ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប ។ មានវត្តមានក្នុងពិធីខាងលើ រួមមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ទូទាំងខេត្តសៀមរាប សរុបប្រមាណ ៥៧០ នាក់។ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនគណបក្សខេត្តសៀមរាប បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងបានធ្វើរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលណាមហាជន ជូនដល់ឯកឧត្តមអគ្គលេខាធិការ និងគណៈប្រតិភូដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្ត។បន្ទាប់ពីស្តាប់ការរាយការណ៍របស់ឯកឧត្តមប្រធានគណបក្សខេត្ត ឯកឧត្តមអគ្គលេខាធិការ បានធ្វើការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំកសាងនូវសមិទ្ធផលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តសៀមរាប គ្រប់លំដាប់ថ្នាក់ទាំងអស់ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង និងការអនុវត្តគោលការណ៍ផ្សេងៗដែលបានដាក់ចេញដោយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមបំផុស និងផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឱ្យស្វែងយល់ និងគាំទ្រដល់វិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកឡើងពីការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងព្រែកជីក ហ្វូណន-តេជោ របស់សម្តេចតេជោ កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ សូមឱ្យសមាជិកទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។ចុងបញ្ចប់ឯកឧត្តមបានរំឭកឡើងវិញ នូវប្រសាសន៍របស់សម្តេចធិបតី ដែលជាសារដាស់តឿន ដល់សមាជិក សមាជិកាទាំងអស់ថា "ជំនឿទុកចិត្តដែលបានមកពីប្រជាជន ត្រូវការកសាងជាប្រចាំ ហើយត្រូវការពេលវេលាយូរ ដើម្បីទទួលបាន"។ សូមបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតនាពេលខាងមុខ៕
(អន្តរជាតិ)៖ នៅពេលដែលលោក Xi Jinping បានទៅដល់ប្រទេសអ៊ីតាលីសម្រាប់ដំណើរទស្សន កិច្ចផ្លូវរដ្ឋក្នុងឆ្នាំ 2019 លោកត្រូវបានទទួលស្វាគមន៍យ៉ាងរីករាយ ជាមួយនឹងដំណើរទេសចរណ៍ឯកជន នៃទីតាំងសំខាន់ៗរបស់រ៉ូម៉ាំង និងអាហារពេលល្ងាចដ៏សែនមនោរម្យដោយអ្នកចំរៀងអូប៉េរ៉ា Andrea Bocelli ។ប្រាំឆ្នាំបន្តបន្ទាប់ មេដឹកនាំចិនត្រឡប់ទៅអឺរ៉ុបវិញ។ លោក Xi បានទៅដល់ប្រទេសបារាំង កាលពីថ្ងៃ អាទិត្យ ហើយខណៈពេលដែលភាពរីករាយ និងពិធីអាចនៅតែមានក្នុងអំឡុងពេល ដំណើរទស្សនកិច្ច អឺរ៉ុបរយៈពេលប្រាំមួយថ្ងៃរបស់លោក ទស្សនៈស្តីពីប្រទេសចិននៅទូទាំងទ្វីបនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោក។ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតពាណិជ្ជកម្ម ទៅលើ ទួរប៊ីនខ្យល់របស់ប្រទេសចិន និងការទិញឧបករណ៍វេជ្ជសាស្រ្ត ហើយបានវាយឆ្មក់ ការិយាល័យរបស់ ក្រុមហ៊ុនផលិតឧបករណ៍សន្តិសុខចិន Nuctech ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការឧបត្ថម្ភធន។ ប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏បានចាប់ខ្លួន ឬចោទប្រកាន់មនុស្ស យ៉ាងតិចប្រាំមួយនាក់ផងដែរ ពីបទចារកម្ម និងឧក្រិដ្ឋកម្មពាក់ព័ន្ធដែលពាក់ព័ន្ធជាមួយប្រទេសចិន៕
(ចំណេះដឹង)៖ មិនមែនជារឿងប្លែកនិងជារឿងដែលថ្មីនោះទេចំពោះរឿងហេកអខោនហ្វេសប៊ុកពីសំណាក់ពួកឆបោកដើម្បីបោកប្រាស់តាមរយៈការខ្ចីលុយ។ តែអ្វីដែលកាន់តែគួរប្រុងប្រយ័ត្នបន្ថែមជាងនេះទៅទៀតនោះលោកអ្នកគួរណាតែខលសួរបញ្ជាក់ទៅកាន់សមីខ្លួនដែលមានបំណងចង់ខ្ចីលុយជាមុនសិន ការធ្វើបែបនេះមិនមែនមិនទុកចិត្តអ្នកដែលយើងស្គាល់គ្នាឬរាប់អានជិតស្និតនោះទេ តែជាការការពារទៅវិញទេដោយហេតុថាបច្ចេកវិទ្យាកាន់តែជឿនលឿនជនឆបោកទាំងនោះគឺអាចកែសំឡេងតាមរយៈប្រព័ន្ធAI ដែលស្ដាប់ទៅសឹងតែដូចម្ចាស់ដើម៩៩%។យ៉ាងណាមិញយោងតាមការបង្ហោះសារចេញពីគណនីហ្វេសប៊ុកឈ្មោះ Vochlang lim ដែលមានខ្លឹមសារថា « សូមប្រុងប្រយ័ត្ន ប្រសិនមានអ្នកឆាតមកខ្ចីលុយឬ ធ្វើអ្វីពាក់ព័ន្ធជាមួយលុយសូមកុំទាន់ជឿ ត្រូវខលទៅសួរម្ចាស់សាមីខ្លួនផ្ទាល់ជាមុនសិន ព្រោះអាចជាបច្ចេកវិទ្យា AI ធ្វើសំលេងដូចយើង៩៩%បាន»។ ដោយឡែកមិនមែនត្រឹមតែខ្លឹមសារប៉ុន្មានឃ្លាខាងលើនេះទេទើបយើងយកមកបកស្រាយនិងអះអាងដូច្នេះក៏ប៉ុន្ដែសង្គេតឃើញជាក់ស្ដែងតែម្ដង ថាជារឿយៗក្នុងបណ្ដាញសង្គមត្រូវបានជនរងគ្រោះមិននោះទេបានចែករំឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ដោយពួកគេបានជឿទៅនឹងសារសំឡេងទាំងនោះគឺជាសំឡេងពិតរបស់ម្ចាស់គណនី តែក្រោយមកបានត្រឹមសោកស្ដាយបន្ទាប់ពីវេលុយហើយនិងខលទៅលេខផ្ទាល់ម្ចាស់គណនីបានតបថាគណនីនោះគឺត្រូវបានគេហេកបាត់ហើយ។ទោះជាយ៉ាងណានេះគឺសារមួយទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូបគួរបង្កើនការប្រុងប្រយ័ត្ននិងពុំទាន់ងាយក្នុងការជឿលឿនពេក ស៊ូចំណាយពេលបន្តិចបន្តួចក្នុងការទាក់ទងតាមរយៈលេខទូរស័ព្ទដើម្បីបញ្ជាក់បន្ថែមជៀសវាងខាតបង់លុយកាក់ទទេៗឱ្យទៅជនឆបោកទាំងនោះ៕