(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ករណីបងប្អូនអតីតបុគ្គលិក ណាហ្កាវើល (Naga World) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រឹងប្រែងសម្របសម្រួលដោះស្រាយករណីកូដករណាហ្កាវើលនេះតាមសមត្ថកិច្ច និងតួរនាទី ដូចមានចែងក្នុងច្បាប់ការងារ ដោយប្រើប្រាស់យន្តការដោះស្រាយវិវាទការងារតាមការសម្របសម្រួលផ្សះផ្សាចំនួន២លើក ប៉ុន្តែភាគីវិវាទមិនសះជា។ ក្រសួងបានបញ្ជូនករណីនេះទៅដោះស្រាយតាមយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេចរួចហើយផងដែរ។ ក្រុមហ៊ុនណាហ្កាវើលក៏បានផ្ទេរប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារចូលគណនីធនាគាររបស់អតីតបុគ្គលិកទាំង នោះរួចរាល់ជាយូរមកហើយ។ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប.) បានសម្របសម្រួលដោះស្រាយករណីនេះចំនួន ២៧លើក តែភាគីទាំងពីរមិនមានដំណោះស្រាយបញ្ចប់វិវាទនោះទេ។ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ ក្នុងចំណោមអតីតបុគ្គលិកទាំង ៣៧៣ នាក់នោះ មានអតីតបុគ្គលិកចំនួន ២៩៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ៨០នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមបុគ្គលិក ៨០នាក់នេះ សព្វថ្ងៃមួយចំនួនបានមានការងារថ្មីធ្វើ ឯអ្នកដែលជាកូដករកំពុងបន្តការតវ៉ាសព្វថ្ងៃមានប្រហែលជាង២០នាក់ប៉ុណ្ណោះ ។ជាដំណោះស្រាយ ខ្ញុំយល់ឃើញថា៖១.បងប្អូនអតីតបុគ្គលិកណាហ្កាវើសគួរមានជម្រើសធ្វើការងារដើម្បីមានប្រាក់ចំណូលឬប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ (NEA) ជួយសម្របសម្រួលស្វែងរកការងារថ្មីជូនបងប្អូន។ សព្វថ្ងៃនេះមានការងាររាប់ម៉ឺនកន្លែងកំពុងត្រូវការបុគ្គលិកធ្វើការដូចជា ធនាគារ ក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។ ២.បងប្អូនកូដករណាហ្កាវើល ត្រូវបង្ហាញនូវឆន្ទះរបស់ខ្លួនក្នុងការដោះស្រាយបញ្ចប់វិវាទការងារនេះ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់កូដករ ជៀសជាងការធ្វើកូដកម្មក្នុងរបៀបវារៈផ្សេង និងតាមការរៀបចំដោយក្រុមណាមួយ ដែលយកកូដករជាឧបករណ៍របស់គេ។ ៣. ក្រសួងការងារ, ក្រុមប្រឹក្សាអាជ្ញាកណ្តាល, និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប.) បានបំពេញតួនាទីតាមសមត្ថកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺ ភាគីណាមួយអាចប្តឹងទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ៕
(ភ្នំពេញ)៖ ក្រុមគ្រួសារ ឪពុកម្ដាយ សាច់ញាត្តិ បងប្អូន របស់ពលការិនីខ្មែរដែលទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយពលការិនី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។អ្នកស្រី ភៀច ញ៉ ត្រូវជាម្ដាយបង្កើតពលការិនី ពៅ ស្រីអិត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយ ក្រោយឃើញវត្តមានរបស់កូនស្រីបានមកដល់ប្រទេសកម្ពុជាវិញ។ លោកស្រីបានលើកឡើងថា លោកស្រីមានការព្រួយបារម្ភជាខ្លាំងនៅពេលដែលឮដំណឹងថាកូនស្រីរបស់ខ្លួនបានវិលត្រឡប់មកបហរទេសវិញ។ ម្ដាយរបស់ពលការិនី រូបនេះលើកឡើងថា៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលជួយកូនខ្ញុំឲ្យបានមកស្រុកខ្មែរវិញ គាត់ជួយតាំងពីនៅអារ៉ាប់រហូតមកដល់ស្រុកខ្មែរតាំងពីកន្លែងស្នាក់នៅ និងការហូបចុក»។ទន្ទឹមនេះ លោក ផន ម៉េងឈ័ន ជាបងប្រុសបង្កើតរបស់ពលការិនីដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តបន្ទាប់ពីប្អូនស្រីអាចវិលត្រឡប់មកស្រុកខ្មែរ ដោយសុវត្ថិភាព។ លោក ម៉េងឈ័ន បានលើកឡើងថា៖«ខ្ញុំមានអារម្មណ៍អររំភើបដែលប្អូនបានមកដល់ទឹកដីខ្មែរវិញ មានសុវត្ថិភាព។ ខ្ញុំអរគុណដល់ក្រសួងការងារដែលជួយជ្រោមជ្រែងពលករចំណាកស្រុកទាំងអស់បានជោគជ័យ»។ចំណែក លោកស្រី សូ ណាភណ្ឌ បងស្រីបង្កើតរបស់ពលការិនី សូ ចេនឡា ក៏មិនខុសគ្នាប៉ុន្មានដែរពីក្រុមគ្រួសារពលការិនីផ្សេងៗទៀត ដោយលោកស្រីបានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រប់ភាគីពាក់ព័ន្ធដែលបានដុតដៃដុតជើងជួយក្រុមពលការិនីឲ្យបានត្រឡប់មកវិញ»។ សូមបញ្ជាក់ថា ក្រសួងការងារបានរៀបចំជូនដល់ក្រុមគ្រួសារពលការិនី បានជួបជុំគ្នានៅទីស្តីការក្រសួងការងារ និងរៀបចំមធ្យោបាយដឹកជញ្ជូនពួកគាត់វិលទៅលំនៅដ្ឋានវិញ៕
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤នៅឯទីស្នាក់ការគណបក្សរាជធានីភ្នំពេញដែលមានសមាសភាពចូលរួម១១៩រូប។មុនការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ ក្រោយស្តាប់របាយការណ៍ ឯកឧត្តម ហេង សួរ បានអរគុណកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាមគ្គីភាពទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ដែលនឹងប្រារព្ឋឡើងនៅថ្ងៃទី២៦ ខែឧសភា ឱ្យជោគជ័យដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋ៕