
(ភ្នំពេញ)៖ ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨២ ៣១៣ តោនគិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាមេរិក។ សហពព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញអង្ករក្នុងរយៈពេលខាងលើនេះ បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ប្រទេស បានបរិមាណចំនួន ៤០ ២៩១តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារសហរដ្ឋអាមេរិក។ចំណែកឯប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗចំនួន ០.៤៩%។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០៣១ ៤៣១ តោនដែលស្រូវសើមផងដែរ ដោយទទួលបានទឹកប្រាក់បានប្រមាណ ៧២៣.០៥ លានដុល្លារសហរដ្ឋអាមេរិក ទាំងនេះបើយោងតាមការឱ្យដឹងពី សហពព័ន្ធស្រូវអង្ករកម្ពុជា៕

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏ធំនឹងកើតឡើងនៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង នៅក្នុងខែឧសភានេះមានដូចជា៖ថ្ងៃទី១១ ខែឧសភា នឹងមានបុណ្យវិសាខបូជា នៅខេត្តកណ្តាល «VISAK BOCHEA» at Kandal Provinceថ្ងៃទី១៥ ខែឧសភា នឹងមានព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង «ROYAL PLOUGHING CEREMONY» at Kampong Chhnang Province.សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរនឹងចូលរួមយ៉ាងច្រើនកុះករក្នុងពិធីបុណ្យជាតិធំៗទាំងពីរនេះ៕

(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសម្រេចផ្អាកការនាំចូលជាបណ្តោះអាសន្នលើសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ ដើម្បីទប់ស្កាត់ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់។ម្យ៉ាងដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដល់គ្រប់អង្គភាពគយនិងរដ្ឋាករពាក់ព័ន្ធ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវន្ត ព្រមទាំងត្រូវចាត់ វិធានការតាមដាន ទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវទំនិញដែលបានហាមឃាត់តាម មាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។ ទទួលបានការណែនាំនេះ សូម លោក លោកស្រី ចាត់ចែងអនុវត្តជាការប្រញាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់មានការណែនាំជាថ្មី៕