វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
វគ្គ១.៥លាននាក់៖ គ្រឹះស្ថាននបណ្តុះបណ្តាលបច្ចេកទេសចំនួន១១ បន្ថែមទៀតនៅទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសចំនួន១១រ ទៀតរបស់សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) បន្ទាប់ពីបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ គឺដើម្បីវាយតម្លៃបញ្ជាក់សមត្ថភាពដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាមុនឈានជើងចូលទីផ្សារ។ គ្រឹះស្ថានទាំង១១នោះរួមមានវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងជាដើមដែលបានបណ្តុះបណ្តាលសិក្ខាកាមលើវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ។ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានគូសបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា វិទ្យាស្ថាន បានប្រឡងបញ្ជាក់សមត្ថភាពដល់សិក្ខាកាមសរុប១៩២នាក់លើជំនាញ៧មុខដូចជា ជំនាញធុរៈកិច្ច,ភេសជ្ជៈ,ម្ហូបអាហារ,ការផលិតនំ,អគ្គិសនី,ម៉ាស៊ីនត្រជាក់ និងសម្អាងកាយ។ឯកឧត្តមបញ្ជាក់បន្ថែមថា៖ «ក្រោយពីបណ្ដុះបណ្ដាលរយៈពេល ៤ខែមកនេះ ខ្ញុំឃើញសមត្ថភាពរបស់ពួកគាត់ពិតជាមាន សមត្ថភាពអាចធ្វើបាន ជាពិសេសនៅពេលដែលបញ្ចប់ពួកគាត់អាចទៅបើកអាជីវកម្មខ្នាតតូចសម្រាប់ខ្លួនឯងផ្ទាល់ និងមួយចំនួនទៀតអាចទៅធ្វើការនៅក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា»។ បើតាមឯកឧត្តម តាន់ កុសល បច្ចុប្បន្នមិនថាធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាសនានា ឬបើកអាជីវកម្មខ្លួនឯងក៏ដោយ គឺសុទ្ធតែត្រូវការជំនាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមតាន់ កុសល ក៏បានអំពាវនាវដល់យុវជនដែលមិនទាន់មានជំនាញទាំងអស់ បន្តចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលប្រសិនមានបណ្ណសមធម៌ដើម្បីមានជំនាញមួយពិតប្រាកដ និងមានប្រាក់ចំណូលសមរម្យដើម្បីខ្លួនឯងនិងសង្គមជាតិ។សូមបញ្ជាក់ថា គ្រឹះស្ថានចំនួន៣៥ក្នុងចំណោម៣៧នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាលវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមប្រមាណជិត៤ពាន់នាក់ដោយបែងចែកជា៣លើក។ នៅថ្ងៃទី២០ ខែឧសភានេះ គឺជាការធ្វើតេស្តលើកទី២បន្ទាប់ពីវិទ្យាស្ថានចំនួន១៤បានធ្វើតេស្តលើកទី១កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ហើយខណៈដែលគ្រឹះស្ថានចំនួន១០ផ្សេងទៀតនឹងធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕

ឯកឧត្តម ហេង សួរ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងរំលឹកថាភាពជោគជ័យលើកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងសស្រាក់សស្រាំនិងជិតស្និទ្ធបំផុតពីភាគីប្រទេសបញ្ជូន និងប្រទេសទទួលដែលក្នុងនោះក៏មានដែរវិស័យឯកជនដែលទទួលសិទ្ធិជ្រើសរើសនិងបញ្ជូនពលករដែលជាភាគីប្រតិបត្តិផ្ទាល់ជាមួយពលករ។ ឯកឧត្តម ថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងនៅពេលដែលឯកឧត្តមបានអញ្ជើញចូលរួមបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការធានាឱ្យបានការងារសមរម្យ និងការកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ស្ត្រី និងកុមារក្នុងបរិបទទេសន្តប្រវេសន៍ការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងសហគមន៍អឺរ៉ុប និងបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាដែលជាប្រទេសឈានមុខគេលើកិច្ចគាំពារសិទ្ធិពលករដែលបានចងភ្ជាប់ដោយច្បាប់ បានធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះពលកររបស់ខ្លួនដែលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស ប៉ុន្តែដើម្បីឱ្យពលករត្រូវបានការគាំពារសិទ្ធិយ៉ាងពេញលេញ ត្រូវការកិច្ចគាំពារពីប្រទេសទទួលដែលពលករស្នាក់នៅ និងភាគីឯកជននៃប្រទេសទទួលផងដែរព្រោះជាអ្នកគ្រប់គ្រង និងធ្វើការផ្ទាល់ជាមួយពលករ។ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធរួមទាំងដៃគូអន្តរជាតិបង្កើនការផ្សព្វផ្សាយដល់សារធារណជនឱ្យបានយល់ថាញ្ហាពលករទេសន្តរប្រវេសន៍ គឺជាការទទួលខុសត្រូវរួមគ្នារវាង ភាគីប្រទេសបញ្ជូន និងប្រទេសទទួលដោយបូកបន្ថែមនូវភាគីឯកជននៃប្រទេសទាំងពីរដែលមិនគួរតែជាបន្ទុករបស់ប្រទេសបញ្ជូន ឬភាគីណាមួយនោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមថា ភាពជោគជ័យនៃពលករទេសសន្តរប្រវេសន៍ ត្រូវការគ្រប់ភាគីសប្បាយចិត្តនិងទទួលយក ពោលគឺ ប្រទេសបញ្ជូនរីករាយព្រោះផ្តល់ជម្រើសការងារជូនប្រជាជនខ្លួនឯង, ប្រទេសទទួលក៏មានកម្លាំងពលករដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច, ក្រុមហ៊ុនបញ្ជូន និងទទួលក៏រីករាយចំពោះប្រតិបត្តិការរបស់ខ្លួន ហើយពលករ និងក្រុមគ្រួសារ ក៏រីករាយជាមួយចំណូល និងទទួលបានកិច្ចគាំពារដោយសុវត្ថិភាព គ្មានការើសអើស និងគ្មានបញ្ហាប្រឈមណាមួយក្នុងប្រទេសទទួល៕

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាតែងតាំង ជំទាវឧកញ៉ា សុខ ចិន្ថា ជាអនុប្រធានសមាគម
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តែងតាំង ជំទាវឧកញ៉ា សុខ ចិន្ថា ជាអនុប្រធាន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។យោងតាមលិខិតចុះបញ្ជីសមាគមលេខ៩៨៥៧ ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចេញដោយ ក្រសួងមហាផ្ទៃ ការរៀបចំធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមឲ្យបានល្អប្រសើរសម្រេចតែងតាំង ជំទាវឧកញ៉ា សុខ ចិន្ថា ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។សេចក្តីសម្រេចនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ 

ហ្វីលីពីននិយាយថា ចិនគួរតែអនុញ្ញាតឲ្យមានការពិនិត្យមើលច្រាំងសមុទ្រដែលមានជម្លោះ
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានតវ៉ាជាមួយប្រទេសចិន ឱ្យបើកច្រាំង​សមុទ្រ Scarborough ទៅកាន់ ការត្រួតពិនិត្យជាអន្តរជាតិ បន្ទាប់ពីខ្លួនបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបំផ្លាញបរិស្ថាន សមុទ្រនៃច្រាំងសមុទ្រ។អ្នកនាំពាក្យសន្តិសុខជាតិលោក Jonathan Malaya បានប្រាប់សន្និសីទសារព័ត៌មានថា "យើងមានការ ព្រួយបារម្ភ អំពីស្ថានភាពដែលកំពុងកើតឡើងនៅទីនោះ" ។លោកបាននិយាយថា មានការយល់ស្របកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋាភិបាលហ្វីលីពីន លើតម្រូវការក្នុង ការប្តឹងទៅប្រទេសចិន ជុំវិញការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម រួមទាំងការប្រមូលផលលៀសសមុទ្រយក្ស ដែលជិតផុត ពូជនៅក្នុងសមុទ្រចិនខាងត្បូង។ហ្វីលីពីនបានទទួលជ័យជម្នះយ៉ាងសំខាន់ក្នុងឆ្នាំ 2016 ករណីប្រឆាំងនឹងប្រទេសចិនដែលបានបញ្ចប់ ការទាមទាររបស់ទីក្រុងប៉េកាំងចំពោះអធិបតេយ្យភាពលើភាគច្រើននៃសមុទ្រចិនខាងត្បូងមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ។ប្រទេសចិនដែលបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចឆ្នាំ 2016 និងបានច្របូក ច្របល់ចំពោះ ការលើកឡើងម្តងហើយម្តងទៀតអំពីករណីដោយមហាអំណាចលោកខាងលិចបានបដិសេធម្តងហើយម្តងទៀតនូវការអះអាងអំពីការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម៕

យំលែងចេញ! លទ្ធផលអ្នកលក់ខ្លះណែនាំមិនបានច្បាស់ ថ្នាំអ៊ុតត្រង់បែរជាថាផលិតផលស្ប៉ាសក់ មានអីប្រើហើយសក់ដាច់មកទាំងដុំៗ!
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(សង្គម)៖ មិនដឹងថាម្ចាស់សក់ខ្លោចចិត្តប៉ុណ្ណានោះទេ បើសូម្បីតែអ្នកលេងបណ្ដាញសង្គមគ្រាន់តែអូសឃើញហើយក៏រន្ធត់ចិត្តមិនតិចដែរ នរណាដែរថាមិនស្រឡាញ់សក់ខ្លួនឯង មូលហេតុនេះហើយទើបព្យាយាមក្នុងការស្វែងរកផលិតផលល្អៗដើម្បីយកមកថែទាំបំប៉នឱ្យកាន់តែស្អាតនិងមានសុខភាពល្អ។ ប៉ុន្តែសំណាងអាក្រក់មិនត្រឹមតែមិនជួយឱ្យសក់មានសុខភាពនិងស្អាតជាងមុននោះទេ តែបែរជាត្រូវជ្រុះដាច់មកទាំងដុំៗក្រោយពីបានប្រើប្រាស់ផលិតផលសក់ដែលមានប្រភពមកពីប្រទេសចិនមួយនេះ។ជាក់ស្ដែងយោងតាមគណនីហ្វសប៊ុកឈ្មោះ Thida Rorn បានបង្ហោះរូបភាពចំនួនបីសន្លឹកដោយអមមកជាមួយខ្លឹមថា«ស្ប៉ាសក់ខ្លួនឯង មួយដប8$ អាលួយសក់ កំពុងពេញស្រឡាញ់សក់ផង សិតមកដោយតាមក្រាស់ រៀងម៉ាជីវិត»។ ដោយរូបភាពដែលភ្ជាប់មកជាមួយនោះផងដែរបានបង្ហាញឱ្យឃើញសក់ដាច់ជាកំណាត់ៗជាច្រើនៗ ស្ទើតែដូចយកកន្ត្រៃមកកាត់សក់ទៅហើយ។ក្រោយពីបានឃើញនូវការបង្ហោះមួយនេះហើយឃើញមានមិត្តនារីជាច្រើនបានខំមិនសួរជាហូហែរថា តើស្ប៉ានោះម៉ាកអ្វីដែរ? រូបរាងបែបណា? ម្ចាស់គណនីខាងលើក៏បានឆ្លើយតបដោយបង្ហាញផលិតផលមួយនោះ។យ៉ាងណាមិញក្រោយពីបានឃើញម៉ាកនោះហើយគឺកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមួយតង់ទៀតដោយហេតុថាផលិតចិនមួយនោះគឺថ្នាំអ៊ុតសម្រាប់សក់ត្រង់ ពុំមែនជាផលិតផលស្ប៉ាសក់នោះឡើយ។ ដោយឡែកម្ចាស់គណនីខាងលើក៏បានបន្តទៀតថាខ្លួនយកមកប្រើប្រាស់ខុសបែបនេះក៏ដោយសារតែជឿជាក់លើការណែនាំរបស់អ្នកលក់ ដោយអ្នកលក់បានប្រាប់ថានេះជាផលិតផលស្ប៉ាសក់។ ទោះជាយ៉ាងណានេះគឺជាបទពិសោធមួយផងដែរសម្រាប់គ្រាប់គ្នាដើម្បីបង្ការកុំឱ្យជួបរឿងនិងហេតុការណ៍ដូចនារីខាងលើ ពិសេសទៀតនោះគួរណាស្វែងយល់ឱ្យបានច្រើនដោយខ្លួនឯងជាមុនពីផលិតផលណាមួយ គួរណាកុំទុកចិត្តសម្ដីអ្នកលក់១០០% ព្រោះថាអ្នកលក់មួយចំនួនគឺពុំបានស្គាល់ពីផលិតផលខ្លួនទាំងស្រុងនោះទេ ហេតុតែចង់បានភ្ញៀវនិងប្រាក់ចំណេញច្រើនៗក៏ចេះតែលក់ៗឱ្យតែបានៗដោយគ្មានវិជ្ជាជីវៈជាអ្នកលក់ឡើយ៕

អ្នកសារព័ត៌មានមើលឃើញថាការសិក្សាជំនាញរបស់យុវជនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសគឺមានភាពទំនើប មានឧបករណ៍សម្បូរបែប
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អ្នកសារព័ត៌មានលើកឡើងថា ការសិក្សាជំនាញរបស់យុវជនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ គឺមានភាពទំនើប ដោយវិទ្យាស្ថានបណ្តុះបណ្តាលមានឧបករណ៍សម្រាប់សិក្សាសម្បូរបែប សិស្សមានការអនុវត្តន៍ផ្ទាល់បានយ៉ាងល្អ បន្ទាប់ពីសិក្សាទ្រឹស្តីជាមួយសាស្រ្តាចារ្យនៅក្នុងថ្នាក់រៀន។ តាមរយៈការសិក្សាដ៏ល្អប្រសើរនេះយុវជននឹងសម្រេចបាននូវអភិក្រមរបស់សម្តេចនាយករដ្ឋមន្រ្តី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ កញ្ញា ណុប ស្រីម៉ៅ អ្នកសារព័ត៌មានខ្មែរថាមស៍ថា៖«អ្វីដែលខ្ញុំមានការភ្ញាក់ផ្អើលបំផុតនៅពេលចុះមកយកព័ត៌មាននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាផ្ទាល់នៅពេលនេះគឺការសិក្សារបស់សិស្សគឺទំនើប ឧបករណ៍សិក្សាមានច្រើនសម្បូរបែបនៅក្នុងសាលា ជាពិសេសនៅក្នុងវិទ្យាស្ថានមានកន្លែងអនុវត្តផ្ទាល់ ជាក់ស្តែងដូចកន្លែងការងារ មើលទៅការសិក្សាជំនាញរបស់រាជរដ្ឋាភិបាលមួយនេះគឺអស្ចារ្យខ្លាំងណាស់ គួរឱ្យសរសើរមែនទែន»។ កញ្ញាសង្កត់ធ្ងន់ថា ក្រៅតែពីមានកម្មវិធីសិក្សាគួរឱ្យកោតសរសើរ ក្នុងនោះការយកចិត្តទុកដាក់ពីសំណាក់គ្រូបង្រៀនបច្ចេកទេស បូករួមទាំងវិន័យដ៏ល្អរបស់វិទ្យាស្ថាន ធ្វើឱ្យសិស្សដែលកំពុងសិក្សាជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលនៅទីនេះមានភាពរហ័សរហួន វិន័យល្អ មានសុជីវធម៌ និងសីលធម៌ល្អ។ ដែលទាំងនេះគឺកត្តាមួយដ៏មានសារសំខាន់ណាស់ ពីព្រោះក្រៅតែពីសមត្ថភាព សិស្សត្រូវមានសីលធម៌ល្អ និងការប្រព្រឹត្តល្អនៅក្នុងសង្គម បន្ទាប់ពីពួកគេបានបញ្ជប់ការសិក្សាជំនាញរបស់ខ្លួន។ ដោយឡែកកញ្ញា ដេត សាវត្តី អ្នកសារព័ត៌មានវិទ្យុអេប៊ីស៊ី ថា៖«ក្នុងនាមជាអ្នកសារព័ត៌មានពិតជាស្ងោចសរសើរចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទីធ្លាសាលាធំទូលាយ មានកន្លែងសិក្សាល្អ មានបន្ទប់អនុវត្តផ្ទាល់ មានកន្លែងស្នាក់នៅរបស់សិស្ស មានកន្លែងហូបបាយល្អ មើលទៅសាលាមួយនេះប្រៀបបានដូចផ្ទះរបស់សិស្សចឹង។ សិស្សនៅទីនេះគឺមានសុជីវធម៌ សីលធម៌ល្អណាស់ ខ្ញុំសូមសរសើរអស់ពីចិត្តតែម្តង»។ កញ្ញាបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជននៅអាណត្តិនេះគឺមានភាពអស្ចារ្យខ្លាំងណាស់។ រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលមួយនេះ ដូច្នេះសូមឱ្យយុវជន ក៏ដូចជាពលរដ្ឋទាំងអស់សូមមកទទួលយកការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យរហូតដល់រៀនចប់នេះកុំបីអាក់ខាន។ ទន្ទឹមនឹងនេះក្នុងនាមជាអ្នកសារព័ត៌មានដែលមានតួនាទីផ្សព្វផ្សាយដំណឹងជូនពលរដ្ឋកម្ពុជា ពួកគេនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ក្នុងការផលិតនូវមាតិកាល្អៗ និងទាក់ទាញ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញអ៊ីនធើណេតឱ្យបានផុសផុល ធ្វើយ៉ាងណាឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏មានសារសំខាន់នេះទៅដល់ដៃពលរដ្ឋនៅទូទាំងប្រទេស ដើម្បីឱ្យពួកគេមកចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់រៀនចប់ ប្រសិនបើពួកគេជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

ដោយហេតុថាមានការទ្រុឌទ្រោមខ្លាំង រានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ កំពុងត្រូវបានជួសជុលយ៉ាងយកចិត្តទុកដាក់!
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ គម្រោងជួសជុលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង់។អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី ឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ ចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ពីព្រោះ គ្រឹះរបស់រានហាលនេះ កន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្មធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។ចំណែកឯ បង្កាន់ដៃនាគនៅផ្នែកខាងលើរបស់រានហាលវិញ ក្រុមអ្នកបច្ចេកទេសកំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។លោក ឡុង ណារី មានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្ម បង្កាន់ដៃនាគខ្លះ ដែលបានរលំ និងផ្ទាំងថ្មខ្លះ បានក្រៀកញែកចេញពីគ្នា រួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទFiber Glass ដើម្បីបិទភ្ជាប់ថ្មដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស។បច្ចុប្បន្ននេះ រានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ មានថ្មខូចខាតជាច្រើនប្រភេទ ដោយកន្លែងខ្លះថ្មបានបែកពីលើ កន្លែងខ្លះបែកពីក្រោម កន្លែងខ្លះបែកពីចំហៀង និងកន្លែងខ្លះទៀតថ្ម មានសភាពពុកផុយ ដែលទាមទារឱ្យអ្នកបច្ចេកទេសត្រូវធ្វើ់ការព្យាបាល និងដកជាតិអំបិលចេញពីថ្ម មុននឹងយកដាក់ទៅតាមកន្លែងដើមឡើងវិញ៕

កុំភ្លេចរកផ្លូវវាង! អ្នកធ្វើដំណើរតាមតម្រាយផ្លូវទាំង៤ នេះ រកផ្លូវវាងឱ្យហើយទៅថ្ងៃទីទី ២៧ ខែឧសភា ខាងមុខ ព្រោះដោយសារហេតុផលសំខាន់មួយនេះ
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំ វាំងដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ឱ្យបានជ្រាបថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀប ចំព្រះរាជពិធី បដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តឧណ្ណា លោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវ ការកកស្ទះចរាចរក្នុងព្រះរាជពិធីខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ ជាបណ្តោះ អាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមទីតាំងប្រារព្ធព្រះរាជពិធី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ចាប់ពីម៉ោង ១២:០០នាទី រហូតដល់បញ្ចប់ព្រះរាជពិធី តាមតម្រាយផ្លូវដូចខាងក្រោម៖ -បង្វែរទិសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងតីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ-បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថី សម្តេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស-បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោ ដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន-បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើ ដោយក្តីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

លើលោកមានម្ដាយចិត្តបែបនេះដែរ? ស្ត្រីចំនួន៨នាក់ ត្រូវតុលាការកាត់ទោសពីបទលក់កូនរបស់ខ្លួនទើបនឹងកើត ដោយសារមូលហេតុនេះ!
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ តុលាការមួយនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសកំពុងបើកសវនាការ លើករណីដែលស្ត្រី ៨ នាក់បានសារភាពថាបានលក់ទារកទើបនឹងកើតរបស់ពួកគេ។ ចុងចោទ ដែលកំពុងកាត់ទោសមានឈ្មោះ Chu Thi Cuc Phuong អាយុ ៤២ ឆ្នាំ ង្វៀន ធីង៉ុក ញ៉ូ អាយុ ៣១ ឆ្នាំ និង ១២ នាក់ផ្សេងទៀត។ ចុងចោទចំនួនប្រាំបីនាក់គឺជាម្តាយ ដែលនិយាយថា ខ្លួនបានលក់កូនរបស់ពួកគេ ដោយសារតែការមានផ្ទៃពោះដែលមិននឹកស្មានដល់ហើយភាពក្រីក្របានធ្វើឱ្យពួកគេអស់សង្ឃឹមក្នុងការរកលុយហើយនឹងរារាំងពួកគេមិនឱ្យចិញ្ចឹមកូនឱ្យបានត្រឹមត្រូវ។អ្នកទាំង៦នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទជួញដូរខុសច្បាប់និងក្លែងបន្លំឯកសារពាក់ព័ន្ធ។ទាំងអស់ ត្រូវបានចោទប្រកាន់ដោយតុលាការប្រជាជន Binh Duong ពីបទ "ជួញដូរមនុស្សក្រោមអាយុ 16 ឆ្នាំ"។តាមដីកាបង្គាប់ឱ្យដឹងថា នៅឆ្នាំ២០២១ ជនជាប់ចោទមួយរូប បានបង្កើតក្រុមតាមបណ្តាញសង្គមដើម្បីស្វែងរកស្ត្រីមានផ្ទៃពោះដែលមិនចង់រក្សាកូន ។ អ្នកស៊ើបអង្កេតបាននិយាយថា គោលបំណងនៃក្រុមនេះគឺ ដើម្បីទិញទារកទើបនឹងកើត ហើយបន្ទាប់មកលក់បន្តដោយខុសច្បាប់។ព្រះរាជអាជ្ញាបាននិយាយថា Phuong និង Nhu បានផ្តល់សេវាថែទាំមានផ្ទៃពោះ សម្រាប់ស្ត្រី ដែលយល់ព្រមលក់កូនរបស់ពួកគេ។ ជនជាប់ចោទបានទិញកូនម្នាក់ៗក្នុងតម្លៃ ១០-៣០ លានដុង (៤០០-១.១៨០ ដុល្លារអាមេរិក) ហើយលក់ពួកគេក្នុងតម្លៃជាង ៤០ លាន នេះបើយោងតាមអ្នកស៊ើបអង្កេត។ដើម្បីផលិតឯកសារ "ស្របច្បាប់" សម្រាប់ឪពុកម្តាយចិញ្ចឹម ក្រុមរបស់លោក Phuong បានផ្តល់សំបុត្រកំណើតក្លែងក្លាយ ឯកសារយល់ព្រមលើការសុំកូនចិញ្ចឹម និងលទ្ធផលតេស្ត DNA ដែលពួកគេបានទិញពីក្រុមឧក្រិដ្ឋជនផ្សេងទៀតក្នុងតម្លៃ 2-7 លានដុងក្នុងមួយឯកសារ។នៅថ្ងៃទី 16 ខែសីហា ឆ្នាំ 2022 ប៉ូលីសបានចាប់ខ្លួន Nhu ក្នុងសកម្មភាពដឹកជញ្ជូន ទារកទើបនឹងកើតទៅលក់ឱ្យប្តីប្រពន្ធមួយនៅស្រុក Dau Tieng ក្នុងខេត្ត Binh Duong ។ បុគ្គលចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីនេះ។ការស៊ើបអង្កេតបានកំណត់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ចុងខែសីហា ឆ្នាំ 2022 Phuong បានជួញដូរទារកទើបនឹងកើតយ៉ាងហោចណាស់ 5 នាក់ ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ចំនួន 70 លានដុង ខណៈពេលដែល Nhu ក៏បានធ្វើឱ្យមានការជួញដូរចំនួន 40 លានដុងផងដែរ។ នៅក្នុងតុលាការ លោក Phuong និង Nhu បានសារភាពកំហុសរបស់ពួកគេ ប៉ុន្តែបានអះអាងថាមិនគោរពច្បាប់។ ពួកគេបាននិយាយថាពួកគេគិតថាអ្វីដែលពួកគេបានធ្វើគឺជាករណីធម្មតានៃ "កិច្ចព្រមព្រៀងទិញនិងលក់" ដូច្នេះពួកគេបានសម្របសម្រួលកិច្ចព្រមព្រៀងដើម្បីទទួលបានប្រាក់ចំណេញ។ ចុងចោទពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទជួយ Phuong និង Nhu ក្នុងប្រតិបត្តិការខុសច្បាប់។ជនជាប់ចោទទាំងប្រាំបីនាក់ដែលលក់កូនរបស់ពួកគេបានប្រាប់តុលាការថាពួកគេធ្វើដូច្នេះដោយសារតែពួកគេមានកូនច្រើនពេកហើយមិនអាចមានលទ្ធភាពចិញ្ចឹមទៀតទេ។ ពួកគេក៏បាននិយាយដែរថា ពួកគេមានផ្ទៃពោះដោយមិននឹកស្មានដល់ពេលរៀបការ។ ក្រុមចុងចោទដែលទិញទារកទើបនឹងកើតនិយាយថា ពួកគេធ្វើដូច្នេះដោយសារភាពគ្មានកូន។ ការស៊ើបអង្កេតមិនទាន់អាចកំណត់ថាតើអ្នកទិញទាំងនេះ តាមពិតមានគម្រោងលក់ទារក ឬអត់នោះទេ។ អ្នកទិញដែលជាប់ចោទទាំងអស់សុទ្ធតែមានវ័យក្មេង ហើយបាននិយាយថា ពួកគេមិនបានដឹងនៅពេលនោះថាសកម្មភាពរបស់ពួកគេខុស និងបំពានច្បាប់នោះទេ។អយ្យការបានស្នើឲ្យតុលាការផ្ដន្ទាទោសលោក ភួង ឲ្យជាប់ពន្ធនាគារចំនួន ២០ ឆ្នាំពីបទជួញដូរមនុស្សអាយុក្រោម ១៦ ឆ្នាំបន្ថែម ២ ទៅ ៣ ឆ្នាំពីបទក្លែងបន្លំឯកសារ។ ពួកគេបានផ្តល់អនុសាសន៍ថា Nhu ទទួលបាន 18-20 ឆ្នាំ។ ទោសដែលត្រូវបានណែនាំសម្រាប់ជនជាប់ចោទ ដែលនៅសេសសល់មាន ចាប់ពីការផាកពិន័យពី 30 លានដុងទៅ 13 ឆ្នាំជាប់ពន្ធនាគារ។ សាលក្រមត្រូវបានគេរំពឹងថានឹងប្រកាសនៅថ្ងៃទី ២១ ខែឧសភា៕

ការសិក្សាបង្ហាញថាប្រហោងខ្មៅមាន«ចំណុចមួយនេះ» ដូចដែល Albert Einstein បានទាយទុក
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ Albert Einstein និយាយត្រូវ មានតំបន់មួយនៅគែមនៃប្រហោងខ្មៅ ដែលរូបធាតុមិនអាច ស្ថិតនៅក្នុងគន្លងបានទៀតទេ ហើយផ្ទុយទៅវិញធ្លាក់ចូល ដូចដែលបានព្យាករណ៍ដោយទ្រឹស្តី ទំនាញរបស់គាត់។ដោយប្រើតេឡេស្កុបដែលមានសមត្ថភាពចាប់កាំរស្មី X ក្រុមតារាវិទូមួយក្រុមបានសង្កេត ឃើញតំបន់នេះជាលើកដំបូង ដែលហៅថា "តំបន់ធ្លាក់ចុះ" នៅក្នុងប្រហោងខ្មៅដែលមាន ចម្ងាយប្រហែល 10000 ឆ្នាំពន្លឺពីផែនដី។ អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ Andrew Mummery អ្នកដឹកនាំ ការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Monthly Notices of the Royal Astronomical Society បាននិយាយថា យើងមិនបានព្រងើយកន្តើយចំពោះតំបន់នេះទេ ពីព្រោះយើងមិនមានទិន្នន័យ" ។ «​ប៉ុន្តែ​ឥឡូវ​នេះ​យើង​ធ្វើ​ហើយ យើង​មិន​អាច​ពន្យល់​វា​តាម​វិធី​ផ្សេង​បាន​ទេ»។ វាមិនមែនជាលើក ទីមួយទេដែលប្រហោងខ្មៅបានជួយបញ្ជាក់ពីទ្រឹស្ដីដ៏ធំរបស់ Einstein ដែលត្រូវបានគេស្គាល់ ថាជាទំនាក់ទំនងទូទៅ។ រូបថតដំបូងនៃប្រហោងខ្មៅដែលត្រូវបានថតនៅឆ្នាំ 2019 ពីមុនបាន ពង្រឹងការសន្មត់ស្នូលរបស់អ្នករូបវិទ្យាបដិវត្តន៍ដែលថា ទំនាញគឺគ្រាន់តែជាបញ្ហាដែលបត់ ក្រណាត់ពេលវេលាអវកាសប៉ុណ្ណោះ។ការទស្សន៍ទាយផ្សេងទៀតជាច្រើនរបស់ Einstein បានប្រែក្លាយទៅជាត្រឹមត្រូវក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងចំណោមនោះ រលកទំនាញ និងដែនកំណត់ល្បឿនសកល។ “ ប្រហោងខ្មៅដែលគេសង្កេតឃើញគឺស្ថិតនៅក្នុងប្រព័ន្ធមួយហៅថា MAXI J1820+070 ដែលត្រូវបាន បង្កើតឡើងដោយផ្កាយតូចជាងព្រះអាទិត្យ ហើយប្រហោងខ្មៅផ្ទាល់ត្រូវបានប៉ាន់ស្មានថា មានម៉ាស់ព្រះអាទិត្យពី 7 ទៅ 8 ។ ក្រុមតារាវិទូបានប្រើតេឡេស្កុប NuSTAR និង NICER ដែលមានមូលដ្ឋាន លើលំហរបស់ NASA ដើម្បីប្រមូលទិន្នន័យ និងស្វែងយល់ពីរបៀបដែលឧស្ម័នក្តៅ ហៅថាប្លាស្មា ពីផ្កាយត្រូវបានស្រូបចូលទៅក្នុងប្រហោងខ្មៅ៕

ឡើងកាន់តំណែងភ្លាម ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ បោះពាក្យសម្តីដាក់ចិនបែបនេះ!
ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤

(តៃប៉ិ)៖ ប្រធានាធិបតីថ្មីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បានស្នើឱ្យចិនបញ្ឈប់ការគំរាមកំហែង ផ្នែកយោធា និងនយោបាយរបស់ខ្លួន ដោយបាននិយាយនៅក្នុងសន្ទរកថារបស់លោកថា សន្តិភាពគឺ ជាជម្រើសតែមួយគត់ ហើយថា ទីក្រុងប៉េកាំងត្រូវតែគោរពជម្រើសរបស់ប្រជាជនតៃវ៉ាន់។លោក ឡៃ ថ្លែងទៅកាន់ហ្វូងមនុស្សនៅខាងក្រៅការិយាល័យប្រធានាធិបតីនៅកណ្តាលទីក្រុងតៃប៉ិ បានអំពាវនាវម្តងហើយម្តងទៀតសម្រាប់កិច្ចពិភាក្សាជាមួយប្រទេសចិន ដែលចាត់ទុកកោះប្រជា ធិបតេយ្យ ឲជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនោះទេ។លោកបាននិយាយថា ខ្ញុំក៏ចង់ជំរុញឱ្យប្រទេសចិនបញ្ឈប់ការបំភិតបំភ័យតៃវ៉ាន់ទាំងផ្នែកនយោបាយ និងយោធា ហើយទទួលយកការទទួលខុសត្រូវជាសកលជាមួយតៃវ៉ាន់ ក្នុងការខិតខំរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ ដើម្បីធានាថាពិភពលោកគ្មានការភ័យខ្លាច។ តៃវ៉ាន់បានប្រឈមមុខនឹងសម្ពាធពីប្រទេសចិន រួមទាំងសកម្មភាពកងទ័ពអាកាស និងកងទ័ពជើងទឹកជា ប្រចាំនៅជិតកោះនេះ ចាប់តាំងពីជ័យជម្នះក្នុងការបោះឆ្នោតដោយលោក Lai ដែលត្រូវបានគេស្គាល់ជា ទូទៅដោយឈ្មោះជា ភាសាអង់គ្លេសរបស់គាត់គឺ William ។លោក Lai ដែលមានអាយុ 64 ឆ្នាំដែលបានចូលកាន់ដំណែងពីលោកស្រី Tsai Ing-wen ដែលបាន បម្រើការជាអនុប្រធានាធិបតីរបស់លោកស្រីអស់រយៈពេល 4 ឆ្នាំមកហើយបាននិយាយថា ប្រជាជនត្រូវតែមានភាពប្រាកដនិយមចំពោះការគំរាមកំហែងហើយតៃវ៉ាន់ត្រូវតែបង្ហាញពីការប្តេជ្ញាចិត្តដើម្បីការពារខ្លួន។លោកបានមានប្រសាសន៍ថា “បងប្អូនជនរួមជាតិ យើងមានឧត្តមគតិក្នុងការស្វែងរកសន្តិភាព ប៉ុន្តែយើងមិនត្រូវមានការបំភាន់ឡើយ”។ប្រធានាធិបតីថ្មីរូបនេះបានប្តេជ្ញាម្តងហើយម្តងទៀតថានឹងរក្សា "ស្ថានភាព" នៅលើច្រកសមុទ្រ តៃវ៉ាន់ ដែលមានន័យថារក្សាអធិបតេយ្យភាពរបស់តៃវ៉ាន់ខណៈពេលដែលមិនប្រកាសឯករាជ្យជាផ្លូវការ៕

BREAKING NEWS: ប្រធានាធិបតីអ៊ីរ៉ង់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ
ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រព័ន្ធផ្សព្វផ្សាយ ranian បានបញ្ជាក់ពីការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi អាយុ 63 ឆ្នាំ និងរដ្ឋមន្ត្រីការបរទេស Hossein Amir Abdollahian បន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងខេត្តភ្នំភាគខាងកើតនៃប្រទេស Azerbaijan ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Press TV និងភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim និង Mehr បានរាយការណ៍ថា អ្នកនៅលើយន្តហោះទាំងអស់ត្រូវបានបញ្ជាក់ថាស្លាប់។រ៉យទ័រក៏បានរាយការណ៍ពីការស្លាប់របស់ប្រធានាធិបតីផងដែរដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់។មន្ត្រីរូបនេះបានប្រាប់រ៉យទ័រ ដោយសុំមិនបញ្ចេញឈ្មោះ ព្រោះតែភាពរសើបនៃបញ្ហានេះថា "ប្រធានាធិបតី Raisi រដ្ឋមន្ត្រីការបរទេស និងអ្នកដំណើរទាំងអស់នៅក្នុងឧទ្ធម្ភាគចក្របានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់នេះ។សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ លោក Pir-Hossein Kolivand បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា មិនមានសញ្ញានៃអាយុជីវិតរបស់អ្នកដែលធ្វើដំណើរលើឧទ្ធម្ភាគចក្រនោះទេ។មន្ត្រីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រដែលដឹកមនុស្សប្រាំបួននាក់បានជួបបញ្ហាក្នុងអ័ព្ទខ្លាំង ខណៈពេលដែលត្រឡប់ពីការធ្វើដំណើរទៅកាន់ព្រំដែនអ៊ីរ៉ង់-អាស៊ែបៃហ្សង់។ឧប្បត្តិហេតុធ្លាក់យន្តហោះនេះបានជំរុញឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរយៈពេលជាច្រើនម៉ោង ដោយមានជំនួយពីសហភាពអឺរ៉ុប និងទួរគី ក្នុងចំណោមប្រទេសផ្សេងទៀត ប៉ុន្តែក្រុមសង្គ្រោះបន្ទាន់ត្រូវបានរារាំងដោយអ័ព្ទ និងសីតុណ្ហភាពធ្លាក់ចុះ៕

សម្ដេចតេជោ ហ៊ុន សែន ៖ «ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស
ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃ ទិវាជាតិនៃការចងចាំ ២០ ឧសភា បានបង្ហោះសារដូច្នេះថា៖ «ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ! ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade )  ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕

បណ្តាញសង្គម