វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
តោះ! មកដឹងពី ឧបទ្ទវហេតុធំៗ និងកក្រើកទូទាំងប្រទេស ដែលបានកើតឡើង ក្នុងឆ្នាំ២០២៤
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

ដូចដែរបងប្អូនមហាជនបានដឹងស្រាប់ហើយថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំចាស់ នឹងផ្លាស់ចូលមកដល់ ពោលគឺដាច់ឆ្នាំ ២០២៤ ឈានចូលឆ្នាំ ២០២៥ ក្នុងនោះ ក្នុងកំឡុងពេល ពេញ ១ឆ្នាំ ២០២៤ តើបងប្អូនមហាជនមាននៅចងចាំដែរទេថា តើមានព្រឹត្តិការណ៍ឧបត្តិវហេតុ ឬអាចនិយាយបានថា សោដនាកម្ម ដែលបានកើតឡើងកក្រើកស្ទើរពេញប្រទេសកម្ពុជា ហើយបងប្អូននៅចងចាំ និងដិតដាម ជាប់ក្នុងអារម្មណ៍ មានហេតុការណ៍អ្វីខ្លះទៅ?យ៉ាងណាមិញ ថ្ងៃនេះ Swift News និង Best TV សុំធ្វើការសរុបនូវហេតុការណ៍ក៏ដូចជាលើកយកនៅ ឧបត្តិវហេតុដ៏រន្ធត់ និង កក្រើកនៅកម្ពុជា ដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២៤ ឱ្យបងប្អូនមហាជនបានរលឹកឡើងវិញផងដែរ ។ ហេតុការណដ៏កក្រើកប្រទេសទាំងនោះមានដូចតទៅ៖ ១.ហេតុការណ៍បុករះ ស្លាប់៤នាក់ នៅស្ពានអាកាសឫស្សីកែវ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៧យប់នេះមានករណីគ្រោះថ្នាក់ចរាចរណ៍បុករះមួយបានកើតឡើងនៅចំណុច ក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឱ្យមានមនុស្សប្រុសស្រី៤នាក់បាត់បង់ជីវិត និង រងរបួសធ្ងន់ស្រាលចំនួន៤នាក់ ខណៈជនបង្ករ ជាមន្ត្រីក្រសួងហិរញ្ញវត្ថុ បើកបរក្នុងស្ថានភាពស្រវឹង។ ហើយទីបំផុតតុលាការក៏បានកាត់ទោសជនបង្ករ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំនិងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ ផងដែរ។២.ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុករថយន្ត បណ្តាលអោយមនុស្ស ៤៦នាក់របួសធ្ងន់ស្រាលនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ ១១ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើរនៅឃុំឈើតុំ ស្រុកក្រគរ មានអ្នករងរបួសសរុប៤៦នាក់ ធ្ងន់៥នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់របួសបាក់ជើងផងដែរ។ ករណីនេះបានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឲ្យគៀបជាប់តែម្ដង។ បើតាមរូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញអោយឃើញថា រថភ្លើងបើកបរក្នុងល្បឿនលឿន ហើយបានស៊ីផ្លេជាសញ្ញាផងដែរ មិនដឹងថាហេតុអីបានជារថយន្តមិនឈប់សិន ឬក៍មិនឭស៊ីផ្លេរថភ្លើងបានជាបន្តដំណើរទៅមុខទៀតរហូតដល់ជួបគ្រោះថ្នាក់បែបនេះទៅវិញ។៣.ហេតុការណ៍ ឧកញ៉ាបាញ់សម្លាប់មនុស្ស ២នាក់នៅបុរីប៉េងហួតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលា ៥:៥០នាទីល្ងាច នៅចំនុច បុរីប៉េង ហួត ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យមនុស្ស២នាក់ ដែលជាគូដណ្ដឹងនឹងគ្នា ស្លាប់នៅកន្លែងកើតហេតុ។ ដើមហេតុនៃជម្លោះរហូតមានការផ្ទុះអាវុធ លើកដៃបាញ់ជន រងគ្រោះឱ្យបាត់បង់ជីវិតនោះ គឺដោយសារតែ រឿងរ៉ាវកាប់ដើមស្វាយ និងដាក់ស្នួលខោអាវ។ ជនដៃដល់នោះទៀតសោត មានឈ្មោះថា ស្រី ស៊ីណា ដែលមានគោរមងារជាឧកញ៉ា ។ ហើយនៅទីបំផុត ជនដៃដល់ ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងឃាតកម្ម ប៉ុន្តែរហូតមកដល់ពេលនេះសាធារណៈជន ក៏កំពុងរងការប្រកាសសាលក្រម កាត់ទោសជនដៃដល់រូប នេះផងដែរ ។ ៤.ឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ បណ្តាលឱ្យអាកាសយានិក ២នាក់បាត់បង់ជីវិតថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ប្រជាជនកម្ពុជាមានការស្លុតចិត្តជាខ្លាំង ក្រោយមានឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រនៅ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពេលដែលអាកាសយានិក ចំនួន ២នាក់ ដែល ជាគ្រូ និង សិស្ស បានហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយមកក៏មានការបាត់ដាន ទាក់ទងលែងបាន។ ហេតុការណ៍ ឧបទ្ទវហេតុឧទ្ធម្ភាគចក្រនេះដែរ បានចំណាយពេលរុករកអស់រយៈពេល ១៧ ថ្ងៃ ទើបបានរកឃើញប៉ុន្ដែជាអកុសល អ្នកបើកបរយន្ដហោះទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ។ អ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះមានឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានក្រុមជួយសង្គ្រោះរកឃើញសាកសពនៅទីតាំងកើតហេតុ នៅរសៀលកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ជាប្រធានក្រុម ត្រូវបានរកឃើញសាកសពនៅចម្ងាយពីទីតាំងកើតហេតុប្រមាណជាង ២០០ម៉ែត្រ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចំណាយពេលអស់ជាច្រើនថ្ងៃ ទម្រាំរកឃើញយន្ដហោះនេះ ដោយសារតែបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង និងភូមិសាស្ត្រព្រៃក្រាស់ពិបាកក្នុងការធ្វើដំណើររុករក៕

ជិតចប់ឆ្នាំចាស់ចូលឆ្នាំថ្មី! មករំលឹកពីព្រឹត្តការណ៍បុណ្យជាតិ និងព្រឹត្តការណ៍ទេសចរណ៍ មួយចំនួនក្នុងឆ្នាំ ២០២៤ ដែលទទួលបានការគាំទ្រយ៉ាងអាធិកអាធមពីភ្ញៀវទេសចរណ៍!
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ គ្រាន់តែរំលឹកពីព្រឹត្តការណ៍បុណ្យជាតិភ្លាម ច្បាស់ណាស់មហាជនភាគច្រើនពិតជានឹករលឹកទៅដល់ ព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៤ មុនគេជាក់ជាមិនខាន ដោយហេតុថា ពិធីបុណ្យអុំទូកទើបតែនឹងរំលងផុតទៅបានជាងមួយខែប៉ុណ្នោះ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះមិនមែនមានតែ ព្រះរាជពិធីបុណ្យអុំទូក នោះទេដែលទទួលបានការចូលរួមគាំទ្រយ៉ាងអាធិកអាធមពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងនោះនៅមានព្រឹត្តការណ៍បុណ្យជាតិ និងព្រឹត្តការណ៍ទេសចរណ៍សប្បាយៗជាច្រើនឯទៀតដែលបានជួយជម្រុញវិស័យទេសចរណ៍ ក៏ដូចជាបានចូលរួមក្នុងការថែរក្សារវប្បធម៌។ ដោយក្នុងថ្ងៃនេះផងដែរ Swift News និង Best TV សូមលើកនូវព្រឹត្តិការណ៍ចំនួន ៤ ដែលរួមមានដូចតទៅ៖១. ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ: ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ ២០២៤នេះ ឃើញថាមាននូវព្រឹត្តិការណ៍ជាច្រើន ដែលក្នុងនោះមានដូចជា ព្រឹត្តិការណ៍សង្ក្រាន្ត ដែលមិនត្រឹមតែមានក្នុងរាជធានីភ្នំពេញតែប៉ុណ្នោះនោះទេ សូម្បីតែតាមបណ្ដាខេត្តនីមួយក៏មានការរៀបចំយ៉ាងទាក់ទាញ។ ចំណែកឯ «សង្ក្រាន្តវត្តភ្នំ» ទៀតសោតបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនេះបានបង្ហាញឱ្យឃើញពីចលនាភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែង រហូតបានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំ ២០២៤ នេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ លើសពីនេះទៅទៀត អ្វីដែលជាការកត់សម្គាល់នោះគឺនៅឆ្នាំ២០២៤ មានថ្ងៃឈប់សម្រាកក្នុងបុណ្យចូលឆ្នាំរហូតដល់ទៅ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលសរុបមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍។២. ព្រះរាជពិធីបុណ្យអុំទូក: រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិ រហូតជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូក នៅមាត់ទន្លេ និងការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ។ ហើយឃើញថាកំណើននៃការគាំទ្រលើវិស័យការប្រណាំងទូកហាក់មានការកើនឡើងខ្ពស់ រួមមានទាំងក្មេងចាស់ ប្រុសស្រី។ ជាងនេះទៅទៀតក៏មានការដើរលេងកំសាន្តនៅតាមសួនសាធារណៈ យ៉ាងសប្បាយរីករាយ។ ពិសេសជាងនេះទៅទៀតនោះគឺវត្តមានយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋដែលបានទន្ទឹងរង់ចាំ ក៏ដូចជាទស្សនានូវទិដ្ឋភាពនាពេលរាត្រី ដោយមានការប្រគុំតន្រ្តី និង ការបាញ់កាំជ្រួច ជាប់ៗគ្នាយ៉ាងឧឡារិក។ ៣. ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១: ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤នេះ ខេត្តកំពត បាន រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ប្រកបដោយបរិយាកាសអធិកធម និងសប្បាយរីករាយ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន។ ព្រឹត្តិការណ៍ទេសចរណ៍ដ៏វិសេសវិសាលនេះ ទទួលបានវត្តមានទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧,៤% បើធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣។ សកម្មភាពកីឡា ទាំងកីឡាលើទឹក និងលើគោក ចំនួន ១០ប្រភេទកីឡា មានអ្នកចូលរួមកម្សាន្ត និងទស្សនាកីឡា សរុបប្រមាណ ៣ម៉ឺននាក់។ជាងនេះទៅទៀត ការដាក់ឱ្យដំណើរការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាសមិទ្ធផលថ្មី នឹងដើរតួជា ច្រកចេញ-ចូល សម្រាប់ភ្ញៀវទេសចរ, ការតភ្ជាប់ជាមួយអ្នកធ្វើដំណើរក្នុងតំបន់ តាមច្រកសមុទ្រ ពីគោលដៅ សំខាន់ៗនៅតាមតំបន់ឆ្នេរកម្ពុជា, ពីកំពង់ផែនានា រួមទាំងកំពង់ផែនៅខេត្តព្រះសីហនុ, ខេត្តកោះកុង និង កំពង់ផែនៅប្រទេសជិតខាង ព្រមទាំងពីគោលដៅផ្សេងៗទៀត ចូលមកកាន់ខេត្តកំពត។៤. រំលឹកគុណអង្គរលើកទី៤: កម្ពុជាបានប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរលើកទី៤ នៅរមណីយរដ្ឋានអង្គរ ខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលបានកសាងនិងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់ប្រជាជននិងមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរមានការប្រារព្ធពិធីសាសនា ការដាក់តាំងពិព័រណ៍សមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការសម្ដែងល្ខោន ក៏ដូចជាសិល្បៈទស្សនីយភាពជាច្រើនផ្សេងទៀត ដើម្បីអបអរសាទរខួប៣២ឆ្នាំ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ជាមួយនឹងគ្នានោះក៏មានផងដែរ ការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ “រាត្រីចងចាំ” ដើម្បីបង្ហាញនូវការចងចាំសម្បត្តិសិល្បៈវប្បធម៌ខ្មែរទាំងរូបីនិងអរូបីដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាពិសេសដើម្បីអបអរសាទរក្រមាខ្មែរដែលបានចុះក្នុងបញ្ជីតំណាងសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ដោយឡែក ព្រឹត្តការណ៍បុណ្យជាតិ និងព្រឹត្តការណ៍ទេសចរណ៍ ទាំងនេះគឺសុទ្ធតែបានចូលរួមចំណែកយ៉ាងធំ ក្នុងការជម្រុញឱ្យមានកំណើននៃវិស័យទេសចណ៍ ជាតិ និងអន្តរជាតិ ហើយក៏សុទ្ធសឹងជាព្រឹត្តការណ៍ដែលទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ពលរដ្ឋទាំងមូល៕

ឆ្នាំ២០២៤ជិតចប់ហើយ! តើមេដឹកនាំប្រទេសណាខ្លះ ដែលបានបាត់បង់តំណែង?
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

(អន្តរជាតិ)៖ ឆ្នាំ២០២៤ ជិតឈានដល់ទីបញ្ចប់ តែក្រឡេកមើលទៅក្រោយ ឆ្នាំ២០២៤នេះ គឺជាឆ្នាំដ៏គួរឱ្យកត់សម្គាល់ សម្រាប់ការបោះឆ្នោត ខណៈដែលអ្នកបោះឆ្នោតនៅក្នុងប្រទេសជាង 60 បានទៅបោះឆ្នោត។ វាក៏ប្រែទៅជាឆ្នាំដ៏លំបាកសម្រាប់អ្នកកាន់អំណាច និងគណបក្សនយោបាយ ជាប្រពៃណីដែរ ដោយ​សារ​ការ​ឡើង​ថ្លៃទំនិញ ការ​បែកបាក់​គ្នា​ជុំវិញ​បញ្ហា​វប្បធម៌ និង​ការ​ខឹងសម្បារ​ចំពោះ​ស្ថានភាព​នយោបាយ អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​ជា​ច្រើន​បាន​ផ្ញើ​សារ​ពី​ការ​មិន​សប្បាយចិត្តរបស់ពួកគេ។ក្នុងឆ្នាំនេះ នៅក្នុងការបោះឆ្នោតមួយ ក្នុងចំនោមការបោះឆ្នោតខ្ពស់បំផុតគឺ-         គណបក្សប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក ដែលលោក ចូបៃដិន ត្រូវដល់ពេលផុតអណត្តិជា ប្រធានាធិបតី ដោយលោក Donald Trump អតីតប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានផ្តួលអនុប្រធានាធិបតី Kamala Harris ។ គណបក្សសាធារណរដ្ឋ ក៏បានឈ្នះសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ។វាគឺជាការបោះឆ្នោតប្រធានាធិបតីអាមេរិកលើកទីបីជាប់ៗគ្នា ដែលគណបក្សកាន់អំណាចបានចាញ់។ ហើយវាគឺជាការខាតបង់គួរឱ្យកត់សម្គាល់មួយក្នុងចំណោមការខាតបង់ជាច្រើនសម្រាប់អ្នកកាន់អំណាចជុំវិញពិភពលោកក្នុងឆ្នាំ២០២៤ ដែលមានដូចជា៖-         នៅក្នុងខែកក្កដា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak លាលែងពីតំណែងជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីចាញ់យ៉ាងធ្ងន់ធ្ងរ គណបក្សការងារដែល​នាំ​ឱ្យ​ការ​គ្រប់​គ្រង​របស់​គណបក្ស​អភិរក្សនិយម​រយៈពេល 14 ឆ្នាំ​ត្រូវ​បញ្ចប់។-         នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Pushpa Kamal Dahal 'Prachanda' បានបាត់បង់ការបោះឆ្នោត ទុកចិត្ត នៅក្នុងសភា ក្នុងខែកក្កដា ដែលនាំឱ្យលោកលាលែងពីតំណែង បន្ទាប់ពីកាន់តំណែង រយៈពេល 19 ខែ។-         នៅក្នុងខែសីហា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានដកនាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន មន្រ្តីចេញពីតំណែង បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ដោយអតីតសមាជិក ព្រឹទ្ធសភាពីបទបំពានច្បាប់ក្រមសីលធម៌ ដោយតែងតាំងមេធាវីធ្លាប់ជាប់ទោស នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។ -         កាលពីខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio អាយុ 67 ឆ្នាំ បានប្រកាសថា លោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតជានាយករដ្ឋមន្ត្រីទៀតទេបន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រឈមមុខនឹងរឿងអាស្រូវនយោបាយជាបន្តបន្ទាប់។-         ចំណែក កាលពីដើមខែធ្នូនេះ ក្រុមឧទ្ទាមស៊ីរីបានដណ្ដើមយករដ្ឋធានី Damascus ធ្វើឱ្យលោក Bashar al-Assad ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល 13 ឆ្នាំ និងរយៈពេលប្រាំមួយទសវត្សរ៍នៃការគ្រប់គ្រងស្វយ័តរបស់គ្រួសារលោក ហើយក្រុមឧទ្ទាម បានបង្កើតរដ្ឋាភិបាលថ្មី។-         ជាចុងក្រោយ គឺនៅថ្ងៃទី​០៣ ដើមខែធ្នូ ប្រធានាធិបតីលោក យួន សុខយ៉ុល បានដាក់ច្បាប់អាជ្ញាសឹក និងចោទ ប្រកាន់មេដឹកនាំគណបក្សប្រជាធិបតេយ្យពីសកម្មភាព "ប្រឆាំងរដ្ឋ" ។ រដ្ឋសភាបានច្រាន ចោលការសម្រេចចិត្តរបស់លោក Yoon យ៉ាងឆាប់រហ័ស ដោយបានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីលុបចោលច្បាប់អាជ្ញាសឹក។ បច្ចុប្បន្ន វាសនារបស់ ប្រធានាធិបតីរូបនេះ កំពុងស្ថិតក្នុងភាព មិនច្បាស់លាស់។-         ការបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់គណបក្សកាន់អំណាចយូរអង្វែងអាចកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនៃប្រទេស Botswana ជាកន្លែងដែលគណបក្សប្រជាធិបតេយ្យ Botswana បានបាត់បង់អំណាចជាលើកដំបូង ក្នុងរយៈពេលជិត 60 ឆ្នាំ។-         នៅ​កន្លែង​ផ្សេង​ទៀត គណបក្ស​កាន់​អំណាច​បន្ត​កាន់​អំណាច ប៉ុន្តែ​នៅ​តែ​ទទួល​រង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងដូចជា នៅអាហ្រ្វិកខាងត្បូង សភាជាតិអាហ្រ្វិកបានបរាជ័យក្នុងការទទួលបានអាសនៈ រដ្ឋសភាភាគច្រើនជាលើកដំបូងចាប់តាំងពីការបញ្ចប់នៃរបបអាផាថេត។មិនត្រឹមតែមេដឹកនាំដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែក៏មានមេដឹកនាំផ្សេងៗទៀតផងដែរ ក្នុងនោះមានគណបក្សប្រឆាំងនៃខ្សែបន្ទាត់ មនោគម វិជ្ជាផ្សេងៗបានឈ្នះអំណាចនៅក្នុង ក្រុមចម្រុះនៃប្រជាជាតិ រួមមាន ហ្គាណា ប៉ាណាម៉ា ព័រទុយហ្គាល់ និងអ៊ុយរូហ្គាយ៕

វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី "ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ"
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គសុក្រឹតការ ស្តីពី "ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម" ដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្មបរទេស (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម អ៉ិន ខេមរា បានស្នើដល់សិក្ខាកាមទាំងអស់នូវចំណុចមួយចំនួនដូចជា (១).យកចិត្តទុកដាក់ស្តាប់ និងចាប់យកនូវខ្លឹមសារបច្ចេកទេសពីការធ្វើបទបង្ហាញ (២).លើកអំពីបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែងដើម្បីពិភាក្សា និងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព (៣).អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាអធិការការងារប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារដែលជាគោលការណ៍គ្រឹះសម្រាប់មន្ត្រីអធិការកិច្ចការងារត្រូវអនុវត្ត (៤).បន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ និងពីបងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និង(៥).បន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ និងសន្តិសុខសង្គម៕

រថភ្លើងក្រោមដីដំបូងបង្អស់របស់វៀតណាម បើកដំណើរការ ក្រោយពន្យាពេលអស់៤ឆ្នាំ
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

(អន្តរជាតិ)៖ ពិធីមួយនៅទីក្រុងហូជីមិញ ទីក្រុងធំបំផុតរបស់ប្រទេសវៀតណា បានប្រារព្ធពិធីបើក ដំណើរការរថភ្លើងក្រោមដីដំបូងរបស់ប្រទេសនេះ ដែលត្រូវបានសាងសង់ឡើងដោយមានជំនួយពីប្រ ទេសជប៉ុន។មនុស្សប្រហែល 500 នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬ JICA បានផ្តល់ប្រាក់កម្ចីជាប្រាក់យ៉េន ហើយក្រុមហ៊ុនជប៉ុនជាច្រើនបានចូលរួមក្នុងការសាងសង់។ខ្សែផ្លូវដែកប្រវែង 20 គីឡូម៉ែត្រ ដែលត្រូវបានរំពឹងថា នឹងបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាសកាន់តែអាក្រក់របស់ទីក្រុងហូជីមិញ តភ្ជាប់កណ្តាលទីក្រុង និងជាយក្រុង។ផ្នែកមួយនៃផ្លូវរថភ្លើងស្ថិតនៅលើផ្លូវដែកខ្ពស់ ហើយផ្នែកខ្លះរបស់វាស្ថិតនៅក្រោមដី ដែលធ្វើឱ្យក្លាយ ជារថភ្លើងក្រោមដីដំបូងគេរបស់ប្រទេស។មន្ត្រីវៀតណាមម្នាក់បាននិយាយថា គម្រោងនេះគឺជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ហើយបង្ហាញថាវិធីនៃការរួមបញ្ចូលបច្ចេកវិទ្យារបស់ប្រទេសជប៉ុន និងគំរូនៃការគ្រប់ គ្រងរបស់ខ្លួនគឺទទួលបានជោគជ័យ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់។បេក្ខជនទាំងអស់ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ១០៦.៣៥១នាក់ ស្មើនឹង ៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៨៩ ភាគរយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត  បានមានប្រសាសន៍ថា លទ្ធផលដ៏ប្រសើរនេះពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ។ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពល ដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស៕

វៀតណាម ព្យាយាមជំរុញឧស្សាហកម្មការពារជាតិក្នុងស្រុក ខណៈកំពុងរៀបចំពិព័រណ៍អាវុធ
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤

(ហាណូយ)៖ វៀតណាមនឹងដាក់តាំងបង្ហាញអាវុធផលិតក្នុងស្រុកនៅឯពិព័រណ៍អាវុធ អន្តរជាតិនៅទីក្រុង ហាណូយ ខណៈដែលប្រទេសនេះ ព្យាយាមជំរុញឧស្សាហកម្មក្នុងស្រុករបស់ខ្លួន និងអាចនាំចេញ ឧបករណ៍យោធា។ក្នុងចំណោមអ្នកតាំងពិព័រណ៍ជិត 250 នឹងមានក្រុមហ៊ុនការពារកំពូល រួមទាំងមកពីសហរដ្ឋអាមេរិក អឺរ៉ុប តួកគី និងបណ្តាប្រទេសដែលកំពុងមានសង្រ្គាមជាមួយគ្នា ដូចជាអ៊ីស្រាអែល អ៊ីរ៉ង់ រុស្ស៊ី និងអ៊ុយក្រែន។ប្រទេសអាស៊ីអាគ្នេយ៍គឺជាប្រទេសនាំចូលអាវុធដ៏សំខាន់ ជាពិសេសពីរុស្ស៊ី ដែលបានវិនិយោគអស់ ជាច្រើនឆ្នាំក្នុងសមត្ថភាពការពាររបស់ខ្លួននៅក្នុងតំបន់ដែលមិនស្ថិតស្ថេរ ដែលខ្លួនបានប៉ះទង្គិចជាមួយ ចិនជុំវិញព្រំដែននៅសមុទ្រចិនខាងត្បូង។មន្ត្រីក្រសួងការពារជាតិបាននិយាយម្តងហើយម្តងទៀតថា ប៉ុន្តែថ្មីៗនេះ វាក៏បានជំរុញឧស្សាហកម្ម ការពារជាតិក្នុងស្រុករបស់ខ្លួន ហើយការលើកកម្ពស់ការនាំចេញផលិតផលយោធា ឥឡូវនេះ គឺជាអាទិភាពមួយ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងការពារជាតិបានឱ្យដឹងថា ក្រុមហ៊ុនការពារជាតិរបស់ Viettel និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀតនឹងបង្ហាញប្រព័ន្ធការពារមីស៊ីល យន្តហោះគ្មានមនុស្សបើក រ៉ាដា ការពារដែនអាកាស រថពាសដែក និងកាំភ្លើងធំ។លោក Nguyen The Phuong អ្នកជំនាញផ្នែកសន្តិសុខវៀតណាមនៅសាកលវិទ្យាល័យ New South Wales របស់ប្រទេសអូស្ត្រាលីបាននិយាយថា អាវុធមួយចំនួនក្នុងចំណោមអាវុធទាំងនេះនឹងត្រូវដាក់ តាំងបង្ហាញជាលើកដំបូង៕

ករណីជំងឺផ្ដាសាយបក្សីធ្ងន់ធ្ងរលើកដំបូងនៅអាមេរិក បង្កការភ្ញាក់ផ្អើល
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤

(វ៉ាស៊ីនតោន)៖ អាជ្ញាធរបានប្រកាសថា អ្នកជំងឺម្នាក់ នៅរដ្ឋ Louisiana ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានការឆ្លងជំងឺផ្តាសាយបក្សីធ្ងន់ធ្ងរ ដែលជាករណីមនុស្សធ្ងន់ធ្ងរដំបូងគេនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលការភ័យខ្លាចកើនឡើងនៃការរីករាលដាលនៃជំងឺផ្តាសាយបក្សី។ករណីថ្មីនេះបាននាំមកនូវចំនួនសរុបនៃការឆ្លងនៅក្នុងសហរដ្ឋអាមេរិកក្នុងអំឡុងពេលការផ្ទុះឡើងនៃឆ្នាំ 2024 បច្ចុប្បន្នដល់ 61 ដោយអ្នកជំងឺផ្សេងទៀតមានរោគសញ្ញាស្រាលដែលពួកគេ បានជាសះស្បើយ។ភាពធ្ងន់ធ្ងរនៃករណីរដ្ឋ Louisiana បានបង្កើនការប្រកាសអាសន្ន ដោយបន្លឺឡើងករណីស្រដៀងគ្នានេះ នៅទូទាំងពិភពលោក។ កាលពីខែមុន ក្មេងជំទង់ម្នាក់ក្នុងប្រទេសកាណាដាក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយមានករណីជំងឺផ្ដាសាយបក្សីធ្ងន់ធ្ងរ។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) អ្នកជំងឺរដ្ឋ Louisiana ត្រូវបានប៉ះពាល់នឹងសត្វស្លាបឈឺ និងងាប់នៅក្នុងហ្វូងសត្វខាងក្រោយផ្ទះ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតបន្ថែម រួមទាំងការព្យាករណ៍របស់បុគ្គលនោះ ត្រូវបានបង្ហាញឱ្យដឹងនោះទេ៕

កិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង និងតំណាងក្រុមហ៊ុន សហគ្រាសឯកជននានា។កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណង៖•ផ្សព្វផ្សាយអំពីបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងទៅកាន់វិស័យឯកជន ដើម្បីបង្ខិតសេវាទៅកាន់សាធារណជនទូទៅ• បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីបង្កើនភាពងាយស្រួលសម្រាប់សាធារណជនក្នុងការទទួលបាននូវឱកាសការងារយ៉ាងសម្បូរបែបស្នើសុំទីតាំងសម្រាប់ដាក់ដំណើរការបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួង នៅតាមសាកលវិទ្យាល័យ, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, សាលាខណ្ឌ, សាខា ប.ស.ស., ផ្សារទំនើប, និងទីតាំងអាជីវកម្មនានា។លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានជម្រាបថា បញ្ជរសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជាស្នាដៃរបស់សិស្ស-និស្សិតរបស់វិទ្យាស្ថាន TVET ដែលបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាមទីតាំងសាធារណៈ ដែលនៅជិតគេហដ្ឋានរបស់ខ្លួន។ បញ្ជរសេវាសាធារណៈនេះមានមុខងារចំនួន ៨ ដូចជា៖• សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)• សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)• សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)• សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker) • សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)• សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)• ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)• ប្រអប់សំណូមពរ (Opinion Box) លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងនឹងដាក់ឱ្យដំណើរការប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័ត ចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ ជាជំហានទី១ នៅដើមឆ្នាំ ២០២៥ នៅតាមទីតាំងសាធារណៈនានា បន្ទាប់មកទៀតក្រសួងនឹងដាក់បញ្ជរសេវាសាធារណៈចល័តនេះបន្តបន្ទាប់ទៀតសរុបប្រមាណ ១ ០០០គ្រឿង៕

ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ នៅសាលប្រជុំនៃអគារទីស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម រួមនិងវត្តមានចូលរួមពីសមាជិក សមាជិកាដែលជាតំណាងអន្តរក្រសួង តំណាងនិយោជក និងតំណាងសមាជិក ប.ស.ស.។  របៀបវារៈសម្រាប់កិច្ចប្រជុំនេះ រួមមាន គម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨, និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម។ ឯកឧត្តម ហេង សួរ បានថ្លែងថា ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម គឺជាអង្គការដឹកនាំខ្ពស់បំផុតមួយរបស់ ប.ស.ស. ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានបេសកកម្មក្នុងការតម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស. ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គមជានិរន្តរ ក្នុងគោលដៅការពារផលប្រយោជន៍ដល់សមាជិក ប.ស.ស. គ្រប់រូប។ នៅក្នុងរបៀបវារៈនៃការពិភាក្សាលើគម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់ ប.ស.ស. ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា ការរៀបចំផែនការថវិកាដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីអាចឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធិកម្ម ដែលស្របតាមទិសដៅជាយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ ភាពសមិទ្ធិកម្ម នៅឆ្នាំ២០២៥។ ដោយឡែក របៀបវារៈនៃសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ គឺស្របតាមផែនការសកម្មភាពឆ្នាំ២០២៥ ដែល ប.ស.ស. បានដាក់ចេញ ហើយនឹងក្លាយជាឧបករណ៍ ឬជាផែនទី១ សម្រាប់នាយកដ្ឋាន និងអង្គភាពចំណុះ ប.ស.ស. យកទៅរៀបចំ និងអនុវត្តតាមបណ្ដុំការងារ ឬសកម្មភាពរបស់ខ្លួន។ ទន្ទឹមនេះ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម គឺធ្វើឡើងក្នុងគោលបំណងកែសម្រួលតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. ឱ្យស្របតាមច្បាបស្តីពីរបបសន្តិសុខសង្គម ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព លើកកម្ពស់គុណភាព និងគណនេយ្យភាពនៃការផ្តល់តាវកាលិកសន្តិសុខសង្គមជូនសមាជិក ប.ស.ស.។ សូមបញ្ជាក់ថា យោងអនុក្រឹត្យលេខ១០៥៦ អនក្រ.តត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី២ ក្នុងនោះសមាសភាពនៃក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី២នេះ រួមមាន ឯកឧត្តម ហេង សួរ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន, លោកជំទាវ ប៉ែន សុបភា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកា, ឯកឧត្តម ទិន សុខឃួន តំណាងក្រសួងមុខងារសាធារណៈ ជាសមាជិក, ឯកឧត្តម ឡូ វាសនាគីរី តំណាងក្រសួងសុខាភិបាល ជាសមាជិក, ឯកឧត្តម អៀម គន្ធឌី តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាសមាជិក, លោកជំទាវ អ៊ុច និពន្ធ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិកា, ឧកញ៉ា សុខ ពិសិដ្ឋ តំណាងនិយោជក ជាសមាជិក, ឧកញ៉ា ណាង សុធី តំណាងនិយោជក ជាសមាជិក, លោក គង់ អាទិត្យ តំណាងសមាជិក ប.ស.ស. ជាសមាជិក, ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ជាសមាជិកអចិន្ត្រៃយ៍៕

ប្រយ័ត្នខ្ពស់! Norovirus សម្លាប់មនុស្ស ២០០ ០០០នាក់ ជារៀងរាល់ឆ្នាំលើសកលលោក ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

(សុខភាព)៖​ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធាន​ការការពារ​សុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹង​ថា នៅលើពិភពលោក វីរុសណូរ៉ូ «Norovirus » ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាល​មកពី​អាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវរលាកក្រពះពោះវៀន។អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០,០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុ​ក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០,០០០នាក់បានស្លាប់។ ការផ្ទុះរាតត្បាត​នៃជំងឺបង្កដោយវីរុសណូរ៉ូភាគ​ច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការ​ប្រមូលផ្ដុំ អាកាសធាតុ​ត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំ​របស់រាងកាយចុះខ្សោយ។បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។ រោគសញ្ញាភាគច្រើនមាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុងរយៈពេល ១ទៅ ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លងវីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុស។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។១) របៀបចម្លង៖ វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖* ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារៈប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ* ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ* ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់* អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ២) របៀបបង្ការ៖ * ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់* សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ* ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០អង្សាសេ* ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក៕

ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំ «ក្បួនដង្ហែសាទរកម្ពុជា» ដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ នៅថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំនេះ
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលស.ស.យ.ក. និងជាសមាជិកគណ:កម្មាការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និង ឯកឧត្តម គង់ សុលីយ៉ា ប្រធានក្រុមការងារប្រតិបត្តិ រួមទាំងវត្តមានអញ្ជេីញចូលរួមពីប្រធាន និងអនុប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ការរៀបចំសន្និសីទនេះបានធ្វេីឡេីងក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឱ្យបានជ្រាបកាន់តែច្បាស់អំពីព្រឹត្តិការណ៍ «សាទរកម្ពុជា»។ គួររំលឹកផងដែរថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់និងបានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ ការតុបតែងទាំងនេះនឹងមកនូវទីតាំងដែលរៀបចំដើម្បីរំលឹកដល់បណ្តាល្បែងកំសាន្តប្រជាប្រិយនាទសវត្សទី៩០ (ឧទាហរណ៍ ល្បែងលេងលោតមឹក) ដែលជា តំណាងដល់ទឹកចិត្តសប្បាយរីករាយនៃយុវភាពកម្ពុជា ទោះក្នុងដំណាក់កាលលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ។ នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះនឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះនឹងនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។ ការសាទរកម្ពុជាជាមួយគ្នាក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល។ កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជា គឺ “ក្បួនដង្ហែទង់ជាតិកម្ពុជា» ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ។ លេីសពីនេះក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥ខេត្តក្រុង អ្វីដែលកាន់តែពិសេសក្នុងព្រឹិត្តិការណ៍នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់តារាល្បីៗទូទាំងប្រទេសកម្ពុជាផងដែរ។

ប្ដឹងទៅប្ដឹងមក? ក្រោយនៅស្ងៀមអស់ពេលជាយូរពេលនេះតារាចម្រៀង វណ្ណថាន បានចេញបំភ្លឺពាក់ព័ន្ធការចោទប្រកាន់ជុំវិញរឿងអាស្រូវជាមួយនារីម្នាក់!
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

(កម្សាន្ត)៖ ជឿជាក់ថាមហាជនមួយចំនួនច្បាស់ជាបានជ្រាបរួចខ្លះៗមកហើយ អំពីរឿងរ៉ាវផ្ទុះពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងនារីម្នាក់ ដែលមានគណនីឈ្មោះថា Thida kol បានធ្វើការទម្លាយដោយបង្ហោះសារដោយប្រយោលថាមានតារាចម្រៀងជួរមុខម្នាក់បានដើរចម្លងជំងឺទៅកាន់អ្នកដទៃ មិនត្រឹមតែប៉ុណ្នោះគណនីនារីរូបនេះថែមទាំងបានធ្វើការឡាយជាវីដេអូដោយបញ្ជាក់ថាខ្លួនបានឆ្លងជំងឺមហារីកមាត់ស្បូនតាមរយៈតារារូបនេះទៀតផង។ទន្ទឹមនឹងនេះ មិនទាន់អស់នោះទេ នារីរូបនេះថែមទាំងបានបង្ហាញរូបភាព Chat ដែលជាឈ្មោះ និងរូបភាពរបស់ តារាចម្រៀង វណ្ណថាន ផងដែរ ដែលជាហេតុធ្វើឱ្យមហាជន សន្មត់ថាតារារូបនោះ គឺជាតារាចម្រៀង វណ្ណថាន។ ទោះជាយ៉ាងណា ឃើញថាមានមហាជនមួយចំនួនបានជឿតាមរយៈការបកស្រាយរបស់នារីរូបនេះ ប៉ុន្តែខ្លះឯទៀតក៏ហាក់មិនទាន់ជឿនោះឡើយ ដោយពួកគេរង់ចាំការបកស្រាយផ្ទាល់ពីលោក។យ៉ាងណាមិញ ទីបំផុតក្រោយនៅស្ងៀមអស់ពេលជាយូរពេលនេះតារាចម្រៀង វណ្ណថាន បានចេញបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ជុំវិញរឿងអាស្រូវមួយនេះ។ ដោយ លិខិតបំភ្លឺជាសាធារណៈ នោះមានខ្លឹមសារដូចតទៅ៖«ខ្ញុំបាទ លី វណ្ណថាន សូមអនុញ្ញាតគោរពជម្រាបជូនទៅកាន់អ្នកគាំទ្រ និង សាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា៖ សប្តាហ៍ដែលទើបតែកន្លងមកនេះ គឺជាពេលដែលពិបាក និង គួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់ខ្ញុំ។ ហើយខ្ញុំបាទ ក៏ដឹង ដែរ ថា ពុកម៉ែបងប្អូនមានមន្ទិល និង ចម្ងល់ជាច្រើនទាក់ទងនឹង ភាពស្ងៀមស្ងាត់របស់ខ្ញុំបាទ។ ថ្ងៃនេះ ខ្ញុំបាទសូម បកស្រាយ និង បំភ្លឺជាសាធារណៈថា ការស្ងៀមស្ងាត់របស់ខ្ញុំគឺដោយសារ ខ្ញុំបាទបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ ខ្ញុំបាទ សុំ អោយរក្សាភាពស្ងៀមស្ងាត់ មិនតបត ដើម្បីងាយស្រួលនឹងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ ពី ភាពស្អាតស្អំ របស់ខ្ញុំបាទ»។លោកបានបន្តទៀតថា«ខ្ញុំបាទសូមធ្វើការសូមទោសដោយគោរពទៅកាន់អ្នកគាំទ្រក៏ដូចជាសាធារណជនទាំងអស់ ដោយរឿងនេះបង្កជាការ ជ្រួលច្របល់ ក្នុងបណ្តាញសង្គម។ ខ្ញុំបាទពិតជាមានការពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់ បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់ខ្ញុំបាទ ត្រូវបានបង្អួចបែបនេះ។ ដោយហេតុនេះហើយ ទើប ខ្ញុំបាទសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធី គឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និង ស្រោចស្រង់ កេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់ខ្ញុំបាទមកវិញ។ ខ្ញុំបាទ នឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្ញុំទៅកាន់តុលាការ។ ខ្ញុំបាទសូមសំណូមពរឱ្យពុកម៉ែ បងប្អូន រង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយ។ ខ្ញុំបាទ សូមអរគុណជាអនេកកប្បការដល់ អ្នកទាំង អស់គ្នា ដែលបាននៅក្បែរខ្ញុំ និង បន្ត ការស្រលាញ់គាំទ្រ ខ្ញុំបាទ ក្នុងគ្រាដ៏លំបាកនេះ»។ នេះបើយោងតាមគណនីផ្ទាល់ខ្លួនរបស់ តារាចម្រៀង វណ្ណថាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ៕

សំណុំរឿងតេងមូមិនទាន់ចប់ទេ! សាក្សី៨នាក់ ត្រៀមខ្លួនប្តឹងតវ៉ាប្រឆាំងនឹងមនុស្សនៅលើទូកពីបទ "ឃុបឃិតគ្នាលាក់បាំងឃាតកម្ម" ក្រោយរកឃើញភស្តុតាងថ្មីជាច្រើន
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

(ថៃ)៖ លោក Atchariya Ruangrattanapong ប្រធានសមាគមជំនួយជនរងគ្រោះពីឧក្រិដ្ឋកម្ម បានដាក់ភស្តុតាងថ្មីក្នុងសំណុំរឿងមរណភាពរបស់តារាសម្ដែងស្រីវ័យក្មេង "Tangmo Nida Patcharaveerapong" ដើម្បីស្នើសុំទៅអគ្គព្រះរាជអាជ្ញាភូមិភាគទី១ ធ្វើវិសោធនកម្ម ការចោទប្រកាន់ក្នុងការបើកសវនាការឡើងវិញនៅ សាលាដំបូងខេត្តNonthaburi ដែលមិនទាន់បានចេញសាលក្រមប្រឆាំងនឹងមនុស្សនៅលើទូក ក្រោមបទចោទ «រួមគ្នាលាក់បាំងអំពើមនុស្សឃាត»។ លោក Atchariya បញ្ជាក់ថា នេះជាបទល្មើសព្រហ្មទណ្ឌប្រឆាំងរដ្ឋ ដោយមិនចាំបាច់ឲ្យម្តាយរបស់ Tangmo ដាក់ញត្តិទេ ព្រោះបច្ចុប្បន្នជាបន្ទុករបស់ការិយាល័យអគ្គព្រះរាជអាជ្ញា ព្រោះភស្តុតាងថ្មី ត្រូវបានរកឃើញ ហើយមានសាក្សីដែលជាភស្តុតាងថ្មីដែលមិនពាក់ព័ន្ធ នឹងសំណុំរឿង របស់សាលាខេត្ត Nonthaburi ។ អ្នកបើកបរកាណូតដែលបើកទូករយៈពេល២០ឆ្នាំមកធ្វើជាសាក្សី ហើយបាននាំក្រុមហ៊ុន GPS របស់ទូកដែលមាន ឧបទ្ទវហេតុដើម្បីផ្តល់សក្ខីកម្មបានធ្វើឱ្យតុលាការជឿថា Nong Tangmo មិនបានធ្លាក់ពីខាងក្រោយទូកទេហើយវាមិនបណ្តាលមកពីកប៉ាល់ទូកទេ។ ហើយអ្វីដែលសំខាន់បំផុត នោះគឺការប្រមូលភស្តុតាងកាលពីពេលមុនៗ គឺមិនអាចទុកចិត្តបាន រួមទាំងការកែតម្រូវពេលវេលា GPS រួមទាំងរូបថតនៃដបទឹកផងដែរ។ យើងមានវីដេអូឃ្លីបសរុបចំនួន ១២ ដែលយើងបានដាក់ទៅតុលាការព្រហ្មទណ្ឌ។ក៏មានឯកសារធ្វើកោសល្យវិច្ច័យពីវេជ្ជបណ្ឌិតផ្នែកកោសល្យវិច្ច័យនៅមន្ទីរពេទ្យ Police General Hospital ដែលបញ្ជាក់ថា របួសរបស់ Nong Tangmo មិនមែនបណ្តាលមកពីកប៉ាល់ទូកនោះទេ ប៉ុន្តែដោយវត្ថុមុតស្រួច ដែលជាវត្ថុមុតស្រួច ហើយរបួសរបស់ Nong Tangmo មិនស្របគ្នានោះទេ។ . របួសត្រូវបានគេបញ្ជាក់ថា មានការរបួសជាយូរមកហើយ ដូច្នេះមិនត្រូវគ្នា នឹងកប៉ាល់ទូក។ បើមិនមានការធ្លាក់ពីកប៉ាល់ ហើយមិនបណ្ដាលមកពីកប៉ាល់ទូក តើអាចបណ្ដាលមកពីអ្វី? វាច្បាស់ជាបណ្តាលមកពីនរណាម្នាក់ បណ្តាលឱ្យស្លាប់របស់ Nong Tangmo ដោយធ្វើបាបនាង។«ចំពោះការក្លែងខ្លួនបោះទឹកក៏ជាមូលហេតុដែលនាំឲ្យNong មិនធ្លាក់ពីក្រោយទូកដែរ និយាយឲ្យចំគឺ Nong Tangmo មិនធ្លាក់ចូលទឹកទេ ខណៈអ្នកខ្លះថាជម្ពប់ជើងដួល។ ផ្នែកខាងឆ្វេងនៃទូក វាមិនពិតទេ»។ ទោះជាយ៉ាងណាក៏ដោយ រឿងក្ដីនេះបានកន្លងផុតទៅប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែនៅតែបន្សល់នៅចម្ងល់ និងភស្តុតាងមួយចំនួនដែលអ្នកគាំទ្រ និមហាជនហាក់មិនទទួលយក ហើយពេលនេះក៏លេចចេញនូវសាក្សី និងភស្តុតាងថ្មីៗជាបន្តបន្ទាប់ ធ្វើឱ្យសាធារណៈជនកំពុងរងចាំមើលថា តើរឿងក្ដីនេះនៅចុងក្រោយបំផុតនឹងទៅជាយ៉ាងណា?

ម្ចាស់ទឹកភ្នែក! ជ្រូករាប់រយក្បាលត្រៀមលក់ចេញ បែរមកជួបគ្រោះទឹកជំនន់បណ្ដាលឱ្យលិចទ្រុងជ្រូក ធ្វើឱ្យជ្រូកលង់ទឹក និងបាត់ខ្លួន
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

(ថៃ)៖ អ្នកស្រី Wiyuda Chairik អាយុ៥១ឆ្នាំ រស់នៅឃុំសៅផៅ ស្រុកស៊ីខុន ខេត្តនគរស៊ីធម្មរាត ជាអ្នកចិញ្ចឹមជ្រូក ហើយមានជ្រូកមួយកន្លែងនៅជិតខុងថាថុន ។កាលពីយប់ថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០២៤ កន្លងទៅភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។ លុះភ្ញាក់ពីដំណេកនៅព្រឹកនេះ វេលាម៉ោងប្រហែល ៩ ព្រឹក គាត់បានទៅពិនិត្យលើកន្លែងចិញ្ចឹមជ្រូក ឃើញថាទឹកបានហៀរចូលលិចជ្រូកហើយ។ ទោះបីជាយ៉ាងណា នាងមិនអាចធ្វើអ្វីបានទេ ទើបនាងប្រញាប់ទៅផ្ទះ។ នៅម៉ោង១២ថ្ងៃត្រង់ ទឹកបានស្រកអស់ហើយនោះ ពេលចុះទៅពិនិត្យក៏បានរកឃើញថា ក្នុងចំណោមជ្រូក១៤០ក្បាល មានសត្វជ្រូក២៥ក្បាលបានលង់ទឹកស្លាប់ និងហើយបាត់ជ្រូកអស់ជាច្រើនក្បាលទៀត ។ បើតាមការចុះផ្សាយរបស់ព័ត៌មានទូរទស្សន៍ថៃ AMARIN TV បានរាយការណ៍ថា ក្រោយដឹងថាជ្រូកងាប់ក៏ចែកឱ្យអ្នកជិតខាងយកទៅធ្វើជាអាហារ ។ ចំណែកជ្រូកដែលត្រូវចរន្តទឹកលិច ហើយរកឃើញក្នុងចម្ការអ្នកភូមិក៏យកទៅកប់ក្នុងរណ្តៅ។ បើអ្នកភូមិចង់ធ្វើម្ហូបក៏សប្បាយចិត្តចែកឲ្យអ្នកភូមិ។អ្នកស្រី វី យុទ្ធា បាននិយាយថា ទឹកជំនន់មកលឿនពេកដែលអ្នកស្រីមិនបានត្រៀមខ្លួន។ ជ្រូកដែលងាប់បានត្រៀមលក់ ប៉ុន្តែភ្លៀងធ្លាក់ ទើបនាងគិតថានឹងលក់ជ្រូកពេលគ្រោះរាំងស្ងួត។ ថ្ងៃនេះជ្រូក 25 ក្បាលបានងាប់ ដែលជាការបាត់បង់ចំណូលមួយផ្នែកធំសម្រាប់កាត់ ហើយគាត់ក៏បានស្នើ សុំចង់ឱ្យរដ្ឋាភិបាលជួយ និងផ្តល់សំណងផងដែរ។ សូមបញ្ជាក់ផងដែរ ខេត្តមួយចំនួន ក្នុងប្រទេសថៃ ប៉ុន្មានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យដំណាំ ស្រែចំការខូចខាតអស់ជាច្រើន និងជំរុញឱ្យប្រជាពលរដ្ឋថៃជាច្រើនគ្រួសារជម្លៀសខ្លួនចេញ ទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ៕

បណ្តាញសង្គម