វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពីមូលដ្ឋាននៃការផ្ទេរអំណាចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពីមូលដ្ឋាននៃការផ្ទេរអំណាចរបស់ សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលជាគិតគូរវែងឆ្ងាយអំពីការអភិវឌ្ឍ និងអនាគតរបស់កម្ពុជា ដោយធៀបទៅនឹងប្រទេសផ្សេងៗ ដែលតែងសង្កេតឃើញមានអស្ថិរភាព និងជម្លោះនៅពេលមានការផ្លាស់ប្តូរអំណាច។សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងឱកាសដែល សម្ដេច ទទួលស្វាគមន៍ការចូលជួបសម្តែងការគួរសមរបស់ លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥៕

ទីបំផុតមេដឹកនាំសហរដ្ឋអាមេរិក បានទម្លាក់ចោលនូវភាពរឹងរូសរបស់ខ្លួន ក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនចោលហើយ
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(វិភាគ)៖ អាមេរិក នឹងចាញ់សង្រ្គាមពាណិជ្ជកម្ម!​ ថ្ងៃនេះមេដឹកនាំអាមេរិកបាននិយាយថា​ សុខចិត្ដបញ្ចុះពន្ធឱ្យចិន​! ចិនក៏បានឆ្លើយតបវិញថា៖​ ត្រូវចេះគោរពចិន។ នេះបើយោងតាមការផុសផ្សាយរបស់ កញ្ញា The Kanitha Show ដែលជាអ្នកវិភាគសេដ្ឋកិច្ច និងវិភាគការបម្រែបម្រួលប្រទេសផ្សេងក្នុងពិភពលោក ដ៏ល្បីល្បាញម្នាក់នៅក្នុងសង្គម។កញ្ញាបានបន្ថែមថា៖ ទីបំផុតមេដឹកនាំសហរដ្ឋអាមេរិក បានទម្លាក់ចោលនូវភាពរឹងរូសរបស់ខ្លួនឯងក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយនឹងចិនចោលហើយ ថ្ងៃនេះប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថាសុខចិត្ដបញ្ចុះពន្ធឱ្យចិនប្រសិនបើចិនហៅចរចារបន្ទាប់មកមន្រ្តីការទូតចិនក៏បានតបមកវិញថា​ ចិនសុខចិត្ដចរចារប្រសិនបើសហរដ្ឋអាមេរិក ចេះប្ដូរឥរិយាបថឈប់ឈ្លើយ​ទៀត​ ហើយត្រូវចេះគោរពចិនវិញ។បងប្អូនយុទ្ធសាស្រ្ដក្នុងការតម្លើងពន្ធ 145% ដើម្បីរារាំងការធ្វើពាណិជ្ជកម្មជាមួយនឹងចិន​នេះ​ យុទ្ធសាស្រ្ដរបស់មេដឹកនាំសហរដ្ឋអាមេរិករូបនេះគឺបរាជ័យទេ​ ប្រធានាធិបតីអាមេរិកម្នាក់នេះគឺមានភាពក្រអឺតក្រទម​ និងល្ងង់ខ្លៅចំពោះសេដ្ឋកិច្ចសហរដ្ឋអាមេរិក​ គាត់គឺមិនយល់ពីភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកទេ យុទ្ធសាស្រ្ដដ៏ល្អបំផុតនោះគឺ​ ធ្វើការកម្លើងពន្ធទៅលើវិស័យតែមួយទេ​ មិនមែនដាក់លើគ្រប់វិស័យទាំងអស់ក្នុងពេលតែមួយបែបនេះទេ​ បន្ទាប់មកពេលធ្វើមួយបានជោគជ័យរួចហើយ​ ទើបគួរចាប់ផ្ដើមធ្វើលើវិស័យមួយផ្សេងទៀត​ បន្ទាប់មកត្រូវជួយក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងការផ្លាស់ប្ដូរទីតាំងម្ដងបន្តិចៗ​ បងប្អូនយុទ្ធសាស្ដ្រនេះ​ វាគឺជាយុទ្ធសាស្ដ្រដែលប្រទេសជប៉ុនបានធ្វើរដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់បន្ថែមដល់ក្រុមហ៊ុនរបស់ពួកគេដ។ម្បីធ្វើការផ្លាស់ទី​ ជប៉ុនបានធ្វើវាដោយជោគជ័យ។តើហេតុអ្វីបានជាសុខៗប្រធានាធិបតីសហរដ្ឋអាមេរិកសុខចិត្ដផ្លាស់ប្ដូរឥរិយាបថ​? នេះក៏ព្រោះតែគាត់កំពុងតែរងសម្ពាធដោយសារតែទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកមានការធ្លាក់ចុះខ្លាំងក្នុងប៉ុន្មានអាទិត្យនេះ។ អ្នកគាំទ្រជិតស្និតរបស់គាត់ភាគច្រើនគឺសុទ្ធតែជាពួកសេដ្ឋី​ ពួកគេមិនចង់ឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះអញ្ចឹងទេ​ ម្យ៉ាងទៀតសេដ្ឋកិច្ចវិទូសហរដ្ឋអាមេរិកបាននិយាយ​ថា សហរដ្ឋអាមេរិកនឹងអាចធ្លាក់ទៅក្នុងវិបត្ដិសេដ្ឋកិច្ចដោយសារតែសង្រ្គា​ពាណិជ្ជកម្ម​ដូចដែលខ្ញុំធ្លាប់បាននិយាយរួចមកហើយថា​ ប្រធានាធិបតីសហរដ្ឋអាមេរិកមិនចាំបាច់អីទៅធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ខ្លួនឯងបែបនេះទេ​ ធ្វើតាមដូចដែលជប៉ុនបានធ្វើទៅទើបគេហៅថាជាផ្លូវឈ្នះហើយឆ្លាត។ឥឡូវនេះយើងគ្រាន់តែរងចាំមើលថា​ តើអ្នកណានឹងរត់ទៅហៅអ្នកណាមុន? តើអ្នកណានឹងសុំអង្វរអ្នកណាមុន? យើងមិនដឹងទេថា​តើនៅពេលណាទើបពួកគេនឹងធ្វើការចរចារជាមួយគ្នា​ ឬតើពួកគេនឹងបញ្ចុះពន្ធគ្នាទៅវិញទៅមកឱ្យសល់នៅត្រឹមប៉ុន្មានគឺយើងមិនទាន់ដឹងនោះទេ ប្រធានាធិបតីសហរដ្ឋអាមេរិកគាត់ធ្វើបែបនេះធ្វើដូចមិនស្គាល់ចិនអញ្ចឹង​ សម្រាប់រដ្ឋាភិបាលចិនចង់ប្រជាជនអត់ការងារធ្វើ 200លាននាក់ក៏គាត់មិនខ្វល់ដែរ​ ព្រោះតែគ្មានអ្នកណាហានដាក់សម្ពាធទៅលើមេដឹកនាំចិននោះទេ​ វាផ្ទុយពីមេដឹកសហរដ្ឋអាមេរិកគឺមានសម្ពាធ៕

ក្រសួងពាណិជ្ជកម្ម រៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ ក្រសួងនឹងជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខនេះ។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានខ្លឹមសារថា៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលបាននិងកំពុងនាំចេញ ទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មេត្តាជ្រាបថា៖ កម្ពុជាបានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ចនិងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិង ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និង សម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និង អនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ។អាស្រ័យហេតុនេះ សូម ផលិតករ និងអ្នកនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានគត់មត់៕

ចិននឹងចាប់ផ្តើមបេសកកម្មបញ្ជូននាវិកថ្មី ទៅកាន់ទីអវកាសនៅសប្តាហ៍នេះ
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ប៉េកាំង)៖ ប្រទេសចិនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបេសកកម្មបញ្ជូននាវិកថ្មីមួយ ទៅកាន់ទីអវកាស នៅសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំងបានបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅ រកគោលដៅរបស់ខ្លួន ក្នុងការដាក់អវកាសយានិកនៅលើឋានព្រះច័ន្ទ។បេសកកម្ម Shenzhou-20 នឹងផ្ទុះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគ ពាយ័ព្យប្រទេសចិន ដោយដឹកអវកាសយានិកបីនាក់ទៅកាន់ស្ថានីយអវកាស Tiangong ដែលសាងសង់ ដោយខ្លួនឯង ក្នុងរយៈពេលប្រហែលប្រាំមួយខែ។ក្រុមការងារនឹងធ្វើការពិសោធន៍ ដើម្បីបន្ថែមនូវមហិច្ឆតារបស់កម្មវិធីអវកាស ក្នុងគោលបំណងដាក់ អវកាសយានិកនៅលើឋានព្រះច័ន្ទនៅឆ្នាំ 2030 ហើយទីបំផុតនឹងសាងសង់មូលដ្ឋានតាមច័ន្ទគតិ។ទីភ្នាក់ងារអវកាសរបស់ប្រទេសបាននិយាយកាលពីសប្តាហ៍មុនថា យានអវកាស Shenzhou និងរ៉ុក្កែត ដឹកជញ្ជូន Long March-2F របស់វាត្រូវបានផ្ទេរទៅកាន់កន្លែងបាញ់បង្ហោះនៅឯមូលដ្ឋាន វាលខ្សាច់ ដាច់ស្រយាល ហើយនឹងបាញ់បង្ហោះ "នៅពេលវេលាសមស្របមួយនាពេលអនាគតដ៏ខ្លី"៕

តៃវ៉ាន់និយាយថា ការទិញឧស្ម័ននិងប្រេងបន្ថែមពីអាមេរិក គឺជាការផ្តោតក្នុងការចរចាពន្ធ
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(តៃប៉ិ)៖ ការកើនឡើងនៃការទិញឧស្ម័នធម្មជាតិ និងប្រេងរបស់សហរដ្ឋអាមេរិក គឺជាការផ្តោតសំខាន់នៃ កិច្ចពិភាក្សាពន្ធគយរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក នេះបើតាមការលើកឡើងរបស់ប្រធានាធិបតី លោក ឡៃ ឈីងតេ ។លោក Lai បានសន្យាថា នឹងស្វែងរករបបពន្ធសូន្យ ជាមួយសហរដ្ឋអាមេរិក ហើយទិញកាន់តែច្រើន និងបណ្តាក់ទុនកាន់តែច្រើន ខណៈដែលលោកព្យាយាមដកចេញពីពន្ធនាំចូលដ៏ធំទូលាយ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលភាគច្រើនកំពុងជាប់គាំងនាពេលបច្ចុប្បន្ន។ថ្លែងទៅកាន់ក្រុមបរិស្ថាននៅក្នុងការិយាល័យប្រធានាធិបតី លោក Lai បានអំពាវនាវឱ្យមានការគាំទ្រ ចំពោះការនាំចូលថាមពលបន្ថែមទៀតពីសហរដ្ឋអាមេរិក។ការិយាល័យរបស់លោកបានដកស្រង់សម្តីគាត់ថា "ការកើនឡើងការទិញពីសហរដ្ឋអាមេរិក រួមទាំងឧស្ម័នធម្មជាតិ ប្រេង និងប្រភពថាមពលជាតិសំខាន់ៗផ្សេងទៀត មិនត្រឹមតែជាការផ្តោតសំខាន់ បន្ទាប់នៃការចរចារពន្ធរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកសំខាន់នៃកិច្ចខិត ខំប្រឹងរបស់តៃវ៉ាន់ក្នុងការពង្រឹងស្វ័យភាពថាមពល និងភាពធន់របស់វាផងដែរ៕

ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ខេត្តពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្តហ្វដ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង­ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។​ការវិនិយោគដ៏ធំមួយនេះ បានចាប់ផ្តើមលើកដំបូងពីការសាងសង់រោងចក្រដំឡើងរថយន្តហ្វដ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD)  កាលពីឆ្នាំ ២០២២ ។ ថ្មីៗនេះ​ ក្រុមហ៊ុនបាន​បន្ថែម​ទុនវិនិយោគរហូតដល់ ២៦,៨ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់រោងចក្រដំឡើងគ្រឿងបង្គុំ និង​ធ្វើ​ទំនើប​កម្ម​លើខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី កម្រិត Incomplete Knock-Down (IKD-1) ​ដោយ​ពង្រី​ក​ផ្ទៃដី​សរុប​រហូត​ដល់​​ ១២ ហិកតា ​មានសមត្ថភាពផលិតរថយន្តប្រមាណជាង ១០,០០០ គ្រឿងក្នុងមួយឆ្នាំ។ ជាមោទនភាពដ៏ធំមួយទៀតក្នុងឆ្នាំ ២០២៥ របស់ Ford Cambodia គឺការទទួលស្គាល់ជាអន្តរជាតិលើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយប្រជាជនកម្ពុជា ពីសមាគមវិស្វករយានយន្ត (Society of Automotive Engineer – SAE International)។​ ក្រុមហ៊ុនបានដំឡើងរថយន្តចំនួន ៧,៤៩២ គ្រឿង រួចមកហើយចាប់តាំងពីឆ្នាំ២០២២ រហូតមកទល់ខែមេសា ឆ្នាំ២០២៥នេះ។ ប្រភេទរថយន្តទាំងនោះរួមមាន៖ រថយន្ត Ford Ranger Pick Up (ម៉ូឌែល​ Wildtrak, XLT, XL) និងប្រភេទរថយន្ត Ford SUV (ម៉ូឌែល Ford Everest Titanium, Ford Everest Sport និង Ford Territory)។ ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ អិម អេ គ្រុប ដែលបានទុកចិត្ត និងជ្រើសរើស​យកប្រទេសកម្ពុជាជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត និងបានឈានដល់ការដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្តហ្វដ ដើម្បីចែកចាយនៅលើទីផ្សារកម្ពុជា។​​ សម្តេចនាយករដ្ឋមន្រ្តីក៏បានគូសរំលេចផងដែរ អំពីវត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាតាមរយៈការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែចង្វាក់ផលិតកម្ម និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។​ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន អ អិម អេ គ្រុប បានលើកឡើងថា «ភាពជោគជ័យរបស់ក្រុមហ៊ុន អ អិម អេ គឺជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំ ជាងកន្លងមកនេះ ដែលផ្តើមចេញពីការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ ក៏ដូចជាការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់បុគ្គលិក បូករួមជាមួយនឹងស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចសេរីដែលបាន និងរីកចម្រើននៅប្រទេសកម្ពុជា។ ការរួបរួមគ្នា គឺជាការចាប់ផ្តើម ការដែលយើងបន្តនៅជាមួយគ្នា គឺជាវឌ្ឍនភាព ហើយការដែលយើងនៅតែបន្តធ្វើការជាមួយគ្នា គឺជាភាពជោគជ័យ។» ​ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តយកចិត្តទុកដាក់ និងបានដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យយានយន្តកម្ពុជាឱ្យមានភាពរីកចម្រើន និងគាំទ្រយ៉ាងពេញទំហឹងដល់ការវិនិយោគរបស់វិស័យឯកជនលើការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា។ អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់នូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា រថយន្តហ្វដ (Ford) ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីផ្សាររថយន្តនៅកម្ពុជាអស់រយៈពេល ៦ ឆ្នាំ ជាប់ៗគ្នាចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន ក្រៅពីនេះក៏មានរថយន្ត Land Rover, Jeep, RAM, Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត​ Hako កង់បីព្យាចូ (Piaggio) អាគុយ RB ថ្នាំពណ៌ RM និងផលិតផលជាច្រើនទៀតផងដែរ៕

ឯកឧត្តម ហេង សួរ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ឯកសារចំនួន ៣ ដែលត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ រួមមាន៖ ១. លិខិតប្តូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ។ ៣. កិច្ចព្រមព្រៀង ស្តីពី ការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ៕

ពីកូនមហាសេដ្ឋី ក្លាយជានាយករដ្ឋមន្ត្រីថៃ មកដឹងពីប្រវត្តិរបស់លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា !
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(អន្តរជាតិ)៖ លោកស្រីផែថុងថាន ស៊ីណាវ៉ាត់ត្រា ដែលមានឈ្មោះហៅក្រៅថា អ៊ីងអ៊ីង កើតថ្ងៃទី 21 ខែសីហា ឆ្នាំ 1986 នៅទីក្រុងបាងកក ប្រទេសថៃ គឺជាអ្នកជំនួញ និងជាអ្នកនយោបាយថៃ ដែលបម្រើ ការជានាយករដ្ឋមន្ត្រីទី 31 របស់ប្រទេសថៃ ក្នុងឆ្នាំ2024។ លោកស្រី គឺជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាស្ត្រីទីពីរដែលកាន់តំណែង បន្តបន្ទាប់ ម្តាយមីងគឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។Paetongtarn កើតក្នុងគ្រួសារពាណិជ្ជករអ្នកមានដើមកំណើតចិន ដែលបានតាំងទីលំនៅ ក្នុងតំបន់ ឈៀងម៉ៃ ហើយក្រោយមកបានលេចធ្លោក្នុងវិស័យនយោបាយ និងវិស័យពាណិជ្ជកម្មផ្សេងៗ រួមទាំងទូរគមនាគមន៍ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ឪពុករបស់នាងគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ 2006 ហើយក្រោយមក បានចូលទៅក្នុងនិរទេសខ្លួនឯងរយៈពេល 15 ឆ្នាំ។ ក្នុងឆ្នាំ ២០០៨ លោកត្រូវបានកាត់ទោសកំបាំងមុខ ហើយត្រូវបានកាត់ទោសពីបទពុករលួយ។ ម្តាយរបស់នាងឈ្មោះ Potjaman Na Pombejra គឺជាពាណិជ្ជករថៃ សប្បុរសជន និងអ្នកនយោបាយ ដែលបានបម្រើការជាមេដឹកនាំដែលមិនជាប់ឆ្នោត នៃគណបក្សភឿថៃ ខណៈពេលដែលគណបក្សនេះស្ថិត ក្នុងការប្រឆាំងនៅឆ្នាំ 2020។លោកស្រី Paetongtarn បានចូលរៀននៅសាលា Saint Joseph Convent និងសាលា Mater Dei ដ៏មាន កិត្យានុភាព ដែលត្រូវបានចូលរួម ដោយស្តេចថៃពីរអង្គ និងរាជវង្សដទៃទៀតផងដែរ។ ធំឡើងនៅក្នុងគ្រួសារនយោបាយដ៏លេចធ្លោមួយ លោកស្រីតែងតែទាក់ទាញការចាប់អារម្មណ៍ពី ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងឆ្នាំ 2004 ខណៈពេលដែលឪពុករបស់លោកស្រីកំពុងបម្រើការជានាយករដ្ឋមន្ត្រី លោកស្រីបានធ្វើឱ្យមានចំណងជើងព័ត៌មានថា លោកស្រីធ្វើការក្រៅម៉ោងនៅហាង McDonald's ក្នុងប្រទេសថៃ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះដោយនាំអ្នកសារ ព័ត៌មានទៅកាន់ទីតាំងនៅថ្ងៃដំបូងរបស់នាង ហើយប្រាប់អ្នកសារព័ត៌មានថាគាត់ចង់ឱ្យកូនរបស់ គាត់រៀនពីតម្លៃនៃការខិតខំ។លោកស្រី Paetongtarn បន្ទាប់មកបានចូលរៀននៅសកលវិទ្យាល័យ Chulalongkorn ជាកន្លែងដែល លោកស្រីបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យា។ ខណៈ​ដែល​ លោកស្រី បានបញ្ចប់ការសិក្សានៅឆ្នាំ 2008 ហើយបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ Surrey ក្នុងចក្រភពអង់គ្លេស ជាកន្លែងដែលលោកស្រី ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ។ នៅឆ្នាំ 2019 លោកស្រីបានរៀបការជាមួយ លោក Pidok Sooksawas អតីតអ្នកបើកយន្តហោះ ដែលបានប្តូរមកគ្រប់គ្រងការវិនិយោគ។ ប្តីប្រពន្ធនេះមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ ដែលកើតក្នុងអំឡុងយុទ្ធនាការរបស់ លោកស្រី Paetongtarn ធ្វើជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ 2023។មុនពេលចូលប្រឡូកក្នុងឆាកនយោបាយថៃ លោកស្រី Paetongtarn បានធ្វើការជាមួយក្រុមហ៊ុន អាជីវកម្មរបស់គ្រួសារនាង ដោយបម្រើការជានាយកប្រតិបត្តិនៃអាជីវកម្មសណ្ឋាគាររបស់ក្រុមហ៊ុន Rende Development Co. ក៏ជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SC Asset Corp. Pcl ដែលជាក្រុមហ៊ុន អចលនទ្រព្យ និងអចលនទ្រព្យដែលបានជួញដូរជាសាធារណៈ។លោកស្រី Paetongtarn បានចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការនៅឆ្នាំ 2021 នៅពេលដែលលោកស្រី បានចូលរួមជាមួយ PTP ដែលជាគណបក្សដែលបង្កើតឡើង ដោយឪពុករបស់ លោកស្រី ជាប្រធានគណៈកម្មាធិការប្រឹក្សាការរួមបញ្ចូល និងការច្នៃប្រឌិត។ នៅឯកិច្ចប្រជុំ PTP នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2022 លោក Paetongtarn ត្រូវបានណែនាំជាមេដឹកនាំនៃយុទ្ធនាការ "គ្រួសារភឿថៃ" ដែលមានបំណងលើកកម្ពស់ការរួបរួមគណបក្ស និងការឈ្នះការបោះឆ្នោតនាពេលខាងមុខ។ នៅឆ្នាំ 2023 លោកស្រីត្រូវបានជ្រើសរើសឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីមួយ ក្នុងចំណោមបេក្ខ ជននាយករដ្ឋមន្ត្រីចំនួនបីដែលគាំទ្រដោយគណបក្ស។ លោកស្រីបានធ្វើយុទ្ធនាការលើបញ្ហាមួយចំនួន រួមទាំងការបញ្ចប់ការគ្រប់គ្រងយោធា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលបាន គ្រប់គ្រងចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ២០១៤។Paetongtarn បានចូលកាន់តំណែងដោយមានបទពិសោធន៍ផ្លូវការតិចតួចក្នុងការគ្រប់គ្រង ដោយសារ ប្រទេសថៃប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត។ លោក​ស្រី​ បានប្តេជ្ញាបន្តកម្មវិធីប្រាក់ចំណូល ធានាសង្គមរបស់ប្រទេសថៃ និងផ្តល់ការបង់ប្រាក់ម្តងចំនួន 10000 បាត (ប្រហែល 290 ដុល្លារ) ដល់ ពលរដ្ឋថៃដែលមានចំណូលទាបតាមរយៈកាបូបឌីជីថល។ សំណើគោលនយោបាយបន្ថែមរួមមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនធនធានមនុស្សក្នុងប្រទេសថៃ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម និងការលេងល្បែងស៊ីសងស្របច្បាប់ ដើម្បីដោះស្រាយបញ្ហា ប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងប្រឈមមុខនឹងគ្រួសារថៃ ដោយសន្យាថានឹង "នាំយកក្តីសង្ឃឹមរបស់ ប្រជាជនថៃមកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

កម្ពុជា-ថៃ សម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ នៅវិមានសន្តិភាព៕

នាយករដ្ឋមន្ត្រី កម្ពុជា និងថៃ អញ្ជើញជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ បន្ទាប់ពីជំនួបប្រជុំទ្វេភាគី និងពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានបន្តអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ រួមមាន៖១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)៥) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត៦) កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ៕

ជំនួបប្រជុំទ្វេភាគី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ជំនួបប្រជុំទ្វេភាគី និងពិភាក្សាការងារ រវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ជំនួបប្រជុំទ្វេភាគី និងពិភាក្សាការងារនេះ បានធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ និងស្វាមី ព្រមទាំងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃ៕

ព្រឹកនេះ! ​នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ​
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា ​ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នាយករដ្ឋមន្រ្តីថៃ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីពាក់ព័ន្ធមួយចំនួន។​ បើតាមការប្រកាសរបស់ក្រសួងការបរទេស, អំឡុងទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់ នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។ សូមបញ្ជាក់ថា ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រ ទាំងពីរប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕ 

សសរស្តម្ភទី៣ នៃកិច្ចសហប្រតិបត្តិជម្រុញវិស័យទេសចរណ៍៖ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

ទីក្រុង Istanbul៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit) ដែលត្រូវធ្វើការបោះឆ្នោតលើសេចក្តីសម្រេចសំខាន់ៗ របស់សមាគមនេះ ដូចជាផែនការសកម្មភាពការងាររបស់គណៈកម្មការប្រតិបត្តិ​ កញ្ចប់ថវិការបស់សមាគមប្រចាំឆ្នាំ២០២៥ ការតែងតាំងសវនការសម្រាប់ឆ្នាំ២០២៥ ព្រមទាំងការទទួលស្គាល់សមាសភាពគណៈកម្មការប្រតិបត្តិ និងគណៈកម្មការនាយក នៃសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិថ្មី (២០២៥-២០២៧)។Third Highlight of Tourism Sector Cooperation: Collaboration with Domestic and International Private SectorsIstanbul: On the morning of April 22, 2025, His Excellency HUOT Hak, Minister of Tourism, and his delegation participated in the Annual Summit of the Pacific Asia Travel Association (PATA Annual Summit), where key resolutions of the association were voted on. These included the action plan of the Executive Committee, the association’s 2025 annual budget package, the appointment of auditors for 2025, and the recognition of the new composition of the Executive Committee and Board of Directors of the Pacific Asia Travel Association for the new term (2025–2027).

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការងារនៃព្រះរាជាណាចក្រថៃទ្បង់ដ៍ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដែលរៀបចំធ្វើនៅទីស្តីការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរលើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍។ កិច្ចសហការនាពេលកន្លងមកបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងថៃ។ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃនៅពេលនេះក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សាការងារ ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ។ឯកឧត្តមរដ្ឋលេខាធិការជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃនៅពេលនេះនឹងទទួលបានលទ្ធផលផ្លែផ្កា ក្រោមស្មារតីមិត្តភាពដ៏ស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់វិស័យការងាររវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចគាំពារសិទ្ធិដល់ពលករទេសន្តរប្រវេសន៍ ផងដែរ។ ទន្ទឹមនេះ ឯកឧត្តម Somchai Morakotsariwan អគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរលើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍នាពេលកន្លងមក។ ក្រសួងការងារថៃវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីភាគីកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដែលជាសេនាធិការ។ ឯកឧត្តម Somchai Morakotsariwan ជឿជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នឹងទទួលបានធាតុចូលសំខាន់ៗជាច្រើនក្នុងការកែសម្រួលនីតិវីធីមួយចំនួន ដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលេីកំណត់ហេតុ នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដេីម្បីអនុវត្តកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍៕

ព្រឹកនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។គួរបញ្ជាក់ថា សិក្ខាសាលានេះ ជាសិក្ខាសាលាទី២២ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ៕

បណ្តាញសង្គម