(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ “ពេទ្យលោក សង្ឃ” បានជូនដំណឹងឱ្យបានដឹងថា ខាងមន្ទីរពេទ្យនឹងទទួលការព្យាបាលជំងឺភ្នែក និង បកភ្នែកដោយឥតគិតថ្លៃ ចំពោះអ្នក មានប័ណ្ឌក្រីក្រ សមាជិក ប.ស.ស មន្រ្តីរាជការ និង លិខិតបញ្ជាក់ភាពក្រីក្រ។ទំនាក់ទំនង ណាត់បកភ្នែក 090 338533-010 623645៕
អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ បានជូនដំណឹងពីករណីស្រ្តីម្នាក់ដែលជាជនរងគ្រោះមានឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ ៤៩ ឆ្នាំ ត្រូវបានឃ្មុំចង្អេរទិច បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។យោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងយ៉ាងលំអិតថា មានករណីដ៏ចម្លែកមួយនេះ បានកើតឡើងនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ២៥ នាទីល្ងាច ដែលស្រ្តីជាជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមដើមប័រនៅចំណុចផ្ទះឈ្មោះ ជា សុខ ឃីម ស្ថិតនៅក្នុងភូមិ ពូក្រេង ឃុំស្រែអំពូមស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។តបតាមការឆ្លើយបំភ្លឺរបស់សាក្សីដែលមានឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់សពស្រ្តីរងគ្រោះ បានធ្វើការបំភ្លឺប្រាប់សមត្ថកិច្ចថា« កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលា ម៉ោង១៣ និង ២៥ នាទី ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្ញុំបានឮសំឡេងស្រែករបស់ មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ ក្រោយមកខ្ញុំក៏បានរត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងរោម ទិចគាត់ជាច្រើនមេ ស្ថិតនៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណា ទេឃើញសភាពបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្រោបពីលើគាត់ រួមទាំងខ្ញុំផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ឃើញសភាពបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញ ចែស្រីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយមើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិច ដែរខ្លាំងណាស់ឥឡូវគាត់ដួលសន្លប់ហើយ។ ដោយឃើញឃ្មុំហើរចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យលើផ្ទៃមុខ និង ដងខ្លួនបានបញ្ជក់ឱ្យឃើញថា មានទ្រនិចឃ្មុំចង្អេរជាច្រើនបានទិចទៅលើដងខ្លួន និង ផ្ទៃមុខរបស់ស្រ្តីដែលជាជនរងគ្រោះ សរុប ៦៧ កន្លែង។ សាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ពុំមានស្លាកស្នាម ដាច់ ឬ រលាត់ឡើយ។តបតាមការស្រាវជ្រាវ និង ពិនិត្យជុំវិញកន្លែងកើតហេតុ និង ប្រមូលព័ត៌មានបានបញ្ជាក់ឱ្យឃើញថា ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ ទៅលើសាកសពរបស់ស្រ្តីដែលជាជនរងគ្រោះ ហើយកម្លាំងជំនាញសន្និដ្ឋានថាសពខាងលើពិតជាបានស្លាប់ ដោយសាឃ្មុំចង្អេរទិច ពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា បានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិ ដើម្បីពិនិត្យអំពីតម្រូវការក្នុងការគ្រប់គ្រង, ការថែរក្សា, ការថែទាំ, ការជួសជុល និងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការដែលកំពុងបំពេញការងារនៅទីនោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីបណ្ណសារដ្ឋានជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ប្រកបដោយស្មារតីនិងឆន្ទៈលះបង់ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការជួសជុលឡើងវិញនូវឯកសារចាស់ៗ ដែលខ្លះមានលក្ខណៈពុកផុយ តែមានតម្លៃខាងប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាខ្ពស់បន្តគាំទ្របេសកកម្មការងារដ៏សំខាន់នេះ ជាពិសេសបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាសម្រាប់គាំទ្រដល់ការងារបណ្ណសារដ្ឋានជាតិ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពិនិត្យអំពីដំណើរការ និងបច្ចេកទេសនៃការប្រមូល, ការរៀបចំទុកដាក់, ការស្តារជួសជុលឡើងវិញ និងការអភិរក្សឯកសារដ៏សម្បូរបែបជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌជាតិ ដែលរួមមានឯកសារ, ប្លង់, ផែនទី, ខិត្តប័ណ្ណ និងឯកសារកំណត់ត្រារបស់ជាតិ ព្រមទាំងរាជកិច្ច ដែលបានបន្សល់ទុកមកតាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន ហើយដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃដំណើរវិវត្តរបស់សង្គមកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៩មក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ ជាពិសេសការគិតគូរពីតម្រូវការ និងលំដាប់អាទិភាព ក្នុងការរៀបចំផែនការជួសជុល និងស្កេនឯកសារដែលពុកផុយ ក៏ដូចជាការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យបណ្ណសារ ជាផ្នែកមួយដ៏សំខាន់ក្នុងការងារអភិរក្ស និងបង្កើនភាពងាយស្រួលជូនដល់ការស្រាវជ្រាវ របស់សិស្ស និស្សិត ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិ។ ការចុះពិនិត្យសកម្មភាពបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការខាងលើនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើតួនាទីដ៏សំខាន់របស់បណ្ណសារដ្ឋានជាតិក្នុងការថែរក្សាការពារកេរដំណែល និងបេតិកភណ្ឌឯកសាររដ្ឋបាលរបស់ជាតិ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត ដើម្បីបន្តថែរក្សាអភិរក្ស សម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ បណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តសង្គមជាតិ និងជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ ជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយបានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ។ ក្នុងស្មារតីនេះ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កន្លងមក ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃការងារបណ្ណសារនិងកិច្ចការរាជកិច្ច ហើយនៅខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងនាមជាប្រធានក្រុមការងារចំពោះកិច្ច បានអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់ការងាររាជកិច្ចនិងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន១០ ដើម្បីបង្កើតគោលការណ៍និងនីតិវិធីសម្រាប់គ្រប់គ្រង និងថែរក្សាបណ្ណសារដ្ឋានជាតិប្រកបដោយប្រសិទ្ធភាព។