(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕
(ភ្នំពេញ)៖ ឯកឧត្តមឧបប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋបាលខ្មែរ»នាថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល នៅសាល C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើក វគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ” ធ្វើបទឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិក បម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតសាកល វិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណជាង៤៦០នាក់។បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ នេះជាលើកទី៥ហើយដែលក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ដែល៣លើកដំបូងឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅក្នុងខែកុម្ភៈ និងមីនា ឆ្នាំ២០២៤ លើកទី៤ នៅខែមេសា និងលើកនេះជាលើកទី៥ ដែលធ្វើបទឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត សាយ បូរីទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ដែលបានរៀបចំវគ្គបណ្តុះបណ្តាល ឡើង ដើម្បីកសាងនិងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចនៅតាមបណ្តាក្រសួង ស្ថាប័នផ្សេងៗ និងតាមសាកលវិទ្យាល័យនានាផងដែរ។វគ្គបណ្តុះបណ្តាលលើប្រធានបទស្តីពី “គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ” ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ពិតជាមានសារសំខា ន់ និងឆ្លើយតបទៅនឹងតួនាទីនិងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ជាពិសេសលើការងារពិនិត្យនិងកែសម្រួលគោលនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិក្នុងវិស័យរដ្ឋបាលនិងច្បាប់។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ដោយរលូននិងជោគជ័យ៕
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧១ ព្រះវស្សាយាងចូល ៧២ ព្រះវស្សា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។នាឱកាសប្រកបដោយសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីព្រះកម្លាំង ព្រះកាយពល និងព្រះបញ្ញាណ បំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ៕