(ព័ត៌មានជាតិ)៖ ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន 6.7 លាននាក់ក្នុងឆ្នាំ 2024 កើនឡើង 23% ពីមួយឆ្នាំទៅមួយឆ្នាំ លើសប្រទេសហ្វីលីពីនដែលមានចំនួន 5.4 លាននាក់។ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា បានលើកសរសើរពីព្រឹត្តិការណ៍សំខាន់ នៃគោលនយោបាយផ្សព្វផ្សាយទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ផលិតផលទេសចរណ៍ និងការកែលម្អបដិសណ្ឋារកិច្ច និងសេវាកម្ម ដូចដែលបានរាយការណ៍ដោយកាសែតខ្មែរថាមស៍។លោកជំទាវបានបន្ថែមថា ប្រភពភ្ញៀវទេសចរកំពូលរបស់កម្ពុជារួមមាន ថៃ វៀតណាម ចិន ឡាវ និងអាមេរិក។ ផ្ទុយទៅវិញ ប្រទេសហ្វីលីពីន ដែលត្រូវបានគេស្គាល់ថាជាគោលដៅឆ្នេរចម្បងរបស់អាស៊ី បានធ្លាក់ចុះពីគោលដៅរបស់ខ្លួនក្នុងការមកដល់ 7.7 លាននាក់ពីបរទេស ទោះបីជាវាសម្រេចបាន ប្រាក់ចំណូលពីទេសចរណ៍ចំនួន 760.5 ពាន់លានដុល្លារ (13 ពាន់លានដុល្លារ) ក៏ដោយ។មុនការរាតត្បាតនៃជំងឺកូវីដ-១៩ ហ្វីលីពីនទទួលបានភ្ញៀវបរទេស ៨,២ លាននាក់ ច្រើនជាងកម្ពុជា ៦,៦ លាននាក់។ឆ្នាំ២០២៥នេះ កម្ពុជា បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់។ ដើម្បីសម្រេចបានគោលដៅនេះរដ្ឋាភិបាលកម្ពុជាគ្រោង នឹងសម្រួលនីតិវិធីនៃការស្នើសុំ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឱ្យប្រសើរឡើងនៃប្រតិបត្តិការ ទិដ្ឋាការអេឡិចត្រូនិក e-visa និង បានបញ្ចុះតម្លៃសម្រាប់ e-visa ចំនួន ២ ប្រភេទទៅដល់ភ្ញៀវទេសចរណ៍៕
ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។ នេះបើយោងតាម ការចុះផ្សាយពីសំណាក់មន្ទីរពេទ្យកាល់ម៉ែត្រ។ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ គេចាត់ ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី 4កែវស្តង់ដារក្នុងមួយថ្ងៃ ឬ15កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី 3កែវស្តង់ដារក្នុងមួយថ្ងៃ ឬ7កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។- (1កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%)- 150មល ស្រាក្រហម (អាល់កុល12%)- 45-50មល ស្រា whiskey (អាល់កុល 40-45%) ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។ “សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ”៕
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមដោយ បានពន្យល់អំពីមូលហេតុអ្វីបានជា ព័ត៌មាន និង សាធារណមតិ ក្នុងបរិបទឌីជីថល បច្ចុប្បន្ន មានលក្ខណៈពុះកញ្ជ្រោល ?យោងតាមការពន្យល់របស់ឯកឧត្តម ហ៊ុយ វណ្ណៈ បានឱ្យដឹងយ៉ាងដូច្នេះថា៖«ព័ត៌មាន និង សាធារណមតិ» នៅក្នុងបរិបទឌីជីថល!ហេតុអ្វី វាដុតរោល? ១- ខ្ញុំអាចវាយតម្លៃដោយកោតសរសើរថា សណ្តាប់ធ្នាប់ព័ត៌មានបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ។ បើប្រៀបធៀបពីដំណាក់កាលចាប់ផ្តើមប្រែប្រួលពីការផ្សាយបែបប្រពៃណី មកកាន់ការផ្សាយតាមអនឡាញ និងមកដល់ឥឡូវនេះ បងប្អូនសារព័ត៌មានអនឡាញ ក៏បានកែប្រែរបៀបផ្សាយបានល្អជាងមុនគួរឱ្យសរសើរ ទាំងវិធីសាស្ត្រផ្សាយ ខ្លឹមសារ និងសុជីវធម៌។២- ក៏ប៉ុន្តែ អ្វីដែលពុះកញ្ជ្រោលសព្វថ្ងៃ ហើយដែលស្ទើតែផុតពីសារព័ត៌មាន នោះគឺ «កំសួល» សាធារណមតិ ដែលមានបង្កប់សារជាតិនិងគោលបំណងរបស់វា។ ម្នាក់មានបណ្តាញសង្គម១ ឬ១០ ហើយបញ្ហាអ្វីក៏ដោយ បើវានៅត្រឹមបច្ចេកទេស វានឹងមិនធ្ងន់ធ្ងរទេ។ តែឥឡូវនេះ រហូតដល់អ្នកលេងសាធារណមតិខ្លះ ចេញមកស្តីបន្ទោសបងប្អូនសារព័ត៌មាន ថាម៉េចមិនផ្សាយរឿងនេះ ឬរឿងនោះ? «រឿងនេះនិងរឿងនោះ» គឺដើម្បីជួយបម្រើឱ្យគោលដៅដុតរោលសាធារណមតិនិងសតិអារម្មណ៍ ដើម្បីឱ្យប្រជាជន ខឹង ក្តៅក្រហាយស្អប់ ដាក់បន្ទុក និងការបន្ទោស ជាងគិតពិចារណាលើ «ហេតុនិងផល» និងដំណោះស្រាយ។ សូមចងចាំថា ការឱ្យសារព័ត៌មាន លោតចូលក្នុងសាធារណមតិ គឺដូច «ដុតគ្នាទាំងរស់»។ ក្នុងករណីនេះ សារព័ត៌មានបើនឹងផ្សាយ ក៏សូមកុំភ្លេចអាវក្រោះ គឺ «រូបមន្តតុល្យភាពដំណឹង»។ ក្តាប់ឱ្យគ្រប់ជ្រុង យកសំឡេងឱ្យគ្រប់ភាគី ជៀសវាងត្រឹមធ្វើជាមេក្រូបំពង។៣- ហេតុអ្វីសាធារណមតិពុះកញ្ជ្រោល? មូលហេតុ វាដដែលទេ ហើយជួនកាលបញ្ហាខ្លះ ក៏មិនធំដែរទេ។ ប៉ុន្តែ វារីកធំដោយសារ ឌីជីថល, AI, និង MMO ។ បញ្ហានេះ កើតមាននៅគ្រប់ប្រទេស។ គ្រាន់ថាសមត្ថភាពគ្រប់គ្រងសភាពការណ៍តាមទិដ្ឋភាព ច្បាប់ បច្ចេកទេស សមត្ថភាពចំណេះដឹង និងសីលធម៌ពលរដ្ឋ មិនដូចគ្នា។ ៤- បញ្ហាខាងលើនេះ យើងទាំងអស់គ្នាមានចំណែក។ យើងម្នាក់ៗអាចសួរខ្លួនឯង តើយើងចង់បានសង្គមអ្វីពិតប្រាកដ? ហើយយើងអាចរួមចំណែកដោយរបៀបណា ដើម្បីរួមចំណែកកសាងបរិយាកាសសង្គមមួយដែលនិយាយស្តាប់គ្នាបាន ប្រកបដោយហេតុនិងផល តាមដំណើរប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិភាព និងធានាការអភិវឌ្ឍន៍ជាបន្តបន្ទាប់ សម្រាប់អនាគតកូនចៅយើង៕