វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
អតីតពលករ និងពលរដ្ឋខ្មែរជិត ១ពាន់នាក់បានចូលរួម ទទួលបានការងារ និងចុះឈ្មោះរៀនជំនាញបច្ចេកទេសក្នុងវេទិកាការងារនៅខេត្តកំពង់ចាម
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦

(កំពង់ចាម)៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជិត ១ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៩៨០នាក់បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។លោកបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋបានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ២២នាក់ ចំណែកអ្នកជាប់ការងារសរុប ១១២នាក់ (តួលេខបឋម) ទទួលបានការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ៕

អ្នកសារព័ត៌មាន និងតំណាងសហជីព ចុះទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីស្វែងយល់ពីការអភិវឌ្ឍជំនាញ និងឱកាសការងារសម្រាប់អតីតពលករវិលត្រឡប់មកពីប្រទេសថៃ
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦

(ស្វាយរៀង)៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ និងតំណាងសហជីព បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តកម្មវិធីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្របងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការអភិវឌ្ឍជំនាញ ការទទួលស្គាល់បទពិសោធន៍ការងារ និងការភ្ជាប់ទៅកាន់ឱកាសការងារក្នុងស្រុក។ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ហាញឱ្យសាធារណជន និងដៃគូពាក់ព័ន្ធបានឃើញពីវិធានការជាក់ស្តែង ដែលបានអនុវត្ត ដើម្បីជួយឱ្យបងប្អូនអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ អាចបន្តអាជីព មានការងារសមរម្យ បង្កើនប្រាក់ចំណូល និងរស់នៅប្រកបដោយស្ថិរភាពនៅក្នុងប្រទេស។ក្នុងឱកាសនោះ អ្នកចូលរួមបានទស្សនាពីដំណើរការវាយតម្លៃសមត្ថភាព ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(Recognition of Prior Learning – RPL) ការបណ្តុះបណ្តាលជំនាញ ការណែនាំអំពីកម្មវិធី TVET ១.៥M និងឱកាសការងារពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលកំពុងជួយភ្ជាប់អតីតពលករទៅកាន់ឱកាសការងារនៅក្នុងរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងបណ្តាខេត្តជិតខាង។គណៈប្រតិភូក៏បានជួបសំណេះសំណាលជាមួយបងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយបានចែករំលែកបទពិសោធន៍អំពីការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ការធ្វើតេស្តទទួលស្គាល់ជំនាញ ការបណ្តុះបណ្តាលបន្ថែម និងការទទួលបានការងារថ្មីដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ មិនត្រឹមតែជាការទទួលស្វាគមន៍ពួកគាត់ត្រឡប់មកមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តបង្កើតឱកាសឱ្យពួកគាត់មានជំនាញដែលស្របទៅតាមតម្រូវការទីផ្សារការងារ ទទួលបានការងារសមរម្យ និងអាចកសាងអនាគតរបស់ខ្លួននៅកម្ពុជា។»ឯកឧត្តមបានបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រនានាក្នុងខេត្តស្វាយរៀង ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការអភិវឌ្ឍជំនាញ ការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស និងការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា។គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានទទួលធ្វើតេស្តវាយតម្លៃសមត្ថភាពលើជំនាញផ្សារអគ្គិសនី ដល់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃបានចំនួន ១៦០នាក់​ ក្នុងនោះអ្នកទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១២២នាក់ និងអ្នកទទួលបានលិខិតបញ្ជាក់ក្រេឌីតចំនួន ៣៨នាក់៕

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ) ៖ «ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ទើប KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក។ ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រង ភាគហ៊ុន ១០០% ដោយ ជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេសដល់យុវជនខ្មែរជំនាន់ក្រោយ។ លើសពីនេះគឺចូលរួមអភិវឌ្ឍធនធានមនុស្ស បង្កើតបុគ្គលិកជំនាញ និងឱកាសការងាររាប់រយកន្លែងសម្រាប់    សហគមន៌យើងផងដែរ » នេះជាការថ្លែងរបស់អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KNN GROUP ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ដែលប្រារព្ធឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ពិធីដ៏ឱឡារឹកនេះ ទទួលបានការផ្តល់កិត្តិយសចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តវិនិយោគដ៏ធំសម្បើមនេះ នៅក្នុងតំបន់ដែលនឹងចូលរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល KNN Group និងលោកជំទាវ, គណៈគ្រប់គ្រងជាន់ខ្ពស់, បុគ្គលិក, ដៃគូអាជីវកម្ម, អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនកុះករ។ឆ្លៀតក្នុងឪកាសនេះដែរ ឯកឧត្តម ជា វុទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា« ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុន KNN GROUP ដែលបានជឿជាក់លើរដ្ឋាភិបាលកម្ពុជា និងសូមអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធានាឲ្យគម្រោងនេះអនុវត្តបានដោយរលូន និងទទួលបានជោគជ័យស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលសម្តេចបានគូសបញ្ជាថា កម្ពុជាមិនមែនចង់បានតែការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ »គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។ចំណុចពិសេសរបស់រោងចក្រនេះ គឺការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ (AGV) នៅគ្រប់ដំណាក់កាលផលិត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់។ ក្រៅពីខ្សែសង្វាក់ផលិតកម្មដ៏ទំនើប KNN Group ក៏បានវិនិយោគលើផ្លូវសាកល្បងរថយន្ត (Test Track) ប្រវែង ១,៣៣៥ ម៉ែត្រ ដែលជាផ្លូវសាកល្បងវែងតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើតេស្តគុណភាពរថយន្តគ្រប់គ្រឿងមុនពេលបញ្ជូនទៅដល់ដៃអតិថិជន។ លើសពីនេះ រោងចក្រផ្តោតសំខាន់លើនិរន្តរភាពបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត (Green Energy) និងបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា។គម្រោងនេះត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មីដ៏សំខាន់មួយទៀត ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ខេត្តកណ្តាលឱ្យមានសន្ទុះកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនគុណភាពធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រាក់ចំណូលគ្រួសារ ទាំងនេះសុទ្ធតែស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញឧស្សាហកម្មក្នុងស្រុក ៕សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនង៖ 017 713 713

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតាំងលោក គិត ស៊ូឡា ជាអគ្គនាយករងថ្មី ដើម្បីជំរុញកំណើន និងពង្រឹងអភិបាលកិច្ច
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងតាំងឆ្នាំ១៩៩១ បានប្រកាសតែងតាំងជាផ្លូវការ លោក គិត ស៊ូឡា ជាអគ្គនាយករង ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។ ការតែងតាំងដ៏សំខាន់នេះ ត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំចំពោះសមត្ថភាពភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់លោក គិត ស៊ូឡា ក្នុងការរួមចំណែកជំរុញការរីកចម្រើន និងភាពជោគជ័យរយៈពេលវែងរបស់ក្រុមហ៊ុន។ក្នុងតួនាទីថ្មីនេះ លោក គិត ស៊ូឡា នឹងរាយការណ៍ដោយផ្ទាល់មកកាន់អ្នកឧកញ៉ា គិត ម៉េង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ក្នុងការត្រួតពិនិត្យ និងដឹកនាំអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ភារកិច្ចសំខាន់ៗរបស់លោក រួមមានការគាំទ្រដល់ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រុមហ៊ុន តាមដានលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដឹកនាំគម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗ ជំរុញកិច្ចសហការរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងតំណាងឱ្យអ្នកឧកញ៉ា គិត ម៉េង ក្នុងកិច្ចការយុទ្ធសាស្ត្រ ព្រមទាំងភារកិច្ចពិសេសនានា តាមការប្រគល់សិទ្ធិ។តួនាទីរបស់លោក គិត ស៊ូឡា នឹងមានសារៈសំខាន់ក្នុងការចូលរួមពង្រឹងអភិបាលកិច្ចល្អ ជំរុញការផ្លាស់ប្តូរអាជីវកម្ម និងជំរុញការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានអាយុកាលជាង៣៥ឆ្នាំ។ អ្នកឧកញ៉ា គិត ម៉េង មានទំនុកចិត្តយ៉ាងមុតមាំថា លោក គិត ស៊ូឡា នឹងបំពេញតួនាទី និងការទទួលខុសត្រូវដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវស្ដង់ដារខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំ សុចរិតភាព និងវិជ្ជាជីវៈ ដើម្បីរួមគ្នាកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឱ្យក្លាយជាក្រុមហ៊ុនឈានមុខ និងទទួលជោគជ័យបំផុតមួយនៅក្នុងតំបន់។ក្រៅពីសមត្ថភាពដឹកនាំក្រុមហ៊ុនលោក គិត ស៊ូឡា ក៏ជាឧកញ៉ាសប្បុរសធម៌មួយរូបនៅកម្ពុជាក្នុងការបរិច្ចាគថវិកា និងសម្ភារៈជាច្រើនដល់កាកបាទក្រហម ក៏ដូចជាចូលរួមបរិច្ចាកដល់រាជរដ្ឋាភិបាលផងដែរ។ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានអំពាវនាវដល់បុគ្គលិកទាំងអស់ផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់លោក គិត ស៊ូឡា ដើម្បីឱ្យលោកអាចបំពេញតួនាទីដ៏សំខាន់នេះប្រកបដោយជោគជ័យ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នៅគេហដ្ឋាន
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ​​ដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ​ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅគេហដ្ឋាន ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងសម្ដេច ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ ​ជានិច្ចកាល សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែ​យកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន មានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងសូមសម្ដែងកតញ្ញុតាធម៌គោរពជូនចំពោះ ​សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានចាត់ ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាមកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយស និងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍និងបវេណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា»​ និងបានបញ្ជាក់ពីការគាំទ្រ ព្រមទាំងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ​និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​សម្ដេច ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តម​ធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីជាបទពិសោធចែករំលែកជូនដល់យុវជន មានដូចជា៖ក. តំណែងតំណាងរាស្ត្រ និងការងារនយោបាយ៖ ចាប់ពីនីតិកាលទី១ នៃរដ្ឋសភា ដល់នីតិកាលទី៥ នៃរដ្ឋសភាឆ្នាំ១៩៩៣-២០១៨ ​ជាអ្នកតំណាងរាស្ត្រ ​។ ឆ្នាំ១៩៩២-១៩៩៧ ​ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី ខេត្តតាកែវ។ ឆ្នាំ២០០១​ ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឆ្នាំ២០០៥ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ឆ្នាំ១៩៩៧-២០២១ ​ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់​កណ្តាលចុះជួយស្រុកត្រាំកក់។ ឆ្នាំ២០២១ ដល់បច្ចុប្បន្ន ​ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់។ ​ខ. ប្រវត្តិការសិក្សា៖ ​ឆ្នាំ១៩៥៨ ​សិក្សាថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាសម្ពោធិញាណ។ ​ឆ្នាំ១៩៦៣-១៩៦៦ សិក្សានៅវិទ្យាល័យព្រះឧទ័យ (តាកែវក្រុង) ​ឆ្នាំ១៩៦៧-១៩៦៨ មកសិក្សានៅវិទ្យាល័យចៅពញ្ញាយ៉ាត ​និង​ឆ្នាំ១៩៦៨-១៩៦៩ នៅវិទ្យាល័យស៊ីសុវត្ថិ​ ដោយទទួលបានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និង​ធម្យមសិក្សាប័ត្រភាគទី១។ ​បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទក្សេត្រវិទ្យា និងជាវិស្វករក្សេត្រវិទ្យា (គង្គា-រុក្ខា)។ ​​ឆ្នាំ១៩៨៥-១៩៩១ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសភាសេដ្ឋកិច្ចនៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត។ ឆ្នាំ២០០៦ ទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាឯកទេសវិទ្យាសាស្ត្រកសិកម្ម និងអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ឆ្នាំ២០០៧ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកកសិកម្ម ពី Chonnam National University នៃសាធារណរដ្ឋកូរ៉េ និងសញ្ញាបត្របណ្ឌិតកិត្តិយសនៃការគ្រប់គ្រងពាណិជ្ជកម្ម (Honoris Causa) ពី Southern California University។គ. គោរមងារជាន់ខ្ពស់៖  ឆ្នាំ២០១២ ទទួលបានបណ្ឌិតសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកសិកម្ម តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥១២/៤៣០ ។ ឆ្នាំ២០២០ ទទួលបានព្រះរាជក្រឹត្យស្តីពីការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា គោរមងារជា «បណ្ឌិតសភាចារ្យ»។ឃ. ប្រវត្តិការងារ និងស្នាដៃ៖ ​ឆ្នាំ១៩៧៩ ចូលបម្រើការងារជាបុគ្គលិក KAMPEXIM នៅក្រសួងពាណិជ្ជកម្ម។ ​ឆ្នាំ១៩៧៩-១៩៨៧ ជាអនុប្រធានទី១ នៃនាយកដ្ឋានរុក្ខាប្រមាញ់។ ​ឆ្នាំ១៩៨៧-១៩៩៧ ជាប្រធាននាយកដ្ឋានរុក្ខាប្រមាញ់។ ​ ឆ្នាំ១៩៩៧-១៩៩៨ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។​ ឆ្នាំ១៩៩៨-២០០០ ជាសមាជិកសភា។ ​ ឆ្នាំ២០០០-២០០១ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ​ឆ្នាំ២០០១-២០១៣ ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ​ឆ្នាំ២០១៣-២០១៨ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ​ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ជាសមាជិករដ្ឋសភា។ បានកសាងបណ្ណាល័យនិងសារមន្ទីរបណ្ឌិតសភាចារ្យ ច័ន្ទសារុន មួយកន្លែងស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកបទពិសោធ ​ដល់យុវជនគណបក្ស ដូចខាងក្រោម៖​សម្ដេចអគ្គមហាសេនាបតីតេជោ តែងមានប្រសាសន៍ថា កម្លាំងសាមគ្គីជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមយ៉ាងកក់ក្ដៅទៅលើកម្លាំងយុវជនបន្តវេន ដែលជាកម្លាំងចលករក្នុងការដឹកនាំនាវាកម្ពុជា ដើម្បីឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាព និងភាពរុងរឿងជានិរន្តរ៍។វិស័យកសិកម្ម គឺជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋាននៃជីវភាពប្រជាកសិករភាគច្រើននៅជនបទ។ ដូច្នេះ មន្ត្រីជាយុវជនត្រូវចុះទៅដល់មូលដ្ឋាន ស្តាប់សំឡេងប្រជាកសិករ និងរៀនសូត្រពីការអនុវត្តជាក់ស្តែង។ ដើម្បីអភិវឌ្ឍកសិកម្មនិងវប្បកម្ម ឱ្យស្របតាមសម័យទំនើប ការផ្លាស់ប្ដូពីការធ្វើកសិកម្មតាមបែបប្រពៃណីទៅជាកសិកម្មវ័យឆ្លាត គឺជារឿងចាំបាច់បំផុត។មន្ត្រីគណបក្សត្រូវស្មោះត្រង់នឹងគណបក្ស ធ្វើការងារបម្រើគណបក្ស និងត្រូវខិតខំធ្វើខ្លួនឱ្យល្អ ដើម្បីចូលរួមបម្រើគណបក្សនិងប្រទេសជាតិឱ្យមានការរីកចម្រើន។ការសិក្សារៀនសូត្រមាននៅគ្រប់ទីកន្លែង​ គ្រប់ពេលវេលា ដូច្នេះខ្ញុំសូម​អញ្ជើញ​យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ អញ្ជើញចូលសិក្សាស្រាវជ្រាវនៅបណ្ណាល័យនិងសារមន្ទីរ ដែលខ្ញុំបាទ និងក្រុមគ្រួសារបានកសាង ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។សូមគាំទ្រលើសកម្មភាពចុះសួរសុខទុក្ខ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលបន្តប្រពៃណីដ៏ល្អរបស់សម្ដេចតេជោ។ សកម្មភាពនេះជាការផ្សារភ្ជាប់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរវាងសមាជិកគណបក្សគ្រប់រូប និងគ្រប់ជាន់ថ្នាក់ ហើយសូមឱ្យបន្តសកម្មភាពដ៏ប្រពៃនេះ ឱ្យកាន់តែទូលំទូលាយ។ឯកឧត្តមប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលបានចូលរួមចំណែកបម្រើគណបក្ស និងប្រជាជននាពេលកន្លងមក ជាពិសេសក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕

លោក ទីវ តារារិទ្ធ គឺជាទូតសុឆន្ទៈទេសចរណ៍ម្នាក់ប្រកបដោយការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ តាមរយៈបេសកកម្មជិះកង់ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ទីវ តារារិទ្ធ អ្នកធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងចែករំលែកបទពិសោធពីការជិះកង់ពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវ 58,000 km ដោយឆ្លងកាត់ប្រទេសសរុប ៤០ និងប្រើរយៈពេល ២ ឆ្នាំពេញ ឬស្មើនឹង ៧៣០ថ្ងៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធ ការតស៊ូ និងស្មារតីស្រឡាញ់ជាតិពីសំណាក់លោក ទីវ តារារិទ្ធ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក។សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រដល់បេសកកម្មនៃការបើកបរទោចក្រយានយន្ត ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Calypso Motors និងក្រុមហ៊ុន ជីប ម៉ុង ។ ជាក់ស្តែង គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ គឺពិតជាបានចូលរួមចំណែកជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និង គាំទ្រនូវរាល់បេសកកម្មនានាដែលនាំ អច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ដើម្បី នាំពិភពលោកមកកម្ពុជាវិញ៕

ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺន​ក​ន្លែង​នៅ​តាម​បណ្តា​រាជ​ធានី-ខេត្តទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីត​ពលករ​ត្រឡប់​មក​ពីប្រទេសថៃ និងអ្នកកំពុង​ស្វែងរកការងារធ្វើ។ នេះ​បើតាមការផ្សព្វផ្សាយរបស់ ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈកា​រផ្សព្វផ្សាយ ក្រសួងការ​ងារបានឱ្យដឹ​ងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩៣,២៧៦កន្លែង​​នៅ​តាម​ណ្ដា​រាជ​ធានី-ខេត្តនៅទូ​ទាំងប្រទេស កំពុងរង់​ចាំបងប្អូនអតីតពល​ករត្រឡប់ម​កពីប្រទេសថៃ និងអ្នកកំពុ​ងស្វែងរកការងារធ្វើ។ ឱកាសការងា​រទាំង​នោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ​ទំនាក់ទំ​នង ឈ្មោះ​រោងចក្រ និងវិស័​យដែល​ខ្លួនពេញចិត្តបា​ន​តាមរយៈខិត្តប័​ណ្ណការងាររប​ស់ក្រសួងដែល​បានផ្សព្វ​ផ្សាយ​យ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់​ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួ​ងការងា​រ​ដដែ​ល​៕

យុវតី ឈឿម កែវ​កាវ៖ អតីត​សិស្សនិ​ទ្ទេស A ជ្រើស​រៀន​ជំនាញ Software Engineering នៅ​ក្នុងវិ​ស័យ TVET ព្រោះមើលឃើញឱកាសការងារខ្ពស់
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ យុវតី ឈឿម កែវកាវ ជាអតីតសិស្សនិទ្ទេស A ក្នុងឆ្នាំ ២០២៥ ដែលមកពីតំបន់ដាច់ស្រយាល ក្នុងខេត្ដបន្ទាយមានជ័យ បាន​សម្រេច​ចិត្ដ​ជ្រើស​រើស​សិក្សាជំនាញ Software Engineering នៅវិទ្យាស្ថានជាតិពុហបច្ចេកទេសកម្ពុជា (NPIC) តាមរយៈវិស័យអប់រំ​បណ្តុះប​ណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈ(TVET) ដោយសារសម្ដឹងឃើញគុណភាពអប់រំ មានសមត្ថភាពប្រកួតប្រជែង និងឱកាសការងារខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា។ទោះបីជា​មានជម្រើស​សិក្សា និងឱកាស​អាហារូបករណ៍ជា​ច្រើន ក្រោ​យពីប្រឡងបា​ក់ឌុបក៏​ដោយ យុវតីរូប​នេះ នៅតែ​សម្រេច​ចិត្ដ​ជ្រើស​រើស​សិក្សា​នៅ​វិទ្យា​ស្ថាន NPIC លើ​ជំនា​ញ Software Engineering បន្ទាប់ពី​បានស្វែង​យល់អំពីគុណ​ភា​ពនៃការ​បណ្តុះបណ្តាល បរិក្ខារ​សិក្សាទំ​នើប និង​សា​ស្ត្រា​ចារ្យ ដែលមានបទពិសោ​ធន៍ ព្រម​ទាំងទទួល​បានការណែនាំពី​អតីតសិស្ស​ដែលធ្លាប់សិក្សានៅទីនោះ។យុវតី កែវកាវ បាន​លើកឡើ​ងថា៖«កត្ដាដែលជំរុញឱ្យខ្ញុំមក​រៀ​នជំនាញ Software Engineering​​ នេះ​​ដោយ​សារតែ ខ្ញុំស្រ​ឡាញ់​ផ្នែកប​ច្ចេក​វិទ្យា និង​ចង់សិ​ក្សាពីកា​របង្កើ​តពីក​ម្មវិធី ឬប្រព័ន្ធ​ដែលអា​ចដោះ​ស្រាយប​ញ្ហាក្នុង​ជីវិត​ប្រចាំថ្ងៃ។ ម្យ៉ាង​ទៀត ជំនាញ​នេះក៏មា​នត​ម្រូវ​ការខ្ព​ស់នៅ​ក្នុងទី​ផ្សារ​ការងា​រខ្ពស់ទាំងក្នុង និងក្រៅ​ប្រទេស ព្រោះវិស័យបច្ចេកវិទ្យាដើរទៅមុខយ៉ាងលឿននា​ពេល​បច្ចុប្ប​ន្ន​នេះ​»។យុវ​តីរូប​នេះ បាននិ​យាយ​ដោយ​ភាព​សប្បាយ​រីករាយថា ខ្លួនទ​ទួលបា​នអាហារូបករ​ណ៍ ១០០% រយៈ​ពេល ៤ឆ្នាំនៅ​វិទ្យា​ស្ថាន NPIC បានជួយ​សម្រា​ល​បន្ទុកគ្រួ​សារច្រើ​នណាស់​។ បន្ថែ​មពី​​លើនេះ យុវ​តីនេះ ក៏បា​នរំឭក​ផងដែ​រថា នៅ​ពេលសម្រេច​ចិត្តជ្រើសរើ​សជំនាញ Software Engineering គ្រួ​សារ​មានការព្រួយ​បារម្ភខ្លះ​ ដោយ​សា​រជំនាញ​នេះលំបាក​ចំពោះ​ខ្លួនជា​និស្សិត​ស្រី និងចាកឆ្ងា​យពី​គ្រួសា​រតែម្នាក់​ឯង។យុវតី កែវកាវ​​ បាន​និយាយថា៖«ពេលប្រាប់ឱពុកម្ដាយខ្ញុំថា ខ្ញុំ​រៀនជំនាញ​នេះ ពួ​កគាត់មា​នការព្រួយ​បារម្ភ​ខ្លះ ដោយ​សារតែជំនាញនេះ​លំ​បាក និងមិន​សូវ​មា​នមនុស្ស​ស្រីចុះឈ្មោះ​រៀនច្រើនទេ តែពួក​គាត់​នូវតែ​លើក​ទឹកចិត្ដ និង​គាំ​ទ្រខ្ញុំ ​ឱ្យ​តែកូ​នស្រឡាញ់»។បន្ទាប់ពីបាន​សិក្សា​បានមួយ​ឆ្នាំ យុវតីរូ​បនេះ​បាន​ចែក​រំលែក​ពីបទ​ពិសោធន៍​ដែល​បាន​សិក្សាផ្ទាល់នៅវិទ្យាស្ថានថា កម្មវិធីសិក្ស​នៅវិទ្យា​ស្ថាន NPIC មាន​ទាំង​ភាសា​ខ្មែរ និង​ភាសាអង់គ្លេស ព្រម​ទាំងបណ្ដុះបណ្ដា​លទាំងទ្រឹ​ស្ដី និងការ​អនុវត្ដ​ជាក់ស្ដែង ដែលអាចឱ្យ​សិស្សា​នុសិស្ស​អភិវ​ឌ្ឃខ្លួ​នបា​ន​កាន់​ប្រ​សើរ​។ទោះជាយ៉ាងណា អតីតសិស្សនិទ្ទេស A រូបនេះ ក៏បានលើកទឹកចិត្ត​ដល់​យុវជន​ឱ្យហ៊ាន​ជ្រើស​រើស​ជំនាញ​ដែល​ខ្លួន​ស្រ​ឡា​ញ់ និង​ស្រប​តាម​តម្រូវ​ការ​ទីផ្សា​រការងារខ្ពស់ ជាពិសេ​សអាចងាក​មកចាប់អា​រម្មណ៍ វិស័យ​បច្ចេក​វិទ្យា ដែល​កំពុង​ដើរតួនា​ទីយ៉ាងសំខា​ន់ក្នុងកា​រអភិវឌ្ឍន៍ប្រ​ទេសជាតិ៕

ឥណ្ឌូនេស៊ីរឹតបន្តឹងច្បាប់ស៊ីមកាត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោក តាមអ៊ីនធឺណិត
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិថ្មីមួយដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត។ ច្បាប់នេះ តម្រូវឱ្យប្រជាជនចុះឈ្មោះទិន្នន័យជីវមាត្រនៅពេលពួកគេធ្វើឱ្យលេខទូរស័ព្ទចល័តថ្មីសកម្ម។ពីមុន អតិថិជនត្រូវផ្តល់លេខចុះឈ្មោះអ្នកស្នាក់នៅរបស់ពួកគេនៅពេលធ្វើឱ្យស៊ីមកាតថ្មីសកម្ម។ ក្រោមប្រព័ន្ធថ្មី ការសម្គាល់មុខក៏ត្រូវបានទាមទារផងដែរ។ មនុស្សនឹងមិនអាចធ្វើឱ្យលេខថ្មីសកម្មបានទេ លុះត្រាតែមុខរបស់ពួកគេត្រូវគ្នានឹងទិន្នន័យនៅក្នុងមូលដ្ឋានទិន្នន័យអ្នកស្នាក់នៅរបស់រដ្ឋាភិបាល។ក្រុមហ៊ុនទូរគមនាគមន៍ដែលមិនអនុវត្តតាមតម្រូវការនឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល។ ទាំងនេះអាចរួមបញ្ចូលការផ្អាកប្រតិបត្តិការអាជីវកម្មជាបណ្តោះអាសន្ន។មជ្ឈមណ្ឌលប្រឆាំងការបោកប្រាស់ឥណ្ឌូនេស៊ីនិយាយថា ខ្លួនបានទទួលរបាយការណ៍ក្លែងបន្លំជិត 580000 ពីសាធារណជនក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ។មន្ត្រីនិយាយថា ករណីជាច្រើនពាក់ព័ន្ធនឹងស៊ីមកាតដែលបានចុះឈ្មោះក្រោមអត្តសញ្ញាណមិនពិត ឬជាមួយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដទៃ៕

សមាគមសិល្បករខ្មែរ ប្រកាសបដិសេធគណនេយ្យហ្វេសប៊ុកឈ្មោះ «Chumteav Neak Chamnan» មិនមែនជាហ្វេសប៊ុក ឬផេកផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឡើយ
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ស្ថាប័នអ្នកនាំពាក្យនៃសមាគមសិល្បករខ្មែរ សូមប្រកាសជម្រាបជូនបងប្អូនសិល្បករ-សិល្បការិនី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា គណនេយ្យហ្វេសប៊ុកឈ្មោះ «Chumteav Neak Chamnan» មិនមែនជាគណនេយ្យហ្វេសប៊ុក ឬផេកផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ឡើយ។សមាគមសិល្បករខ្មែរ សូមបញ្ជាក់ថា ថ្មីៗនេះ សមាគមបានទទួលព័ត៌មានថា មានជនអនាមិកបានបង្កើតគណនេយ្យហ្វេកឈ្មោះ Chumteav Neak Chamnan ហើយថែមទាំងបានប្រើគណនេយ្យនេះ ក្នុងគោលបំណងបន្លំ បោកបញ្ឆោតប្រាក់ពីអ្នកដទៃ និងសកម្មភាពអវិជ្ជមានផ្សេងៗទៀតផង។ ជាថ្មីម្តងទៀត ក្នុងនាមស្ថាប័នអ្នកនាំពាក្យសមាគមសិល្បករខ្មែរ យើងខ្ញុំសូមបដិសេដដាច់អហង្ការថា គណនេយ្យហ្វេក Chumteav Neak Chamnan មិនមែនជាគណនេយ្យហ្វេសប៊ុក ឬផេកផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ឡើយ។ សូមបងប្អូនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្ន។សមាគមសិល្បករខ្មែរ សូមស្នើឱ្យជនអនាមិកដែលបង្កើតគណនេយ្យហ្វេក Chumteav Neak Chamnan បញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើបន្លំបោកបញ្ឆោតទាំងនោះ។ សមាគមសិល្បករខ្មែរ នឹងអនុវត្តន៍វិធានការផ្លូវច្បាប់ជាបន្ទាន់ ប្រសិនបើជនឆ្លៀតឱកាសទាំងនោះនៅបន្តសកម្មភាព និងទង្វើបែបនេះបន្តទៀត៕

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ចខែបន្ទាប់។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារខែកក្កដា លើកទិសដៅភារកិច្ចខែសីហា ឆ្នាំ២០២៦ និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលនាពេលកន្លងមក។បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិចូលរួមពិភាក្សាពីអង្គប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈអភិបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាព និងក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានចុះមូលដ្ឋានចិញ្ចឹមចលនាជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ព្រមទាំងជំរុញការចែកប័ណ្ណសម្គាល់សមាជិកគណបក្សនៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសរំលឹកពីមេរៀន និងបទពិសោធន៍ប្រវត្តិសាស្ត្រនៃការឈឺចាប់ដែលប្រជាជាតិបានឆ្លងកាត់ ដើម្បីដាស់តឿន និងបំផុសស្មារតីរួម ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដូចជា៖ - ការទប់ស្កាត់គ្រោះធម្មជាតិ៖ អំពាវនាវដល់ក្រុមការងារ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ El Niño នាពេលខាងមុខ។- ការងារឆ្ពោះទៅកាន់ការបោះឆ្នោត៖ បន្តរៀបចំ និងផ្សព្វផ្សាយផែនការសកម្មភាព ព្រមទាំងប្រតិទិនការងារឱ្យបានច្បាស់លាស់ ដើម្បីដើរស្របតាមដំណើរការចុះឈ្មោះបោះឆ្នោត។- ការបង្កើនសកម្មភាពចុះមូលដ្ឋាន៖ ជំរុញសកម្មភាពចុះជួយ និងនៅជិតស្និទ្ធជាមួយប្រជាជននៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងស៊ីជម្រៅបន្ថែម។ឯកឧត្តម បានបន្ថែមថា ត្រូវបន្តយកចិត្តទុកដាក់តាមដានវាយតម្លៃ និងឆ្លើយតបឱ្យបានម៉ត់ចត់ចំពោះរាល់បញ្ហា និងសកម្មភាពមិនប្រក្រតីរបស់អង្គការ សមាគម ឬគណបក្សផ្សេងៗដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន។

ចោរប្លន់មួយក្រុម​ក្លែង​ខ្លួន​ជា​អ្នក​ទេសចរ ចូលលួច​ខ្សែក​អាយុកាល 2,500 ឆ្នាំក្នុងសារមន្ទីទីក្រុងប៉ារីស
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

(ទីក្រុងប៉ារីស)៖ ក្រុមចោរប្លន់មួយក្រុមបានវាយបំបែកកញ្ចក់នៅចំពោះមុខឆ្មាំសន្តិសុខនៅសារមន្ទីរបារាំងមួយ ដោយលួចយកខ្សែដៃមាសដែលមានអាយុកាលតាំងពីឆ្នាំ ៥០០ មុនគ.ស។ លោក Jeremie Brigand អភិបាលក្រុង បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា នៅពេលដែលជនសង្ស័យ ដែលក្លែងខ្លួនជាអ្នកទេសចរ បានចូលទៅក្នុងសារមន្ទីរ Chatillonnais ក្នុងទីក្រុង Bourgogne។ ក្រុមចោរប្លន់ទាំងនោះ ដោយមិនបិទបាំងមុខ បានវាយកម្ទេចប្រអប់តាំងបង្ហាញមួយ ហើយលួចខ្សែកនៅចំពោះមុខអ្នកទេសចរ និងបុគ្គលិកសារមន្ទីរជាច្រើននាក់ បន្ទាប់មកបានចាកចេញយ៉ាងលឿនតាមច្រកចូលសំខាន់នៃអគារ។ នេះបើយោងតាមកាសែត AFP។ លោកអភិបាលក្រុង Brigand បានលើកឡើងថា «ជនសង្ស័យទាំងនេះបានធ្វើសកម្មភាពតាមរបៀបដែល មានការរៀបចំខ្ពស់ រហ័សរហួន និងមានការតាំងចិត្តខ្ពស់។ ពួកគេមិនបានបង្ហាញការស្ទាក់ស្ទើរ ឬខ្មាស់អៀននោះទេ» ដោយបន្ថែមថា ការប្លន់ទាំងមូលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ វត្ថុបុរាណដែលត្រូវបានគេលួចនោះ គឺជាខ្សែកមួយដែលមានទម្ងន់ប្រហែល ៥០០ ក្រាម ដែលផលិតពីដុំមាសតែមួយដុំ។ វាគឺជាកំណប់ទ្រព្យដ៏សំខាន់បំផុត មួយនៅក្នុងការប្រមូលផ្ដុំ Vix Treasure ដែលត្រូវបានរកឃើញនៅឆ្នាំ ១៩៥៣ នៅក្នុងផ្នូររបស់ព្រះនាងមួយអង្គ ដែលត្រូវបានបញ្ចុះនៅតំបន់ Burgundy ដែលមានអាយុកាលប្រហែល ៥០០ មុនគ.ស។ខ្សែដៃនេះមិនមែនគ្រាន់តែជាគ្រឿងអលង្ការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃអំណាចសម្រាប់ជនជាតិ Celts និង Gauls បុរាណផងដែរ។ នេះជាលើកទីបីហើយដែលសារមន្ទីរ Chatillonnais ត្រូវបានចោរលួចចូលលួចក្នុងរយៈពេល ប៉ុន្មានខែថ្មីៗនេះ។ ការប៉ុនប៉ងលួចចូលលួចចូលពីរលើកមុន ដែលបានកើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅយប់ថ្ងៃទី១៧-១៨ ខែកក្កដា មិនបានជោគជ័យទេ បន្ទាប់ពីប្រព័ន្ធរោទិ៍ និងវិធានការសន្តិសុខត្រូវបានធ្វើឱ្យសកម្មទាន់ពេលវេលា។អាជ្ញាធរមូលដ្ឋានបានវិនិយោគប្រមាណ ១៥០,០០០ អឺរ៉ូ (ជាង ១៧០,០០០ ដុល្លារ) ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដើម្បីបង្កើនសន្តិសុខសារមន្ទីរ រួមទាំងការដំឡើងកាមេរ៉ា ឧបករណ៍ចាប់សញ្ញាចលនា និងការពង្រឹងច្រកចូល។ការប្លន់នេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីសបានបើកវិចិត្រសាល Apollo ឡើងវិញ ដែលត្រូវបានវាយកម្ទេចនៅក្នុងខែតុលា ឆ្នាំ២០២៥ ដោយប្រើជណ្តើរយន្ត ដែលបណ្តាលឱ្យបាត់បង់វត្ថុបុរាណចំនួនប្រាំបីដែលមានតម្លៃប្រហែល ១០០លានដុល្លារ។ 

ចូលបន្ទប់ទឹកភ្លាមៗបន្ទាប់ពីផឹកទឹករួចជាសញ្ញាខ្សោយតម្រងនោម?
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

 (សុខភាព)៖ មិនមែនទឹកទាំងអស់ដែលយើងផឹកត្រូវបានបញ្ចេញចោលភ្លាមៗនោះទេ ផ្នែកមួយត្រូវបានប្រើប្រាស់ដោយរាងកាយ ដើម្បីចិញ្ចឹមខ្លួនវាខណៈពេលដែលទឹកលើសត្រូវបានបញ្ជូនទៅ ប្លោកនោមសម្រាប់ការបញ្ចេញចោល។ អ្នកជំនាញផ្នែកឱសថ បុរាណ ដូ មិញ ទួន សមាគមឱសថបុរាណវៀតណាម បានលើកឡើងថា មនុស្សមួយចំនួនអាចផឹកទឹកមួយកែវពេញ ហើយនៅតែមានអារម្មណ៍ចង់នោម ខណៈពេលដែលអ្នកផ្សេងទៀត គ្រាន់តែត្រូវការញ៉ាំពីរបីដងប៉ុណ្ណោះនេះអាស្រ័យលើថាតើរាងកាយខ្សោះជាតិទឹកឬអត់ អាកាសធាតុ (ក្តៅឬត្រជាក់) កម្រិតនៃសកម្មភាពរាងកាយ សមត្ថភាពប្លោកនោម និងស្ថានភាពរាងកាយរបស់បុគ្គលម្នាក់ៗ។ប្រសិនបើអ្នកផឹកទឹកច្រើនជាងធម្មតា ឬប្រសិនបើអាកាសធាតុក្តៅ ហើយអ្នកបែកញើសច្រើន ឬប្រសិនបើអ្នកទើបតែហាត់ប្រាណ អ្នកប្រហែលជាត្រូវបត់ជើងតូចញឹកញាប់ជាងមុន។ ក្នុងករណីទាំងនេះ ការកើនឡើងចំនួនដងដែលអ្នកបត់ជើងតូចជាធម្មតាគ្រាន់តែជាប្រតិកម្មធម្មជាតិរបស់រាងកាយ ហើយមិនគួរជាមូលហេតុនៃការព្រួយបារម្ភហួសហេតុនោះទេ។ ប្រសិនបើការនោមញឹកញាប់នៅតែបន្ត ឬត្រូវបានអមដោយការស្រេកទឹកឥតឈប់ឈរ ការនោមឈឺចាប់ ពិបាកនោម មានឈាមក្នុងទឹកនោម ឈឺខ្នងផ្នែកខាងក្រោម ស្រកទម្ងន់ ហើមជើង អស់កម្លាំង ជាដើម នោះការពិនិត្យយ៉ាងហ្មត់ ចត់គឺចាំបាច់។ ស្ថានភាពនេះអាចទាក់ទងនឹងជំងឺផ្សេងៗនៃផ្លូវទឹកនោម ជំងឺមេតាប៉ូលីស មុខងារតម្រងនោម និងច្រើនទៀត។ សូមចំណាំថា សុខភាពតម្រងនោមអាស្រ័យលើកត្តាជាច្រើនដូចជា ការគេង សុខភាពខ្នង និងជង្គង់ កម្លាំងរាងកាយ សមត្ថភាពក្នុងការរក្សាភាពកក់ក្តៅនៃរាងកាយ និងសុខភាពទូទៅ។ មនុស្សម្នាក់ៗមានស្ថានភាពសុខភាពខុសៗគ្នា ដូច្នេះការវាយតម្លៃដោយផ្ទាល់គឺចាំបាច់ដើម្បីកំណត់ការថែទាំសមស្រប។ តម្រងនោមដើរតួនាទីសំខាន់ៗជាច្រើននៅក្នុងរាងកាយ ដូចជាការច្រោះឈាម កម្ចាត់ជាតិពុល និងទឹកដែលលើស និងធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត។ ទោះជាយ៉ាងណាក៏ដោយ មានមូលហេតុជាច្រើននៃការនោមញឹកញាប់ រួមទាំងជំងឺទឹកនោមផ្អែម ជំងឺទឹកនោមផ្អែម ការឆ្លងមេរោគផ្លូវទឹកនោម និងការរលាកនៅក្នុងផ្លូវទឹកនោម។ចំពោះបុរស បញ្ហាក្រពេញប្រូស្តាត និងចំពោះស្ត្រី ជំងឺរលាកប្លោកនោម ឬរោគសញ្ញាប្លោកនោមសកម្មខ្លាំងពេក ក៏អាចបណ្តាលឱ្យនោមញឹកញាប់ផងដែរ។ មនុស្សគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានសុខភាពល្អ ញ៉ាំអាហារមានតុល្យភាព ផឹកទឹកឱ្យបានគ្រប់គ្រាន់ ជៀសវាងអាហារប្រៃ កំណត់ការញ៉ាំអាហាររហ័ស និងគ្រឿងស្រវឹង និងនិយាយថាទេចំពោះថ្នាំជក់។ ហាត់ប្រាណជារៀងរាល់ថ្ងៃទៅតាមស្ថានភាពសុខភាពបុគ្គល ព្យាបាលជំងឺស្រួចស្រាវដូចជាការឆ្លងមេរោគផ្លូវដង្ហើម ការឆ្លងមេរោគស្បែក និងការឆ្លងមេរោគផ្លូវទឹកនោមឱ្យបានហ្មត់ចត់។ជៀសវាងការប្រើប្រាស់ថ្នាំដោយមិនរើសអើង ជាពិសេសថ្នាំដែលមិនត្រូវការវេជ្ជបញ្ជា និងឱសថបុរាណដែលមិនស្គាល់ប្រភពដើម។ កុំប្រើប្រាស់សារធាតុរំញោច (កាហ្វេ តែ គ្រឿងស្រវឹង ថ្នាំជក់) នៅពេលល្ងាច ព្រោះវាអាចបណ្តាលឱ្យមានភាពតានតឹងសរសៃប្រសាទ និងគេងមិនលក់ វាជាការប្រសើរក្នុងការពិនិត្យសុខភាព និងពិនិត្យជំងឺតម្រងនោមជាប្រចាំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកជួបប្រទះសញ្ញា ឬរោគសញ្ញាណាមួយដែលបង្ហាញពីជំងឺតម្រងនោម ដូចជាអស់កម្លាំង ស្លេកស្លាំង ចំណង់អាហារមិនល្អ ចង្អោរ និងក្អួត ឬជំងឺទឹកនោមប្រៃ អ្នកគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យ។

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និងចំណូល​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

(ស្វាយរៀង)៖ ពលរដ្ឋ និងយុ​វជនមក​ពីគ្រួសារក្រីក្រ​​ជិត ៤ពាន់នាក់ មាន​ជំនាញ មានការងារធ្វើ​បន្ទាប់ពីទទួល​បានការប​ណ្ដុះ​បណ្ដាល​ជំនាញ​ដោយ​ឥត​គិតថ្លៃពីវិទ្យាស្ថា​នពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។បើតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូ​ទៅសរុប ៣,៦០៣​នាក់ ដែល​ទទួលបាន​អាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី។ ក្នុងនោះមានក្រុមដែលពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៤៩នាក់។ក្នុង​ខែសីហានេះ វិ​ទ្យា​ស្ថាន​គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលចំនួន ៧ បន្ថែមទៀតដែលផ្ដោតលើជំនាញសំខាន់ៗដូចជា ការដំឡើង​បណ្តញ​អគ្គិស​នី​ក្នុង​អគារ, សេវា​កម្មកុំ​ព្យូទ័រ, សេវា​កម្មស​ម្អា​ងកាយ, សេវាក​ម្មកា​ត់សក់បុរស, សេ​វាកម្មបរិ​ក្ខារត្រជាក់​ក្នុង​គេហដ្ឋាន, ការ​កែ​ច្នៃ និង​បន្លែ​ផ្លែ​ឈើ, ការ​ដំឡើង និង​តបណ្ដាញ Network។បន្ថែមពីលើនេះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពី​ថ្ងៃជូន​ដំណឹង​នេះ​តទៅ ដោយអាចទាក់​ទងសាកសួ​រព័ត៌មា​នបន្ថែម​តាម​រយៈទូ​រ​ស​ព្ទ​លេខ ០៨៩ ៤៣៦ ៦៩៣/ ០១០ ៥៤៧ ៧៧៨/ ០៨៨ ៦១៣ ២១២៣ ឬអញ្ជើញមកវិទ្យាស្ថានពហុបច្ចេ​កទេសភូមិភាគតេជោសែ​នស្វាយរៀង ដែលមា​នទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វា​យរៀង ក្រុងស្វាយ​រៀង ខេត្ត​ស្វា​យរៀង។ គួររម្លឹកថា ការអប់រំប​ណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេ​កទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហា​និភ័​យ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមា​ណ ១,៥លាននាក់ ក្នុងកម្រិ​តសញ្ញាប​ត្របច្ចេកទេ​ស និងវិជ្ជា​ជីវៈ ត្រូវបា​នផ្ដួចផ្ដើមឡើ​ងដោយសម្តេចអ​គ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​ឆ្នាំ២០២៣ និងប្រកាសដា​ក់ឱ្យអនុវត្តដោយសម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ក្រសួងការងារ បាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និងអត្ថប្រយោជន៍សង្គមទៅជូនយុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

(កំពង់ចាម)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង រួមទាំង​អត្ថប្រយោជន៍សង្គម និងឱកាសអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃទៅជូនយុវជន បងប្អូនអតីតពលករ និង​ប្រជា​ជន​មូល​ដ្ឋាន​ក្នុង​ខេត្ត​កំពង់​ចាម នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនៅថ្ងៃទី២៤ ខែកក្កដា នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់ និងនៅថ្ងៃទី២៥ ខែកក្កដា នៅក្នុងបរិវេណវត្តនគរបាជ័យ ខេត្តកំពង់ចាម ដែល​ចាប់ផ្ដើម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា វេទិការការងារ សន្តិសុខសង្គម និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ នឹងនាំយកឱកាសការងារសរុបចំនួន ៩២,៨២៣កន្លែង សម្រាប់បងប្អូនអតីតពលកដែលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នក​ស្វែង​រក​ការ​ងារធ្វើអាចដាក់ពាក្យភ្លាម សម្ភាសភ្លាម និងទទួលបានការងារភ្លាមៗផ្ទាល់តែម្ដង។ បន្ថែមពីលើនេះគឺ ការទទួលបាននូវ​អាហារ ភេសជ្ជៈ ការដឹក​ជញ្ជូន​ទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផងដែរ៕

បណ្តាញសង្គម