(ព័ត៌មានជាតិ)៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកឱរ៉ាល់ និងស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ នៅស្នាក់ការគណបក្ស។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានអនុញ្ញាតឱ្យប្រធានគណៈកម្មាធិការ គណបក្សស្រុក ដើម្បីរបាយការណ៍អំពីស្ថានភាពនៃការងារគណបក្ស និងលើកពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈម និងសំណូមពរ ពិសេសនោះគឺការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ នាពេលខាងមុខនេះ។ បន្ទាប់មកឯកឧត្តមបានផ្តល់ឱកាស ជូនប្រធានគណៈកម្មាធិការគណបក្សឃុំ និង ក្រុមការងារគណបក្សចុះជួយឃុំឡើងមានមតិ ចែករំលែកបទពិសោធន៍ និងលើកឡើងនូវបញ្ហាដែលជួបប្រទះ។ ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តមបានផ្តាំផ្ញើការនឹករលឹក និងថ្លែងអំណរគុណពីសំណាក់សម្តេចប្រធានគណបក្ស ជូនក្រុមការងារ និងគណបក្សស្រុក ឃុំ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក ឃុំ នៃស្រុកទាំងពីរ ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំដ៏មហាញឹក មកចូលរួមចូលរួមផ្តល់រាយការណ៍ ផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍ មកកាន់អង្គប្រជុំ។ សរុបមតិនៃអង្គប្រជុំទាំងពីរស្រុក ឯកឧត្តមបានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ ដែលបានរួមគ្នា ពុះពារនាំមកនូវភាពជោគជ័យជូនគណបក្សនាពេលកន្លងមក។ ជាមួយនេះ ឯកឧត្តមបាន ផ្តល់អនុសាសន៍ដល់ ក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលប្រជាជនជួបប្រទះតាមលទ្ធផលដែលអាចធ្វើទៅបាន និងបន្តរក្សាសាមគ្គីឯកភាពទាំងទស្សនះ និងគោលជំហរ រួមទាំងរបៀបរបបធ្វើការងារ ដើម្បីនូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទីព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ ដោយរោគាពាធ។សពរបស់លោកនឹងតម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
(សុខភាព)៖ ចាស់តាំងពីសម័យមុននៅតែមានការប្រកាន់ខ្ជាប់ទំនៀមទម្លាប់បែបបុរាណ សំរាប់ស្ត្រីដែលទើបសម្រាលកូនរួច ដោយចាស់ៗភាគច្រើន តែងមានការហាមឃាត់ ឬតម្រូវឱ្យអ្នកម្ដាយសរសៃខ្ចី មិនត្រូវធ្វើនេះធ្វើនោះ ដើម្បីកុំឱ្យទាស់កូនខ្ចី។ ពាក់ព័ន្ធជាមួយការហាមឃាត់ និងដំណមមួយចំនួនសម្រាប់ស្ត្រីដែលសម្រាលកូនរួចពិតជាមានអាការៈទាស់មែនទេ? លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ស្ត្រីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេងក្រោយសម្រាលកូន ភាគច្រើនបណ្តាលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម។ ខាងក្រោមនេះ គឺជាប្រភេទនៃការទាស់ និងមូលហេតុ៖ ១- ទាស់បែកស្រកា៖ ការទាស់បែបនេះ អាចបណ្តាលមកពីការញ៉ាំអាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលធ្វើឲ្យស្បែកស្ងួត ឬបែកស្រកា។ ២- ទាស់មានអាការៈគ្រុន៖ ភាគច្រើនការទាស់បែបនេះ អាចបណ្តាលមកពីការសម្រាលគ្មានអនាម័យត្រឹមត្រូវ នៅផ្ទះ ឬឆ្មបបុរាណ ព្រោះដៃឆ្មបដែលគ្មានជំនាញមិនស្អាត ដែលធ្វើឲ្យមេរោគចូលទៅក្នុងស្បូន ឬការយកសុកចេញមិនអស់ជាដើម។ ៣- ទាស់ដំណេក៖ ក្រោយពេលសម្រាលកូនហើយភ្លាម ស្ត្រីគ្រប់រូបត្រូវតមរួមភេទពី១ខែកន្លះ ទៅ៣ខែ ដើម្បីឲ្យស្បូនត្រលប់មកភាពដើមវិញ។ ប៉ុន្តែប្រសិនស្ត្រីរួមភេទ ខណៈស្បូនមិនទាន់ជាសះស្បើយ អាចបណ្តាលឲ្យរបួសក្លាយ ហើយកើតអាការៈផ្សេង។ ៤- ទាស់មានសភាពស្គមរីងរៃ៖ ការទាស់បែបនេះ អាចបណ្តាលមកពីស្ត្រីតមអាហារជ្រុល ធ្វើឲ្យរាងកាយមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយរាងកាយប្រែជាគ្មានសាច់ឈាមឡើយ។ ៥- ទាស់ស្ពឹកអវយវៈ៖ ទាស់ប្រភេទនេះភាគច្រើនកើតមាននៅលើជើងខាងឆ្វេង ហើយរីករាលដាលទៅខាងស្កាំ និងដៃទាំង ២ តែម្តង។ អាការៈទាស់បែបនេះក៏អាចបណ្តាលមកពីមូលហេតុដូចចំណុចទី ២ ដែរ គឺការសម្រាលគ្មានអនាម័យត្រឹមត្រូវ ដែលធ្វើឲ្យមេរោគជ្រៀតចូលទៅក្នុងសរីរាង្គបន្តពូជ៕