
ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមករា ថា ៖ កម្ពុជាធ្វើពិពិធកម្មទៅកាន់ពិភពលោកកាន់តែធំ ដោយបើកទីផ្សារថ្មីៗនាំចេញផលិតផលកើនដល់១៦៩ប្រទេស ក្នុងឆ្នាំ២០២៥។លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងបន្តថា ៖ ការកើនឡើងទីផ្សារថ្មីសម្រាប់នាំចេញផលិតផល នឹងជួយចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នៃតំបន់ នៃទីផ្សារតំបន់និងសកល ព្រមទាំងបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ នៅក្នុងខ្សែច្រវាក់តម្លៃសម្រាប់ផលិតកម្មនិងវិនិយោគិន។ បើតាម លោកជំទាវ ចម និម្មល ក្នុងឆ្នាំ២០២៥ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, អាស៊ាន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, កាណាដា, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ, អូស្ត្រាលី, ឥណ្ឌា, អេមីរ៉ាត់អារ៉ាប់រួម ជាដើម សម្រេចបានទំហំពាណិជ្ជកម្ម ក្នុងទឹកប្រាក់ប្រមាណជិត៦៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារធ្វើដំណើរនិងកាបូប, អង្ករ, គ្រាប់ស្វាយចន្ទី, ស្ករត្នោត, ដំឡូងមី, សំបកកង់ឡាន, ជ័រកៅស៊ូ, គ្រឿងអេឡិចត្រូនិក, កង់, ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង, គ្រឿងសង្ហារិម ចំណីសត្វជាដើម។ល។ លោកជំទាវ ចម និម្មល បានអះអាងថា ក្រសួងពាណិជ្ជកម្ម នឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មីៗ ព្រមទាំងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក និងរក្សាស្ថិរភាពទីផ្សារក្នុងស្រុក៕

(ដាកា)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិដាកាបាននិយាយថា ប្រទេសបង់ក្លាដែស និងប៉ាគីស្ថាននឹងចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញបន្ទាប់ពីជាងមួយទសវត្សរ៍ ខណៈដែលទំនាក់ទំនងកាន់តែក្តៅគគុក និងតុល្យភាពអំណាចក្នុងតំបន់ផ្លាស់ប្តូរ។ក្រុមហ៊ុនអាកាសចរណ៍ Biman Bangladesh Airlines គ្រោងនឹងហោះហើរជើងហោះហើរដំបូងរបស់ខ្លួនពីដាកាទៅការ៉ាជីនៅថ្ងៃទី 29 ខែមករា ហើយនឹងត្រូវដំណើរការពីរដងក្នុងមួយសប្តាហ៍ ដែលជាជើងហោះហើរធម្មតាលើកដំបូងចាប់តាំងពីឆ្នាំ 2012។លោក Bosra Islam អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ AFP ថា យើងកំពុងចាប់ផ្តើមឡើងវិញនូវផ្លូវដាកា-ការ៉ាជីជាមួយនឹងជើងហោះហើរពីរក្នុងមួយសប្តាហ៍។ប្រទេសបង់ក្លាដែស និងប៉ាគីស្ថាន ដែលបែងចែកតាមភូមិសាស្ត្រដោយប្រទេសឥណ្ឌាជាង 1500 គីឡូម៉ែត្រ ធ្លាប់ជាប្រទេសតែមួយ។ ពួកគេបានបែកបាក់គ្នាបន្ទាប់ពីសង្គ្រាមដ៏ជូរចត់ក្នុងឆ្នាំ 1971។អ្នកធ្វើដំណើររវាងបង់ក្លាដែស និងប៉ាគីស្ថានបច្ចុប្បន្នត្រូវតែប្រើប្រាស់ជើងហោះហើរតភ្ជាប់តាមរយៈមជ្ឈមណ្ឌលឈូងសមុទ្រដូចជាឌូបៃ និងដូហា៕

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមាន ឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នរដ្ឋ និង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។ សូមបញ្ជាក់ជូនថានេះក៏ជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង ៖ (១) ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥, (២) ការវាយតម្លៃអំពី ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងសំណូមពរ, និង (៣) កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លង គឺពិតណាស់កើតចេញពីការតម្រង់ទិសជាប់ជាប្រចាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍ បានខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈម។ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិការណ៍និងអរិភាពដែលកើតមានឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក មានដូចជា ទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតាងតឹង, ការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាកាលៈទេសៈដ៏លំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និង ពង្រឹងភាពម្ចាស់ការបន្ថែមទៀត។ក្នុងន័យនេះ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម៉្យាង បន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និង ម៉្យាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់។



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
