(ព័ត៌មានជាតិ)៖ នារសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ខេត្តសៀមរាប។ អញ្ជើញអមដំណើរឯកឧត្តមប្រធាន និងមានវត្តមានក្នុងពិធីនេះរួមមាន ឯកឧត្តម ទៀ សីហា ឯកឧត្តម សុះ មុះសិន អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណៈដឹកនាំចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ និងសមាជិក សមាជិកាចូលរួម ចំនួន ២ ៥០០ នាក់។ យោងរបាយការណ៍លោកបណ្ឌិត សៀន សុវណ្ណា សាកលវិទ្យាធិការ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ បានឱ្យដឹងថា ដោយមានការយល់ច្បាស់ពីបុព្វហេតុ និងបេសកកម្មរបស់ ស.ស.យ.ក ពីសំណាក់គណៈដឹកនាំចលនាយុវជន នាំឱ្យសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតក្នុងសាកលវិទ្យាល័យស្ម័គ្រចិត្តចូលរួមជាសមាជិក ដែលគិតត្រឹមបច្ចុប្បន្ន សមាជិក សមាជិកា បានកើនដល់ ៤ ០០០ នាក់។ ជាងនេះទៅទៀត សមាជិក សមាជិកាទាំងអស់បានប្តេជ្ញាចូលរួមជាមួយ ស.ស.យ.ក. ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ មានមតិទៅកាន់សមាជិក សមាជិកាទាំង ២ ៥០០ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ដែលបានឃើញកំណើនសមាជិកជាលំដាប់។ ជាមួយគ្នាដែរ ឯកឧត្តមក៏សូមកោតសរសើរដល់ ថ្នាក់ដឹកនាំក្រុមការងារ ស.ស.យ.ក. ដែលបានយកចិត្តទុកដាក់ បង្ករបរិយាកាស និងប្រមូលផ្តុំយុវជនដែលមានឆន្ទៈចង់ចូលរួមការងារសង្គមជាមួយ ស.ស.យ.ក.។ នាឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តមប្រធានបានធ្វើការចែករំលែកបទពិសោធន៍ និងទស្សនៈល្អៗពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ការហាត់ពត់លុតដំ បណ្តុះស្មារតី និងបំណិនជីវិតល្អៗជាច្រើនដែលសមឹជិក សមាជិកា ស.ស.យ.ក. អាចរៀនសូត្រ ក្រេបជញ្ជក់បានពីការងារស្ម័គ្រចិត្តជាមួយ ស.ស.យ.ក.។សូមបញ្ជាក់ផងដែរថា នាពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបើកឱកាសឱ្យ សមាជិក សមាជិកា បានសាកសួរ និង សូមអនុសាសន៍ល្អៗ ប្រកបដោយភាពស្និទស្នាលជាទីបំផុត។
(ភ្នំពេញ)៖ ជាការពិតណាស់ នារយៈពេលចុងក្រោយនេះ ស្ថានភាពអាកាសធាតុនៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់មានសីតុណ្ហភាពខ្លាំងក្តៅដែលធ្វើឱ្យពលរដ្ឋស្ទើរតែមិនអាចទ្រាំទ្រនឹងសីតុណ្ហភាពក្តៅខ្លាំងនេះបាន។ ស្របពេលដែលអាកាសធាតុក្តៅខ្លាំង បែបនេះ ពិតណាស់ បងប្អូនភាគច្រើនប្រាកដជាពឹងលើ កង្ហារ ឬ ម៉ាស៊ីនត្រជាក់ជាដើម ដើម្បីឲ្យសីតុណ្ហភាពនៅក្នុងបន្ទប់ ឬក្នុងផ្ទះចុះត្រជាក់ស្រួលខ្លួន។ប៉ុន្តែទន្ទឹមនឹងនោះ ការប្រើប្រាស់កង្ហារ ឬ ម៉ាស៊ីនត្រជាក់ នេះដែរ ពលរដ្ឋភាគច្រើន បានរអ៊ូរទាំថា ខែក្តៅបែបនេះ គីឡូភ្លើងឡើងខ្លាំង ពោល ១គុណជា២ តែម្តងការចំណាយក៏កាន់តែច្រើនខ្លាំងដែរ ដោយសារកាប្រើប្រាស់ថាមពលភ្លើងច្រើនលើសពីធម្មតា ។ យ៉ាងណាមិញ ថ្ងៃនេះ Swift News និង Best TV នឹងប្រាប់ពីតិចនិច និង ក្បាច់មួយចំនួនអាចជួយសន្សំសំចៃថវិកាបានមួយកម្រិតពេលប្រើម៉ាស៊ីនត្រជាក់នារដូវក្ដៅបែបនេះ ។ ជាក់ស្តែង យោងតាមផេកហ្វេសប៊ុកដែលមានឈ្មោះថា Pdey Propun បានបង្ហោះនូវអត្ថបទមួយ ទាក់ទងនឹងការសន្សំសំចៃថវិកាបានមួយកម្រិតនៅពេលលោកអ្នកអ្នកប្រើម៉ាស៊ីនត្រជាក់នារដូវក្ដៅបែបនេះ។ យោងតាមផកហ្វេប៊ុកខាងលើបានបញ្ជាក់ថា ៖« ចាប់ផ្ដើមពីពេលនេះ បើកម៉ាស៊ីនត្រជាក់ 27 អង្សា សេព្រមជាមួយបើកកង្ហារត្រជាក់ស្រួលខ្លួនស្ទើរមិនគួរឲ្យជឿ តែស៊ីភ្លើងតិច។ ការបើកម៉ាស៊ីនត្រជាក់សីតុណ្ហភាព 27 អង្សាសេ ម៉ាស៊ីនត្រជាក់នឹងស៊ីភ្លើងតិចជាង បើក 23-24 អង្សា ព្រោះកម្លាំងអូសរបស់ម៉ាស៊ីនត្រជាក់ នឹងធ្វើការតិចជាង។ ពេលយើងបើកត្រឹមសីតុណ្ហភាព 27 អង្សា កម្លាំងអូសរបស់ម៉ាស៊ីនត្រជាក់វាធ្វើការមិនយូរ វានឹងកាត់ផ្ដាច់ការធ្វើការ ព្រោះវាឆាប់គ្រប់ចំនួន សីតុណ្ហភាព 27 អង្សា ដែលយើងបានកំណត់ទុកហើយ អាចសាកល្បងបាន៕
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការស្នើសុំកិច្ចសហការពីមន្ត្រីជំនាញគយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យលើទំនិញប្រហិតចម្រុះមានដូចជា (ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ ប្រហិតដង្កៀបក្តាម) ចំនួន៨០កេសនិង១៦២បាវ ស្មើនឹង ៨,៦២០គីឡូក្រាម ដែលមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឈ្មួញលួចនាំចូលដឹកតាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។ មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖- បានរកឃើញថា ទំនិញប្រហិតចម្រុះ ទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់ ដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ២គ្រឿង- ការវេចខ្ចប់ (ច្រកដាក់ក្នុងការ៉ុង) និងដឹកជញ្ជូនពុំត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) ដែលនាំឱ្យទំនិញប្រហិតទាំងនោះប្រែប្រួលបាត់បង់គុណភាព។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេច ធ្វើការដកហូតយកទៅបំផ្លាញចោលតាមនីតិវិធី នូវទំនិញប្រហិតចម្រុះទាំងនោះដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕