូស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែបន្តសិក្សាទៅមហាវិទ្យាល័យបានដដែល។ភ្ជាប់នឹងការអំពាវនាវនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់ជ័យលាភីទាំងអស់អំពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រដែលជាកម្មវិធីថ្នាក់ជាតិដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាដែលជាក្រុមគោលដៅមានជំនាញ និងមានឱកាសទទួលបានការងារសមរម្យឆាប់រហ័ស។ នៅចំពោះមុខជ័យលាភី និងសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាដែលបានបណ្តុះបណ្តាលជំនាញបច្ចេកទេសជាង៣០ឆ្នាំនៅកម្ពុជាដែលធ្វើឱ្យវិស័យឯកជនទទួលស្គាល់ពីគុណភាពនៃការបណ្តុះបណ្តាល៕