(ភ្នំពេញ)៖ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញបន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មី ឱ្យកាន់តែប្រសើរ និងមានប្រាក់ចំណូលច្រើនជាងមុន។ លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញបានលើកឡើងថា ខ្លួនបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈផ្នែកធ្វើនំដោយជោគជ័យកាលពីប៉ុន្មានខែមុន។ ស្រ្តីរូបនេះបានសម្រេចចិត្តចូលសិក្សាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលក្នុងគោលបំណង ដើម្បីបន្ថែមជំនាញពីលើមុខរបរបច្ចុប្បន្នដែលមានស្រាប់។ សម្រាប់លោកស្រី ការសិក្សាជំនាញវិជ្ជាជីវៈគឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះមានជំនាញជាច្រើនដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើសពីនោះ គឺការសិក្សាជំនាញមួយនេះអាចជ្រើសរើសម៉ោងសិក្សាច្រើនវេន មានទាំងព្រឹក រសៀល និងយប់ ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ៍ អាទិត្យ ដែលសុទ្ធសឹងតែជាពេលវេលាល្អសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។ លោកស្រីថាខ្លួននឹងបង្កើតមុខរបរថ្មីមួយទៀតលើជំនាញដែលបានសិក្សានាពេលកន្លងមក។ លោកស្រីលើកទឹកចិត្តទៅដល់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកចាប់ឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈណាមួយបន្ថែមទៀតដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មីនាពេលអនាគត។ ជាពិសេសពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាតដែលអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែផងដែរ។ ចំណែក លោកស្រី ចាប ចិន្តា ដែលជាអាជីវករលក់បាយស្ថិតនៅគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ឱ្យលើការសិក្សាជំនាញមួយដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភ គឺជាឱកាសសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាពក្នុងការសិក្សាជំនាញថ្មី អាចបង្កើតមុខរបរឱ្យល្អជាងមុន ទទួលបានប្រាក់ចំណូលសមរម្យ និងបន្ថែមលើរបរបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ លោកស្រីធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋានបានផ្តល់ព័ត៌មានអំពីការសិក្សាជំនាញវិជ្ជាជីវៈទៅដល់បងប្អូនប្រជាពលរដ្ឋបានពេញលេញនៅមូលដ្ឋាននាពេលកន្លងមក និងបានលើកទឹកចិត្តទៅដល់យុវជនដែលទទួលបានលទ្ធផលមិនល្អក្នុងការប្រឡងថ្នាក់ទី១២ ជាពិសេសពលរដ្ឋដែលជាអ្នករកសុីបន្តិចបន្តួចឱ្យទៅចាប់យកឱកាសក្នុងការសិក្សាជំនាញបន្ថែម ពីព្រោះការសិក្សាជំនាញមានរយៈពេលខ្លី ហើយអាចជ្រើសរើសម៉ោងសិក្សាបានច្រើនវេន ដែលអាចឱ្យពលរដ្ឋឆ្លៀតពេលទៅទទួលការសិក្សាជំនាញថ្មីដោយគ្មានបញ្ហាប្រឈម និងប៉ះពាល់ការរកសុី។ ទន្ទឹមនេះ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកតាមរយៈការដាក់ចេញនូវកម្មវិធីលើកកម្ពស់ជីវភាពពលរដ្ឋជាច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះដែលមានទាំងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសិក្សាដោយឥតគិតថ្លៃ រួមនិងការពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គមដែលអាចអនុញ្ញាតឱ្យពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិកដើម្បីទទួលបានការសេវាថែទាំសុខភាពមួយយ៉ាងមានប្រសិទ្ធភាពទៀតផង។ បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជិត៨មុឺននាក់នៅទូទាំងប្រទេស។ យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ៕
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី បានចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថិតក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងលោកស្រី សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី និងលោកស្រី ប៊្រីដហ្គេត ខូលីយឺ (Bridget Collier) អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ឯកឧត្តម ហេង សួរ បានថ្លែងថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះ បង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្ត។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈបទពិសោធន៍ និងគុណភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់វិទ្យាស្ថាន Bendigo Kangan ដែលត្រូវបានទទួលស្គាល់ជាយូរឆ្នាំមកហើយនៅក្នុងប្រទេសអូស្ត្រាលី នឹងមិនត្រឹមតែចូលរួមអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជាស្របតាមស្តង់ដាអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់លើវិស័យយានយន្ត ដោយនឹងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ។ លោកស្រី សលលី ឃូថែន (Sally Curtain) បានគូសបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excelence) ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន Bendigo Kangan ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា នឹងចូលរួមបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តដល់ធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញពេញមួយជីវិតប្រកបដោយគុណភាពខ្ពស់។ សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី មានរយៈពេល៣ឆ្នាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា៕
(អន្តរជាតិ)៖ កងទ័ពរុស្ស៊ីនៅ បានបើកការវាយប្រហារទ្រង់ទ្រាយធំលើវិស័យថាមពលរបស់អ៊ុយក្រែន ដោយបង្ខំឱ្យផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់ ខណៈដែលសីតុណ្ហភាពធ្លាក់ចុះដល់ត្រជាក់នៅទូទាំងប្រទេស។បណ្តាញថាមពលរបស់អ៊ុយក្រែនត្រូវបានគេកំណត់គោលដៅយ៉ាងខ្លាំងចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ 2022 ដោយទីក្រុង Kyiv បានចោទប្រកាន់ទីក្រុងម៉ូស្គូពីយុទ្ធសាស្ត្រ "ភេរវកម្ម" ដោយ ព្យាយាមទម្លាក់ទីក្រុងអ៊ុយក្រែនឱ្យស្ថិតក្នុងភាពងងឹត និងកាត់ផ្តាច់កំដៅដល់ជនស៊ីវិលពេញ មួយរដូវរងា។ការវាយប្រហារពេញមួយយប់បានកើតឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ដែលបានឃើញភាគីទាំងពីរបានបើកអាវុធថ្មី មុនពេលដែលលោក Donald Trump ចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកក្នុងខែមករា។រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល "ស្ថិតនៅក្រោមការវាយប្រហាររបស់សត្រូវដ៏ធំ" បន្ទាប់ពីមានការប្រកាសអាសន្នផ្លូវអាកាសទូទាំង ប្រទេសសម្រាប់មីស៊ីលដែលចូលមក។កងកម្លាំងទ័ពអាកាសបានរាយការណ៍អំពីកាំជ្រួចបើកបររបស់រុស្ស៊ី និងវាយប្រហារយន្តហោះគ្មានមនុស្ស បើកដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងនានាទូទាំងប្រទេស រួមទាំងរដ្ឋធានី Kyiv, Kharkov នៅភាគឦសាន និងទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa ៕