វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade )  ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តសុខារាម ក្រុងឧដុង្គម៉ែជ័យ
ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៤

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ១២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង បានរាយការណ៍ជូនគណៈអធិបតីដឹងថា សមិទ្ធផលដែលត្រូវដាក់ឱ្យសម្ពោធនៅថ្ងៃនេះរួមមាន សាលាបុណ្យ ក្លោងទ្វារ បន្ទប់ទឹក ជួសជុលដំបូលព្រះវិហារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណវត្ត ដែលបានចំណាយថវិកាសរុបប្រមាណ ប្រាំសែនដុល្លារ។ សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនក្នុង និងក្រៅប្រទេសដែលបានគៀរគរថវិកាដើម្បីកសាងសំណង់បូជនីយដ្ឋានទុកជាទីសក្ការៈ និងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់វិស័យព្រះពុទ្ធសាសនាក្នុងខេត្ត។មានមតិសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសូមចូលរួមអបអរសាទរ ជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយលោកតា អ៊ុពូមីង បងប្អូន នូវសមិទ្ធផលថ្មីដែលជាការរួបរួមសាមគ្គីពីប្រជាពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសបានកសាងទុកជាឧត្តមប្រយោជន៍សម្រាប់ការប្រណិបតន៍ព្រះពុទ្ធសាសនាក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗជាច្រើនដែលលោកធ្លាប់បានមកធ្វើការក្នុងនាមជាក្រុមការងារគណបក្សចុះជួយស្រុកឧដុង្គ និងខេត្តកំពង់ស្ពឺ ជាពិសេសការទទួលបានការស្វាគមន៍ ញញឹមរាក់ទាក់ និងស្រលាញ់រាប់អានយ៉ាងស្និទស្នាលបំផុតពីសំណាក់ក្រុមការងារមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តដែលបានចាត់ទុកលោកជាកូនក្មួយ និងប្អូន។ ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ និយាយដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺរបស់យើង សន្តិភាពបានប្រែមុខមាត់ខេត្តពីតំបន់ជម្លោះប្រដាប់អាវុធ មកជាតំបន់ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលបានរួបរួមគ្នាជាធ្លុងមួយ ក្នុងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងហេដ្ឋរចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។ សូមបញ្ជាក់ថា វត្តសុខារាម ត្រូវបានកសាងឡើងលើកដំបូងក្នុងទសវត្សរ៍ទី៦០ និងត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត ប្រទាននាមថា វត្តសុខារាម។ ក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម វត្តត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ដោយសារការរួបរួមសាមគ្គីពីព្រះគ្រូចៅអធិការ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាងវត្តជាបន្តបន្ទាប់ រហូតមានហេដ្ឋរចនាសម្ព័ន្ធ សំណង់បូជនីយដ្ឋាននានាបានកើតឡើងជាច្រើនប្រកបដោយសោភ័ណភាពល្អប្រពៃ។

អាជ្ញាធរព្រមានថា ឥណ្ឌានឹងប្រឈមមុខនឹងរលកកម្តៅខ្លាំងក្នុងរយៈពេលបីសប្តាហ៍
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

(ញូវដែលី)៖ ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានថា ប្រទេសនេះកំពុងប្រឈម មុខនឹងរលកកំដៅទីពីររបស់ខ្លួនក្នុងរយៈពេលបីសប្តាហ៍ រួមទាំងនៅតំបន់ដែលមនុស្សរាប់ លាននាក់ត្រូវបាន កំណត់ទៅបោះឆ្នោត ក្នុងការបោះឆ្នោតរយៈពេលប្រាំមួយសប្តាហ៍។រដ្ឋ Uttar Pradesh, West Bengal, Maharashtra និងរដ្ឋ Jharkhand ដែលរដ្ឋទាំងអស់នឹងរៀបចំការបោះឆ្នោត នៅថ្ងៃចន្ទអាចរំពឹងថា នឹងឃើញស្ថានភាពរលកកំដៅ "មធ្យម" រួមទាំងសីតុណ្ហភាពប្រហែល 40 អង្សាសេ។ នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្រមានអំពី "ការព្រួយបារម្ភអំពីសុខភាពកម្រិតមធ្យម" សម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ហើយបានណែនាំអ្នករស់នៅក្នុងរដ្ឋទាំងនោះឱ្យជៀសវាងកំដៅ៕

ជនសង្ស័យដែលប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី គឺជាអ្នកនិពន្ធវ័យ៧១ឆ្នាំ
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ជនសង្ស័យម្នាក់ដែលត្រូវបានឃាត់ខ្លួន ពីបទបាញ់ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico គឺជាអ្នកនិពន្ធអាយុ 71 ឆ្នាំមកពីអឺរ៉ុបកណ្តាល បន្ទាប់ពី ប្រព័ន្ធផ្សព្វផ្សាយបានកំណត់អត្តសញ្ញាណបុរសនោះ។រដ្ឋមន្ត្រីមហាផ្ទៃ លោក Matus Sutaj Estok បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យសក់ស្កូវម្នាក់ ត្រូវបានគេមើលឃើញថាត្រូវបានប៉ូលីសវាយខ្នោះដៃ បន្ទាប់ពី លោក Fico ត្រូវបានបាញ់ជាច្រើនដង បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុង Handlova ។ ក្រុមមន្ត្រីបាននិយាយថា លោក Fico ដែលជា នាយករដ្ឋមន្ត្រីប្រជានិយមកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់ជីវិត។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ជនសង្ស័យគឺជាស្ថាបនិកនៃក្លឹបអក្សរសាស្ត្រ DUHA (Rainbow) និងមកពីទីក្រុង Levice និងជាសមាជិកនៃសមាគមអ្នកនិពន្ធស្លូវ៉ាគីផ្លូវការ។សមាគមបានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា បុរសរូបនេះបានចូលជាសមាជិកតាំងពីឆ្នាំ ២០១៥ ដោយបន្ថែមថា ប្រសិនបើអត្តសញ្ញាណរបស់គាត់ជាជនសង្ស័យត្រូវបានគេបញ្ជាក់ថា «សមាជិកភាពរបស់ជន នេះនឹងត្រូវលុបចោលភ្លាមៗ»។កូនប្រុសរបស់ជនសង្ស័យបានប្រាប់គេហទំព័រព័ត៌មានស្លូវ៉ាគី aktuality.sk ថា គាត់ពិតជាមិនដឹងថា ឪពុកកំពុងគិតអ្វី គាត់បានគ្រោងទុកអ្វី ហេតុអ្វីវាកើតឡើងទេ។ គាត់បាននិយាយថា ឪពុករបស់គាត់គឺជាម្ចាស់កាំភ្លើងដែលបានចុះឈ្មោះស្របច្បាប់៕

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ឯកឧត្តមបណ្ឌិត ប៊ុន ភារិន បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ បាននិងកំពុងសម្រេចបានតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” ពោលគឺសិស្សដែលបានទទួលការបណ្តុះបណ្តាល ជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាក្នុងរយៈពេលបួនខែមកនេះ បាននិងកំពុងចេញហាត់ការ នៅតាមក្រុមហ៊ុន សហគ្រាសនានា និងបានធ្វើតេស្តសមត្ថភាពបញ្ចប់ការសិក្សាទៅតាមជំនាញរៀងៗខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងទីផ្សារការងារ។ ការគូសបញ្ជាក់របស់នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC)ដូចនេះ គឺក្នុងពេលដែលអ្នក សារព័ត៌មានចំនួន២០នាក់មកពី១០ស្ថាប័នបានចុះធ្វើទស្សនកិច្ចផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងយល់និងយកព័ត៌មានផ្ទាល់ពីសិស្ស និងគ្រូបណ្តុះបណ្តាល ជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន ជឿជាក់ថា ការមកមើលឃើញ ផ្ទាល់ភ្នែកដូចនេះ គឺអ្នកសារព័ត៌មាននឹងអាចផ្សព្វផ្សាយពីតថភាព និងគុណតម្លៃនៃជំនាញនីមួយៗ កាន់តែច្បាស់និងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ជាពិសេសនឹងអាចជម្រុញដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់មកចុះឈ្មោះចូលរៀនកាន់តែច្រើននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ បង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។  ទន្ទឹមនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន  ក៏ជឿជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា នាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកសារព័ត៌មានបានប្រមូលព័ត៌មាន និងមើលឃើញផ្ទាល់ភ្នែកនូវការ អនុវត្តកម្មវិធី បណ្តុះបណ្តាល អគារសិក្សា បន្ទប់ពិសោធន៍ រោងជាង និងស្នាដៃរបស់សិស្សផ្ទាល់តែម្តង។ ជាពិសេសអ្នកសារព័ត៌មាន ក៏បានកត់សម្គាល់នូវឥរិយាបទ សីលធម៌ សុជីវធម៌ល្អ របស់សិស្ស នៃវិទ្យាស្ថាន ពហុបច្ចេកទេស កម្ពុជានេះផងដែរ។  ឯកឧត្តម កត្តា អ៊ន រំពឹងថាអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង និងព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីកម្មវិធី បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំង ប្រទេសចំនួន ១,៥លាននាក់ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការអនុវត្តកម្មវិធីថ្នាក់ជាតិនេះ ឲ្យទទួល បាន ជោគជ័យ។ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់ គួរចាប់ យក ឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាល ផ្តល់ជូន ដោយមិនបង់ថ្លៃសិក្សានេះ និងថែមទាំងទទួលបាន នូវប្រាក់ ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេល កំពុង សិក្សា ទៀតផងសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ។ សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត កម្មវិធី បណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីសម្រេចបាន នូវ អភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” បានកំណត់វិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន៣៨ ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។ វិស័យ អាទិភាពទាំង១០ ដែលបានជ្រើសរើស រួមមាន សំណង់ , អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង កសិ- ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។ក្នុងអំឡុងពេលសិក្សា ក្រុមយុវជនគោលដៅ ដែល ចូល រួម កម្មវិធី បណ្តុះ បណ្តា ល នេះ នឹង ទទួលបាននូវ អត្ថប្រយោជន៍ជាច្រើន រួមមាន៖ (១).សិក្សាដោយមិនបង់ថ្លៃ, (២).ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកសិក្សាពេញម៉ោង, (៣).ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, (៤).កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, (៥).សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, (៦).ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, (៧).ឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅត្រូវ បំពេញ លក្ខខណ្ឌ មួយ ចំនួន រួមមាន ៖ (១).ជាយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណ សញ្ជាតិ ខ្មែរ ឬ សំបុត្រ កំណើត, និង (៤). មានបណ្ណ សមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ ។សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គ សិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh (http://www.tvet.gov.kh/)។ និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំង ប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវ បំពេញ លក្ខខណ្ឌ មួយ ចំនួន រួមមាន ៖ (១).ជាយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណ សញ្ជាតិ ខ្មែរ ឬ សំបុត្រ កំណើត, និង (៤). មានបណ្ណ សមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ ៕

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី៦»
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសលកសន្តិភាព នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី៦» ក្រោមអធិបតីភាព ឯកឧត្ដម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅអគារសេរីភាព (ស.ស.ស.ក) រយៈពេល១ថ្ងៃ ដោយមានសិក្ខាកាមចូលរួមប្រមាណ ១៥០នាក់៕

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសអូស្រ្តាលី រយៈពេល១សប្តាហ៍
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ តបតាមការអញ្ជើញពីរាជរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីកង់បេរ៉ា និងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ត្រាលី ស្តីពី «ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី (Department of Prime Minister and Cabinet) និងក្រសួងពាក់ព័ន្ធនឹងកិច្ចការសាធារណៈរបស់ប្រទេសអូស្ត្រាលី និងមេរៀនជាបទពិសោធសម្រាប់ការពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។នេះជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចផ្លូវការនេះមានគោលបំណងសិក្សាឈ្វេងយល់អំពី (១) ការកំណត់របៀបវារៈសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី (២) តួនាទីរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីក្នុងការផ្តល់យោបល់ផ្នែកគោលនយោបាយ និងគតិយុត្តជូននាយករដ្ឋមន្រ្តី ការតាមដាន និងការជំរុញការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាល ព្រមទាំងការតាមដាន និងការវាយតម្លៃការអនុវត្តគោលនយោបាយជាតិ (៣) សិទ្ធិអំណាច និងតួនាទីសម្របសម្រួលរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ (៤) រំហូរការងារពាក់ព័ន្ធនឹងការរាយការណ៍ ការសម្របសម្រួល និងការសម្រេចចិត្ត ចាប់ពីកម្រិតក្រសួង ស្ថាប័នរហូតដល់នាយករដ្ឋមន្ត្រី និង (៥) ការរៀបចំប្រព័ន្ធការងារនិងរចនាសម្ព័ន្ធស្ថាប័នរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូកម្ពុជានឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអង្គភាពពាក់ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលអូស្ត្រាលី រួមមាន ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្ម និងរតនាគារជាតិ ជាដើម។ទស្សនកិច្ចផ្លូវការនេះពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនជាបទពិសោធ និងការអនុវត្តល្អៗបន្ថែម ដែលអាចប្រើប្រាស់ជាមូលដ្ឋាន ដើម្បីពង្រឹងលើការអនុវត្តតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នថ្នាក់ជាតិមួយដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី និងដំណើរការរបស់គណៈរដ្ឋមន្ត្រី។ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការអនុវត្តការងារស្ថាប័នរដ្ឋ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភារតភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី៕

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ អបអរសាទរអំពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា និងសហការី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធាណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងបានអបអរសាទរចំពោះលទ្ធផលល្អប្រសើរនៃជំនួបរវាងឯកឧត្តមប្រធានាធិបតីកូរ៉េ និងសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះនឹងកាន់តែចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានអរគុណសម្តេចធិបតី ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះអំពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលការណ៍នេះនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឯកឧត្តមជឿជាក់ថាប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត ដោយផ្អែកលើភាពវៃឆ្លាត សមត្ថភាព និងបទពិសោធន៍ ផ្នែកយោធារបស់សម្តេចធិបតី។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា បានរំលេចអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យអប់រំ សុខាភិបាល ឌីជីថល កសិកម្ម ការអភិរក្សវប្បធម៌ និងអភិវឌ្ឍឧស្សាហកម្ម។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់សាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតីបានវាយតម្លៃខ្ពស់ និងអរគុណចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីសាធារណរដ្ឋកូរ៉េ ជាពិសេសអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាឧត្តមប្រយោជន៍រួម នៃប្រទេសទាំងពីរ ដោយក្នុងនោះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការរៀបចំតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ជាពិសេសពីទីក្រុងធំៗ និងគោលដៅទេសចរណ៍នានារវាងប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានរំលេចនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងភ្នាក់ងាររាជរដ្ឋាភិបាល និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផល ពិសេស និងដោយឡែក សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មនៅកម្ពុជា។បន្ថែមលើនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងកាន់តែរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគ បន្ថែមទៀត។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្ដេចធិបតីបានជម្រាបជូនថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចធិបតីបានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលការណ៍នេះនឹងជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។ ចំពោះវិស័យអប់រំ សម្តេចធិបតី បានលើកឡើងអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យកូរ៉េក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងវិស័យឌីជីថល ដែលនឹងជំរុញពិពិធកម្មនៃកម្លាំងពលកម្ម ក៏ដូចជាដោះស្រាយតម្រូវការជាក់ស្តែងរបស់ទីផ្សារ ហើយសម្តេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជាមានយុវជនជាច្រើនដែលអាចនឹងទទួលបានការបណ្ដុះបណ្ដាលកម្រិតជំនាញ និងអាចចូលរួមចំណែកក្នុងការបំពេញភាពខ្វះខាតពលកម្មនៅប្រទេសកូរ៉េផងដែរ។ ជាទីបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានផ្លាស់ប្ដូរយោបល់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការរួមចំណែកលើកកម្ពស់ “ភាពជាដៃគូយុទ្ធសាស្រ្ត” កម្ពុជា-កូរ៉េ ដើម្បីជាផលប្រយោជន៍នៃប្រជាជន និងប្រទេសទាំងពីរ ៕

សម្តេចធិបតី៖ ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ជាកត្តាគន្លឹះរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកបណ្ឌិត YUN Seog-dae បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីថា K-Water របស់សាធារណរដ្ឋកូរ៉េ មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងការចូលរួមចំណែកលើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងជាឧត្តមប្រយោជន៍ខ្ពស់ក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) និងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លោកបណ្ឌិត មានជំនឿជាក់ថា K-Water នឹងមានលទ្ធភាពចូលរួមចំណែកក្នុងការសម្រេចបាននូវគម្រោងនានាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ការដំឡើងកម្រិតទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងអាចជំរុញឱ្យ K-Water មានលទ្ធភាពច្រើនថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំយកនូវបទពិសោធន៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងយន្តការនៃការគ្រប់គ្រងធនធានទឹក ទៅចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ K-Water ជាមួយកម្ពុជាក្នុងការគ្រប់គ្រងធនធានទឹក ដែលសម្ដេចធិបតី បានគូសបញ្ជាក់ថា នៅកម្ពុជា មានក្រសួងសំខាន់ចំនួនពីរ ដែលជាសេនាធិការលើកិច្ចការពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹក រួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ហើយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យ K-Water សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងនានារបស់សាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងធនធានទឹកនៅប្រទេសកម្ពុជា តាមរយ:ការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតលើតំបន់ដែលមានធនធានទឹកនានានៅកម្ពុជា និងកំណត់នូវពេលវេលាក្នុងការរៀបចំគម្រោងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹកតាមបណ្ដាញនៃទន្លេមេគង្គ និងបឹងទន្លេសាប សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានធនធានទឹកដែលអាចគ្រប់គ្រងបាន និងអាចធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់វិស័យកសិកម្មនៅរដូវប្រាំង និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាគន្លឹះដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង។ មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ K-Water បន្តរួមចំណែកបន្ថែមទៀតក្នុងគម្រោងនានាពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដែលស្ថិតនៅក្រោមគម្រោងជំនួយផ្លូវការរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA និង EDCF Loan ៕

អ្នកសារព័ត៌មាននៅកម្ពុជា៖ ទស្សនកិច្ចសិក្សាទៅកាន់សាលាបច្ចេកទេសនឹងធ្វើឱ្យសង្គមយល់ដឹងពីកម្មវិធីបណ្តុះបណ្តាល១.៥លានកាន់តែទូលំទូលាយ
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

ភ្នំពេញ៖ អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០រូបមកពី១០ស្ថាប័ននៅកម្ពុជា បានលើកឡើងថា តាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយរបស់ខ្លួននឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលជំនាញ១,៥លាននាក់ដល់យុវជនគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែទូលំទូលាយ។ ការអះអាងរបស់អ្នកសារព័ត៌មានបែបនេះ បានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានមានឱកាសស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់កាន់តែស៊ីជម្រៅ។លោក អាន គុណធារ៉ា អ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជា សាធារណៈជនព្រោះតាមរយៈសំណេរ ឬអត្ថបទរបស់អ្នកសារព័ត៌មាននឹងធ្វើឱ្យសង្គមទទួលបានព័ត៌មានកាន់តែច្បាស់ និងពិតប្រាកដ។ លោកអះអាងថា« ខ្ញុំមើលឃើញថាចំណុចសំខាន់នៃកម្មវិធី ១,៥លាននាក់ នេះក្រៅពីជួយបណ្ដុះបណ្ដាល ជួយបំពាក់បំប៉នដល់យុវជននៅជំហ៊ានដំបូងពិតមែន តែខ្ញុំមើលឃើញថាវាដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ពិតណាស់បេះដូងអ្នកសារព័ត៌មាន តែងតែចង់ទៅឲ្យជិតនឹងប្រភពព័ត៌មាន អ៊ីចឹងចំពោះទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន»។ ក្នុងនាមជាអ្នកសារព័ត៌មានលោក អាន គុណធារ៉ា ពិតជាពេញចិត្តក្នុងការចូលរួមផ្សព្វផ្សាយនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ជូនសាធារណៈជនឲ្យកាន់តែទូលំទូលាយ។ទន្ទឹមនឹងនេះ កញ្ញា ជូន រស្មី ជាអ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន ស៊ីស៊ីថាមស៍ ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់តែវិទ្យាស្ថាន NPIC ដោយអះអាងថាការផ្សព្វផ្សាយនឹងបន្ថែមពីព័ត៌មានដែលសាលាមានទៅកាន់ប្រជាពលរដ្ឋបានយ៉ាងល្អនិងទូលំទូលាយ។កញ្ញា ជូន រស្មី បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាការចេញផ្សាយអត្ថបទ ឬជាវីឌីអូផ្សេងៗរបស់អ្នកសារព័ត៌មាននឹងអាចនាំសារនេះទៅដល់សាធារណៈជន និងពលរដ្ឋគោលដៅ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងបន្តដឹកនាំអ្នកសារព័ត៌មានទៅតាមវិទ្យាស្ថានផ្សេងៗទៀត ព្រោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន មានឥទ្ធិពលដល់សាធារណៈជន»។ ដោយឡែក លោក សំ ងីម ជាអ្នកសារព័ត៌មានមកពីស្ថាប័នទូរស្សន៍ BTV យល់ឃើញថា ការចូលរួមរបស់អ្នកសារព័ត៌មាន នឹងជំរុញការផ្សព្វផ្សាយកម្មវិធី១,៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យយុវជនគោលដៅចូលសិក្សាបានកាន់តែច្រើនបន្ថែមទៀត។ លោកមើលឃើញថា ៖«កម្មវិធីនេះ មានទាំងសិស្សនារី សិស្សបុរស និងសិស្សវ័យចំណាស់ក៏មានដែរ។ ខ្ញុំគិតថាជំនាញទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលមកពីគ្រួសារខ្សត់ខ្សោយ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងពង្រីកសកម្មភាពទាំងអស់នេះបន្តទៀត»។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺជាលើកទី២ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និង ដឹកនាំដោយឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យដើម្បីជំរុញការផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនបន្ថែមទៀត៕

សិស្សនៃកម្មវិធបណ្តុះបណ្តាល ១,៥ លាននាក់៖ ការផ្សព្វផ្សាយគឺជាកត្តាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មានជាភាគីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋានរបស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជម្រុញពួកគេឱ្យមកចុះឈ្មោះចូលរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ យុវជន ទេព សាមុត ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា៖«ក្នុងនាមជាសិក្ខាកាមដែលកំពុងសិក្សាជំនាញប ច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ខ្ញុំសប្បាយចិត្តនៅពេលមានអ្នកសារព័ត៌មានជាច្រើននាក់បានចុះមកផលិតព័ត៌មាន ធ្វើការសម្ភាសន៍យុវជនដែលកំពុងសិក្សាជំនាញនៅពេលនេះ។ ការធ្វើបែបនេះគឺមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានល្អៗពីការសិក្សាជំនាញរបស់យុវជន»។ យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាស្ពានក្នុងការឱ្យយុវជនដែលមានជីវភាពក្រីក្របានបន្តការសិក្សា មិនត្រឹមតែប៉ុណ្ណោះយុវជនក្រីក្រក៏បានទទួលប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលរហូតរៀនចប់ជំនាញវិជ្ជាជីវៈផងដែរ។ ការជួយជ្រោមជ្រែងទាំងអស់នេះហើយទើបធ្វើឱ្យយុវជនដែលមានជីវភាពក្រីក្រមានក្តីសង្ឃឹម និងសិក្សាជំនាញមួយនេះដោយភាពកក់ក្តៅ មិនព្រួយបារម្ភលើកត្តាជីវភាព។ដោយឡែកយុវជន ប៊ុន សុធា សិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក៏បង្ហាញអារម្មណ៍ដែរថា អ្នកសារព័ត៌មានគឺជាភាគីមួយយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលមួយនេះបានយ៉ាងទូលំទូលាយទៅដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក តំបន់ផ្សេងទៀត ដែលអាចធ្វើឱ្យពលរដ្ឋ ក៏ដូចជាយុវជនគោលដៅ បានដឹងបានឮបានឃើញបានជ្រាបអំពីការផ្តល់ការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។ យុវជនរូបនេះថា៖«ដូចខ្ញុំចឹង! ដំបូងឡើយខ្ញុំអត់ដឹងថាកម្ពុជាមានវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភដែលផ្តល់ឱ្យដោយរាជរដ្ឋាភិបាលនោះទេ រហូតដល់ខ្ញុំឃើញមានការផ្សព្វផ្សាយព្រោងព្រៀតពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះនៅតាមបណ្តាញសង្គម ជាពិសេសតាមទូរទស្សន៍ និងសារព័ត៌មានក្នុងស្រុកនានា។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីកម្មវិធីសិក្សាជំនាញនេះហើយ ទើបខ្ញុំបានសម្រេចចិត្តដាក់ពាក្យចូលរៀនជំនាញបច្ចេកទេសនៅសាលា NPIC នៅពេលនេះ»។ ទន្ទឹមនឹងនេះយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានអំពាវនាវឱ្យយុវជនទាំងអស់ ជាពិសេសយុវជនដែលមានជីវភាពក្រីក្រ និងបានបោះបង់ការសិក្សាសូមរួសរាន់មកដាក់ពាក្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការសិក្សាជំនាញនេះគឺរៀនដោយឥតគិតថ្លៃ ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យយុវជននឹងទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែពីរាជរដ្ឋាភិបាលផងដែរ។ ការជួយជ្រោមជ្រែងនេះគឺជាការផ្តល់ឱកាសមាសពីសំណាក់រដ្ឋាភិបាល ដើម្បីឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាមានជំនាញ និងមានការងារធ្វើគ្រប់ៗគ្នា ដែលអាច ជួយស្រោចស្រង់ជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតដ៏ខ្លី។ យុវជនដែលកំពុងសិក្សាជំនាញសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន៕

ក្រសួងការងារ៖ ការផ្សាយរបស់ឌឹខេមបូឌាដេលី មិនពិត និងគ្មានវិជ្ជាជីវៈ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី(The Cambodia Daily) ដែលបានមួលបង្កាច់ បំផ្លើស បំភ្លៃ និងគ្មានការពិតទាល់តែសោះដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងបញ្ជាក់ថា៖ “ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ”។សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះមិនមែនជាលើកទី១ ទេ ដែលខេមបូឌាដេលី បានផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំងសកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខ រាជដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ហេង សួរ ដើម្បីលាភសក្ការៈរបស់ខ្លួនតែប៉ណ្ណោះ។ សារព័ត៌មាន ខេមបូឌាដេលី ត្រូវតែសុំទោសជាសារធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់៕

បាញ់ទៀតហើយ! កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)​៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាច្រើន គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន បាននិយាយថា មិនមានការចង្អុល បង្ហាញថា មីស៊ីលមួយបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននោះទេ។លោក Hayashi Yoshimasa បាននិយាយថា លោកទទួលស្គាល់ការប្រកាសរបស់កូរ៉េខាងត្បូង។ លោក​ក៏​បាន​និយាយ​ដែរ​ថា រដ្ឋាភិបាល​មិន​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ពី​អង្គការ​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការ​ខូច​ខាត។លោកបានបន្ថែមថា រដ្ឋាភិបាលនឹងបន្តប្រមូល និងវិភាគព័ត៌មាន ខណៈពេលដែលធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់ កាលពីថ្ងៃទី ២២ ខែមេសា៕ 

បណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន!
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(ស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ក្នុងនោះបានធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៦នាក់ បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២៨នាក់ ស្រី០៦នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ចំនួន ១១នាក់ បានត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕

បណ្តាញសង្គម