(ភ្នំពេញ)៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសចំនួន១១រ ទៀតរបស់សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) បន្ទាប់ពីបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ គឺដើម្បីវាយតម្លៃបញ្ជាក់សមត្ថភាពដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាមុនឈានជើងចូលទីផ្សារ។ គ្រឹះស្ថានទាំង១១នោះរួមមានវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងជាដើមដែលបានបណ្តុះបណ្តាលសិក្ខាកាមលើវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ។ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានគូសបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា វិទ្យាស្ថាន បានប្រឡងបញ្ជាក់សមត្ថភាពដល់សិក្ខាកាមសរុប១៩២នាក់លើជំនាញ៧មុខដូចជា ជំនាញធុរៈកិច្ច,ភេសជ្ជៈ,ម្ហូបអាហារ,ការផលិតនំ,អគ្គិសនី,ម៉ាស៊ីនត្រជាក់ និងសម្អាងកាយ។ឯកឧត្តមបញ្ជាក់បន្ថែមថា៖ «ក្រោយពីបណ្ដុះបណ្ដាលរយៈពេល ៤ខែមកនេះ ខ្ញុំឃើញសមត្ថភាពរបស់ពួកគាត់ពិតជាមាន សមត្ថភាពអាចធ្វើបាន ជាពិសេសនៅពេលដែលបញ្ចប់ពួកគាត់អាចទៅបើកអាជីវកម្មខ្នាតតូចសម្រាប់ខ្លួនឯងផ្ទាល់ និងមួយចំនួនទៀតអាចទៅធ្វើការនៅក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា»។ បើតាមឯកឧត្តម តាន់ កុសល បច្ចុប្បន្នមិនថាធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាសនានា ឬបើកអាជីវកម្មខ្លួនឯងក៏ដោយ គឺសុទ្ធតែត្រូវការជំនាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមតាន់ កុសល ក៏បានអំពាវនាវដល់យុវជនដែលមិនទាន់មានជំនាញទាំងអស់ បន្តចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលប្រសិនមានបណ្ណសមធម៌ដើម្បីមានជំនាញមួយពិតប្រាកដ និងមានប្រាក់ចំណូលសមរម្យដើម្បីខ្លួនឯងនិងសង្គមជាតិ។សូមបញ្ជាក់ថា គ្រឹះស្ថានចំនួន៣៥ក្នុងចំណោម៣៧នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាលវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមប្រមាណជិត៤ពាន់នាក់ដោយបែងចែកជា៣លើក។ នៅថ្ងៃទី២០ ខែឧសភានេះ គឺជាការធ្វើតេស្តលើកទី២បន្ទាប់ពីវិទ្យាស្ថានចំនួន១៤បានធ្វើតេស្តលើកទី១កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ហើយខណៈដែលគ្រឹះស្ថានចំនួន១០ផ្សេងទៀតនឹងធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕
(ភ្នំពេញ)៖ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងរំលឹកថាភាពជោគជ័យលើកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងសស្រាក់សស្រាំនិងជិតស្និទ្ធបំផុតពីភាគីប្រទេសបញ្ជូន និងប្រទេសទទួលដែលក្នុងនោះក៏មានដែរវិស័យឯកជនដែលទទួលសិទ្ធិជ្រើសរើសនិងបញ្ជូនពលករដែលជាភាគីប្រតិបត្តិផ្ទាល់ជាមួយពលករ។ ឯកឧត្តម ថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងនៅពេលដែលឯកឧត្តមបានអញ្ជើញចូលរួមបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការធានាឱ្យបានការងារសមរម្យ និងការកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ស្ត្រី និងកុមារក្នុងបរិបទទេសន្តប្រវេសន៍ការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងសហគមន៍អឺរ៉ុប និងបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាដែលជាប្រទេសឈានមុខគេលើកិច្ចគាំពារសិទ្ធិពលករដែលបានចងភ្ជាប់ដោយច្បាប់ បានធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះពលកររបស់ខ្លួនដែលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស ប៉ុន្តែដើម្បីឱ្យពលករត្រូវបានការគាំពារសិទ្ធិយ៉ាងពេញលេញ ត្រូវការកិច្ចគាំពារពីប្រទេសទទួលដែលពលករស្នាក់នៅ និងភាគីឯកជននៃប្រទេសទទួលផងដែរព្រោះជាអ្នកគ្រប់គ្រង និងធ្វើការផ្ទាល់ជាមួយពលករ។ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធរួមទាំងដៃគូអន្តរជាតិបង្កើនការផ្សព្វផ្សាយដល់សារធារណជនឱ្យបានយល់ថាញ្ហាពលករទេសន្តរប្រវេសន៍ គឺជាការទទួលខុសត្រូវរួមគ្នារវាង ភាគីប្រទេសបញ្ជូន និងប្រទេសទទួលដោយបូកបន្ថែមនូវភាគីឯកជននៃប្រទេសទាំងពីរដែលមិនគួរតែជាបន្ទុករបស់ប្រទេសបញ្ជូន ឬភាគីណាមួយនោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមថា ភាពជោគជ័យនៃពលករទេសសន្តរប្រវេសន៍ ត្រូវការគ្រប់ភាគីសប្បាយចិត្តនិងទទួលយក ពោលគឺ ប្រទេសបញ្ជូនរីករាយព្រោះផ្តល់ជម្រើសការងារជូនប្រជាជនខ្លួនឯង, ប្រទេសទទួលក៏មានកម្លាំងពលករដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច, ក្រុមហ៊ុនបញ្ជូន និងទទួលក៏រីករាយចំពោះប្រតិបត្តិការរបស់ខ្លួន ហើយពលករ និងក្រុមគ្រួសារ ក៏រីករាយជាមួយចំណូល និងទទួលបានកិច្ចគាំពារដោយសុវត្ថិភាព គ្មានការើសអើស និងគ្មានបញ្ហាប្រឈមណាមួយក្នុងប្រទេសទទួល៕
(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តែងតាំង ជំទាវឧកញ៉ា សុខ ចិន្ថា ជាអនុប្រធាន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។យោងតាមលិខិតចុះបញ្ជីសមាគមលេខ៩៨៥៧ ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចេញដោយ ក្រសួងមហាផ្ទៃ ការរៀបចំធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមឲ្យបានល្អប្រសើរសម្រេចតែងតាំង ជំទាវឧកញ៉ា សុខ ចិន្ថា ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។សេចក្តីសម្រេចនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕